ជំនួយការសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទាំងអស់គ្នា

(ភ្នំពេញ)៖ ជំនួយការសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ព្រះសង្ឃ លោកតា លោកយាយ និងប្រជាពលរដ្ឋ ត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ិន ស៊ន និងឯកឧត្តម យិនច័ន្ទធួន ជំនួយការសម្តេចតេជោ និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុឧទ្ទកាលយ័សម្តេចតេជោ និងលោកជំទាវ ប៉ែន ចន្នី នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រេងកាត ប្រគេនព្រះសង្ឃនៅវត្តចំនួន៣ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង មានវត្តទួលសីម៉ា, វត្តនិគ្រោធការ៉ាម និងវត្តសុវណ្ណរង្សី នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៣ ។

ឯកឧត្តម យិន ច័ន្ទធួន បានលើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ។

គួរកត់សម្គាល់ថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម គឺចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ដោយមិនអាចនិមន្តបិណ្ឌបាតទៅទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែលមានសទ្ឋាជ្រះថ្លាក្នុងព្រះពុទ្ឋសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ព្រះសង្ឃបានអុជបំភ្លឺ និងមានចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែ នេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner