កម្ពុជារំពឹងការកើនឡើងការនាំចេញផ្លែមៀនទៅទីផ្សារប្រទេសចិន (Video Inside)

កម្ពុជារំពឹងការនាំចេញផ្លែមៀនប៉ៃលិនចូលក្នុងទីផ្សារប្រទេសចិន ពីជាង១ម៉ឺន ៧ពាន់តោន ដល់ជាង២ម៉ឺន ៧ពាន់តោនក្នុងឆ្នាំ២០២៣នេះ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិន បានថ្លែងថា កាលពីរដូវកាលមុន កម្ពុជានាំចេញមៀនស្រស់ទៅកាន់ប្រទេសចិន បានចំនួនប្រមាណ ៣ពាន់ ៤០០តោន។ លោកបានរំពឹងថាក្នុងឆ្នាំ២០២៣នេះ ការនាំចេញមៀនប៉ៃលិនចូលក្នុងទីផ្សារចិន នឹងកើនពី៥ទៅ៨ដង។

រដូវកាលប្រមូលផលផ្លែមៀនប៉ៃលិន ត្រូវបានបញ្ចប់កាលពីថ្ងៃខែមេសា ឆ្នាំ២០២៣…ហើយនៅខែកញ្ញា ឆ្នាំ២០២៣នេះ ប្រជាកសិករនឹងចាប់ផ្តើមប្រមូលផលផ្លែមៀន ប៉ៃលិនរដូវកាលថ្មី សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ជាពិសេសនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាទើបទទួលបានសិទ្ធិនាំចេញផ្លែមៀនទៅប្រទេសចិនជាលើកដំបូង កាលពីខែតុលាឆ្នាំ២០២២។

ផ្លែមៀនប៉ៃលិនប្រភេទលេខ១ មានតម្លៃចន្លោះពី៣ពាន់ ៥០០រៀល ទៅ៤ពាន់ ៥០០រៀលក្នុងមួយគីឡូក្រាម, ប្រភេទលេខ២ និងលេខ៣ មានតម្លៃចន្លោះពី ២ពាន់ ៥០០រៀល ទៅ ៣ពាន់រៀល…ចំណែកប្រភេទលេខ៤ មានតម្លៃ ១ពាន់រៀលចុះក្រោមក្នុងមួយគីឡូក្រាម។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រយៈពេល៣ខែ ដើមឆ្នាំ២០២៣, កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចំនួនប្រមាណ៣ពាន់ ៤២២តោន ចូលទៅទីផ្សារប្រទេសចិន៕

ads banner