ទុគ៌ា គឺជាទេពស្រីចម្បាំងដ៏ល្បីល្បាញមួយនៅក្នុងព្រហ្មញ្ញសាសនា និងគេស្គាល់ថាជាមហេសីរបស់ព្រះឥសូរ។ រឿងទេវកថាដែលគេស្គាល់ច្រើនរបស់ព្រះនាងទុគ៌ា គឺជាការប្រយុទ្ធគ្នាជាមួយអសុរដែលបង្ហាញទ្រង់មានព្រះហស្តច្រើន ហើយព្រះហស្តនីមួយៗកាន់អាវុធដែលទទួលបានមកពីទេពផ្សេងៗ។ រឿងរ៉ាវទេវកថាដែលសំខាន់ទាក់ទងនឹងទេពនេះ គឺមានឈ្មោះថា “ទុគ៌ាមហិង្សាសុរមាទ៌ិនិ” ដែលជាទេវកថាបង្ហាញអំពីចម្បាំងប្រយុទ្ធគ្នារវាងព្រះនាងទុគ៌ា និងបិសាចក្របីមហិង្សាសរ ហើយនៅឥណ្ឌាគេនិយមឆ្លាក់បដិមាទាក់ទងសាច់រឿងនេះណាស់។ មហិង្សាសុរ គឺជាពាក្យសំស្រ្កឹតដែលផ្សំឡើងដោយពាក្យ “មហិង្សា” មានន័យថា ក្របី និង “អសុរ” មានន័យថា បិសាច។ តាមគម្ពីរ Vâmana Purâna បានបង្ហាញថា ព្រះនាងទុគ៌ាកាន់កេតនភណ្ឌមួយចំនួនដូចជា ត្រីសូល៍បានមកពីព្រះឥសូរ, កងចក្រនិងខ្យងស័ង្ខបានមកពីព្រះវិស្ណុ, ផ្គាំនិងថូបានមកពីព្រះព្រហ្ម, វជ្រឬកាំរន្ទះបានមកពីព្រះឥន្រ្ទ, ខែលនិងដាវបានមកពីព្រះកាល, ព្រួញបានមកពីព្រះអគ្នី, ធ្នូបានមកពីព្រះវាយុ, បំពង់ពោរពេញដោយព្រួញនិងពូថៅបានមកពីព្រះសូរ្យ និងព្រះពិស្ណុការ។ ប៉ុន្តែ កេតនភណ្ឌទាំងនោះសិល្បករបង្ហាញជាទម្រង់ផ្សេងៗ អាស្រ័យទៅតាមព្រះហស្តរបស់ទ្រង់ដែលជួនកាលមាន ព្រះហស្ត ២, ៤, ៦, ៨, ១០ និង ១៨។ ព្រះនាង ទុគ៌ាមានព្រះហស្ត១៨ ភ្នែកបី សក់ខ្មៅរលោង ហើយគេច្រើនតែឃើញរូបព្រះនាងទុគ៌ាក្នុងកាយវិការជ័យជម្នះលើការសម្លាប់ក្របីមហិង្សា រីឯរូបតំណាងព្រះនាងទុគ៌ាវិញ ច្រើនតែបង្ហាញសកម្មភាពមួយក្នុងទម្រង់ទឹកមុខស្ងប់ស្ងាត់ និងស្រទន់។ នៅសម័យមុនអង្គរ ស.វ.ទី៦ ខ្មែរនិយមគោរពទេពអង្គនេះណាស់ ហើយបើតាមភស្តុតាងជារូបបដិមាគេបានរកឃើញយ៉ាងតិចក៏មាន ១៦ រូប ដែលមាននៅក្នុងទឹកដីខេត្តកំពង់ធំ កំពង់ចាម សៀមរាប តាកែវ កំពង់ស្ពឺ ព្រៃវែង។ល។
ដោយឡែក នៅតំបន់ប្រាសាទសំបូរព្រៃគុក ការបង្ហាញព្រះនាងទុគ៌ាជាបដិមាទោលមានតែមួយប៉ុណ្ណោះ គឺស្ថិតនៅតួប៉ម N9 នៃក្រុមប្រាសាទសំបូរឬក្រុមខាងជើង ដែលជាតួប៉មបែរមុខទៅទិសខាងត្បូងទល់មុខតួប៉មដែលតម្កល់រូបបដិមាព្រះហរិហរ (តួប៉ម N10)។ បដិមានេះកម្ពស់ ១៣០ ស.ម. ហើយបើគិតទាំងជើងទម្រមានកម្ពស់សរុប ១៦៥ស.