កម្ពុជា នាំចេញស្វាយស្រស់បានជាងប្រាំបីម៉ឺនតោន ក្នុងរយៈពេលប្រាំខែឆ្នាំនេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឱ្យដឹងកាលពីថ្ងៃទី​៥ ខែកក្កដា ថា ​ក្នុងរយៈពេលប្រាំខែ​ដើមឆ្នាំ២០២៣នេះ ការនាំចេញស្វាយស្រស់សម្រេចបានជាង ៨៨ ៥០៩ តោន​ ។ក្នុង​នោះបាន​នាំចេញទៅប្រទេស​វៀតណាមមានចំ​នួន ៧៤ ៦៨១ តោន ខណៈដែលនាំចេញទៅប្រទេសថៃ សម្រេចបាន ១៣ ៨២៨ តោន។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងថា ក្រៅពីការនាំចេញ​ស្វាយស្រស់ហើយ កម្ពុជាក៏បាននាំចេញដំណាប់ស្វា​យទៅកាន់ប្រទេសថៃផងដែរ ដែល​មាន​ចំនួនជាង ៣៨២ តោន ខណៈដែលផលិតផលដំណាប់ស្វាយនេះមិនបាននាំចេញវៀ​តណាមទេ ក្នុងពេល៥ខែនេះមកនេះ​។

កញ្ញាបានបញ្ជាក់ថា ៖ «គិតចាប់ពីឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើងបាននាំចេញស្វាយស្រស់ទៅកាន់វៀតណាម ក្នុងបរិមាណជាង ៤៧៧ ៧៩១ តោន ខណៈដែលនាំទៅថៃ មានចំនួន ១៣៨ ៣៣៧ តោន»។

ទាក់ទងនឹងការនាំចេញស្វាយនេះ លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម ដែលនាំចេញស្វាយធំជាងគេមួយនៅកម្ពុជា បានឱ្យដឹងថា តម្រូវការស្វាយពីក្រៅប្រទេស មានការកើនឡើង និងមានតម្លៃល្អ ប៉ុន្តែផលិតកម្មស្វាយនៅក្នុងស្រុកបែរជាមានការធ្លាក់ចុះទៅវិញ ដោយសារអ្នកដាំដុះស្វាយភាគច្រើន បានផ្អាក ឬបោះបង់អាជីពនេះចោល ក្រោយពីខាតច្រើន នៅអំឡុងពេលវិបត្តិកូវី១៩កាលពីឆ្នាំមុនៗ។​ លោកបន្តថា សម្រាប់​ក្រុមហ៊ុនរបស់លោក មិនបាននាំចេញស្វាយស្រស់ទេនៅដើមឆ្នាំនេះ ប៉ុន្តែនាំចេញដំណាប់ស្វាយវិញ។

លោក​បន្តថា ៖ «ការបោះបង់ ការធ្វើស្វាយរបស់កសិករ គឺដោយសារ​​២០២២កន្លងទៅ តម្លៃស្វាយចុះថោក និងដោយសារតែការបិទខ្ទប់នៅចិន ហើយតម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃពេក ដូចនេះបានធ្វើឱ្យស្វាយស្រស់នាំចេញទៅអត់រួច បានធ្វើឱ្យធ្លាក់ថ្លៃ និងបានធ្វើឱ្យម្ចាស់ចម្ការ និងកសិករ ដាំដុះស្វាយ បានសម្រេចចិត្តបោះបង់របរនេះ និងខ្លះលែងចំ​ណាយលើការថែទាំស្វាយទៀត ព្រោះខាតច្រើនកាលឆ្នាំមុន»។

