គ.ជ.ប ទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍សរុបជាង៩ម៉ឺននាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិមានចំនួន ៨៩៥៦២នាក់ មកពីស្ថាប័នចំនួន១៣៤ និងអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួន៨៣នាក់ មកពីប្រទេស អង្គការ សមាគម ចំនួន១៣។ គ.ជ.ប កំពុងតែពិនិត្យទៅលើអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនទៀត។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា “នៅក្នុងដំណើរនៃការបោះឆ្នោត គ.ជ.ប ក៏បានយល់ព្រមអនុញ្ញាតឱ្យមានភ្ញៀវពិសេសចំនួន១០នាក់ ចូលរួមសង្កេតមើលការបោះឆ្នោតផងដែរ គឺមកពីបារាំងចំនួន២នាក់ មកពីប្រទេសជប៉ុនចំនួន២នាក់ មកពីប្រទេសរុស្ស៊ីចំនួន៣នាក់ និងមកពីស្ថានទូតឥណ្ឌូនេស៊ីចំនួន ៣នាក់”

ប្រភពដដែលបានបន្តថា ចំពោះអ្នកសារព័ត៌មានដែលនឹងចូលរួមនៅក្នុងដំណាក់កាលរៀបចំការបោះឆ្នោត គឺអ្នកសារព័ត៌មានជាតិ មានចំនួន១២១៨នាក់ មកពីអង្គភាពសារព័ត៌មានជាតិចំនួន១១៨អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិមានចំនួន១០៨នាក់ មកពីអង្គភាពចំនួន៣៤។ សរុបទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មានចំនួន១៣២៦នាក់៕
ដោយ៖ពលជ័យ

ads banner