សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្ដាបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា កន្លងទៅនេះ យើងបានរកឃើញជនក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំចំពោះអ្នកបោះឆ្នោតឲ្យគូសខុស ដូចអ្វីដែលបានកើតឡើងនៅក្នុងសន្លឹកឆ្នោតជាគំរូ។

តាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងបានរកឃើញ ការគូសសន្លឹកឆ្នោតបែបនេះមិនមែនមានតែនៅក្នុងគណបក្សប្រជាជនកម្ពុជាទេ គឺមានគណបក្សផ្សេងដែរ គឺគូសយ៉ាងម៉េចដើម្បីឲ្យសន្លឹកឆ្នោតនោះមិនបានការ។

សម្តេចតេជោ បានបញ្ជាក់ថា ទង្វើបែបនេះ ទាមទារឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឲ្យគូសសន្លឹកឆ្នោតឲ្យជាសន្លឹកឆ្នោតបានការ ។

សម្តេច បានបន្តថា ពួកគេបានពន្យល់ប្រជាពលរដ្ឋថា ការគូសច្រើនដងលើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជន ដែលធ្វើឲ្យប្រជាជនស្រឡាញ់គណបក្សប្រជាជន គឺគូសកាន់តែច្រើន ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ព្រោះពួកគេបានមានវិធីសាស្ត្ររបស់ពួកគេ ។

សម្តេចបញ្ជាក់ថា ចំពោះគណបក្សដទៃក៏ដូច្នោះដែរ ដូច្នេះខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងៗរួមគ្នា ដើម្បី ពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះនេះជាកិច្ចការ ដែលយើងត្រូវធ្វើរួមគ្នា ដើម្បីឲ្យការបោះឆ្នោតមួយធានា នូវភាពរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្រាវជ្រាវ ព្រោះមានក្រុមអ្នកបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតតាមអនឡាញ តើអ្នកណាខ្លះប្រើប្រាស់អនឡាញ ប្រើវិធីនេះ យើងអាចនឹងរកឃើញមុខសញ្ញានេះ ហើយយើងរកឃើញអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជនកម្ពុជា យើងត្រូវតែចាប់ឲ្យបានអ្នកដែលក្លែងបន្លំធ្វើជាគណបក្សប្រជាជនកម្ពុជា ធ្វើជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការធ្វើបែបនេះ គឺជាការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមត្ថកិច្ច៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner