ទំព័រដើមនិទានកថាអក្សរសិល្ប៍អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២០)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២០)

ទឹកភ្នេកក៏ហូរចេញពីភ្នែកមានន្ទធ្លាក់ដល់ដី។ អតីតសង្សារនាងទេវីនឹកសង្វេគខ្លួនពន់ពេក។ បុរសពុំដែលយំសោះ តែក្នុងពេលនេះអ្នកយំ ។ អ្នកនិយាយក្នុងចិត្ដថា៖

  • ទេវីអូន ! បងព្រាត់ពីអូនតាំងពីពេលនេះហើយ ! អូនជាគូកម្ម នឹងបងទេ ។ បងមិនធ្វើអ្វីដល់អូនទេ ! កុំព្រួយ ។ បងមិនចងពៀរទេ។ សូមអូនទៅរស់ជាមួយគូថ្មីរបស់អូនចុះ រស់ឲ្យបានសប្បាយតាមបំណងចិត្ដអូនចុះ។ បងមិនខឹងទេ ពីព្រោះបងធ្លាប់ដែលបានរួមរក្សរូបអូនហើយ ។ បងមានជ័យជំនះលើអូនជានិច្ច មានតែអូនទេដែលចោលបងនោះ ចាញ់បង ។ បងឈប់ស្រលាញ់អូនទៀតហើយព្រោះអូនស្រលាញ់គេ។ បងមិនស្ដាយអូនទេ ព្រោះអូនមិនស្ដាយបង។ ពីពេលនេះទៅអូនដើរផ្លូវមួយ បងដើរផ្លូវមួយ ព្រោះផ្លូវយើងដើរនោះវាបែកគ្នា ។ អូនមានសង្សារថ្មី បងដើរទៅមុខតែម្នាក់ឯង គ្មានសង្សារ ។ អូននៅតែមានទុក្ខ បងផុតអស់ទុក្ខហើយ ។ អូននៅតែមានចំណងចង បងទៅណាក៏បានធ្វើអ្វីក៏បាន ដេកត្រង់ណាក៏បាន បាយត្រង់ណាក៏បាន តាមចិត្ដឥតចំណង បងមានប្រៀបលើអូនជានិច្ច ព្រោះថាបើប្ដូរប្រុសរបស់អូននឹងបង គង់ឃើញថាបងគ្រាន់បើជាងប្រាកដ ទាំងផ្លូវចិត្ដ ទាំងផ្លូវលើសីលធម៌ ទាំងផ្លូវមនុស្សធម៌ ទាំងផ្លូវតម្រិះវិជ្ជា ទាំងផ្លូវបុណ្យសក្ដិ ទាំងផ្លូវថ្លៃថ្នូរ។ លើពិភពផែនដីនេះ តើអូនរកមនុស្សណាឲ្យបានដូចបងទៀតទេ ? ។ បងជាមនុស្សចេះជួយសង្គ្រោះគេ ដោយមិនគិតគ្រោះខ្លួន ចេះគោរពស្រលាញ់គេជាងស្រលាញ់ខ្លួនឯង ចេះឈឺឆ្អាលដល់រឿងគេដោយឥតគិតដល់រឿងខ្លួនហួសហេតុ ចេះជួយកិច្ចការឲ្យគេ ហ៊ានធ្វើការឲ្យគេ ទោះតែម្នាក់ឯងក៏ហ៊ានធ្វើដែរ។ ឱ ! អូនទេវី ! អូនស្រលាញ់គូថ្មីព្រោះអ្វី ? ព្រោះប្រាក់មែនទេ? ព្រោះគេចេះសប្បាយហ៊ឺហា ព្រោះគេចេះបញ្ឆោត ចេះបោកផងមែនទេ ?។ ទេវីអូន ! បងពុំចេះដូចគេទេ ។ ហេតុនេះ សេចក្ដីសំរេចវាសនាអូន គឺអូន។ បងទុកឯកសិទ្ធិនេះលើអូនចុះ តែបងគ្រាន់តែអាណិតអូនដោយស្រីមើលតំលៃមនុស្សខុស។ ទេវីអូន ! បងខំបំភ្លេចរឿងអូន និង បងឲ្យភ្លេចសូន្យពីពេលនេះទៅ។

ព្រះអាទិត្យជ្រៀងជ្រេគងលើភ្នំស្វាយហើយ។ ពពកក្រហមឆ្អៅនៅផ្ដុំរាយមាយត្រង់នេះ ត្រង់នោះ ។ ឃើញមេឃចិត្ដកើតក្ដីសង្វេគដោយនឹករឮកដល់ពេលដែលទ្វីបលោកត្រូវឆេះកល្បទៅអនាគត។ គឺក្នុងពេលចុងបំផុតនេះហើយ ដែលមនុស្សត្រូវរលាយរូប រលាយខន្ធ ប្រាសចាកអស់ទុក្ខផងទាំងពួង។ ឱ ! គឺថ្ងៃគងភ្នំនេះហើយដែលលោកអ្នកចាំបានថា មានន្ទសន្យាជួបកាមាជាប្អូន។ មានន្ទស្ទុះលោតលើខ្នងសេះ បំផាយត្រង់ឆ្ពោះទៅដើមពោធិ៍កណ្ដាលស្រែដែលបាននិយាយទុក។ តាំងពីព្រឹកមក អ្នកលេបបាយពុំរួច ដេកពុំលក់ចេះតែរសាប់រសល់។ លុះដល់ទីកំណត់អ្នកលោតចុះពីលើខ្នងអាជានេយ្យដែលអ្នកចងនៅជិតនោះ។ បុរសច្រត់កែងដៃទាំងពីនៅចង្កេះដើរចុះដើរឡើង មើលនាយអាយរួចឈរគិតរឿងដដែលតែមួយ គឺរឿងនាងទេវីជាភរិយាក្បត់ចិត្ដអ្នក។

នៅជើងមេឃ សេះមួយទៀតផាយកាន់តែជិតមក។ មានន្ទឈប់ឈរនៅស្ងៀមមើលសេះនេះ។ លុះបានមកដល់ជិត អ្នកជិះសេះលោត ចុះមកដីលែងសេះឲ្យបរិភោគស្មៅទើបមកគោរពមានន្ទយ៉ាងគួរសម។ ដោយឥតមាននិយាយមួយម៉ាត់ មានន្ទហូតដាវខ្វាកប្រាប់ថា៖

  • កាមាប្អូនប្រុងខ្លួន ពីព្រោះបងបានសន្យាថាសំលាប់អាចោរលួច ប្រពន្ធគេឲ្យអស់ពីដែនដីខ្មែរ។
  • មានជាការអីបង !

កាមាញញឹម ក៏ហូតដាវវិញ ដាវមានន្ទកាប់ឆ្វេងឮឆាំងៗ រន្ថើនគ្នារន្ដំដូចលាចផ្ទុះ។ តែកាមាកាត់ឮច្រែស ៗ ដូចសូរផាវ។ មានន្ទកាប់ខាងស្ដាំប៉ាំង ៗ សូរជាប់ប្រកិតគ្នា ។ កាមារងជាប់យ៉ាងអង់អាច។ មានន្ទគ្រវាសដាវកាប់ពីលើប៉ាំងៗ។ កាមាវាសដាវរងបានទៀត មានន្ទចាក់បណ្ដើរសើចបណ្ដើរ

  • យើ ! ប្អូនឯងគ្រាន់បើឥឡូវ!
  • បាទ ! ល្មមតែស៊ីសងបានដែរ ។ ហ៊ី សុំជូនបងវិញម្ដង!

ក្នុងពេលនោះ ដាវកាមារហ័សដូចរន្ទះ ស្ទុះវាត់មានន្ទខាងឆ្វេងត្រឹមចង្កេះ រួចរត់វឹងទៅរះខាងស្ដាំ រួចលោតមកពីលើវិញ។ បើភ្នែកពុំរឹង ស្មារីតីពុំបាន ប្រហែលជាពុំអាចរងនឹងមុខដាវទាំងពីរយ៉ាងដែលមានទម្ងន់មហិមានេះទេ។ តែមានន្ទវៃណាស់ រងទាន់ឮប៉ែសៗ បែកព្រាយព្រិចៗ។ កាមាសើចនិយាយម្ដងថា៖

  • យើ ! គ្រាន់បើដែរ។

មានន្ទសើចតបវិញ

  • មិនអ្វីទេ !

លំដាប់នោះគេឮសូរតែដាវវីតៗ ផាំងៗ គួរស្ញើបក្រៃពេក។ ជនទាំងពីរសុទ្ធសឹងតែចំណាន ក្នុងវិធីកាន់អាវុធ។ ជនទាំងពីរជួនកាល ជួបជិតគ្នា ស្អិតដូចតាំងម៉ែ ជួនកាលថយឆ្ងាយពីគ្នា។ ជួនកាលមានន្ទជាបងជំពប់ជើងដួល កាមាស្ទុះទៅបម្រុងសម្លាប់ចោល តែមានន្ទគេចផុត បណ្ដាលឲ្យកាមាជ្រុលខ្លួនដាំទីង នឹងដី។ រួចក្រោកឡើងទាំងពីរវិញបន្ទាន់បន្ទាប់គ្នា ចុងដាវក៏ប្រកៀកប្រកិតគ្នាជាថ្មី។ កាមាដួលវិញ មានន្ទស្ទុះទៅសង្កត់ពីលើ ប្រឹងរមួតដៃទប់គ្នាកុំឲ្យចុងដាវផ្ទាប់ជាប់នឹងកខ្លួន រួចធាក់គ្នាដួលផ្កាប់ផ្ងារ ។ មានន្ទដួលវិញ កាមាស្ទុះទៅចាក់បុកជញ្ជ្រាំពីលើដូចគេរុតត្រី។ តែមានន្ទគេចