ឆៃយ៉ាំ ជាទម្រង់សិល្បៈដែលមានប្រជាប្រិយភាព និងភាពរស់រវើកអាចទាក់ទាញអារម្មណ៍អ្នកមើល និងស្តាប់ឲ្យរំភើបបាន។ វង់តន្ត្រីឆៃយ៉ាំ មិនមានលេងជាសាច់ភ្លេងដែលមានបទបែបជាចម្រៀងនោះទេ។ នៅតាមជនបទស្រុកស្រែចម្ការ ជាពិសេសនៅក្រោយរដូវច្រូតកាត់រួច ប្រជាពលរដ្ឋខ្មែរយើងតែងតែរៀបចំប្រារព្វពិធីបុណ្យទានផ្សេងៗជាទីរីករាយ មានដូចជាបុណ្យផ្កា បុណ្យកថិន និងបុណ្យបំបួសនាគជាដើម។ ដោយសារប្រជាប្រិយភាព និងភាពទាក់ទាញនៃវង់តន្ត្រីនេះ ខ្មែរយើងនិយមយកវង់នេះទៅសម្តែងនៅក្នុងពិធីបុណ្យទាំងឡាយខាងលើ ដើម្បីញ៉ាំងឲ្យពិធីមានភាពរីករាយ និងអធិកអធម។
វង់តន្ត្រីឆៃយាំុ មានប្រើតែឧបករណ៍មួយចំនួនតូចមាន ស្គរឆៃយ៉ាំ៤ (ឬអាចតិចជាង ឬច្រើនជាងទៅតាមលទ្ធភាពរបស់ក្រុមភ្លេង) ធ្វើពីខ្លឹមខ្នុរប្រវែងប្រមាណ ១.៤ ម៉ែត្រ និងទទឹងមុខស្គរប្រមាណ ០.២០ ម៉ែត្រ ពាសដោយស្បែកគោ មានចងរំភាយក្រណាត់សំពត់ពណ៌ខៀវ ក្រហម លឿង និងបៃតង ដោយជីបជាពីរ ឬបីស្រទាប់ដេរភ្ជាប់ជាមួយនឹងអង្កាំទៀតផង។ រីឯការចងខ្សែ គឺដើម្បីឲ្យអ្នកវាយពាក់ឆៀងនឹងស្មាឈរវាយទះដោយ ប្រើដៃទទេ។ គេបិទបាយ ពាសនៅចំកណ្តាលស្បែក ដើម្បីឲ្យឮសូរធ្ងន់ និងពីរោះរន្ទដម។ គេរឹតស្គរពីរធូរល្មម និងស្គរពីរទៀតតឹង ដើម្បីដល់ពេលវាយទៅឱ្យឆ្លើយឆ្លងគ្នាពីរោះល្អ។ វង់តន្ត្រីឆៃយ៉ាំ មានគ្រាប់១គូ គងម៉ុង (គងម៉ង់)១ ឆាប១គូ និងឈិង១គូទៀត។ វង់ឆៃយ៉ាំខ្លះ ក៏មានបន្ថែមនូវឧបករណ៍ទ្រ១ផងដែរ។
ទោះបីមានជើងស្គរដែលអ្នកវាយស្គរត្រូវវាយតាម គេអាចវាយបំភ្លៃសម្បូណ៌បែបទៅតាមទេពកោសល្យរបស់អ្នកវាយស្គរម្នាក់ៗ។ យើងសង្កេតឃើញថា តន្ត្រីករ និងអ្នករាំនៅក្នុងវង់តន្ត្រីឆៃយ៉ាំ ស្លៀកពាក់តុបតែងខ្លួន លាបមុខ និងធ្វើសក់បែបកំប្លុកកំប្លែង ដែលទាក់ទាញនឹងធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយ។ ភាពរស់រវើករំភើបចិត្ត និងទាក់ទាញរបស់វង់តន្រ្តីឆៃយ៉ាំ គឺស្ថិតនៅលើចង្វាក់រន្ថើននៃស្គរឆៃយ៉ាំ និងចលនាក្រម៉ិចក្រម៉ើមរបស់អ្នកវាយស្គរ និងអ្នករាំ។ ចំណែកអ្នកនាំមុខនៅក្នុងវង់តន្ត្រីឆៃយ៉ាំ ស្រែកនូវឃ្លាមួយចំនួនដែលត្រូវឆ្លើយដោយតន្ត្រីករឯទៀតនៅក្នុងក្រុម។
អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង