ទំព័រដើមប្រវត្តិសាស្ត្រព្រះពុទ្ធសង្រួម នៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ

ព្រះពុទ្ធសង្រួម នៅសារមន្ទីរអង្គរបុរី ខេត្តតាកែវ

ព្រះពុទ្ធសង្រួម គឺជាការបង្ហាញពីព្រះពុទ្ធអង្គទ្រង់ធ្វើទុក្ខកិរិយា ពុំឆាន់ចង្ហាន់ ស្ទើរមរណាដើម្បីសម្រេចរកផ្លូវបានត្រាស់ដឹង។​ មានដំណាលថា ព្រះសិទ្ធត្ថ (សិទ្ធាថ៌) ទ្រង់ធ្វើសមាធិ ហើយបង្អត់អាហារបន្ដិចម្ដងៗរហូតដល់ស្គមរីងរៃ ស្បែកដណ្ដប់ឆ្អឹង ប្រស្រីភ្នែកក៏ជ្រៅខូង ព្រោះការធ្វើទុក្ខកិរិយា អស់កាលប្រាំមួយព្រះវស្សា នៅតែពុំអាចសម្រេចការត្រាស់ដឹងបាន។ លុះព្រះឥន្រ្ទចុះមកដេញពិន ឬចាប៉ី ថ្វាយទ្រង់សន្ដាប់ តែខ្សែចាប៉ី ឬពិននោះ ធូរពេកមិនពិរោះសោះឡើយ ហើយកាលណារឹតតឹងពេកវាក៏ដាច់ ដូច្នេះមានតែរឹតឱ្យល្មមតែប៉ុណ្ណោះ ពោលមិនតឹងពេក ហើយក៏ពុំធូរពេកទើបពិរោះ។ ហេតុនេះទើបទ្រង់ឈ្វេងយល់នូវផ្លូវកណ្ដាលជាផ្លូវដ៏ប្រសើរ ហើយលះបង់ការធ្វើទុក្ខកិរិយា ហើយផ្ដើមឆាន់ចង្ហាន់ជាធម្មតាវិញ។ នៅតាមអារាមនានា​ ពិសេសព្រះវិហារ ជាងគំនូរតែងបង្ហាញពីការធ្វើទុក្ខកិរិយារបស់ទ្រង់ ដោយបង្ហាញពីសភាពស្គមកំព្រឹង និងព្រះឥន្រ្ទដេញពិន​ ឬចាប៉ី។

យ៉ាងណាមិញ បើក្រឡេកទៅសម័យបុរាណវិញ យើងកម្រឃើញព្រះពុទ្ធបដិមា​ ក្នុងទម្រង់ជាព្រះសង្រួមនេះណាស់។ ទោះបីជាមានភស្ដុតាងបង្ហាញថា នៅស.វ.ទី២-៣ មានចម្លាក់ព្រះពុទ្ធបដិមាធ្វើពីឈើដំបូងៗរកឃើញនៅស្ថានីយអូរកែវក៏ដោយ ក៏បដិមាព្រះពុទ្ធសង្រួមគេពុំងាយប្រទះឃើញឡើយ។តាមរយៈបដិមាដែលរកឃើញនៅអង្គរបុរី បានឱ្យយើងដឹងថា តំបន់នេះមានការគោរពបូជាទាំងព្រហ្មញ្ញសាសនា​ និងព្រះពុទ្ធសាសនា ដែលនេះបង្ហាញពីសារសំខាន់នៃសាសនាទាំងពីរនៅរវាងសតវត្សរ៍ទី៦ និងសតវត្សរ៍ទី៧ នៃគ្រិស្ដសករាជ។

ពុទ្ធបដិមាព្រះសង្រួមនៅសារមន្ទីរអង្គរបុរីដែលបង្ហាញនៅក្នុងអត្ថបទខ្លីនេះ មានលេខសម្គាល់ តកអ.ក.០១៤ រកឃើញនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ។​ ពុទ្ធបដិមានេះធ្វើពីថ្មភក់ បាក់កំណាត់ខ្លួនខាងក្រោម តែយើងអាចឃើញព្រះភក្រ្តមូលក្រឡង់ ព្រះកាណ៌ (ត្រចៀក) យារវែង ហើយដងខ្លួនស្គមកំព្រឹងអាចមើលឃើញឆ្អឹងជំនីយ៉ាងច្បាស់។ សិល្បៈករដែលឆ្លាក់ពុទ្ធបដិមាព្រះសង្រួមនេះ បានបង្ហាញពីភាពសង្វេក និងស្គមរីងរៃនៃព្រះពុទ្ធអង្គ ដែលយើងអាចយល់បានថាសិល្បករនាសម័យនោះបានយល់ និងដឹងពីដំណើរនៃពុទ្ធប្រវត្តិយ៉ាងច្បាស់លាស់។ ចំពោះអាយុកាលនៃព្រះពុទ្ធបដិមានេះ គឺប្រហែលជានៅសម័យហ្វូណនក្នុងរវាងចន្លោះស.វ.ទី៤ដល់ស.វ.ទី៧ ហើយអាចចាត់ជាពុទ្ធបដិមាដ៏ចំណាស់មួយក្នុងចំណោមបដិមាផ្សេងៗដែលរកឃើញនៅស្ថានីយអង្គរបុរី និងតំបន់មួយចំនួននៃភាគខាងត្បូងនៃប្រទេសកម្ពុជា។

នៅក្នុងសម័យប្រហែលគ្នានេះដែរក្នុងសិល្បៈឥណ្ឌាគន្ធារ (Gandhāra) នៅរវាងសតវត្សរ៍ទី៣ ដល់ទី៥ នៃគ្រិស្ដសករាជក៏មានបដិមាព្រះសង្រួម គង់ពែនភ្នែន មានព្រះកាយស្គមស្គាំង មានតែឆ្អឹង និងស្បែកតែប៉ុណ្ណោះ ដោយយើងឃើញឆ្អឹងជំនីទាំងអស់យ៉ាងច្បាស់ ដូចជាពុទ្ធបដិមានៅអង្គរបុរីដែរ។ ជាងនេះទៅទៀត យើងសង្កេតឃើញថា នៅក្នុងព្រហ្មញ្ញសាសនាក៏មានចម្លាក់មួយចំនួនស្រដៀងនឹងពុទ្ធបដិមាព្រះសង្រួមនៅក្នុងព្រះពុទ្ធសាសនាដែរ។ ជាក់ស្តែង រូបចម្លាក់ធ្វើអំពីដីដុតមួយ រកឃើញនៅតំបន់ សាហេត-មហេត (Saheth-Maheth) រដ្ឋឧត្តរប្រទេស នៃប្រទេសឥណ្ឌា បង្ហាញអំពីព្រះឥសូរក្នុងទម្រង់ជាឥសីមានព្រះកាយស្គមស្គាំង ចេញឆ្អឹងជំនី មានពុកមាត់ក្រាស់ ត្រចៀកវែង មានផ្នួងសក់ជាទម្រង់ជតា (Jatã) ប៉ុន្តែមានព្រះហស្តបួន។

ពុទ្ធបដិមាព្រះសង្រួម ដែលតាំងនៅសារមន្ទីរអង្គរបុរីដែលលើកយកមកបង្ហាញខាងលើ គឺគ្រាន់តែចង់បង្ហាញពីលក្ខណៈកម្រមួយនៃពុទ្ធបដិមា សម័យហ្វូណនដែលជាសិល្បៈដំបូងៗរបស់ខ្មែរ និងការទទួលឥទ្ធិពលសិល្បៈឥណ្ឌាមកលើសិល្បៈខ្មែរ។  ដូចដែលយើងដឹងហើយថានៅ សិល្បៈសម័យហ្វូណន ពិសេសគឺរចនាបថភ្នំដា ដែលទួលឥទ្ធិពលពីអារ្យធម៌ឥណ្ឌានាសម័យគុប្ត និងឥទ្ធិពលពីសិល្បៈឥណ្ឌា-ក្រិច ទាំងផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានាសម័យកា​លដំណាលៗនោះ៕

—————————————————————-

A Fasting Buddha statue at Angkor Borei Museum

Fasting Buddha is a form of Buddha that starved himself to find enlightenment. It says Siddhartha Gautama sat in meditation without taking the meal for six years. However, he still could not attain enlightenment. Later, Lord Indra appeared him and plucked three strings of a lute. One string was too slack and made only a dull sound; one string was too tight and broke when plucked, and the last string was moderate and the song beautiful. After understanding the lesson of Indra, Middle Path, Siddhartha Gautama left the practice and started to eat as before.

The statue of fasting Buddha installs in the pagoda especially drawing in the Vihara. The artists show fasting Buddha together with Indra playing a musical instrument called Pin or Chapei as Khmer version.

In the past, fasting Buddha statue was rare. Some wooden Buddha statues of the 2nd and 3rd centuries have been found at Oc Eo, but no present of fasting Buddha statue.

A fasting Buddha statue in the Angkor Borei museum has inventory number TKA.K.014 (តកអ.ក.០១៤). It was found in Kampong Por village, Prek Phtol commune, Angkor Borei district of Ta Keo province. The statue is made of sandstone. It broke the lower half of the body. He has a rounded face, long ears, and a skinny body showing the ribs. The statue is dated between the 4th to 7th centuries.  It could be one of the oldest Buddha statues found in the Angkor Borei site and the southern area of Cambodia.

In the same period, Gandhāra Art (3rd-5thCE); illustrated a seated fasting Buddha statue similar to the one at Angkor Borei. Relatedly, in Hinduism some statues appear resemblance to the fasting Buddha statue in Buddhism. For instance, a ceramic statue of fasting Shiva from the Saheth-Meheth area, Uttar Pradesh, India. He was showing in a hermit form with four arms.

The fasting Buddha statue in the Angkor Borei museum is a rare statue of Buddha in the Funan period. It could be influenced by Indian Art. Funan art, especially the Phnom Da style, influenced the art style of Gupta and Indo-Greek.

អត្ថបទដើម៖ លោក លាក់ ស៊ីផាន់ណា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!