លោក ហ៊ុន ឡាក់ បានបន្ថែមថា បញ្ហានេះ បានធ្វើឱ្យការប្រមូលផលស្វាយឆ្នាំនេះ ពោលគឺចាប់ពីខែតុលា ឆ្នាំ២០២២មក ដល់ពេលនេះ មានការថយចុះ ស្របពេលដែលតម្រូវការ​ បានចាប់ផ្តើមងើបឡើងវិញ ដោយសារ​អ្នកបញ្ជាទិញបានចាប់ផ្តើមដា​ក់ការបញ្ជាឡើងវិញ តែងាកកម្ពុជា មានផលិតកម្មស្វាយតិចតួច។

ចំណែក លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញ នៃក្រុមហ៊ុនអង្គរហ្គ្រីន បានឱ្យដឹងដែរថា ស្វាយ​រដូវ​បានអស់ហើ​យ ចាប់តាំងពីខែឧសភាកន្លង​មកនេះ​ ដោយសារ​ក្រុមហ៊ុនរបស់លោក បាន​​នាំចេញបានប្រមាណជិត១ពាន់តោនទៅកាន់ទីផ្សា​រថៃ តាមរយៈដៃគូជប៉ុន និងមាននាំចេញទៅវៀតណាមខ្លះដែរ។ ​ស្វាយរដូវនឹងចាប់ផ្តើមវិញ​នៅខែតុលាខាងមុខនេះ។

លោកបានបន្ថែម ផលិតកម្មស្វាយនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានការធ្លាក់ច្រើន ស្របពេលតម្លៃស្វាយបានកើនឡើងមកវិញ ខណៈដែលតម្រូវការលើទីផ្សារនៅមានជាធម្មតា។

លោកបានបញ្ជាក់ថា ៖ ​«តាំងពីដើមរដូវ ពោលគឺចាប់ខែតុលា ឆ្នាំ២០២២ មកដល់ពេលនេះ ការដាំដុះស្វាយមានការធ្លាក់ចុះច្រើន ហើយកសិករដែលបន្តការដាំដុះវិញ ក៏បានទិន្នផលមិនសូវល្អថែមទៀត ទើបធ្វើឱ្យការផ្គត់ផ្គង់មានការធា្លក់ចុះខ្លាំង គឺថ​យ​ប្រមាណ ៥០ទៅ ៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងការប្រមូលផលឆ្នាំមុន»។

លោកបានបន្ថែមថា ក្រៅពីទីផ្សារ ជប៉ុន ថៃ និងវៀតណាម ក្រុមហ៊ុនរបស់លោកកំពុងគិតនាំចេញទៅកាន់ទីផ្សារចិន ដោយគ្រោងនឹងធ្វើការនាំចេញជាផ្លូវការ។

លោក វណ្ណ ឬទ្ធី បាន​ថ្លែងថា ៖ «ថ្មីៗនេះ យើងបានផ្ញើស្វាយយើង១៥០គីឡូក្រាមទៅដាក់តាំងពិព័រណ៍នៅចិន ហើយឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនចិន។ ឥឡូវក្រុមការងាររបស់យើងកំពុងស្ថិតនៅប្រទេសចិន ដើម្បីពិភាក្សាលើកា​រនាំស្វាយចេញទៅចិនជាផ្លូវការ​ដោយរំពឹងនឹងទទួលបានដំណឹងល្អឆាប់ៗនេះ»។

បើតាមក្រសួងកសិកម្ម កាលពីឆ្នាំ២០២២ កម្ពុជានាំចេញស្វាយស្រស់ទៅកាន់ប្រទេស​វៀតណាម បានជិត១០ម៉ឺនតោន និងទៅកាន់ប្រទេស​ថៃ បាន​ជិត៤ម៉ឺនតោន។ ក្រៅពី ប្រទេសទាំងពីរនេះ ប្រទេស​ចិន និងកូរ៉េ ក៏ជាទីផ្សារដ៏សំខាន់មួយដែរ សម្រា​ប់ស្វាយស្រស់ និងផលិតផលស្វាយកម្ពុជា៕

ដោយ៖វណ្ណ សុជាតា

ads banner