មេប៉ូលិសក្រុង តែល អាវី ប្រកាសលាលែងពីតំណែង ដោយលើកឡើងថារដ្ឋាភិបាលជ្រៀតជ្រែកកិច្ចការដើម្បីប្រឆាំងនឹងបាតុករ

ហ៊្សេរុយសាឡិម៖ មេបញ្ជាការប៉ូលិសក្រុង តែល អាវី(Tel Aviv) ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី០៦ ខែកក្កដា បាននិយាយថា លោកកំពុងលាលែងពីតំណែង ដោយលើកឡើងថាការ អន្តរាគមន៍នយោបាយរបស់សមាជិកនៃគណៈរដ្ឋមន្ត្រីស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) ចង់ប្រើកម្លាំងហួសហេតុតទល់នឹង ក្រុមបាតុករដែលប្រឆាំងរដ្ឋាភិបាល។

ចំណែកមេបញ្ជាការប៉ូលិសក្រុង Tel Aviv លោក អាមី អ៊ីសេដ(Ami Eshed)មិនបានបញ្ចេញឈ្មោះរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុល ដែលបានទាមទារឱ្យមានវិធានការតឹងរ៉ឹងប្រឆាំងនឹងក្រុមបាតុករដែលបិទផ្លូវនិងផ្លូវហាយវេធ្វើបាតុកម្មប្រឆាំងនឹងបញ្ហាចម្រូងចម្រាសរបស់រដ្ឋាភិបាលក្នុងការរុះរើប្រព័ន្ធយុត្តិធម៌នោះទេ។

ភ្លាមៗបន្ទាប់ពីលោក Eshed បានប្រកាសលាលែងតំណែងនេះ បាតុកររាប់រយនាក់ចេញដើរកាត់ទីក្រុង Tel Aviv កាន់ទង់ជាតិអ៊ីស្រាអែល និងស្រែកថា «លទ្ធិប្រជាធិបតេយ្យ» ។ ខណៈបាតុករមួយចំនួនបានបិទផ្លូវហាយវេ អ្នកខ្លះបានបិទផ្លូវធំមួយ និងប្រឈមមុខតទល់ជាមួយនឹងក្រុមប៉ូលិសជិះសេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Eshed បាននិយាយថា លោកមិនអាចរស់នៅតាម ការរំពឹងទុក ដែលលោកឱ្យឈ្មោះថា «ថ្នាក់រដ្ឋមន្ត្រី» ដើម្បីបំពានច្បាប់ទាំងអស់ និងជ្រៀតជ្រែកការសម្រេចចិត្តតាមរបៀបវិជ្ជាជីវៈរបស់លោកនោះទេ។លោកបន្តថា ជាលើកដំបូងក្នុងរយៈពេល ៣ ទសវត្សរ៍នៃការបំពេញការងាររបស់លោក បានជួបប្រទះនឹងរឿងដែលមិនសមហេតុផល។

ក្រោយគម្រោងការកែប្រែប្រព័ន្ធយុត្តិធម៌ អ៊ីស្រាអែលប្រឈមមុខនឹងការតវ៉ាដ៏ធំបំផុតមួយដែលមិនធ្លាប់មាន។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ពោលគឺចាប់តាំងពីដើមខែមិនាមក សន្ទុះបាតុកម្ម គឺកាន់តែខ្លាំងឡើងៗ ដោយចំនួនអ្នកចូលរួម កាន់តែច្រើន នៅតាមបណ្តាទីក្រុងសំខាន់ៗ។

តុលាការកំពូលអ៊ីស្រាអែល ដែលប្រជាពលរដ្ឋអ៊ីស្រាអែល ផ្តល់ទំនុកចិត្តខ្លាំង ថាជាស្ថាប័នជម្រះក្តីឯករាជ្យ ហើយកន្លងមក ថែមទាំងហ៊ានស្តីបន្ទោសរដ្ឋាភិបាល ទៀតនោះ ស្ថិតក្រោមគម្រោងកែប្រែដោយវាផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលចម្រុះមាននិន្នាការស្តាំនិយមជ្រុល។ ការណ៍នេះបានធ្វើឱ្យ ពួកគេមិនសប្បាយចិត្តចំពោះការកែទម្រង់ប្រព័ន្ធយុត្តិធម៌អ៊ីស្រាអែល។

គួរបញ្ជាក់ថា រដ្ឋាភិបាលចម្រុះអ៊ីស្រាអែល ដែលដឹកនាំដោយ នាយករដ្ឋមន្ត្រី លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ គ្រោងកែប្រែប្រព័ន្ធតុលាការដោយ ផ្តល់សិទ្ធអំណាចឱ្យរដ្ឋសភា តែងតាំងចៅក្រមតុលាការកំពូល និងតែងតាំងទីប្រឹក្សាច្បាប់សម្រាប់រដ្ឋាភិបាល ដែលនេះគឺជាបំណងចង់កាត់បន្ថយអំណាចតុលាការកំពូល និងចង់ត្រួតត្រាចៅក្រម៕ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ https://www.reuters.com/world/middle-east/tel-aviv-police-chief-quits-citing-government-meddling-against-protesters-2023-07-05/

ads banner