មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។ ក្នុងពេលនោះរដ្ឋបុរសក្រឡេកឃើញឪពុកអ្នកដែលឈរនៅមុខទ្វារ ទឹកមុខញញឹមពេញចិត្ដ នឹងពីធីត្រៀមទ័ពរៀបចេញដំនើរនេះ។ នៅជិតបិតានេះ អ្នកឃើញកាមាប្អូនប្រុសអ្នក។
មាណពនឹកឃើញនាងទេវីស្រីពុំងា ពុំដឹងផ្ដាំអ្នកណាទៅឲ្យនាងបានដឹងផងថា អ្នកខ្ចាត់ព្រាត់ពីនាងទេវីទៅហើយ។ ប្ដីធីតាបែររកមើលអ្នកឯទៀតដែលពុំទៅ ក្រែងជួបអ្នកណាដែលអ្នកផ្ញើពាក្យទៅដល់នាងផងពុំឃើញសោះ។ បុរសស្ទុះទៅខ្សឹបដាក់ត្រចៀកនាយកោបថា៖
- ឯងទៅហៅកាមាប្អូនអញឲ្យមកជួបនឹងអញមួយភ្លែត។
- បាទ
កាមាមកដល់។ មានន្ទចាប់ស្មាកាមាពាលពាក្យថា៖
- កាមា ប្អូនឯងជាប្អូនរបស់បងមែនរឺទេ ?
កាមាដំបូងនឹកឆ្ងល់ដោយពុំដឹងរឿងអ្វី រួចធ្វើទាំងប្រថុយវិញថា៖
- បាទ ខ្ញុំជាប្អូនបង្កើតរបស់បង។
- ឈាមដែលហូរក្នុងសរសៃប្អូន ដូចឈាមដែលហូរក្នុងសរសៃបងទេ?
- បាទដូចគ្នា។
- ប្អូនស្រលាញ់បងទេ ?
- មិនចាំបាច់សួរទេ ! ខ្ញុំសព្វថ្ងៃមានជីវិតមួយនឹងបង ?
មានន្ទសើចយ៉ាងរីករាយ រួចបន្ដកិច្ចសន្ទនាទៅទៀតថា៖
- បងពេញចិត្ដនឹងពាក្យឆ្លើយនេះណាស់ ។ ប៉ុន្ដែ តើបងអាចប្រគល់របស់អ្វីមួយឲ្យប្អូនជួយបីបាច់រក្សាឲ្យបងផងបានទេ។
- មានអីបង របស់អ្វី ? ប្រាប់មក ! មិនអីទេ ខ្ញុំរក្សាទុកជូនបងមិនឲ្យខូចទេ។ បើខូចក្រែងតែជីវិតខ្ញុំស្លាប់។
- ក្នុងជាតិនេះ បងមានរបស់មួយយ៉ាងថ្លៃថ្លា ដែលបងស្រលាញ់ខ្លាំងណាស់ ស្រលាញ់នឹងចិត្ដ ស្រលាញ់នឹងឈាម ស្រាលាញ់នឹងសាច់ ស្រលាញ់ស្មើជីវិត។
- វត្ថុនេះជាអ្វីបង នៅឯណា?
- ឥឡូវបងទៅច្បាំង។ បងពុំទាន់ទុកចិត្ដអ្នកណាក្រៅពីប្អូនឯងទេ បងសូមផ្ញើវត្ថុនេះទុកនឹងប្អូនសិន ទម្រាំបងវិលត្រលប់មកពីច្បាំងវិញ បងនឹងយកវិញ។
- មិនអីទេបង ! ប្អូនរក្សាទុកជូនបងប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះឯង។
- វត្ថុនោះគឺមនុស្ស។
- អី គឺមនុស្ស ?
- អឺ ! គឺពិតជាមនុស្ស ហើយមនុស្សស្រីថែមទៀត !
- យីមនុស្សស្រីនោះនៅឯណា?
- នៅជិតៗនេះឯង ។ បងសូមប្រាប់រឿងប្អូនឲ្យអស់ទៅចុះ។ ពីរម៉ោងមុននេះ បងបានរៀបការហើយ!
- នែ ! ការនឹងអ្នកណា ?
- ការនឹងនាងទេវី កូនស្រីវិសេសក្លាហាន។
- យី ! អីបងការហើយ ?
- កុំឲ្យប្អូនឆ្ងល់ឲ្យសោះ នាងទេវី និង បង ស្រលាញ់គ្នាយូរណាស់មកហើយ ។ ឥឡូវបងសែនជាមួយនាងរួចជាស្រេច។
- តែអភ័ព្វណាស់ គ្រាន់តែសែនរួច ឪពុកនាងក៏ស្លាប់ទៅ … ។
- អី វិសេសក្លាហានស្លាប់ហើយ ?
- ប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះមែន។ នាងកំព្រាម្នាក់ឯង ហើយម្យ៉ាងទៀតនាងមានទម្ងន់ផង។
- អូ ! អីនាងមានទម្ងន់ផង ?
- ពីរខែហើយ ។ កាមាប្អូន។
- បាទ!
- ការដែលប្អូនត្រូវធ្វើ គឺ៖
- ជួយទុកដាក់ឪពុកក្មេកបងឲ្យស្រួលបួល
- ជួយការពារនាងទេវី កុំឲ្យសត្រូវមើលងាយ
- ជួយផ្ដល់ម្ហូបអាហារ អង្ករស្រូវ សំលៀកបំពាក់ លុយកាក់ដល់នាង។ តើប្អូនអាចទទួលបណ្ដាំទាំងបីយ៉ាងនេះបានទេ?
- បាទ ! បាទ មានធ្ងន់ស្រាលអីបង។ បណ្ដាំបងងាយណាស់ មិនអីទេ ចូរបងកុំព្រួយឲ្យសោះ ប្អូនអាចជួយបងបាន។
- ប្អូនហ៊ានស្បថឲ្យបងទេ ?
កាមាថយបីជំហានក្រាក លើកដៃទៅលើ។
- ខ្ញុំសូមស្បថជូនបង បើខ្ញុំពុំធ្វើដូចបណ្ដាំបងទេ សូមឲ្យអារក្ខទេវតា និង អាកាសទេវតាបំផ្លាញខ្ញុំឲ្យរលាយដូចអំបិលត្រូវទឹក និងដូចក្រមួនត្រូវថ្ងៃ។
- កាមាទៅចុះ។ បងសូមលាប្អូនមួយពេលសិនហើយ។ បងទៅនេះគឺទៅដោយរីករាយបំផុតព្រោះបងសង្ឃឹមថា បានប្អូនស្នងក្នុងកិច្ចរក្សាការពារនាងទេវីជាទីស្នេហារបស់បង។
ថាហើយមានន្ទស្ទុះទៅឱបកាមា រួចបងប្អូនទាំងពីរក៏បែកគ្នាទៅ។ មានន្ទឈរនៅមុខកងទ័ពបញ្ជាឲ្យពលទាហានប្រុង រួចកងទ័ពដើរទៅមុខយ៉ាងសម្បើមកក្រើកភពផែនដី។
(សូមរងចាំតាមដានភាគទី១៤ នៅសប្តាហ៍ក្រោយ)