ក្រឡាហោម ស ខេង៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ ប្រកប ដោយចីរភាពលើគ្រប់វិស័យ

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឱ្យ ប្រើ ប្រាស់ ជាផ្លូវការនូវអគារសិក្សាថ្មីមួយខ្នង កម្ពស់ពីរជាន់ ចំនួន ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិទ្ទ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត បាត់ដំបង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។

យោងតាមរបាយការណ៍របស់លោកអភិបាលស្រុក បានឱ្យដឹងថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះបានចំណាយថវិកាចំនួន ២០០.០០០ដុល្លារ ហើយថវិកាដែលបានចំណាយនេះ បានមកពី ការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន របស់ក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជនក្នុងស្រុកនិងក្រៅស្រុក។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរយៈជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រី កម្ពុជាបានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែល បាន ផ្តល់នូវកាលានុវត្តភាព ដ៏ធំធេងសម្រាប់ការអភិវឌ្ឍប្រទេស ជាតិរហូត មកដល់បច្ចុប្បន្ន និងតទៅអនាគត។ សម្ដេចក្រឡាហោម បានគូស បញ្ជាក់ថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពលើគ្រប់វិស័យ។ បើគ្មានសន្តិភាព គឺពុំមានការ អភិវឌ្ឍ ដូចបច្ចុប្បន្ននេះឡើយ»។

សម្ដេចក្រឡាហោមបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តថែរក្សា សន្តិ សុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម បានរឹងមាំ ដែលធានាបានប្រក្រតីភាព នៃការប្រព្រឹត្តទៅនៃ ស្ថាប័នជាតិ ទប់ស្កាត់ការប៉ុនប៉ងបង្កចលាចលវឹកវរក្នុងសង្គម ធានាភាព សុខសាន្តរបស់ប្រជាជន ដោយចាត់ទុកការងារទាំងនេះ ជាការងារ អាទិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើក កម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ ក្នុងការធានារក្សាសន្តិសុខ សុវត្ថិភាពនៅតាមភូមិ-ឃុំ-សង្កាត់ ទូទាំងប្រទេស។

ទន្ទឹមនេះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមត្ថកិច្ច ត្រូវខិតខំធ្វើអំពើល្អក្នុងសង្គម ត្រូវរួមគ្នាពង្រឹងយុត្តិធម៌សង្គមខិត ខំ លើកកម្ពស់ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណើ សំណូមពរ នូវសេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយ តម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង។

ឆ្លៀតឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner