កសិករវៀតណាម ប្តូរមកស្ទូងស្រូវ ពេលយប់វិញ ព្រោះរលកកម្តៅ

ហាណូយ៖ ប្រជាកសិករវៀតណាមស្ទូងស្រូវ នៅក្នុងពេលវេលាដែលមានភាពងងឹត ក្នុងពេលដែលរលកកម្ដៅវាយប្រហារ។

នៅម៉ោង ៣ ទៀបភ្លឺ ហើយខ្មៅងងឹត កសិករធ្វើស្រែឈ្មោះថា ត្រាន់ ធី ឡាន (Tran Thi Lan) បានឆ្ពោះទៅវាលស្រែ ដែលមានទឹក នៅជាយក្រុងហាណូយ ដើម្បីចាប់ផ្តើមស្ទូងស្រូវ ដោយអស់សង្ឃឹមថា បញ្ចប់ការស្ទូង មុនពេលកំដៅដ៏ព្រៃផ្សៃ ក្នុងពេលថ្ងៃ មកដល់។

ការស្ទូងក្នុងទីងងឹតបានក្លាយជាអ្នកសង្គ្រោះសម្រាប់កសិកររាប់មិនអស់ នៅភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម ក្នុងរដូវក្តៅដែលកាន់តែក្តៅខ្លាំង ខណៈដែលអាស៊ីខាងត្បូង ក៏ដូចជា តំបន់អាស៊ីអាគ្នេយ៍ កំពុងប្រយុទ្ធនឹងសីតុណ្ហភាពខ្ពស់បំផុត នៅឆ្នាំនេះ។

កសិករ ត្រាន់ ធី ឡាន វ័យ៤៧ឆ្នាំបានប្រាប់ AFP ថា “វាពិបាកណាស់ក្នុងការស្ទូងស្រូវនៅពេលដែលព្រះអាទិត្យក្តៅខ្លាំង គឺដោយផ្ទាល់នៅលើខ្នងរបស់ខ្ញុំតែម្តង ហើយទឹកក្តៅនៅក្នុងវាលស្រែបានជះមកលើមុខខ្ញុំ..” ។

លោកស្រីបានប្តូរទៅធ្វើការងារស្ទូង នៅពេលយប់ ខណៈដែលមានរលកកំដៅ វាយប្រហារនៅលើភាគខាងជើងប្រទេសវៀតណាម កាលពីដើមខែកក្កដា ដោយមានការព្យាករណ៍ថា នឹងមានរយៈពេលយូរដែលសីតុណ្ហភាពប្រចាំថ្ងៃ នឹងលើសពី ៣៧ អង្សាសេ។

លោកស្រី ឡាន ទទួលស្គាល់ថា៖ «ដោយមានពន្លឺមិនគ្រប់គ្រាន់ ការដាំអាចនឹងមិនស្ថិតនៅលើបន្ទាត់ត្រង់នោះទេ» ជាការនិយាយពេលដែលលោកស្រីកំពុងស្ទូង ក្នុងវាលស្រូវ ដែលបំភ្លឺដោយចង្កៀងមុខ។

ដូចទៅនឹងលោកស្រី ឡាន ដែរ កសិករអាយុ ៦២ ឆ្នាំ លោក Nguyen Hung Phuong ត្រូវធ្វើការពីម៉ោង ៤ រសៀលដល់ម៉ោង ៩ យប់ ហើយម្តងទៀតចាប់ពីម៉ោង ៣ភ្លឺ ដល់ម៉ោង ៩ ព្រឹក។ លោក Phuong បាននិយាយថា “ជាមួយនឹងសីតុណ្ហភាពខ្ពស់ខ្លាំង វាពិតជាមិនស្រួល និងហត់នឿយក្នុងការធ្វើការនៅពេលថ្ងៃ ទោះបីជាខ្ញុំអាចមើលឃើញកាន់តែច្បាស់ក៏ដោយ”។

លោកបាននិយាយថា ការធ្វើការពេលយប់ធ្វើឱ្យលោកមានផលិតភាពច្រើន និងមិនសូវមានការរំខាន។

រីឯកសិករម្នាក់ទៀត ឈ្មោះថា Hanh អាយុ ៥៦ ឆ្នាំបាននិយាយថា “ឪពុកម្តាយរបស់យើង មិនមានចង្កៀងមុខទេ។ ការដាំពេលយប់មានគុណសម្បត្តិរបស់វាចំពោះស្រូវ ដែលលោក Hahn បាននិយាយថា ងាយនឹងសីតុណ្ហភាពខ្លាំង។

លោក Hanh បានបន្តថា៖ «តាមពិត វាល្អជាងព្រោះទឹកត្រជាក់ជាង ហើយស័ក្តិសមសម្រាប់កូនរុក្ខជាតិ»។

ទាំងថ្ងៃ ឬយប់ កសិករដូចជា លោកស្រី Lan និង លោក Phuong អាចរកចំណូលបានរហូតដល់ ៤០ ដុល្លារក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ច្រើននៅក្នុងប្រទេស ដោយគេដឹងថា កម្មករនៅតាមជនបទ ជាធម្មតា រកបានប្រហែល ២៥០ ដុល្លារ ក្នុងមួយខែ។

លោកស្រី Lan បាននិយាយថា ប៉ុន្តែការងារ គឺលំបាកខ្លាំងណាស់ដែលស្ទើរតែមិនមានអ្នកណាចង់ធ្វើនោះទេ។ លោកស្រីបន្តថា៖ «ការដាំនៅទីងងឹតត្រូវចំណាយពេលច្រើន បើធៀបនឹងពេលថ្ងៃ»។

លោកស្រី Lan បាននិយាយដោយបារម្ភថា ក្នុងរយៈពេលពីរបីឆ្នាំទៀត នឹងគ្មាននរណាម្នាក់ត្រូវបានគេទុកឲ្យធ្វើការងារនេះទេ ដោយអះអាងថា៖ «ប៉ុន្តែយើងគ្រាន់តែត្រូវបន្តទៅមុខទៀត…
ក្មេងៗទាំងអស់បានលាឈប់ពីការងារ ដើម្បីរកការងារមិនសូវលំបាកដូចនេះ។» ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner