ចណ្ឌេស្វរ គេស្គាល់ថាគឺជាការបង្ហាញព្រះសិវក្នុងទម្រង់ជាកំហឹង ដ្បិតពាក្យថា “ចណ្ឌ” ជាភាសាសំស្រ្កឹតមានន័យថា “កាច, ក្តៅ, ក្រោធ, ខឹង”។ រឿងរ៉ាវទាក់ទងនឹងចណ្ឌេស្វរ មានរៀបរាប់នៅក្នុងគម្ពីរបេរិយបុរាណ (Periyapurâṇa) និទានថា “ចណ្ឌេស្វរ ជាកូនប្រុសក្នុងត្រកូលព្រាហ្មណ៍ម្នាក់ដែលគេស្គាល់ឈ្មោះមួយទៀតថា “វិសរសម៌ន” (Visarasarman) ដែលជាក្មេងម្នាក់មានចិត្តអាណិតស្រឡាញ់សត្វគោ និងតែងតែថែទាំគោជាប្រចាំ។ មានពេលមួយ វិសរសម៌ន បានយកទឹកដោះគោទៅស្រោចលើលិង្គព្រះឥសូរមួយដែលខ្លួនបានធ្វើពីដីខ្សាច់ ដែលធ្វើឱ្យឪពុកក្មេងនេះឈ្មោះថា ដត្ត (Datta) ខឹងនិងស្តីបន្ទោសកូនរបស់គាត់យ៉ាងខ្លាំង ដ្បិតវិសរសម៌នបានប្រើប្រាស់ទឹកដោះគោខ្ជះខ្ជាយ។ អំឡុងពេលស្តីបន្ទោស វិសរសម៌ន កំពុងតែស្មឹងស្មាធនៅមុខលិង្គធ្វើអំពីដីខ្សាច់ ហើយមិនឃើញឪពុកខ្លួនស្តីបន្ទោសឡើយ ដែលនាំឱ្យឪពុករបស់គាត់ខឹងកាន់តែខ្លាំងរហូតទាត់សិវលិង្គធ្វើពីដីខ្សាច់នោះចោល។ ការសមាធិរបស់វិសរសម៌នបានបរាជ័យ ធ្វើឱ្យគេខឹងឪពុករបស់ខ្លួនខ្លាំង ក៏វាយឪពុកមួយដំបង។ ពេលនោះដំបងរបស់គេបានក្លាយទៅជាពូថៅមួយ រហូតធ្វើឱ្យដាច់ជើងដត្តដែលត្រូវជាឪពុក។ ព្រះសិវឃើញដូច្នោះ ក៏បានប្រទានពរទៅឪពុករបស់ វិសរសម៌ន និងបានតជើងរបស់គាត់ឱ្យដូចដើមឡើងវិញ។ ដោយព្រះសិវឃើញពីភាពលះបង់យ៉ាងធំធេងរបស់វិសរសម៌ន ឬចណ្ឌេស ព្រះសិវក៏បានប្រទានពរឱ្យទៅចណ្ឌេសធ្វើជាអ្នកថែរក្សារាល់ទ្រព្យសម្បត្តិរបស់ទ្រង់ ម្ល៉ោះហើយទើបគេឃើញនៅឥណ្ឌាខាងត្បូងគេនិយមឆ្លាក់រូបទេពចណ្ឌេស្វរធ្វើជាទ្វារបាលនៅខាងមុខប្រាសាទដែលឧទ្ទិសដល់ព្រះឥសូរ ដែលបង្ហាញជារូបទេពកាន់ពូថៅមួយក្នុងព្រះហស្ត។ ក្រោយមក គេឃើញមានប្រាសាទមួយចំនួននៅឥណ្ឌាសាងឡើងដើម្បីឧទ្ទិសដល់អាទិទេពចណ្ឌេស្វរតែម្តង ដ្បិតគេយល់ថា ទ្រង់គឺជាការបែងភាគមួយរបស់ព្រះសិវ។
ដោយឡែក នៅក្នុងអារ្យធម៌ខ្មែរសម័យបុរាណវិញ ខ្មែរបានស្គាល់ព្រះនាមទេពអង្គនេះដូចគ្នា។ ដ្បិត ព្រះនាមចណ្ឌេស្វរ គេប្រទះឃើញនៅក្នុងអត្ថបទសិលាចារឹកយ៉ាងតិចពីរ គឺទីមួយសិលាចារឹកព្រះធាតុបាដើម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (K.360) និងសិលាចារឹកវត្តពោធិ ខេត្តតាកែវ (K.22) ដែលសិលាចារឹកទាំងពីរនេះសុទ្ធសឹងមានអាយុកាលនៅ ស.វ.ទី៧ដូចគ្នា។ សិលាចារឹកនៅប្រាសាទព្រះធាតុបាដើម សព្វថ្ងៃរក្សាទុកនៅឃ្លាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានចារឹកព្រះនាមទេពអង្គនេះនៅក្នុងគាថាទី៤ បន្ទាត់ទី៧ (ជាភាសាសំស្រ្កឹត) ដែលពីគាថាដំបូងមកគេរៀបរាប់ពីការថ្វាយបង្គំព្រះសិវ និងរៀបរាប់អំពី ភក្តីភាពរបស់ចន្រ្ទវិន្ទៅដែលបានកសាងប្រាសាទធ្វើអំពីថ្មតម្កល់ “ព្រះចណ្ឌេស្វរ”។ ត្រង់ចំណុចនេះ យើងពិបាកសន្និដ្ឋានបានថា “ព្រះចណ្ឌេស្វរ” ដែលគេរៀបរាប់នេះជាព្រះនាមរបស់សិវលិង្គឬយ៉ាងណា ព្រោះមានសិលាចារឹកមួយផ្ទាំងទៀតចារឹកជាភាសាខ្មែរ រកឃើញនៅទីនោះដូចគ្នា ចុះបញ្ជីលេខ K.1257 បានរៀបរាប់អំពីការធ្វើអំណោយរបស់ម្ចាស់បុណ្យថ្វាយដល់ព្រះ “ស្រីសុ វណ៌្ណេស្វរ” (Śrîsuvarṇṇeśvara)។ ប៉ុន្តែ បើទោះបីជា “ចណ្ឌេស្វរ” ពុំមែនជាព្រះនាមសិវលិង្គក៏ដោយ ក៏អាចគេចង់សំដៅទៅលើព្រះសិវក្នុងទម្រង់ជាថែរក្សាទ្រព្យសម្បត្តិរបស់ប្រាសាទដូចគ្នា។ សព្វថ្ងៃ ប្រាសាទបាដើម បានបាក់បែកស្ទើរអស់ទៅហើយ ពោល នៅសល់តែក្លោងទ្វារប៉ុណ្ណោះដែលនៅមានរូបរាងឈរ ហើយក្រៅពីផ្តែរទ្វារនិងសសរពេជ្រដែលគេទុកនៅទួលប្រាសាទ គេធ្លាប់រកឃើញបដិមាគោនន្ទិ សិវលិង្គ និងបំណែកទេវរូបសល់ត្រឹមព្រះបាទនិងបំណែកដងខ្លួនតិចតួច។ ដូច្នោះហើយ យើងពុំអាចដឹងថាតើព្រះចណ្ឌេស្វរដែលគេរៀបរាប់នៅក្នុងសិលាចារឹកនេះ មានរូបស្នងជាសិវលិង្គ ចម្លាក់ ឬបដិមាឱ្យបានប្រាកដ ឡើយ។
ចំណែកឯ សិលាចារឹកវត្តពោធិ៍ ខេត្តតាកែវ (សព្វថ្ងៃនៅសារមន្ទីរហ្គីមេ ប្រទេសបារាំង) វិញ បន្ទាត់ដំបូងៗគេនិយាយពោលសរសើរអំពីអានុភាពរបស់ព្រះសិវនិងវិស្ណុ ដោយហៅព្រះនាមទ្រង់ថា “ហរ” (សិវ) និង “អឆ្យុត” (វិស្ណុ)។ ឃ្លាបន្តទៀតគេពោលសរសើរអំពីអានុភាពព្រះបាទស្រីឦសានវរ្ម័នទី១ ហើយពាក្យបន្តទៀតគេបានរំលេចពីនាមអ្នកធ្វើអំណោយឈ្មោះ “ឦសានដត្ត” ត្រូវជាខ្សែរាជវង្ស ដែលទ្រង់បានកសាងបដិមាព្រះអាទិទេពពីររួមបញ្ចូលគ្នាគឺ “សន្ករ” (សិវ) និង “អឆ្យុត” (វិស្ណុ)។ ជាពិសេសនោះ នៅបន្ទាត់ទី៩ គេបានចារឹកថា “វិឞ្ណុចណ្ឌេឝ្វរេឝាន លិង្គំតេនប្រតិស្ឋិតំ” ដែលលោក Auguste Barth យល់ថាជារបៀបមួយដែលគេកសាងលិង្គមួយរួមបញ្ចូលគ្នារវាងទេពពីរ គឺ “វិស្ណុ” និង “ចណ្ឌេស្វរេសាន” (សិវ) ។ ប៉ុន្តែក្រោយមកលោក Goerge Coedès បានបដិសេថ និងបានសន្និដ្ឋានថា ទំនងជាការបង្ហាញលិង្គដែលមានទេពបីរួមបញ្ចូលគ្នា គឺ “វិស្ណុ”, “ទេវី” (ទេពស្រី) និង”សិវ”។ ដូច្នេះ មានន័យថា ទោះបីអ្នកប្រាជ្ញទាំងពីររូបមានគំនិតស្នើរៀងៗខ្លួនយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរបានយល់ស្របដូចគ្នាថា “ចណ្ឌេស្វរ” គឺជាទម្រង់មួយរបស់ព្រះសិវ (ឥសូរ)។
ជារួមមក អត្ថបទនេះគ្រាន់តែចង់បង្ហាញថា ទោះបីរឿងរ៉ាវដែលទាក់ទងនឹង “ចណ្ឌេស្វរ” ដែលជារូបភាពមួយនៃព្រះឥសូរដែលឥណ្ឌាមិនសូវពេញនិយមក៏ដោយ ក៏ខ្មែរនៅជំនាន់ស.វ.ទី៧ ស្គាល់រឿងនេះ និងបានលើកយកមករៀបរាប់ក្នុងសិលាចារឹកដូចបង្ហាញទាំងពីរខាងលើ។ អ្វីដែលគួរកត់សម្គាល់បន្ថែមពីសេចក្តីខាងលើនោះគឺ សិលាចារឹកទាំងពីរដែលបានរៀបរាប់សុទ្ធតែចារឹកនៅស.វ.ទី៧ ប៉ុន្តែមកដល់សម័យអង្គរ រវាងស.វ.ទី១០-១២ គេបានកសាងសិវលិង្គដែលមានព្រះភក្រ្តនៅផ្នែកខាងលើ (មុខលិង្គ) យកមកតម្កល់នៅទេវស្ថានទាំងពីរដូចគ្នា (ប្រាសាទបាដើម និងប្រាសាទវត្តពោធិ៍) តែយើងមិនដឹងអត្ថន័យឱ្យជាក់យ៉ាងណានោះឡើយ ថាហេតុដូចម្តេចបានជាគេសាងលិង្គថ្មីមានមុខមកដាក់កន្លែងទាំងពីរនេះដូចគ្នា?
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី