សហភាពអឺរ៉ុបត្រៀមបញ្ចេញទណ្ឌកម្មយោធាប្រឆាំងនឹងបេឡារុស

ព្រុចសែល៖ ក្រុមអ្នកការទូតអឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Politico ថា បណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមក្រៅផ្លូវការ នូវការដាក់ទណ្ឌកម្មយោធាថ្មីប្រឆាំងនឹងបេឡារុស។

កញ្ចប់ទណ្ឌកម្មយោធាថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងបេឡារុស នឹងអនុវត្តលើការទប់ស្កាត់ការផ្គត់ផ្គង់ឧបករណ៍យោធា ដែលប្រើប្រាស់នៅលើសមរភូមិ រួមទាំងផ្នែកអាកាសចរណ៍ទៅកាន់ទីក្រុងមីនស្កិ៍។ ក្រុមអ្នកការទូតបាននិយាយថា កញ្ចប់ទណ្ឌកម្មនេះ មានគោលបំណងរារាំងសមាសធាតុយោធា ដែលត្រូវបានចោទប្រកាន់ថា បានផ្គត់ផ្គង់ដោយខុសច្បាប់ដល់រុស្ស៊ី តាមរយៈបេឡារុស។

ទណ្ឌកម្មថ្មីនេះដែរ ត្រូវបានគេមើលឃើញថា ជាការបោះជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយរបស់សហភាពអឺរ៉ុប ដើម្បីដាក់កំហិតលើបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់រុស្ស៊ី។ ប្រភពបានបង្ហើបឱ្យដឹងទៀតថា គណៈកម្មការអឺរ៉ុបប្រហែលជាបញ្ជូនឯកសារដែលរៀបរាប់លម្អិតពីការរឹតត្បិតផ្នែកយោធាប្រឆាំងនឹងបេឡារុស ទៅកាន់អ្នកការទូតរបស់ប្លុកនេះនៅក្នុងថ្ងៃពុធនេះ។
ហើយឯកអគ្គរដ្ឋទូតរងរបស់សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងអនុម័តដាក់ទណ្ឌកម្មប្រឆាំងនឹងបេឡារុសនាសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា បេឡារុសបានស្ថិតក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹងដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចំពេលមានសង្គ្រាមនៅអ៊ុយក្រែន បើទោះបីជាប្រទេសនេះមិនបានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធគ្នាក៏ដោយ។ ប៉ុន្តែបេឡារុសបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner