រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតនៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការក្រុមប្រទេសនិយាយភាសាបារាំងដែលបានចាត់បញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយឯកឧត្តម Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអង្គការ OIM។
សម្ដេចក៏បានជម្រាបជូនអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣មក ក្នុងនោះកម្ពុជាបានដំណើរការបោះឆ្នោតជាសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលកំពុងដំណើរការនីតិកាលទី៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៥កាលពីឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថានៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន២ទៀតដែរគឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។
សម្ដេចក៏បានជម្រាបជូនដែរថាជាទូទៅនៅកម្ពុជាក្នុងរយៈពេល៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានា។
សម្ដេចបានគូសបញ្ជាក់ថាការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។
ឯកឧត្តម Desire NYARUHIRIRA បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានចំណាយពេលវេលាទទួលជួបប្រតិភូក្រុមប្រទេសនិយាយភាសាបារាំង។ ឯកឧត្តមក៏បានរម្លឹកភាពជាស្ថាបនិករបស់កម្ពុជាក្នុងការបង្កើតអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងបានទទួលស្គាល់ពីតួនាទីកម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។
ឯកឧត្តមបន្ថែមថានៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំងរៀបចំការបោះឆ្នោត អង្គការ OIF តែងចាត់បញ្ជូនប្រតិភូចូលរូមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះគឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមប្រធានប្រតិភូក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីបទពិសោធពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេចក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងមហាផ្ទៃក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើឱ្យដំណើរការបោះឆ្នោតនេះ ៕
ដោយ-រ៉ាវុធ