ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌ខារ៉ាល ( Caral Civilization)

អរិយធម៌ខារ៉ាល ( Caral Civilization)

អរិយធម៌ខារ៉ាល ឬខារ៉ាល សួពេ ( Caral Supe) ត្រូវបានអ្នកស្រាវជ្រាវស្គាល់ដំបូងនៅដើមស.វ.ទី២០ តាមរយៈការរកឃើញនូវក្រុមសំណង់ប្រាសាទពីរ៉ាមីត ដែលហៅថាពីរ៉ាមីត ខារ៉ាល( Pyramid of Caral) មានចំនួន៧ដែលកប់នៅក្រោមវាលខ្សច់​។ 

តំបន់ពីរ៉ាមីត ខារ៉ាល មានទីតាំងស្ថិតនៅតំបន់វាលខ្សាច់នៃជ្រលងភ្នំសួពេ ក្បែរទីក្រុង ខារ៉ាល និងមានចង្ងាយប្រមាណ១៨០គីឡូពី​ រាជធានី​លីម៉ា ប្រទេសពេរ៉ូ។ អ្នកស្រាវជ្រាវបុរាណវិទ្យាបានចាប់ផ្តើមធ្វើកំណាយនៅទីនោះក្នុងអំឡុងឆ្នាំ១៩៩៦ និងបន្តរហូតដល់សព្វថ្ងៃដោយអ្នកបុរាណវិទូជនជាតិប៉េរូ ម្នាក់ឈ្មោះ Ruth Shady។

ប្រាសាទពីរ៉ាមីត ខារ៉ាលដែលមានទំហំធំជាងគេ (ប្រភព៖ Google)
ខាងប្រាសាទពីរ៉ាមីត ខារ៉ាលដែលមានទំហំធំជាងគេ (ប្រភព៖ Google)

នៅមុនពេលពុំទាន់មានការធ្វើកំណាយនៅទីនេះ អ្នកស្រាវជ្រាវគិតនៅថាអរិយធម៌កកើតឡើងដំបូងៗនៅលើពិភពលោកមានត្រឹម៥តែប៉ុណ្ណោះ ប៉ុន្តែលទ្ធផលនៃការធ្វើកំណាយ​បានបង្ហាញថា អរិយធម៌ដែលកកើតឡើងដំបូង គឺមានរហូតដល់ទៅ៦ឯណោះ មេសូប៉ូតាមី អេហ្ស៊ីប ឥណ្ឌុស ចិន និង ខារ៉ាល រួមបញ្ចូលទាំងអរិយធម៌ខារ៉ាលផងដែរ។

រូបចម្លាក់ក្នុងអរិយធម៌ខារ៉ាលប្រភព៖ https://www.rtbf.be

តាមរយៈការរកឃើញ និងធ្វើកំណាយនៅប្រាសាទពីរ៉ាមីត ខារ៉ាល លោកស្រី Ruth Shady​ដែលជាប្រធានគម្រោងស្រាវជ្រាវខារ៉ាល និងអ្នកស្រាវជ្រាវជនជាតិអាមេរិកឈ្មោះ Jeff  Rose បានអះអាថា អរិយធម៌ខារ៉ាល គឺជាអរិយធម៌ដែលមានអាយុកាលចាស់ជាងគេនៅក្នុងតំបន់អាមេរិក បន្ទាប់ពីបានធ្វើការវិភាគកាបូន១៤ គឺមានអាយុកាលប្រហាក់ប្រហែលគ្នាទៅនឹងប្រាសាទពីរ៉ាមីត​គីសា (​Pyramid of Giza) នៅអេហ្ស៊ីប  ពោលគឺមានអាយុកាល២៦២៧ឆ្នាំ​មុនគ.ស.រហូតដល់២០០០ឆ្នាំមុនគ.ស.។

រូបចម្លាក់ក្នុងអរិយធម៌ខារ៉ាល
ប្រភព៖ https://www.rtbf.be

លោក​ Jeff Rose បានបង្ហាញថាការរៀបចំគ្រឹះប្រាសាទពីរ៉ាមីត ខារ៉ាល គឺប្រើបច្ចេកទេសចងជាចង្កោមថ្ម ដាក់ត្រួតលើគ្នាដើម្បីកុំឱ្យមានការរអិលថ្មដែលធ្វើឱ្យសំណង់ប្រាសាទដួលរលំ។ បច្ចេក​ទេ​ស​នៃការកសាងប្រាសាទទាំងនោះ បានបង្ហាញពីការរីកចម្រើនរបស់មនុស្សក្នុងអរិយធម៌ ខារ៉ាល។ លើសពីនេះទៀត អ្នកបុរាណវិទូក៏បានរកឃើញនូវគ្រោងឆ្អឹងមនុស្សពីរផ្សេងៗគ្នាដែលឆ្អឹងមនុស្សទីមួយរកឃើញនៅកណ្តាលប្រាសាទពីរ៉ាមីត ខារ៉ាល ដែលមានទំហំធំជាងគេ​។ តាមរយៈនៃការរកឃើញគ្រោងឆ្អឹងខាងលើ អ្នកបុរាណវិទូបានធ្វើការវិភាគ និងសន្និដ្ឋានថា គ្រោងឆ្អឹងនេះ អាចជាការធ្វើពីធីបូជាយ​ញ្ញណាមួយ ដោយសារតែ​លលាក្បាលពីក្រោយមានស្លាកស្នាមបែកធំ ដែលអាចមានវត្ថុធ្ងន់វាយក្បាលសម្លាប់។ រីឯគ្រោងឆ្អឹងទីពីរ ជាមនុស្សស្រីរកឃើញនៅក្បែរ ប្រាសាទពីរ៉ាមីត​ រួមមានទាំងគ្រឿងអលង្ការផ្សេងៗ។ អ្នកស្រាវជា្រវបានចាប់អារម្មណ៍លើបច្ចេកទេសនៃការកសាងប្រាសាទពីរ៉ាមីត ខារ៉ាល និងបច្ចេកទេសនៃការផលិតរូបធ្វើពីដីដុត ព្រោះបើពិនិត្យមើលតាមទីតាំងភូមិសាស្រ្តនៅតំបន់ ខារ៉ាល ជាតំបន់ដីខ្សាច់ ក្តៅខ្លាំង ដែលខ្វះប្រភពទឹកក្នុងការផលិត និងសម្រាប់ការផ្គត់ផ្គង់ទឹកដល់ជីវភាពរស់នៅរបស់ប្រជាជនខារ៉ាល។

តាមការសិន្នដ្ឋានរបស់អ្នកស្រាវជ្រាវ លើការសិក្សាសំណង់ប្រាសាទពីរ៉ាមីតទាំងនោះ និងវត្ថុសិល្បៈផ្សេងៗដែលធ្វើពីដីដុត អ្នកស្រាវជ្រាវបានបង្ហាញថា អរិយធម៌នេះមានអាយុកាលប្រហែល៥០០០ឆ្នាំមុនគ.ស.។ ការសិន្នដ្ឋាននេះ គឺបានមកពីការវិភាគកាបូន១៤ដែលបានបង្ហាញពីអាយុកាលនៃទីក្រុងខារ៉ាលនេះ ហើយទីតាំងនៃតំបន់ខារ៉ាលនេះក៏ជាទីក្រុងដែលចាស់ជាងគេនៅក្នុងទ្វីបអាមិកដែលចាស់ជាងអរិយធម៌នៅតំបន់មេសូអាមេរិក រួមមាន អូលមិច ម៉ាយ៉ា អទិច។ បច្ចុប្បន្នអត្ថសញ្ញាណនៃអរិយធម៌ខារ៉ាល គឺជាសំណង់ប្រាសាទពីរ៉ាមីត ដែលបង្ហាញពីការរស់នៅក្នុងសង្គម សាសនា នយោបាយ និងមានប្រាសាទជាសក្ខីដល់ការគោរពលិទ្ឋសាសនាក្នុងសម័យនោះ៕

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!