ក្រុមប្រាសាទតោ គឺជាក្រុមប្រាសាទស្ថិតនៅកណ្តាល ចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធនៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រុមប្រាសាទតោ មានតួប៉មប្រាសាទសរុបចំនួន ៤៣ ហើយក្នុងនោះមានប្រាសាទនៅល្អទាំងស្រុងចំនួន ១ នៅល្អពាក់កណ្តាលចំនួន ៦ និងស្ថិតនៅក្រោមពាក់កណ្តាលចំនួន៣៦។ ក្រុមប្រាសាទនេះ បានហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយ
ក្រៀមចំនួនពីរជាន់ ដែលកំពែងខាងក្រៅមានបណ្តោយ ៣២៨ម៉ែត្រ ទទឹង ៣១០ម៉ែត្រ ដែលមានច្រកចូលនៅទិសខាងកើតនិងខាងលិច។ រីឯកំពែងខាងក្នុងវិញ មានប្រវែង១៧២ម៉ែត្រ ទទឹង១៦០ម៉ែត្រ ដែលមានច្រកចូលនៅស្របទិសដូចគ្នានឹងកំពែងខាងក្រៅ។ នៅទិសឦសានចន្លោះកំពែងខាងក្នុង និងខាងក្រៅ មានស្រះបុរាណមួយមានប្រវែងបណ្តោយ ៤២,១០ម៉ែត្រ ទទឹង៣២,៤០ម៉ែត្រ ដែលជាស្រះមានបាត និងជញ្ជាំងតម្រៀបដោយថ្មបាយក្រៀមជុំវិញ។ នៅផ្នែកខាងត្បូងនៃស្រះទឹកនេះ គេតម្រៀបជាជណ្តើរសម្រាប់ចុះធ្វើពិធីសាសនាផ្សេងៗនៅក្នុងស្រះ។ នៅច្រកចូលកំពែងខាងលិច មានផ្លូវភ្ជាប់សម្រាប់ចេញចូលទៅកាន់បរិវេណក្រុងឦសានបុរ។
ប្រាសាទភាគច្រើននៅក្រុមប្រាសាទតោ សាងឡើងអំពីឥដ្ឋ និងថ្មបាយក្រៀម ហើយមានគ្រឿងមានគ្រឿងលម្អស្ថាបត្យកម្មធ្វើអំពីថ្មភក់ ដែលមានអាយុកាលចាប់ពីរវាងស.វ.ទី៧-ចុងស.វ.ទី៨។ ប៉ុន្តែ នៅក្នុងក្រុមនេះពុំមាននៅសល់សិលាចារឹកឱ្យអ្នកស្រាវជ្រាវសិក្សាបានឡើយ។ ម្ល៉ោះហើយ ដើម្បីសិក្សាអំពីប្រាសាទនេះគេបានពឹងផ្អែកយ៉ាងសំខាន់លើការសិក្សាប្រៀបធៀបប្លង់ និងក្បាច់លម្អនៃប្រាសាទប៉ុណ្ណោះ។ តាមការសិក្សារបស់លោក Daniel Michon ក្រុមប្រាសាទតោ សាងឡើងស្របជាមួយទ្រឹស្តីនៃលទ្ធិព្រហ្មញ្ញសាសនា និកាយព្រះឥសូរ ដូចក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធដែរ។ ដ្បិត លោកបានសិក្សាអំពីប្លង់ទូទៅ ដោយធៀបជាមួយប្លង់ក្រុមប្រាសាទផ្សេងទៀត និងធៀបជាមួយគម្ពីរព្រហ្មញ្ញសាសនា។ ក្នុងឆ្នាំ១៩១៣ លោក Henri Parmentier បានសិក្សា និងចុះបញ្ជីក្រុមប្រាសាទតោថា “ក្រុមប្រាសាទកណ្តាល” តាងដោយអក្សរ C (Central) ដោយហេតុថាក្រុមនេះស្ថិតនៅកណ្តាលក្រុមខាងជើងនិងខាងត្បូង។
ប្រសិនយើងពិនិត្យទៅលើការរៀបចំប្លង់ជាទូទៅ នៃក្រុមប្រាសាទតោយើងឃើញថា នៅជ្រុងកំពែងទាំងពីរជាន់ គ្រប់ទិសទាំងអស់ គេសាងជាតួប៉មប្រាសាទដូចៗគ្នា តែសព្វថ្ងៃតួប៉មទាំងនោះបានបាក់បែកអស់ហើយ។ ប៉ុន្តែច្រកទ្វារចូលគេមិនធ្វើជាបួនទិសដូចក្រុមប្រាសាទយាយព័ន្ធឡើយពោល គឺមានតែច្រកខាងកើតនិងខាងលិច។ ក្នុងបរិវេណកំពែងខាងក្រៅ ក្រៅពីស្រះទឹក យើងឃើញមានតួប៉មប្រាសាទចំនួន៨។ ក្នុងនោះនៅខាងកើត មានតួប៉មចំនួន ៥ ដែលតួប៉ម ៤ សាងអមច្រកទ្វារចូលជាពីរជាន់ និងតួប៉ម ១ទៀត សាងនៅជិតជ្រុងកំពែងទិសអាគ្នេយ៍។ ក្នុងចំណោមតួប៉មទាំង ៥ នៅខាងកើត មានតួប៉មពីរសាងឡើងអំពីថ្មបាយក្រៀម មានរាងទ្រវែង តែយើងមិនដឹងជាអ្វីឱ្យប្រាកដទេ។ ក្នុងបរិវេណកំពែងខាងក្រៅដដែល នៅខាងជើងមានតួប៉ម ២, ខាងលិចមានតួប៉ម ១។ ចំណែក បរិវេណកំពែងខាងក្នុងវិញ មានតួប៉មសំខាន់មួយនៅចំកណ្តាល សព្វថ្ងៃអ្នកស្រុកហៅថា “ប្រាសាទតោ” ហើយមានតួប៉មចំនួន ៤ ទៀត សង់នៅអមច្រកចូលខាងលិច និងខាងកើត។ តើប្រាសាទតោ (តួប៉ម C1) មានលក្ខណៈបែបណាខ្លះ?
តួប៉មនេះ សង់ឡើងអំពីឥដ្ឋបូកកំបោរបាយអ (កំបោរបាយអសព្វថ្ងៃជ្រុះអស់ហើយ) រាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត សង់នៅលើខឿនធ្វើអំពីឥដ្ឋ (រូបលេខ១-៣)។ ប្រាសាទនេះ មានកម្ពស់ ១៤ម៉ែត្រ ជញ្ជាំងកម្រាស់ ២,៥ម៉ែត្រ បណ្តោយ ១៥,៥ ម៉ែត្រ និងទទឹង ១២,៤៤ ម៉ែត្រ។ នៅផ្នែកខាងក្នុងប្រាសាទ សិល្បកររៀបជាបន្ទប់សក្ការមានរាងបួនជ្រុងទ្រវែង លយចេញមកច្រកចូលខាងកើតបន្តិច។
ជញ្ជាំងខាងក្នុងលម្អដោយក្បាច់សសរផ្អោបជ្រុង រៀបជារាងសាជីជ្រុង ដែលសព្វថ្ងៃយើងឃើញមានសេសសល់ស្នាមទឹកពណ៌ ដែលគេលាបជាប់នឹងជញ្ជាំង។ ផ្នែកខាងកើត គេរៀបជារាងសាជីជ្រុងដែលនៅខាងលើ ទ្រដោយថ្មភក់មួយដុំសម្រាប់សម្រាលទម្ងន់ប្រាសាទ ហើយនៅតាមក្បាលជញ្ជាំង មានថ្មភក់រាងដូចកំណាត់ឈើជ្រុងគេតម្រៀបជុំវិញប្រាសាទធ្វើជាពិតានឬទ្រមេពិតាន។ ផ្នែកដំបូលខាងក្នុង គេរៀបជាថ្នាក់ៗរាងកោងត្រង់ស្តួចចុងប៉ះគ្នានៅផ្នែកខាងលើដែលមានកំពូលធ្វើអំពីថ្មភក់តែសព្វថ្ងៃកំពូលប្រាសាទធ្វើអំពីថ្មភក់នេះបានជ្រុះធ្លាក់មកក្រោមអស់ហើយ។ សព្វថ្ងៃ នៅខាងក្នុងប្រាសាទមានសេសសល់បំណែកជើងទម្រខ្លះ តែយើងមិនដឹងប្រាសាទថាតួប៉មនេះតម្កល់អាទិទេពណាមួយនោះទេ។ ប៉ុន្តែ អ្នកស្រាវជ្រាវជាន់ថ្មីយល់ថា ជើងទម្រនេះអាចតម្កល់សិវលិង្គដូចក្រុមប្រាសាទផ្សេងៗដែរ។
នៅមុខខាងកើត គេរៀបក្បាលជណ្តើរអមសងខាងខឿនយ៉ាងខ្ពស់ភ្ជាប់ដោយបដិមាតោមួយគូ កាំជណ្តើរ ៧កាំ ទ្រនាប់ជណ្តើរ ១។ ចម្លាក់តោនៅទីនេះមានចំនួនសរុប ៦ ពោល គឺគេដាក់នៅមុខទ្វារចូលទិសខាងកើត មុខទ្វារបញ្ឆោតទិសខាងជើង និងមុខទ្វារបញ្ឆោតទិសខាងត្បូង ប៉ុន្តែនៅខាងលិចពុំមាននោះឡើយ។ បដិមាតោចំនួន ៣ គេយកទៅរក្សាទុកនៅសារមន្ទីរខេត្ត តែបដិមាតោ១បាត់បង់ទៅហើយ។ អ្នកស្រាវជ្រាវប្រវត្តិសិល្បៈដ៏ល្បីល្បាញមួយរូប គឺលោក Jean Boisselier យល់ថា បដិមាតោនេះអាចសង់ឡើងពេលវេលាខុសគ្នាជាមួយប្រាសាទ (សាងក្រោយប្រាសាទ)។ ចំណែកឯលោក Phillipe Stern យល់ថា បដិមាតោនេះមានលក្ខណៈស្រដៀងតោនៅប្រាសាទថ្មដាប់លើភ្នំគូលែន ហើយស្ថិតនៅក្នុងរចនាបថគូលែន ចុងស.វ.ទី៨។ ចម្លាក់តោទាំងអស់មានមាត់បើកធំ ធ្មេញសំប៉ែតធំ ភ្នែកបើកសំឡឹងមើលទៅមុខ រោមរួញសំពោងធំជាងដងខ្លួន កន្ទុយដាក់សន្ធឹងរហូតដល់ក្បាល ជើងទាំងបួននៅនឹងថ្កល់ឥតចលនា ក្បាល និងដងខ្លូនមិនសមាមាត្រគ្នាទេ គឺក្បាលធំជាងដងខ្លួន តែសិល្បករឆ្លាក់យ៉ាងផ្ចិតផ្ចង់ (រូបលេខ៤)។
ហោជាង មានរាងដូចក្រចកសេះដែលមានលម្អក្បាច់ផ្សេងៗ តែសព្វថ្ងៃរបេះក្បាច់អស់ហើយ។ នៅអមសងខាងទ្វារចូលនីមួយៗ និងនៅតាមជ្រុងជញ្ជាំងប្រាសាទមានលម្អជាក្បាច់សសរផ្អោប និងនៅតាមក្បាលជញ្ជាំងទំនងជា មានលម្អដោយក្បាច់ផ្សេងៗដូចតួប៉មដ៏ទៃទៀតដែរ តែបច្ចុប្បន្នបានរបេះជ្រុះធ្លាក់មកក្រោមអស់។ ចន្លោះសសរផ្អោបនីមួយៗនៅលើជញ្ជាំងប្រាសាទ មានលម្អចម្លាក់វិមានអណ្តែតក្នុងមួយទិសមានចំនួន២ (រូបលេខ៥-៦)។ ចម្លាក់វិមានអណ្តែតនីមួយៗគេលម្អជាបីថ្នាក់ ដែលថ្នាក់ខាងក្រោមមានបន្ទះថ្មភក់ស្តើងមួយទ្រពីក្រោម ជំនួសរូបចម្លាក់សត្វទេវកថាដូចគេធ្លាប់ឃើញនៅប្រាសាទដទៃទៀតនៅតំបន់សំបូរព្រៃគុក ហើយបង្ហាញពីការវិវត្តមួយបែបនៃចម្លាក់វិមានអណ្តែតនៅសម័យមុនអង្គរ។
ដោយឡែក ផ្តែរទ្វារតួប៉មនេះ មានគ្រប់ទិសទាំងបួន។ ផ្តែរទ្វារខាងកើតទំនងឆ្លាក់មិនទាន់ហើយនោះទេ ដែលមានក្បាច់បន្ទាត់ធ្នូរាងត្រង់ខាងចុងមានជាក្បាលមករបែរមុខចេញក្រៅឆ្លាក់មិនហើយ និងផ្នែកខាងក្រោមជារំយោលផ្កាឬកម្រងមាលា។ ផ្តែរទ្វារខាងជើងនិងខាងត្បូងមានលក្ខណៈដូចគ្នា ដោយនៅខាងចុងផ្តែរទាំងសងខាងលម្អជាសន្លឹកឈើ ក្បាច់បន្ទាត់ធ្នូមានរាងត្រង់លម្អដោយសន្លឹកឈើតម្រៀបគ្នាចំនួន៥ ហើយនៅខាងក្រោមមានលម្អជារំយោលផ្កា ឬកម្រង មាលា (រូបលេខ៧)។
លោក Boisselier, Jean យល់ថា ផ្តែរទ្វារខាងជើងនិងខាងត្បូង ស្ថិតនៅក្នុងចុងរចនាបថព្រៃក្មេង។ ចំណែកផ្តែរទ្វារខាងលិចមានក្បាច់បន្ទាត់ធ្នូ មានរាងមូលដូចមែកឈើកួចជាកង់ៗដោយក្បាច់ផ្ការំដួលធ្លាក់រំយោលចុះមកក្រោម ដែលផ្នែកខាងចុងនៃបន្ទាត់ធ្នូមានរាងកោងវង់ចូលក្នុងដោយក្បាច់គូថខ្យង ផ្នែកខាងលើនិងខាងក្រោមផ្តែរលម្អជាសន្លឹកផ្កានិងរំយោលផ្កាឬកម្រងមាលា (រូបលេខ៨)។ ផ្តែរខាងលិច មានក្បាច់លម្អជាទូទៅដូចផ្តែរនៅប្រាសាទវត្តប្រាសាទដែរ ហើយមានលក្ខណៈជិតចូលដល់រចនាបថគូលែន (ចុងស.វ.ទី៨)។
កន្លងមក ប្រាសាទតោ តួប៉ម C1 ធ្លាប់មានអ្នកសិក្សាស្រាវជ្រាវច្រើនជំនាន់មកហើយ និងបានផ្តល់នូវការសន្និដ្ឋានផ្សេងៗគ្នា។ ជាក់ស្តែង ក្នុងឆ្នាំ១៩៣០ លោក Phillipe Stern យល់ថា សំណង់ប្រាសាទតោ ស្ថិតនៅអន្តរកាលរវាងចុងរចនាបថកំពង់ព្រះ និងដើមរចនាបថគូលែន (ចុងស.វ.ទី៨ ដើមស.វ.ទី៩) ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។ ក្រោយមក លោក Boisselier Jean និងលោកស្រី Bénisti Mirreille សិក្សាបន្តយល់ថា ជាសំណង់នៅអន្តរកាលរចនាបថព្រៃក្មេង និងរចនាបថកំពង់ព្រះ (ចុងស.វ.ទី៧ ដើមស.វ.ទី៨) ទំនងចុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រសិនបើយកការស្នើឡើងរបស់អ្នកប្រាជ្ញទាំងបីមកពិចារណាឡើងវិញ យើងអាចសន្និដ្ឋានថា ប្រាសាទតោទំនងចាប់ផ្តើមកសាងឡើងនៅចុងស.វ.ទី៧ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ និងបានសាងបដិតោបញ្ចប់នៅចុងស.វ.ទី៨ ក្នុងរវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។
អត្ថបទដើម៖ ម៉ង់ វាលី