កាលព្រះបាទស្រីសញ្ជ័យ និងព្រះនាងផុស្សតីបានអារាធនាព្រះវេស្សន្តរ និងព្រះនាងមទ្រីឲ្យទ្រង់លាព្រះផ្នួសចេញពីឥសីដើម្បី ស្តេចត្រឡប់ទៅសោយរាជ្យនាក្រុងពិជ័យជេតុត្តរឡើងវិញ ព្រះវេស្សសន្តរទ្រង់មិនទាន់ទទួលយល់ព្រមភ្លាមទេ ទ្រង់បានក្រាបទូល រំលឹករឿងដើមរបស់ព្រះអង្គ ដែលត្រូវនិរទេសឲ្យមកនៅព្រៃភ្នំគិរីវង្គត ដោយហេតុមានកំហុសដ៏ធ្ងន់។ ព្រះស្រីសញ្ជ័យទ្រង់សុំទោស ព្រះរាជបុត្រ ទ្រង់លួងលោមព្រះរាជបុត្រដោយប្រការផ្សេងៗ។ ក្នុងទីបំផុតព្រះវេស្សន្តរទ្រង់ទទួលពាក្យអញ្ជើញដោយសេចក្តីគោរព។
លំដាប់នោះ ព្រះបរមពោធិសត្វស្តេចយាងចូលទៅក្នុងបរមសាលា ទ្រង់បានផ្លាស់គ្រឿងបរិក្ខារសម្រាប់ឥសីចេញស្រេចស្តេចទ្រង់ព្រះពស្ត្រព្រះភូសាក្សត្រហើយ ស្តេចចេញមកធ្វើប្រទក្សិណអាស្រម៣ជុំ មានព្រះបន្ទូលលាព្រះបរមសាលាដោយក្តីអាឡោះអាល័យ។ ខ្មាន់ព្រះកេសក៏ចូលទៅក្រាបថ្វាយបង្គំសូមចម្រើនព្រះកេស ជម្រះព្រះលោមា រួចស្រេចស្តេចស្រង់នូវទឹកអប់ត្រឡប់នីទៅនៅត្រចេះចួងច័ន្ទលំពាន់ប្រស្នា មានក្លិនពិដោរឈ្ងុយឈ្ងប់សព្វព្រះសព៌ាង្គកាយ។ ឯអស់ព្រាហ្មណ៍បណ្ឌិតបុរោហិតហោរាអាមាត្យ មុខមន្ត្រីនិងសេនាបតីទាំងឡាយក៏នាំគ្នាប្រជុំសូត្រស្លុតីថ្វាយព្រះពរជ័យស័ព្ទសាធុការ ប្រគំនូវភ្លេងតូរ្យតន្រ្តី ធ្វើពិធីរាជភិសេកក្នុងព្រះពន្លាជ័យ។ ឯព្រះនាងមទ្រីក៏បានលាព្រះផ្នួសពីតាបសនី។ សម្តេចព្រះនាងផុស្សតីទ្រង់បានប្រគល់គ្រឿងប្រដាប់សម្រាប់អគ្គមហេសី គឺម្កុដស្នាប់ពហរះសុរង្គកង ព្រះពាហុរក្ស ស្នៀតព្រះចូឡា ស្នាប់ព្រះជង្គ ព្រះទំរងរ័ត្ន ព្រះសុពណ៌បា ទុកព្រមទាំងព្រះសុគន្ធមាលាជាដើម។
ឯព្រះបាទស្រីសញ្ជ័យ លុះបានអភិសេកព្រះរាជឳរសហើយ មានព្រះទ័យត្រេកអរសាទមហិមា មួយអន្លើដោយចតុរង្គសេនា ទ្រង់ប្រពាតព្រៃព្រឹក្សាកំសាន្តជាសុខក្សេមក្សាន្តប្រមាណ១ខែ ទើបទ្រង់លើកព្រះចតុរង្គសេនាចេញពីភ្នំគិរីវង្គត ដោយព្រះរាជដំណើរសន្សឹមៗ អស់វេលា២ខែ ទើបសេ្តចបានដល់ជេតុត្តរបុរីប្រកបដោយសុវត្ថិភាពក្សេមក្សាន្ត។
ព្រះបាទស្រីវេស្សន្តរ ទ្រង់តែងអប់រំបន្ទុំទានបារមីរៀងរាបដរាប ដល់ស្តេចសោយព្រះទីវង្គត់ ស្តេចបានទៅកើតនៅឋានតុសិតទេវលោក ទ្រង់ព្រះនាមថា “សន្តុសិតទេវបុត្ត”។
ព្រះរាជវស្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីបានចាត់ការធ្វើពិធីរាជាភិសេកព្រះជាលី និងព្រះនាងក្រឹស្នាជាព្រះមហាក្សត្រ សោយរាជ្យសម្បតិ្តក្នុងនគរជេតុត្តរតព្រះរាជប្បវេណីរៀងមក។ សម្តេចព្រះបរមសាស្តាចារ្យ លុះទ្រង់បានសម្តែងអតីត និទានមហាវេស្សន្តរជាតកនេះចប់ហើយ ទ្រង់ត្រាស់បញ្ជាក់ឡើងវិញទៀតថាៈ ម្នាលភិក្ខុទាំងឡាយអើយ! រីមហាមេឃក៏បានបង្អុរភ្លៀងបោក្ខរពស៌ឲ្យធ្លាក់ចុះមកជាអស្ចារ្យក្នុងសមាគមក្រុមព្រះញាតិតថាគតតនេះពុំមែនតែឥឡូវនេះឡើយ កាលតថាគតនៅជាព្រះបាទស្រីវេស្សន្តរ ក៏ធ្លាប់មានភ្លៀងធ្លាក់ ចុះមកដូច្នោះដែរ។ ក្រោយទ្រង់សម្តែងចតុរារិយសច្ចៈចប់ហើយ ទ្រង់បានប្រជុំជាតកថាៈ រីជូជក ត្រឡប់ជាតិចេរវិលវឹងមក បានជាទេវទត្ត នាងអមិត្តធីតាបានជានាងចិញ្ចាមាណវិកា។ ចេតបុត្រ បានជាឆន្ទភិក្ខ ព្រះអច្ចុតមហាឥសីបានជាព្រះសារីបុត្ត សម្តេចព្រះឥន្ទ្រាធិរាជ បានជាព្រះអនុរុទ្ធាចារ្យ ព្រះវិស្សកម្មដែលបាននិមិត្មបរមសាលាថ្វាយព្រះពោធិសត្វ បានជាព្រះមហាមោគ្គលាន ទេវបុត្រដែលបាននិមិត្មអាត្មាជារាជសីហ៍ បានជាព្រះឧបាឡី ទេវតាដែលមាននិមិត្មអាត្មាជាខ្លាធំ បានជាសីវលី ទេវតាដែលបាននិមិត្មអាត្មាជាខ្លាដំបង បានជាព្រះមុល្លនាគ ទេវបុត្រដែលបាននិមិត្មជាព្រះវេស្សន្តរស្រាយចំណងចៅជាលី បានជាព្រះមហាកច្ចាយន៍។ ទេពធីតាដែលបាននិមិត្មអាត្មាជានាងមទ្រី ស្រាយចំណងក្រឹស្នា បានជានាងវិសាខាមហាឧបាសិកា ដំរីបច្ច័យនាគ បានជាព្រះមហាកស្សបៈ។ មេនៃដំរី បច្ច័យនាគ បានមកជាព្រះនាង កិសាគោត្តមី ស្តេចមទ្ទរាជ បានជាព្រះមហានាម មហាក្សត្រជាអ្នក ចាត់ចែងសាលាឆទានថ្វាយព្រះពោធិសត្វ បានជាព្រះអនន្ទ ពុទ្ធបដ្ឋាក អាមាត្យដែលបានខ្វល់ខ្វាយក្នុងការបរិច្ចាគទាន បានជាអនាថបិណ្ឌិកសេដ្ឋី ព្រះបាទស្រីសញ្ជ័យបានជាព្រះបាទស្រីសន្ធោទន៍ ព្រះនាងផុស្សតីទេវី បានជាព្រះនាងសិរិមហាមាយាទេវី ព្រះនាងមទ្រី បានជាព្រះនាងយសោធរាពិម្ពារ ជារាហុលមាតា។ ព្រះជាលីកុមារ បានជារាហុលកុមារ នាងក្រឹស្នា បានជានាងឧប្បលវណ្ណាភិក្ខុនី រីបរិស័ទ សេសសល់អំពីនេះ បានជាពុទ្ធបរិស័ទ ក្នុងបច្ចុប្បន្ននេះទាំងអស់។ រីឯព្រះបាទស្រីវេស្សន្តរបវរពោធិសត្វ គឺអង្គអញតថាគតនេះឯងហោង។ (ចប់កណ្ឌទី១៣ នគរកណ្ឌ សូមអរគុណចំពោះការតាមដានតាំងពីដើមដល់ចប់)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព