គុកវាំង

គុកវាំង មានទីតាំងស្ថិតនៅខាងកើតទីប្រជុំជនតាំងក្រសាំងប្រមាណ ៨០០ម៉ែត្រ និងស្ថិតនៅ​ក្នុង​បរិវេណ​វត្តមួយឈ្មោះថា “វត្តពោធិវាំង” ក្នុងភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ត​​កំពង់​ធំ។ ឈ្មោះ “គុកវាំង” មានរំលេចនៅក្នុងរឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក” ដែលនិទានមកថា “កាលពីព្រេងនាយនៅស្រុកសន្ទុក​ ខេត្តកំពង់ធំ មានស្តេចមួយអង្គ ទ្រង់​មានព្រះអគ្គមហេសី ព្រះរាជបុត្រ​ ស្រីស្នំក្រមការ សេនាទាហាន និងនាហ្មឺនសព្វមុខមន្រ្តីជាច្រើន​ស្តេចទ្រង់បានចេញព្រះរាជបញ្ជាឲ្យឆ្ការព្រៃ​មួយកន្លែង សង់ប្រាសាទ និងគុក ភូមិប្រាសាទ​រហូត​មកទល់សព្វថ្ងៃ។ លុះបានសង់ប្រាសាទនោះហើយ ព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយ​កន្លែងទៀត ពាយព្យប្រាសាទនោះ ធ្វើជាទីសម្រាប់ស្រីស្នំ មាន​កំពែងជុំវិញ ហើយទីនោះក៏ជាប់​មានឈ្មោះថា “ភូមិវាំង” រហូតមកទល់សព្វថ្ងៃ”។ រឿងព្រេងមួយនេះ ស្តាប់ទៅអាចទាក់ទងនឹងឈ្មោះ “គុកវាំង” បានខ្លះៗ។ ប៉ុន្តែ អ្វីដែល​គួរ​សម្គាល់នោះគឺ តើហេតុដូចម្តេចបានជាអ្នកស្រុកហៅប្រាសាទនេះថា “គុកវាំង”? ពាក្យ “គុក” គឺជាពាក្យដែលអ្នកស្រាវជ្រាវស្គាល់ជាទូទៅដែលសំដៅលើ “ប្រាសាទ”។ ដោយឡែក ពាក្យ “វាំង” អាចមានន័យពីរយ៉ាង ដែលន័យទីមួយអាចមានថ្នាក់ពាក្យជាកិរិយាសព្ទដែលមានន័យថា “បាំង” ហើយត្រូវនឹងពាក្យខ្មែរបុរាណថា “បង៑” ដូចមានចារឹកនៅក្នុងសិលាចារឹកព្រះធាតុរកា K.155, សិលាចារឹកកំពែងយ៉ៃ (ស្រុកសៀមសព្វថ្ងៃ) K.374។ ន័យទីពីរ ពាក្យ “វាំង” អាចមាន​ន័យ​ជានាមថា “កំពែង” ដែលត្រូវនឹងពាក្យ​ខ្មែរបុរាណ “កំវេង៑” ដូចមានចារឹកនៅក្នុងសិលាចារឹកជាច្រើនដូចជា សិលា​ចារឹកក្តីស្តី (ព្រៃវែង) K.760, សិលាចារឹកស្រងែ (សៀមរាប) K.933, សិលា​ចារឹក​ស្តុកកក់ធំ (ស្រះកែវ សៀមសព្វថ្ងៃ) K.235, សិលាចារឹកក្តីអង្គ (ព្រៃវែង) K.56។ ដូច្នេះហើយ ការដែលគេហៅថា “គុកវាំង” ទំនងមកពីនៅជុំវិញប្រាសាទមានកំពែងព័ទ្ធជុំវិញ ឬអាចសំដៅលើប្រាសាទដែល​ស្ថិតនៅភូមិវាំង។ ក្នុងនេះដែរ “គុកវាំង” មានន័យថា “គុកដាក់មនុស្សនៅក្នុងព្រះបរមរាជវាំង” តាមការរៀបរាប់​ដូច​រឿងព្រេង​ខាងលើ ទំនងមិនត្រឹមត្រូវឡើយ។

កន្លងមក ការស្រាវជ្រាវនៅប្រាសាទនេះមានតិចតួចខ្លាំងណាស់។ ក្នុងនោះ មានលោក Henri Parmentier បានសិក្សាក្រាស់ក្រែលជាងគេនៅឆ្នាំ១៩១៣ និង១៩២៧។ ក្រោយមក លោក Jean Boisselier គ្រាន់តែបានបញ្ជាក់តិចតួចប៉ុណ្ណោះ។ ក្រោយមកទៀត ឆ្នាំ២០០៨ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ​សាលាបារាំងចុងបូព៌ាប្រទេស ក៏បានចុះបញ្ជីប្រាសាទ​មួយនេះដែរ ដោយបានរៀបរាប់សង្ខេបអំពីរចនា​សម្ព័ន្ធ​ទូទៅ។

គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយ​ជញ្ជាំងផ្សេង​ទៀតគេលម្អជាទ្វារបញ្ឆោត។ ទ្វារ​​នីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្តាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត ផ្នែកកណ្តាលមានលម្អដោយក្បាច់​រាងដូចជាកូនវិមានអណ្តែត និង​មានចម្លាក់គូឌុ ដែលស្ថិតក្នុងទម្រង់​សិល្បៈរចនាបថ​កំពង់ព្រះ ស.វ.ទី៨ និងមានលក្ខណៈស្រដៀងប្រាសាទភូមិប្រាសាទដែលស្ថិតនៅមិនឆ្ងាយពីគុកវាំងដែរ។

ចំណែក ផ្តែរទ្វារ មានការរលុបផ្នែក  កណ្តាល​ស្ទើរតែទាំង​អស់ ប៉ុន្តែយើងអាចនៅមើលឃើញចម្លាក់សត្វមករនៅខាងចុងផ្តែរ ដែល​ចម្លាក់សត្វមករ​នេះបែរមុខចេញ​មកក្រៅ ហើយនៅផ្នែកខាងលើយើងឃើញចង្វាយក្បាច់អង្គរឆ្លាស់តម្រៀបគ្នា។ ផ្តែរទ្វារនេះ យើង​ឃើញនៅផ្នែកខាងចុងមានស្នាមកាត់ចោលខ្លះ ដែលយើងអាចសន្និដ្ឋានបានថា ផ្តែរនេះទំនងមិនមែនជាផ្តែរដើមកាលពីសាងសង់ប្រាសាទនៅដំណាក់កាលដំបូងឡើយ។ ក្បាច់លម្អរបស់ផ្តែរ មាន​ទម្រង់ដូចសិល្បៈចុងរចនាបថគូលែន និង​ដើមរចនាបថព្រះគោ ដើមស.វ.ទី៩ ដ្បិតយើងឃើញចម្លាក់សត្វ​មករមានលក្ខណៈស្រដៀងខ្លាំងជាមួយផ្តែរទ្វារប្រាសាទត្រពាំងផុងនៅខេត្តសៀមរាប។

តើផ្តែរទ្វារនេះទំនងលើកដាក់នៅសម័យណា?

ប្រសិនយើងឱ្យអាយុកាលរបស់ផ្តែរនៅរវាងដើមស.វ.ទី៩ ដូច្នោះយើងក៏អាចដឹងច្បាស់ថា ផ្តែរនេះប្រាកដជាលើកដាក់ក្រោយដើមស.វ.ទី៩ ព្រោះគេអាចយកផ្តែរនេះមកពីទីណាផ្សេងមកកាត់តម្រឹមដាក់នៅលើប្រាសាទដែលសាងសង់ឡើងតាំងពីស.វ.ទី៨។

នៅខាងមុខប្រាសាទ យើងឃើញទ្រនាប់ជណ្តើរមួយដែលធ្វើអំពីថ្មភក់ មានរាងដូចត្របកឈូក ដែលអាចមានអាយុកាលនៅសម័យមុនអង្គរ (ស.វ.ទី៧-៨) ហើយជាភស្តុតាងមួយសម្រាប់​បញ្ជាក់អាយុកាលរបស់ប្រាសាទ ប៉ុន្តែភស្តុតាងនេះមិនអាចបញ្ជាក់ពីកាលបរិច្ឆេទនៃការលើកផ្តែរ​បានឡើយ។

អ្វីដែលគួរកត់សម្គាល់ជាតឹកតាងសំខាន់នោះ គឺនៅក្បែរប្រាសាទ​មានជើងទម្រ​មួយដែលគេឆ្លាក់ដោយថ្មមួយដុំភ្ជាប់គ្នាបានជាជើងទម្រ និងមានស្លាកស្នាមចម្លាក់គ្រុឌចំពាក់កណ្តាលជើងទម្រនោះ ដែលអាចឱ្យយើងសន្និដ្ឋានបានថា ជើងទម្រនេះអាចស្ថិតនៅក្នុងរចនាបថកោះកេរ ស.វ.ទី១០។ តឹកតាងនេះ នាំឱ្យយើងដឹងថា នៅស.វ.ទី១០ គុកវាំង ទំនងមានការជួសជុល និងកែប្រែបន្ថែមឡើងវិញនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) ហើយលក្ខណៈបែបនេះ​ យើងធ្លាប់ឃើញមាននៅប្រាសាទអំពិលរលំដែលជាប្រាសាទស.វ.ទី៨ និងកែប្រែបន្ថែមនៅស.វ.ទី១០ ដូចប្រាសាទគុកវាំងដែរ។ ម្ល៉ោះហើយ ការកែប្រែនៅស.វ.ទី១០នេះហើ​យ ដែលប្រហែលជាពេលគេលើកផ្តែរទ្វារនេះដាក់នៅលើប្រាសាទ។ លើសពីនេះ នៅក្នុងអត្ថបទរបស់លោក Henri Parmentier បានរៀបរាប់ថា សសរពេជ្រនៅគុកវាំងមានរាងប្រាំជ្រុង នេះក៏អាចជាតឹកតាងបញ្ជាក់អំពីសកម្មភាពមនុស្សនៅសម័យអង្គរដូចគ្នា ដ្បិតសសរពេជ្រសម័យអង្គរច្រើនមានរាងប្រាំបីជ្រុង ប៉ុន្តែសព្វថ្ងៃសសរពេជ្រនេះបានបាត់បង់​ពីទីតាំងដើមទៅហើយ។        

ជារួមមក គុកវាំង ទំនងជាប្រាសាទដែលចាប់ផ្តើមសាងសង់ឡើងនៅដើមស.វ.ទី៨ ក្នុងរចនាបថ​កំពង់​ព្រះ ហើយ​ទំនងសាងបន្ថែមនៅស.វ.ទី១០ ក្នុងរចនាបថកោះកេរ រាជ្យព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) ហើយចំណែកផ្តែរទ្វារវិញ គឺជាផ្តែរទ្វារចាស់នៅស.វ.ទី៩ ដែលទំនងគេយកមកពីទីតាំងណាមួយមកកាត់តម្រឹមលើកដាក់នៅលើប្រាសាទក្នុងរវាងស.វ.ទី​១០។

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!