កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំបំផុតនៅកម្ពុជា

កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានផ្ទៃដីទំហំ ៣០០ហិកតា ធំបំផុតនៅកម្ពុជា។ កសិដ្ឋានគិរីសួគ៌ ស្ថិតនៅខេត្តតាកែវ បាននាំចូលប្រភេទពូជគោសុទ្ធហ៊ុលស្តាញ ចំនួន ៥៥០ក្បាល កាលពីដើមឆ្នាំ២០២០ កន្លងទៅ ហើយពេលនេះ វាបានកើនឡើងជិត ១០០០ក្បាលហើយ។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានអោយដឹងថា កសិដ្ឋានគិរីសួគ៌ចែកចេញបីផ្នែក គឺទី១ ផ្នែកដាំដុះ មានដាំដូចជា ពោត ស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់សំរាប់ធ្វើជាចំណីគោ ដែលមានផ្ទៃដីដាំដុះ២០០ហិកតា បំពាក់ដោយប្រពន្ធ័ស្រោចស្រពទំនើបស្វ័យប្រវត្តិ។ ទី២គឺផ្នែកចិញ្ចឹមគោ ដែលគោទាំងនោះនាំចូលពីប្រទេសអូស្រ្តាលី ។ ទី៣គឺផ្នែកកែច្នៃទឹកដោះគោ មានទឹកដោះគោស្រស់គិរីសួគ៌ និង Yogurt ឬយ៉ាអួរ ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានបន្តថា គោទាំងអស់នៅក្នុងកសិដ្ឋានគិរីសួគ៌ ត្រូវបានចិញ្ចឹមយកចិត្តទុកដាក់ខ្ពស់បំផុត។ ការចិញ្ចឹមគោតាមបច្ចេកទេសទំនើប មានប្រពន្ធ័តាមដានសុខភាពគោ ដោយមានលេខសំគាល់នៅត្រចៀក និងមានបន្ទះឈីបភ្ជាប់នៅជើង សំរាប់បញ្ជូលទិន្នន័យនានាអំពីគោ ដូចជាការដើរ ដេក ស៊ីចំណី ពិសេសនៅពេលដែលវាមិនប្រក្រតីណាមួយ វាបញ្ជូនសញ្ជានៅលើប្រពន្ធ័Computerតែម្តង។

ចំណីគោត្រូវបានអ្នកចំនាញបានយកចិត្តទុកដាក់បំផុតដើម្បីអោយគោមានសុខភាពល្អ មានប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់។ គោទាំងអស់ មិនត្រូវបានដាក់បញ្ចូលរួមគ្នាទាំងអស់នោះទេ គឺត្រូវបែងចែក និងខណ្ឌតាមរោងនីមួយៗ ដើម្បីគោងាយស្រួលដើរ ដេក ផឹក និងស៊ីចំណី។ តាមរោងគោទាំងអស់ គេឃើញមានបំពាក់កង្ហារធំៗ ដើម្បីអោយសីតុណ្ហភាពក្នុងរោងគោត្រជាក់។ គោទាំងនោះ ត្រូវគេដាក់ចំណីអោយស៊ី មួយថ្ងៃបីពេល និងងូតទឹកបីដង។ មុនចូលបូមទឹកដោះ គោទាំងអស់ត្រូវងូតទឹកសម្អាតប្រហែល៤៥នាទី ដើម្បីអោយត្រជាក់ខ្លួន មានអារម្មណ៍ល្អ និងស្រស់ស្រាយ ដើម្បីបានទឹកដោះច្រើន។ កសិដ្ឋានគិរិសួគ៌ បំពាក់ដោយ បរិក្ខារផលិតកម្មទំនើបបំផុតក្នុងប្រវត្តិសាស្ត្រវិស័យកសិកម្មនៅកម្ពុជា ស្របតាមបទដ្ឋានពិភពលោក គ្រប់យ៉ាងគឺដើម្បីផលិតទឹកដោះគោសុទ្ធនិងស្រស់បំផុតជូនប្រជាជនកម្ពុជា។ ការញុំាទឹកដោះគោជាប្រចាំអាចជួយពង្រឹងប្រព័ន្ធភាពសុំារបស់អ្នកឲ្យមានភាពរឹងមាំអាចទប់ទល់នឹងជំងឺផ្សេងៗ។ ទឹកដោះគិរីសួគ៌ គឺជាទឹកដោះគោសុទ្ធ១០០%។

កញ្ញានឹម ស្រីនិច្ច ប្រធានផ្នែកយកទឹកដោះ មានអោយដឹងថា ក្នុងមួយថ្ងៃគោទាំងអស់ អាចបូមទឹកដោះបានជាង១ម៉ឺនលីត្រ  គឺគោមួយក្បាលអាចបូមទឹកដោះបានបីដង ហើយអាចបូមទឹកដោះបានជាង២០លីត្រក្នុងមួយថ្ងៃ។  កញ្ញាបានអោយដឹងថា មុនគោចូលបូមទឹកដោះ គោទាំងអស់ត្រូវងូតទឹក លាងសម្អាត ប្រហែល៤០នាទី ដើម្បីអោយគោត្រជាក់ មានអារម្មណ៍ល្អ អាចបូមទឹកដោះបានច្រើន។ ចំណែកឯបុគ្គលិកបំរើការផ្នែកបូមទឹកដោះនេះផងដែរ មុនចូលធ្វើការ ត្រូវធ្វើការសម្អាត អនាម័យ ដោយត្រូវពាក់របាំងអាវ ពាក់ស្រោមដៃ ពាក់ស្បែកជើងកវែង ជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ន ទឹកដោះគោសុទ្ធគិរីសួគ៌ ដែលផលិតចេញពីកសិដ្ឋានគិរីសួគ៌ កំពុងដាក់លក់លើទីផ្សារជាច្រើន ដែលមានដូចជាផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា) ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ, ផ្សារទំនើប ជីប ម៉ុង (ព្រះមុនីវង្ស), ផ្សារទំនើប ជីប ម៉ុង (អេដេន ហ្គាដិន) និងផ្សារទំនើប ជីប ម៉ុង ទីតាំង ណូរ៉ូ ម៉ល។ ក្រុមហ៊ុនក៏មានប្រូម៉ូសិនជូនផងដែរ គឺរាល់ការទិញទឹកដោះគោសុទ្ធ នឹងមានបន្ថែមជាយ៉ាអួរ នៅតាមផ្សារទំនើបដូចបានរៀបរាប់ខាងលើ។ ក្រុមហ៊ុននឹងបន្តដាក់លក់លើទីផ្សារផ្សេងៗទៀត ជាបន្តបន្ទាប់៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner