កាប៊ីពោត

កាប៊ីពោត គឺជាឈ្មោះមុខម្ហូបមួយប្រភេទដែលប្រទះឃើញគ្រួសារមួយក្នុងខេត្តកំព​ង់ធំចម្អិនហូបជាមួយបាយ។ គ្រួសារនោះទៀតសោត ជាជនជាតិកួយរស់នៅក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ បើតាមការរៀបរាប់របស់អ្នកចម្អិនប្រាប់ឱ្យដឹងថា នេះជាមុខម្ហូបមួយក្នុងចំនោមម្ហូបប្រពៃណីដទៃទៀត ដែលជាម្ហូបពេញនិយមក្នុងគ្រួសារជនជាតិកួយនាតំបន់នេះ។

ពាក្យកាប៊ីនេះ ជាភាសាកួយ ដោយការសរសេរពាក្យនេះ ទៅតាមសំនៀងនិយាយរបស់ជនជាតិកួយ ដែលមានន័យជាភាសាខ្មែរថាបង្អួល។ ខ្មែរដែលរស់នៅក្បែរតំបន់នេះ និងស្គាល់ហៅម្ហូបនេះថា បង្អួលពោត។ បង្អួលជាម្សៅផង់ដែលបានពីការបុកពោត ឬ អង្ករ ក្នុងត្បាល់ ហើយរែងយកតែលម្អងម៉ត់ផង់។ ហៅបង្អួលដូច្នេះដោយសារម្សៅនោះងាយនឹងអួលបើលេបចូលក្នុងបំពង់ក ធៀបដូចជានំកន្ទក់ជាដើម។ អង្ករដែលគេលីងរួចហើយបុក និងរែងយកផង់ក៏គេហៅថាបង្អួលដូច្នេះដែរ (ខ្មែរច្រើនហៅអង្ករលីង)។ សំណេរខាងក្រោមនឹងពណ៌នាអំពីគ្រឿងផ្សំ វិធីធ្វើ និងរបៀបហូបម្ហូបឈ្មោះថា កាប៊ីពោត ឬ បង្អួលពោត។​ ក្នុងអត្ថបទសំណេរនេះ សូមប្រើពាក្យបង្អួល ត្បិតពាក្យនេះងាយស្រួលនឹងយល់ និងការហៅផងដែរ។

ជាតំបូងគេទៅកាច់ពោតទុំពីក្នុងចម្ការ យកមកហាលថ្ងៃឱ្យស្ងួត រួចទើបប្រឡេះគ្រាប់ចេញពីស្នូល។ គ្រាប់ពោតនោះ គេយកទៅដាក់ក្នុងខ្ទះក្តៅលើជើងក្រានភ្លើង ដើម្បីលីញឱ្យឆ្អិន និងបានក្លិនឈ្ងុយផង។ បន្ទាប់គេបុកគ្រាប់ពោតលីងរួចថ្មីៗនៅក្នុងត្បាល់ ឱ្យបានជាផង់ម្សៅហៅថា បង្អួល។ គេត្រូវបុកគ្រាប់ពោតដែលនៅក្តៅទើបលើកចុះពីខ្ទះ ត្បិតអីវាស្រួយងាយបំបែក។ គេដួសបង្អួលពោតទុកមួយអន្លើសិន ហើយការងារបន្ទាប់ទៀត គឺរៀបចំទឹកប្រហុក។ គេចាក់ទឹកក្នុងឆ្នាំង រួមទាំងដាក់គ្រឿងគ្រៅខ្លះៗមាន ប្រហុក អំបិល ញីស្លឹកគ្រៃបង់។ ដល់កាលណាទឹកក្នុងឆ្នាំងពុះ គេបង់សាច់ត្រីអាំងដែលបេះរួច រួមទាំងជ្រុំម្ជូរស្លឹកទ្រមូងយកតែជាតិជូរ (ស្លឹកម្ជូរនេះគេខ្ចប់ស្លឹកចេកអាំងឱ្យទន់ផុយសិន មុនប្រើជាម្ជូរ) និងបង់ផ្លែម្ទេស។ ពេលទឹកប្រហុកពុះឆ្អិនរួចជាស្រេចហើយ ទើបគេលើកចុះពី​​​ជើងក្រានទុកឱ្យត្រជាក់។

ដល់វេលាហូបបាយ ទើបគេចាក់ទឹកប្រហុកទៅក្នុងចាន រួចដួសបង្អួលពោតដាក់ចូលកូរឱ្យសព្វគ្នាជាល្បាយខាប់។​ ដោយសារបង្អួលពោតងាយនឹងរីកពេលត្រូវទឹកប្រហុក ដូច្នេះទៅទើបគេដួសបង្អួលពោតលាយទឹកប្រហុកចូលគ្នាក្នុងបរិមាណសមល្មមហូបឆ្អែត។ បើត្រូវថែម ឬត្រូវហូប ទើបគេដួសមកលាយច្របល់ចូលគ្នា។ បង្អួលពោតត្រូវគ្នានឹងអន្លក់ពពួករុក្ខជាតិដុះឯកឯងតាមទឹកអូររាក់ៗដូចជា ស្លាបច្រវា (ខ្លះហៅថាស្លាតោក) សៃរាយ ច្រវាទូក រំសាយសក់ ច្រាច់ ជាដើម។ អន្លក់ដុះក្នុងទឹកទាំងនេះ ហូបទៅមានរសជាតិសាប ដែលធ្វើឱ្យបង្អួលពោតនៅរក្សារសជាតិដើម និងកាន់តែលើករសជាតិមួយកម្រិត។ នៅពេលហូប គេចាប់យកអន្លក់មួយមុខម្តងៗជ្រលក់ទៅក្នុងបង្អួលពោតឱ្យដិតជាប់មកតាមអន្លក់។ ត្រង់នេះហើយទើបគេលាយបង្អួលពោតនិងទឹកប្រហុកមិនរាវមិនខាប់ពេក ល្មមអាចដោយមកតាមអន្លក់។ ដូចនេះការរៀបរាប់ខាងលើ គឺជាមុខម្ហូបមួយដ៏ពេញនិយមរបស់ជនជាតិគួយកំពង់ធំ ដែលគេហៅ កាប៊ីពោត ឬ បង្អួលពោត និងច្រើនធ្វើហូបជាមួយបាយ៕

អត្ថបទដើម៖ លោក អន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!