Phumi Knhom Ep03៖ មរតក កុលាលភាជន៍ខ្មែរ

ភាគច្រើននៃក្មេងៗខ្មែរជំនាន់ក្រោយមិនយល់ថា កុលាលភាជន៍ ជាអ្វីឡើយ។ បញ្ហានេះអាចបណ្តាលមកពីមានការទទួលឥទ្ធិពលពីពាក្យបរទេសច្រើនទើបធ្វើឱ្យពាក្យ “សេរាមិច” [Ceramic]  ត្រូវបានប្រើប្រាស់ជំនួសពាក្យ កុលាលភាជន៍។

កុលាលភាជន៍ មានន័យថាវត្ថុនានា ដែលធ្វើចេញពី​ដីឥដ្ឋដុត ប្រើប្រាស់សម្រាប់ផ្ទុក ឬទុកដាក់របស់របរផ្សេងៗ​។​ កុលាលភាជន៍របស់ខ្មែរ ត្រូវបានបង្កើតឡើង និងនិយមប្រើប្រាស់តាំងពីសម័យអង្គរមកម្លេះ ប៉ុន្តែ ភាគច្រើននៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ យើងឃើញមានប្រភេទសេរាមិច ដែលនាំចូល មកពីបរទេសមួយចំនួន ដូចជា ចិន និងជប៉ុនជាដើម។ ចំណែកឯផលិតផលកុលាលភាជន៍ខ្មែរវិញបែរជាពុំសូវជាមានការផ្សព្វផ្សាយ និងនិយមប្រើប្រាស់ប៉ុន្មានឡើយ។​

នេះជាមូលហេតុដែលធ្វើឱ្យប្រជាជនខ្មែរយើងមិនសូវស្គាល់ អ្វីទៅជាកុលាលភាជន៍ខ្មែរឱ្យបាន​ទូលំទូលាយ ជាងនេះ។ 



ដោយកំណើតជាកូនចៅគ្រួសារអ្នកធ្វើក្អមឆ្នាំង លោក ស៊ីន សីហៈ ដែលជាស្ថាបនិកនៃសិប្បកម្ម មរតកកុលាលភាជន៍ខ្មែរ មានស្មារតីធ្វើយ៉ាងណាឱ្យកូនខ្មែរជំនាន់ក្រោយរៀនស្វែងយល់ និងងាកមកប្រើប្រាស់ កុលាលភាជន៍ ហើយផ្តល់តម្លៃលើសម្ភារៈដែលមានទំនៀមតពីបុរាណមក។ នៅចុងឆ្នាំ ២០១៥ សហគ្រិន រូបនេះបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនដោយផ្តោតលើការផលិតផលិតផលប្រើប្រាស់នានាពីកុលាលភាជន៍ ហើយប្រើប្រាស់រចនាបថថ្មីៗ ដោយរំលេចចម្លាក់នានា ដែលមាននៅលើជញ្ជាំងប្រាសាទ នៅលើកុលាលភាជន៍។ លោកយល់ថា នេះជាវិធីសាស្ត្រមួយដែលលោកអាចប្រើប្រាស់ដើម្បីផ្សព្វផ្សាយ និងរក្សាអត្តសញ្ញាណខ្មែរ ដែលមានតាំងពីបុរាណតរៀងមក។ [សិប្បកម្ម “កុលាលភាជន៍” មានទីតាំងស្ថិត ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។]

ក្រៅពីជួយគាំទ្រសិល្បៈវប្បធម៍មួយប្រភេទនេះ ការប្រើប្រាស់កុលាលភាជន៍ជំនួសឱ្យផ្លាស្ទិកអាចចូលរួមចំណែកគាំទ្របរិស្ថាន និងសុខភាពរបស់ប្រជាជនផងដែរ។

នាថ្ងៃអនាគត លោក សីហៈ មានបំណងពង្រីកចំណេះដឹង និងពង្រឹងជំនាញដល់ប្រជាពលរដ្ឋខ្មែរ ដែលជាសិប្បករ ឬ ចង់ក្លាយជាសិប្បករ ឱ្យចេះពីរបៀបកែច្នៃផលិតផលខ្លួន ដើម្បីទទួលបានគុណភាពល្អ និងកម្រៃខ្ពស់។  លោកក៏ចង់ឃើញផលិតផលកុលាលភាជន៍នេះមានវត្តមានលើទីផ្សារអន្តរជាតិផងដែរ។

ភូមិខ្ញុំ ជាគម្រោងខ្សែវីដេអូឯកសារ[ចំនួន២៤] ដែលផ្តិតយក និង ឆ្លុះបញ្ចាំងអំពីសាច់រឿងរបស់បុគ្គល ឬរឿងរ៉ាវរបស់សហគមន៍ ដែលបានបង្កើតផលិតផលផ្សេងៗដោយប្រើប្រាស់គំនិតច្នៃប្រតិដ្ឋ និងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។   តាមរយៈគម្រោងនេះ យើងបង្ហាញពីភាពជាគំរូរបស់សហគ្រិនក្នុងសហគមន៍ ដែលបានចូលរួមចំណែកអភិវឌ្ឍភូមិស្រុក និងសហគមន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ  និងធនធាននៅជុំវិញខ្លួន  ដោយបង្កើតការងារ និងបង្កើនចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់តាមរយៈគំរូអាជីវកម្មរបស់ខ្លួន។ ហើយតាមរយៈគំរូអាជីវកម្មនេះទៀតសោត យើងក៏បង្ហាញគំនិតច្នៃប្រតិដ្ឋរបស់ពួកគាត់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាលើកស្ទួយដល់ប្រពៃណីទំនៀមទំលាប់ វប្បធម៍ និងមនុស្សធម៍ ដើម្បីសង្គមជាតិរីកចម្រើន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner