ទំព័រដើមប្រវត្តិសាស្ត្រក្រុមប្រាសាទរាងប្រាំបីជ្រុង

ក្រុមប្រាសាទរាងប្រាំបីជ្រុង

ក្រុមប្រាសាទរាងប្រាំបីជ្រុង គឺជាស្ថាបត្យកម្មប្រាសាទដ៏កម្រនៅក្នុងសិល្បៈខ្មែរ ដែលលេច​រូបរាងឡើងនៅរវាងផ្នែកទី១ នៃស.វ.ទី៧ នៅតំបន់ប្រាសាទសំបូរព្រៃគុក​ ខេត្តកំពង់ធំ និងពុំមាន​នៅតំបន់ណាផ្សេងទៀតឡើយ។ នៅតំបន់ប្រាសាទសំបូរព្រៃគុក មានប្រាសាទរាងប្រាំបីជ្រុងចំនួន ១៥ តួប៉ម រួមមាន ក្រុមប្រាសាទយាយព័ន្ធមានចំនួន ៦ (តួប៉ម S7, S8, S9, S10, S11, S13) ក្រុមប្រាសាទត្រពាំងរពាក់មានចំនួន ៥ (តួប៉ម Z2, Z3, Z3, Z5, Y1) ក្រុមប្រាសាទសំបូរមានចំនួន ១ (តួប៉ម N7) ក្រុមប្រាសាទតោមានចំនួន ១ (តួប៉ម C7-1) និងប្រាសាទនៅក្នុងបរិវេណក្រុងឦសានចំនួន ២ ទៀត គឺប្រាសាទខ្នាចទោល និងប្រាសាទថ្កាស។ ក្នុងចំណោមប្រាសាទរាងប្រាំបីជ្រុងទាំង ១៤ តួប៉មនេះ មានប្រាសាទចំនួន ៨ ដែលនៅរូបរាងល្អ ហើយប្រាសាទចំនួន ៧ ទៀតបានបាកបែកនៅសល់តែគ្រឹះប៉ុណ្ណោះ (S13, Z2, Z4, Z5, ប្រាសាទថ្កាស, ប្រាសាទខ្នាចទោល)។

តើប្រាសាទទាំងនេះមាន​លក្ខណៈបែបណាខ្លះ?

រាល់ប្រាសាទមានរាងប្រាំបីជ្រុងទាំងអស់ សុទ្ធសឹងសាងឡើងអំពីឥដ្ឋ ប៉ុន្តែការរៀបចំប្លង់ប្រាសាទមានលក្ខណៈផ្សេងៗពីគ្នាខ្លះ។ ជាក់ស្តែង ក្នុងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ដែលជា​ក្រុមមានប្រាសាទប្រាំបីជ្រុងតែមួយនោះ យើងឃើញទីតាំងប្រាសាទស្ថិតនៅទិសនិរតីប្រាសាទ​សំខាន់ដែលនៅតួប៉មកណ្តាល (N1) ពោល គឺគឺមានតួនាទីជាប្រាសាទរណបឱ្យប្រាសាទសំខាន់ដែលតម្កល់សិវលិង្គព្រះនាម “ស្រីកម្ភីរេស្វរ”។ គួរកត់​សម្គាល់នោះគឺ ជ្រុងទាំងប្រាំបីរបស់ប្រាសាទនេះមិនស្មើគ្នាឡើយ ហើយយើងក៏ពិបាកសន្និដ្ឋានថា ហេតុអ្វីសិល្បករធ្វើឡើងដូច្នេះដែរ។ តួប៉មប្រាំបីជ្រុងនៅក្រុមខាងជើង (N7) គេតម្កល់ជើងទម្របដិមាមានរាងមូលដែលធ្វើឡើងនៅស.វ.ទី៧ ប៉ុន្តែនៅស.វ.ទី១០ គេបានធ្វើរូប​ព្រះហៃគ្រីវ ដែលជាអវតារមួយរបស់ព្រះវិស្ណុ (សព្វថ្ងៃបដិមានេះនៅសារមន្ទីរហ្គីមេ បារាំង)។ ដូច្នេះ មានន័យថា ប្រាសាទសំខាន់នៅក្នុងក្រុមប្រាសាទសំបូរតម្កល់សិវលិង្គ ប៉ុន្តែប្រាសាទប្រាំបីជ្រុងតម្កល់ព្រះហៃគ្រីវ (ស.វ.ទី១០) ហើយនៅតាមជញ្ជាំងមានលម្អដោយវិមានអណ្តែតគ្រប់ជ្រុង។

ចំណែក ប្រាសាទប្រាំបីជ្រុងនៅក្រុមប្រាសាទយាយព័ន្ធ ឬក្រុមខាងត្បូងវិញ ដើរតួនាទីជា​ប្រាសាទរណបឱ្យប្រាសាទសំខាន់ដែលនៅតួប៉មកណ្តាលដូចគ្នា។ ប៉ុន្តែ ខុសត្រង់ថា នៅក្រុមនេះ​​មានប្រាសាទរណបរាងប្រាំបីជ្រុងនៅបរិវេណកំពែងខាងក្នុងចំនួន ៥ ស្ថិតនៅទិសនិរតី ពាយព្យ ឦសាន អាគ្នេយ៍ តួប៉មកណ្តាល និងនៅជ្រុងនិរតីខាងក្រៅ​កំពែងមានប្រាសាទរាងប្រាំបីជ្រុងចំនួន ១ ទៀត។ 

ក្នុងចំណោមតួប៉មទាំង ៥ នៅខាងក្នុង មានតែតួប៉ម S9 មួយប៉ុណ្ណោះដែលបែរមុខបញ្ច្រាសមកទិសខាងលិច ពោល គឺបែរមុខទល់គ្នាជាមួយតួប៉ម S8 ដែលមើលទៅហាក់ដូចជា តួប៉ម S9 គឺជាមណ្ឌបរបស់តួប៉ម S8 ដ្បិតជាទូទៅសំណង់របស់មណ្ឌបតែងតែបែរមុខទល់គ្នាជាមួយតួប៉មសំខាន់ (ឧទាហរណ៍ តួប៉ម S2 ជាមណ្ឌបរបស់តួប៉ម S1 បែរមុខរកគ្នា)។ ជាអកុសល មានតែតួប៉ម S11 មួយប៉ុណ្ណោះ ដែលមាននៅសល់ជើងទម្ររាងមូលតម្កល់នៅខាងក្នុង រីឯតួប៉មផ្សេងទៀតពុំមានឡើយ ម្ល៉ោះហើយយើងមិនបានដឹងច្បាស់ថាតើតួប៉មទាំង ៥ នៅខាងក្នុងបរិវេណប្រាសាទយាយព័ន្ធនេះតម្កល់អាទិទេពណាមួយឡើយ។ តួប៉មទាំង ៥ នេះ សុទ្ធសឹងលម្អដោយវិមានអណ្តែតនៅគ្រប់ជ្រុងដូចប្រាសាទសំបូរ តួប៉ម N7 ដែរ។

នៅក្រុមប្រាសាទត្រពាំងរពាក់ ប្រាសាទរាងប្រាំបីជ្រុងតូចៗចំនួន ៤ (បែរមុខទៅជើងនិងត្បូង) ជាប្រាសាទរណបឱ្យ​ប្រាសាទកណ្តាលដែលមានរាងបួនជ្រុងបែរមុខមកទិសខាងលិច។ យើងក៏មិនដឹងថាតួប៉មទាំង ៤ នេះ តម្កល់អាទិទេពអ្វីឡើយ។ ប៉ុន្តែ នៅខាងលិចប្រាសាទរាងប្រាំបីជ្រុងតូចៗទាំង ៤ នេះ មានប្រាសាទរាងប្រាំបីជ្រុងធំមួយបែរមុខទៅទិសខាងកើត។ ផ្ទុយពីខាងលើ នៅក្រុមប្រាសាទតោ ប្រាសាទរាងប្រាំបីជ្រុងគេសាងនៅខាងក្រៅកំពែង ដែលសង់​ស្របគ្នាជាមួយតួប៉ម ៣ ផ្សេងទៀត ហើយប្រាសាទប្រាំបីជ្រុងនៅខាងត្បូងបង្អស់ បែរមុខទៅទិសខាងកើត។ រីឯនៅក្រុមប្រាសាទខ្នាចទោល ប្រាសាទរាងប្រាំបីជ្រុងគេសង់នៅទិសអាគ្នេយ៍ដាច់ដោយឡែកតែឯងពីប្រាសាទចំនួនបីមានរាងបួនជ្រុងស្មើ។

តើប្រាសាទរាងប្រាំបីជ្រុងតំណាងឱ្យអ្វី? សិល្បករសាងឡើងដើម្បីអ្វី? មានឥទ្ធិពលពីខាងណា?

យើងពិតជាពិបាកកំណត់អំពីតួនាទីប្រាសាទរាងប្រាំបីជ្រុងយ៉ាងខ្លាំង បើទោះបីសិល្បៈខ្មែរកាលជំនាន់នោះទទួលឥទ្ធិពលសិល្បៈពីឥណ្ឌាក៏ដោយ ដ្បិត នៅស្រុកឥណ្ឌាផ្ទាល់ពុំសូវមានប្រាសាទ​មានរាងប្រាំបីជ្រុងនៅមុនស.វ.ទី៧ ឡើយ ពោល គឺមានតែប្រាសាទ Muṇḍeçvarĭ មួយប៉ុណ្ណោះ ដែលជាប្រាសាទរាងប្រាំបីជ្រុងសាងសង់រួចរាល់នៅរវាងគ.ស.ឆ្នាំ៦៣៥-៦៣៦។ កាលបរិច្ឆេទរបស់ប្រាសាទនេះ មានលក្ខណៈប្រហាក់ប្រហែលជាមួយឆ្នាំកសាងប្រាសាទនៅសំបូរព្រៃគុកដែរ ពោល គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ ចំណែក ទម្រង់របស់ប្រាសាទនៅឥណ្ឌានេះក៏មានរូបរាងស្រដៀងប្រាសាទរបស់ខ្មែរដែរ ពិសេស គឺមានលម្អវិមានអណ្តែតនៅតាមជញ្ជាំងដូចគ្នា។ ប៉ុន្តែ ប្លង់ប្រាសាទឥណ្ឌាខុសពីយើងត្រង់ថា គេមានទ្វារចេញចូលចំនួន ៤ រីឯប្រាសាទខ្មែរមានទ្វារតែខាងកើតមួយគត់ (សូមមើលប្លង់លេខ៣)។ ដូច្នេះ យើងមិនអាចកំណត់បានថា ការសាងសង់ប្រាសាទរាងប្រាំបីជ្រុងរបស់ខ្មែរ ពិតជាទទួលឬមិនទទួលឥទ្ធិពលពីឥណ្ឌាមែនឬអត់ឡើយ។ អ្វីដែលយើងអាចសន្និដ្ឋានបាននោះគឺ ការសាងសង់នេះ ទំនងជាត្រាប់តាមគម្ពីរណាមួយនៃព្រហ្មញ្ញសាសនា ជាពិសេស គឺទាក់ទងនឹងការរៀបចំប្លង់ប្រាសាទឧទ្ទិសដល់ព្រះឥសូរ ដ្បិតលេខ ៨ ត្រូវនឹងទម្រង់របស់ព្រះឥសូរមាន ៨ ធំៗ គឺ ឝ៌វ ( Śarva) ដី  ភវ (Bhava) ទឹក រុទ្រ (Rudra)  ភ្លើង ឧគ្រ (Ugra) ខ្យល់ ភីម (Bhīma)  លំហ បឝុបតិ (Paśupati)  ព្រលឹង ឥឝាន (Īśāna) ព្រះអាទិត្យ មហាទេវ (Mahādeva) ព្រះច័ន្ទ។ លើសពីនេះទៀត ការបែងភាគ ឬបដិហារបស់ព្រះឥសូរ តែងបែងភាគពី ៨ ទៅ ៦៤។ ការសន្និដ្ឋាននេះស្របទៅតាមសិលាចារឹកដែលរកឃើញនៅក្រុមប្រាសាទយាយព័ន្ធដែលបង្ហាញថា តួប៉មកណ្តាល តម្កល់ព្រះឥសូរក្នុងទម្រង់ជាសិវលិង្គព្រះនាម “ស្រីប្រហសិតេស្វរ” (សិវញញឹម) (Çrīprahasiteçvara) (K.440, K.442) និងក្រុមប្រាសាទសំបូរ សិវលិង្គព្រះនាម “ស្រីកំម្ភីរេស្វរ” (Çrīkaṃmbhĭreçvara) (K.148, K.439)។

ជារួមមក ក្រុមប្រាសាទរាងប្រាំបីជ្រុងនៅក្នុងសិល្បៈខ្មែរ គឺជាស្ថាបត្យកម្មដ៏មានវិសេសវិសាលមួយនៅស.វ.ទី៧ ហើយយើងមិនដឹងថាហេតុអ្វីសំណង់បែបនេះគេលែងបន្តសាងសង់នៅ​សម័យក្រោយៗមកទៀតទេ។ សំណង់ប្រាសាទប្រាំបីជ្រុងនៅសំបូរព្រៃគុក ទំនងសង់ត្រាប់តាមគម្ពីរណាមួយនៃព្រហ្មញ្ញសាសនា ហើយប្រហែលជាប់ទាក់ទងនឹងការរៀបចំប្លង់ប្រាសាទឧទ្ទិស​ដល់ព្រះឥសូរ។ ដ្បិត តួប៉មកណ្តាលនៃក្រុមប្រាសាទសំខាន់នៅតំបន់សំបូរព្រៃគុកសុទ្ធសឹងឧទ្ទិសដល់ព្រះឥសូរ ម្ល៉ោះហើយ សំណង់ប្រាសាទប្រាំបីជ្រុងអាចជាគំនិតមួយដែលខ្មែរជំនាន់នោះសាង​ឡើងសម្រាប់បង្ហាញអំពីទម្រង់និងការបែងភាគរបស់ព្រះឥសូរដែលចេញតួប៉មកណ្តាល ឬម្យ៉ាងទៀត ប្រាសាទប្រាំបីជ្រុងអាចគេសាងសង់ឡើង សម្រាប់តម្កល់អាទិទេពផ្សេងៗទៀតដែលមាន​អានុភាពទាបជាងព្រះឥសូរ ជាក់ស្តែងដូចប្រាសាទ N7 ដែលតម្កល់ព្រះហៃគ្រីវជាតឹកតាង។

អត្ថបទដើម៖ លោក​ ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!