ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរទល់ដែន (ភាគ២)

អក្សរសិល្ប៍៖ រឿង មហាចោរទល់ដែន (ភាគ២)

បុរសញញឹមរួចឆ្លើយវិញថា៖

ក្នុងលោកនេះមានតែប្អូនមួយទេដែលចេះពិនិត្យមើល ហើយស្គាល់តម្លៃពិតៗរបស់មនុស្ស។បងស្រឡាញ់ប្អូន ពីព្រោះតែអូនមានចិត្តខ្ពស់មែននេះ។ លាក់បាំងអ្វី មានខ្លះគេស្រឡាញ់មនុស្ស ដោយមនុស្សនោះមានបុណ្យសក្តិ ទ្រព្យសម្បត្តិ ចេះធ្វើឫកធំ ចេះក្អេងក្អាង ចេះដេក ចេះនៅស្ងៀមដោយឥតធ្វើការ ចេះបរិភោគម្ហូបឆ្ងាញ់ ដោយឥតចាំបាច់ធ្វើការបង្កើនឲ្យបានប្រាក់ ចេះវោហាអាងអួតខាងជេរស្តី ខាងបញ្ជោរ ចេះមួលបង្កាច់។ ម៉្លោះហើយ អ្វីដែលខុសទៅជាត្រូវ ត្រូវទៅជាខុស អាក្រក់ទៅជាល្អ ល្អទៅជាអាក្រក់ បាត់អស់យុត្តិធម៌ សីលធម៌ មនុស្សធម៌។ម្យ៉ាងទៀត បងដែលស្រឡាញ់អូននេះគឺស្រឡាញ់ព្រោះតែអូនក្រ។បងដឹងថា គឺមកពីអូននេះហើយបានជាឳពុកបងមាន។ ទ្រព្យសម្បត្តិដែលអូនត្រូវមាន បានទៅអ្នកមានវិញ។និយាយដូច្នេះ បងខ្លោចចិត្តអាណិតដល់ជនអ្នកក្រទាំងអស់គ្នាណាស់។សព្វថ្ងៃបងច្បាំងនឹងគំនិតលោភា ទោសាទាំងនោះ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនដល់អ្នកទាំងអស់គ្នាណាស់។ហេតុនេះ ចូរអូនត្រាទុកក្នុងចិត្ត ហើយចាំជានិច្ចថា ក្នុងជាតិនេះយើងស្រឡាញ់គ្នា ពុំមែនលើទុក្ខរបស់អ្នកឯទៀតទេ។អូនយល់ទេ?

ចាស៎! យល់ហើយ បងនិយាយពីរោះស្តាប់ណាស់។ក្នុងជាតិនេះប្អូនសុំតែរស់ជាមួយបងទេ។ប្អូនមានចិត្តដូចបង គឺស្អប់ស្រីដែលចាំតែទីពឹងលើគេ ធ្វើការមានចៅហ្វាយបង្គាប់រួចសប្បាយតាមបុណ្យគេប៉ុណ្ណោះ។ប្អូនយល់ថា កើតមកជាមនុស្សត្រូវធ្វើដើម្បីរស់។មនុស្សត្រូវដុសខាត់ សម្អាតចិត្ត គឺមិនតាំងខ្លួនជាបញ្ញើក្អែក ឬជាឈ្លើង ដែលរស់ដោយសារឈាមគេនោះទេ។មនុស្សត្រូវរកកិត្តិយស រកសេចក្តីថ្កុំថ្កើង រកសេចក្តីថ្លៃថ្នូរ អំពីការងារដែលធ្វើនេះឯង។ប្អូនរីករាយនឹងរស់ជាមួយបងព្រោះបងមានគំនិតដូចប្អូន។តែប្អូនសុំចិត្តបងមួយ…។

គឺអ្វី?

គឺកុំទុកប្អូនជាគ្រឿងសម្រាប់សប្បាយ ជាវត្ថុសម្រាប់តម្រេកចិត្តបង ជាគ្រឿងសម្រាប់លម្អ ឬសម្រាប់បម្រើបង…។

ប្អូនជាស្រី ប្អូនពុំមែនពឹងបងជាប្រុសនោះទេ។ ប្អូនពឹងរួចត្រូវការយ៉ាងដាច់ខាតនឹងពឹង។ តែប្អូនសុំបញ្ជាក់ថា ប្អូនពុំពឹងដូចគេឯងទេ។ប្អូនពឹងឲ្យបងជួយបណ្តុះបណ្តាលប្អូនឲ្យដឹង ឲ្យចេះ ឲ្យស្គាល់ផ្លូវល្អចម្រើនប៉ុណ្ណោះឯង។ស្តាប់បានទេ?

មានន្ទពេញចិត្តក្រៃពេកនឹងសម្តីនារីជាសង្សារ អ្នកពុំឆ្លើយភ្លាមទេ អ្នកឱនទៅថើបថ្ពាល់ស្រីដែលនៅជិតនឹងច្រមុះអ្នកស្រាប់។នាងទេវីស្រៀវខ្លួនខ្ញាកៗ នាងចង់ឱនឱបលេបបុរសវិញ តែអៀនពេករកធ្វើអ្វីទៅមិនរួច។នាងរកឧបាយកំប្លែងលេងថា៖

  • បងកុំទុកអូនដូចជាផ្កាណា! ថើបរួចគ្រវាត់ចោលនោះ។
  • បងថើបអូន ព្រោះស្រឡាញ់អូនទេ។
  • ដូច្នោះបងអត់ស្រឡាញ់អ្នកណាទៀតទេ។
  • អ្នកឯទៀត បងស្រឡាញ់ជាមិត្រ ចំណែកអូន បងស្រឡាញ់ជាប្រពន្ធ វាខុសគ្នាឆ្ងាយណាស់ណា៎!បើដូច្នោះមានតែអូនចង់ឲ្យបងដើរថើបគេឯងតែពាសវាលទៅឬ?
  • ទេៗៗ មិនបានជាដាច់ខាត…។
  • ចូរអូនកុំទុកបងជាប្រុសផ្កាមាសណា៎! តោងទុកបងត្រឹមជាមាសបានហើយ។
  • បងជាពេជ្រ។
  • អូនជាទាំងគ្រាប់។
  • ខ្ញុំមិនមែនជាអ្វីទាំងអស់ ខ្ញុំថ្លៃជាងនេះទៅទៀត ខ្ញុំជាមនុស្ស។
  • បងជាមនុស្សដែរ។

ក្នុងលោកនោះ សូរស្គរលាន់ឮឡើងទូងៗ នៅឯគេហដ្ឋានព្រះកម្ពុត។មានន្ទងើបអើតមើលទៅទិសដែលសូររត់មកដល់។នាងទេវីក៏ក្រោកងាកមើលទៅតាម។ មានន្ទនិយាយទៅកាន់ថា៖ បងសូមលាអូនសិន ដល់ម៉ោងគេប្រមូលទ័ពហើយ ចាំអាទិត្យក្រោយសឹមជួបគ្នាទៀត។ អ្នកសើចយ៉ាងស្រស់ដាក់នាង។នាងសើចយ៉ាងស្ងួតដាក់អ្នកដោយមិនចង់ឲ្យឃ្លាតសោះ។ មានន្ទស្ទង់ឃើញចិត្តនាង។អ្នកចាប់ដៃនាងទាំងពីរច្របាច់យ៉ាងខ្លាំង ឱនថើបជាចុងក្រោយបង្អស់ រួចនាងទេវីឈរមើលមុខសង្សារដែលថយខ្លួនមួយៗ ចេញពីនាងទាំងស្តាយ។នារីខ្លោចផ្សាក្នុងចិត្តជាពន់ពេក។ នាងស្រែកតិចៗ ផ្តាំថា៖

  • បង! បង! យប់នេះពេលអាធ្រាត្រសុំជួបនឹងបងមួយភ្លែត ត្រង់ក្រោមដើមពោធិ៍ធំជិតខ្ទមអ្នកតា។
  • បុរសញញឹមដាក់នាង ងក់ក្បាលទទួលទន្ទេញថា៖
  • យប់នេះ អាធ្រាត្រក្រោមដើមពោធិ៍ធំ។
  • កុំខានណា៎!
  • បាទ! …កុំខានណា៎!
  • ចាស៎!

ថាហើយបុរសស្ទុះភ្លែតរត់ផ្លោះគុម្ពផ្កាទាំងពួងបាត់ទៅ។នាងកញ្ញាឈរមើលគូសង្សារយ៉ាងរំភើបញាប់ញ័រក្នុងចិត្ត។ នាងងាកចេញហាក់អស់កម្លាំងហេវទន់ដៃ ទន់ជើង ធេងធោងៗក្នុងខ្លួន។នាងដើរមួយៗ ទៅរើសផ្កាដែលនាងបេះចងទុកលើស្មៅ។

ដើរចេញពីទីស្នេហាបានប្រមាណ ប្រហែលដប់ជំហាន បុរសម្នាក់មាឌស្តើងមាំ ប្រដាប់ដោយ គ្រឿងទាហាន អាវុធនៅចង្កេះ រូបឆើត ស្ទុះចេញពីគុម្ពផ្កាមួយមកឱបនាងទេវីពីក្រោយ។ស្រីភ្ញាក់ខ្លួនស្ទើរភ្លាត់ស្មារតី នាងបម្រះយ៉ាងខ្លះអស់ទំហឹង ចងចិញ្ចើម ភ័យផង បបូរមាត់ស្លេកស្លាំង។

ក្នុងមួយវិនាទីនោះ នាងក៏បានរួចពីក្រញាំដៃ ពីបុរសថ្មី។បុរសសើចក្អាកក្អាយដោះមួកគំនាប់នាងយ៉ាងកំប្លែងអស់ពីចិត្ត។

នាងទេវីខាំធ្មេញគ្រឺត សំឡក់បុរស មុខនាងដែលស្លាំង ក៏ប្រែជាក្រហមភ្លាម។នាងនិយាយដោយសង្កត់ពាក្យទៅរកយុវជនចម្លែកថា៖(សូមរងចាំតាមដានភាគទី២ ផ្នែកទី៣ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!