នាងទេវី និង នាងភួងបានបីបាច់រក្សាកូនស្រីយ៉ាងហ្មត់ចត់ ។ នាងទាំងពីរបានដាក់ឈ្មោះកុមារីថា បទុម ។ រាល់ថ្ងៃ នាងទេវីឱបក្រសោបនាងបទុមជាប់នៅនឹងដើមទ្រូង។ ធីតាពុំឲ្យបុត្រីកំព្រានេះយំមួយវ៉ាសបានឡើយ។ នាងតែងបំពេកែវជាបុត្រីឲ្យគេងលក់ស្កប់ស្កល់រាល់ថ្ងៃ ដោយបានបំបៅស្រីឲ្យបានឆ្អែតឆ្អល់ជានិច្ច។ នាងតែងបបោសអង្អែលកូន ក្រែងមានសត្វស្រមោចសង្អាខាំ។ នាងថើបស្រី ជាបុត្រភ្ងា។
ជីវិតនាង និង ជីវិតកុមារី រួមចូលគ្នាជាធ្លុងមួយដែលវេញគ្នាយ៉ាងត្របាញ់អស្ចារ្យ ។ បុត្រីនេះជាព្រលឹងរបស់ធីតា ។ ក្នុងរូបដ៏តូចច្រឡឹងនេះទេវីហាក់ឃើញជីវិតនាងបន្ដសង្ខារទៅមុខទៀត។ បុត្រីនេះហើយ ជាថ្នាំទិព្វមួយដែលរំលាយទុក្ខ បំភ្លេចសេចក្ដីព្រួយរបស់នាង រួចធ្វើឲ្យរស់រៀងតទៅ។ កុមារីចេះញញឹមយ៉ាងស្រស់ប្រិមប្រិយហើយ។ កែវចេះឆ្លើយឆ្លងបន្ដិចៗ នឹងនាងដែលជាហេតុរឹតតែឲ្យនាងស្រលាញ់ថែមទៀត។ ឱ ! សេចក្ដីស្នេហានៃមាតាចំពោះបុត្រ គ្មានវត្ថុក្នុងនាលោកនេះអាចប្រៀបធៀបបានឡើយ។ តាំងពីបានបុត្រីកំសត់នេះមក នាងទេវីកើតទុក្ខតែនាងសប្បាយយ៉ាងអនេក ។ នាងកើតទុក្ខក្នុងសង្គម ព្រោះនាងព្រាត់ប្រាស់ឪពុក ព្រាត់ប្រាស់ប្ដីសម្លាញ់ ។ ម្យ៉ាងទៀត ព្រោះកាមាជាមនុស្សបានមកយាយីដល់រូបនាងរាល់ពេលវេលា រហូតដល់បណ្ដេញនាងឲ្យចេញពីភូមិឋានផ្ទះសំបែង។ នាងសប្បាយ សប្បាយព្រោះក្នុងសង្គមដដែលនេះ អរុណមួយថ្មីរះក្នុងជីវិតនាង គឺនាងបទុមតែមួយនេះ។
មែននាងសប្បាយមែន សប្បាយប្រហែលលើសអស់មាតាទាំងពួង។ ណាមួយកុមារីប្រកបដោយសុខភាពបរិបូណ៍ មានសំណើចស្រស់ចិញ្ចាច មានសាច់សស្អាត មានសម្ដីរអាក់រអួលបន្ដិចផង គួរជាទីស្នេហាប្រាកដ។ បទុមបានមួយខែហើយ។ ថ្ងៃនេះនាងទេវីបំបៅបុត្រី ។ នាងដាក់កូនទៅក្នុងអង្រឹង រួចមាតាកម្សត់ដេកយោលកូនដែលលក់ស្កប់ស្កល់។ មិនយូរប៉ុន្មាន នារីជាមាតាក៏លង់លក់ទៅជាមួយកូនដែរ។ ស្រីយល់សប្ដិឃើញមានន្ទជាប្ដីនាងមកឱបក្រសោបនាង។ ធីតាយំដាយរឮកប្ដីខ្លាំងពេក។ ទេវីលង់លក់ក្នុងដំណេក។ លុះដល់នាងភ្ញាក់ដឹងខ្លួនឡើង ព្រះសុរិយាជ្រៀងជ្រេណាស់ទៅហើយ។ នាងទាញអង្រឹងយោលបទុមជាបុត្រី ។ តែ ! អ្វីក៏ដូច្នាះ ? អង្រឹងទ្រង់ស្រាលស្ងើក។ ឆវីក្រោកឡើងដូចគេកន្ដ្រាក់។ បាត់បុត្រីទៅណាហើយកែវកូនអើយ។ កែវល្អស្ទុះចេញទៅក្រៅស្រែកហៅមីងភួង តែខាងក្រៅស្ងាត់ឈឹង ។ យាយភួងទៅផ្សារពុំទាន់មកផង។ នាងនឹកថា ប្រហែលយាយភួងមកលើកកូនយកទៅមុជទឹកឯស្ទឹងហើយ ។ ស្រីរត់ទៅរកស្ទឹង តែគ្មានឃើញអ្វីសោះ។ នាងសួរអ្នកឯទៀតដែលនាងជួបប្រទះថា «ឃើញអ្នកណាមកយកកូនខ្ញុំទេ ?» គេឆ្លើយថា «ទេ ! . . . យ៉ាងណាដូច្នោះ ?»។ ទេវីកំសត់ពន្យល់ប្រាប់គេវិញពុំទាន់ចប់ផង នាងរត់ទៅសួរអ្នកជិតខាងទៀត។ នារីឆ្លេឆ្លា បីដូចមេមាន់រកពង។ មុខនាងឡើងស្លាំងត្បិតអ្នកទាំងពួងឆ្លើយមកនាងវិញតែពាក្យដដែល។ មិនយូរប៉ុន្មានមនុស្សក្នុងភូមិជួយឆោឡោរកបុត្រីរបស់នាងទេវី ។ នាងភួងមកដល់ទៀត ក៏ជួយរកទៀត។ ទឹកភ្នែកហូរសស្រាក់ នាងទេវីស្រែកទ្រហោយំថា៖
- ឱ ! ម្ចាស់ថ្ងៃអើយ លោកអ្នកណាយកកូនខ្ញុំទៅ ? ខ្ញុំលង់ដំណេកភ្ញាក់ឡើងស្រាប់តែបាត់កូន។ ឱ! អ្នកណានោះអីក៏ចិត្ដអាក្រក់ម៉្លេះ ? លួចអីមិនលួច ៗកូនខ្ញុំ។ កូនទើបបានមួយខែ ថ្ងៃនេះផង។ ឱ ! តើនាងបានអីបៅ តើគេយកថ្លៃទៅសម្លាប់ចោលរឺអ្វី ? ។ កូន ៗ ! ទើបបានឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែវិនាសទៅវិញ។ នាងពុំទាន់ចេះនិយាយ ចេះគិតគូរផង ស្រាប់តែបាត់ទៅ។ ឱ ! លោកអ្នកអើយជួយកូនខ្ញុំផង ខ្ញុំស្លាប់ក្នុងពេលនេះជាប្រាកដហើយ ។ ពូមីងអើយ ! ជួយយោងជីវិតខ្ញុំផង។ ខ្ញុំគ្មានទ្រព្យធនអ្វីទេ។ ខ្ញុំមានតែកូនមួយនេះ។
នាងទេវីដើរបណ្ដើរ យំបណ្ដើរ ពីផ្ទះមួយទៅផ្ទះមួយ រៀបរាប់សព្វគ្រប់ ។ អ្នកផងដែលស្ដាប់ក៏ជួយយំផងគ្រប់ៗគ្នា។ រាត្រីក៏ដណ្ដប់ពិភពលោកធ្វើឲ្យងងឹតស្លុង ។ នាងទេវីរឹងរឹតតែខ្លោចផ្សាទៅទៀត ។ នាងដើរពេញភូមិសួរគេ។ ដោយពុំឃើញ នាងដើរទៅដល់ព្រៃក្រោយផ្ទះ ត្រចៀកប្រុងស្ដាប់ក្រែងឮសូរមាត់កូនយំ ។ ស្រីអុជចន្លុះដើរឆួលក្រោមគុម្ពផ្កា តាមគៀនរបង តាមរូងរន្ធផ្សេងៗ ក្រែងអ្នកណាយកកូននាងទៅលាក់នៅទីនោះ។ ធីតាយកឈើមួយកំណាត់ដើរវែកព្រៃល្បោះទាំងពួង ដើម្បីឲ្យកូននាងភ្ញាក់ឡើង យំឡើង ឲ្យនាងឮសូរសម្លេង នឹងអាលនាងបានរត់ទៅលើកឱបកូននោះមកវិញ។ កល្យាណបានយកចែវច្រវាទៅកូរក្នុងដងស្ទឹងក្រែងអ្នកណា យកកូននាងទៅចោលក្នុងទឹក។ នាងលួចសំលឹងដីណាថ្មីៗ ក្រែងគេកប់កូននាង។ លុះដល់កូនដំបូកណាមួយ ធីតាឡើងលើដំបូកនោះក្រែងបានឮសូរ រឺ បានឃើញកូននាង។ កន្លែងត្រង់ណាខ្មៅស្រទំគួរសង្ស័យ នាងរុកចូលទៅខំកកាយ ញែកវែករកបទុមកូនសម្លាញ់។
(សូមរងចាំតាមដានភាគទី១៧ នៅសប្តាហ៍ក្រោយ)