នារីសំពះកាមា ដូចគេសំពះព្រះពុទ្ធមួយអង្គ។ បុរសខ្លោចចិត្ដអាណិតនាង តែភ្លើងរាគរឹតតែឆួលពេញដើមទ្រូងអ្នក។ អ្នកស្ទុះទៅចាប់ចុងដៃនាង។ ស្រីគ្រលៀសចេញយ៉ាងប្រញាប់។
- សូមលោកកុំពាល់ខ្ញុំ!
- អ្នកៗ អ្នកមិនឲ្យខ្ញុំពាល់ឯណាបាន បើខ្ញុំស្រលាញ់អ្នកដល់ម៉្លេះ។
នារីក្រោកឡើងគេចទៅម្ខាងតុ។ កាមាដេញតាម។ នាងយំស្រែអង្វរថា៖
- លោកៗ អាណិត អាណិតខ្ញុំទៅ!
កាមាឈរគ្រញែងខ្លួន ដាក់មុខជ្រប់ ខាំធ្មេញ ភ្នែកឡើងក្រហម និយាយម្នាក់ឯង៖
- ឯងស្រលាញ់អស់ប៉ុណ្ណឹងហើយ ។ ឱ ! ខ្ញុំមានតែទុក្ខទេជាតិនេះ ទុក្ខៗ ព្រោះស្រីតែមួយ។ ឯងបានអង្វរគេយ៉ាងគោរព គេមិនស្ដាប់ខ្ញុំ។
ថាហើយ បុរសស្ទុះភ្លែតទៅចាប់នាង ចាប់ឱបរិតនាងយ៉ាងខ្លាំង។ នារីប្រឹងបំរះយ៉ាងណា ក៏មិនរួចពីកន្ដាប់ដៃយក្ខកំនាចនេះ។ ភ្នែកដែលនាងយំ អ្នកមើលឃើញរឹតតែល្អឡើង។
- អ្នក ! ខ្ញុំពិតជាស្រលាញ់អ្នកមែន!
- ទេៗ !
- ខ្ញុំសុខចិត្ដអ្នក . . . !
- ទេ . . . ទេ . . . ទេ . . . !
- ខ្ញុំសូមរួមវាសនានឹងអ្នក ។
- ទេ . . . ទេ . . . កុំធ្វើដូច្នោះ !
កាមាខឹងយ៉ាងខ្លាំង ក៏ច្រាននាងមួយទំហឹងដៃទៅមុខ ដួលខ្ពោកលើក្ដារ។ នាងទេវីភ្ញាក់ងើបឡើង កាមាស្ទុះទៅទៀត ចាប់នាងច្របាច់យ៉ាងខ្លាំងនឹងម្រាមដៃ។
- ម្ដេចមិនស្រលាញ់អញទេរឺ ?
- ខ្ញុំសូមលោកអត់ទោសចុះ!
- យី ! មីនេះអញសម្លាប់ចោលឥឡូវ។
- លោកអើយអាណិតខ្ញុំទៅ!
ភ្នែកនាងហាក់ដូចធំៗក្រៃលែង ។ ដៃដែលចាប់នាងហាក់ដូចដៃដែកលាយភ្លើង ។ នារីទន់ខ្លួនបន្ដិចម្ដងៗ រួចបាត់វិញ្ញាណទៅ។ កាមាទម្លាក់រូបនេះលើក្ដារប្រូស រួចក្រោកឡើងយកជើងរុញហើយដើរចេញទៅ។ គាប់ជួនពេលនោះ នាងភួងមកពីផ្សារវិញ ឃើញនាងទេវីដេកដួលលើក្ដារ ក៏ស្ទុះទៅឱបបីនាងឡើង។
- យី ! លោកអើយធ្វើបាប ធ្វើកម្មអីកូនខ្ញុំ។
នាងភួងយំសស្រាក់។
- ហងឯងស្គាល់អញទេ ?
- ឱ ! កូនសំលាញ់មាសម្ដាយ ម្ដាយស្លាប់ជាមួយកូនទៀត ។ ហើយ លោកអើយ! កូនខ្ញុំស្លាប់ហើយ។
- ឲ្យវាស្លាប់ទៅ ស្លាប់ឲ្យអស់ទៅបានវាសមមុខវា។
- លោកៗ អីក៏មានចិត្ដអាក្រក់ម៉្លេះ ?
- យី ! ថាអញអាក្រក់ ?
កាមាទាត់យាយភួងមួយជើងពឹប។ នាងភួងផ្កាប់មុខ ។ ស្រីចាស់ប្រឹងស្ទុះ មកវិញចាប់នាងទេវីឱបជាប់នឹងដើមទ្រូង ។ កាមាដើរតន្ត្រំជើងទូងៗទៅបាត់ទៅ។ នាងភួងឱបនាងទេវីយំស្រែកហៅ៖
- កូនៗ កូនមាសម្ដាយ។
យូរបន្ដិចក្រោយមក នាងទេវីបើកភ្នែកបន្ដិចម្ដងៗ ។ ស្រីទាំងពីរយំទៅយំមកដាក់គ្នា។ ជីវិតនារីទាំងពីរស្ថិតនៅលើគំនរទុក្ខជាដរាប។ យូរៗ កាមាមកម្ដង និយាយពាក្យដដែលៗ ចែចង់ដែលៗ ធ្វើបាបដដែលៗ គ្មានឈប់ឈរ។ វេលាក្រោយមក កាមាបណ្ដេញទេវីឲ្យទៅទីណាឆ្ងាយផុតពីភូមិខ្លួន។ នាងទេវីក៏នាំនាងភួង ទៅនៅទីភូមិក្រោមចំងាយប្រមាណប្រាំគីឡូម៉ែត្រពីទីកន្លែងធ្លាប់នៅ។ កល្យាណរងទុក្ខវេទនាអនេកទាំងពីរប្រាណ។ រាត្រីមួយនាងទេវីឈឺពោះ ។ នាងភួងក៏ភ័យរត់ដាស់គេឯងមកជួយទាំងយប់ ។ យាយម៉បនៅក្នុងភូមិ មេត្ដាករុណាមកជួយផងដែរ ។បុត្រីមួយក៏ប្រសូតឡើងក្នុងពេលនោះ ។ កូននោះមានរូបឆោមលោមពណ៌ល្អឯក ថ្លោសទ្រលុកៗ គួរជាទីស្នេហាក្រៃពេក។ នាងទេវីមើលមុខបុត្រីនាងញញឹមដោយរីករាយ។ ប៉ុន្មានថ្ងៃក្រោយមក នាងទេវីបានចេញពីភ្លើង។ មានបងប្អូនជិតខាងជាច្រើន ខ្លះយកអង្ករមួយកញ្ជើម្នាក់មកចងដៃកូនថ្មី ខ្លះយកសំពត់ថ្មីៗ មកជូន ខ្លះបានត្រីសាច់មកជូន រួចនាងទេវីក៏បានជូនអំណរអរគុណទៅគេវិញយ៉ាងអស់ពីដួងចិត្ដ៕
(សូមរងចាំតាមដានភាគទី១៦ នៅសប្តាហ៍ក្រោយ)