ម. ឈររាងផ្អៀងកាច់ចង្កេះ រូបរាងទន់ភ្លន់មិនកាចសាហាវ តែប្រកបដោយអំណាចទៅវិញ ដែលតំណាងឱ្យអំណាចព្រះឥសូរនិងព្រះវិស្ណុ ដែលមានសមត្ថភាពសម្លាប់បិសាចក្របី។ ដើមឡើយ បដិមានេះបែកជាបីបំណែក ដែលពីរបំណែកខាងលើរកឃើញនៅកន្លែងតែមួយក្បែរតួប៉ម N1 ហើយប្រហែល៥០ឆ្នាំក្រោយមួយបំណែកខាងក្រោមរកឃើញនៅខាងមុខតួប៉ម N9។ សព្វថ្ងៃ បដិមានេះគេតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ ហើយនៅសំបូរព្រៃគុកគេបានធ្វើរូបចម្លងមួយតម្កល់ក្នុងតួប៉ម N9។
ក្រៅអំពីការបង្ហាញព្រះនាងទុគ៌ាជាបដិមាទោល យើងឃើញចម្លាក់ព្រះនាងទុគ៌ាចំនួនពីរផ្ទាំងឆ្លាក់នៅលើជញ្ជាំងឥដ្ឋកំពែងខាងលិចនៃក្រុមប្រាសាទយាយព័ន្ធ។ ផ្ទាំងទីមួយ មានស្ថានភាពបាក់បែកច្រើន ដោយសារតែឥដ្ឋបានធ្លាក់មកក្រោមស្ទើរតែជិតអស់ទៅហើយ។ ប៉ុន្តែគេអាចនៅមើលឃើញផ្នែកខ្លះដូចជា ក្បាលក្របី ជើងតោ និងផ្នែកខ្លះនៃរូបទេពស្រីក្នុងកាយវិការចម្បាំង ដែលយើងអាចសន្និដ្ឋានបានថាជារូបព្រះនាងទុគ៌ានិងសត្វតោដែលជាយានជំនិះរបស់ទ្រង់កំពុងប្រយុទ្ធជាមួយបិសាចមហិង្សាសុរ ដែលគេបង្ហាញជារូបសត្វក្របីតែម្តង។
ចម្លាក់មួយផ្ទាំងទៀតឆ្លាក់នៅក្បែរចម្លាក់ផ្ទាំងទីមួយដែរ នៅមានសភាពល្អប្រសើរច្រើន។ ចម្លាក់នេះគេបង្ហាញទេពស្រីមួយអង្គនិងសត្វតោ កំពុងប្រយុទ្ធជាមួយបិសាច (អសុរទម្រង់ជាមនុស្ស)។ ព្រះនាងទុគ៌ាដែលបង្ហាញនេះ មានព្រះហស្តពីរកាន់អាវុធទាំងសងខាង ព្រះបាទម្ខាងជាន់លើខ្លួន និងម្ខាងទៀតកំពុងជល់ជង្គង់ទៅរកមុខបិសាច (អសុរ)។ អសុរដែលបង្ហាញនេះ ក៏ទំនងជារូបមហិង្សាសុរដដែល គ្រាន់តែសិល្បករបង្ហាញទម្រង់ជាមនុស្សដូចរូបនៅឥណ្ឌាដែលបង្ហាញខាងលើដែរ។
ជារួមមក បដិមានិងចម្លាក់ទាំងបីដែលបង្ហាញខាងលើគ្រាន់តែចង់បង្ហាញថា នៅសម័យមុនអង្គរនាស.វ.ទី៦-៧ ខ្មែរនិយមបង្ហាញចម្លាក់ព្រះនាងទុគ៌ាណាស់ ប៉ុន្តែមកដល់សម័យអង្គរហាក់ដូចជាលែងសូវនិយមវិញ។ រូបទាំងនេះបានបង្ហាញអំពីគំនិតរបស់សិល្បករខ្មែរនៅជំនាន់នោះ ក្នុងការចេះដឹងក្បួនច្បាប់ព្រហ្មញ្ញសាសនាបានទូលំទូលាយ ហើយយកមកអនុវត្តចេញជាចម្លាក់និងបដិមាទាំងនេះឡើង៕
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី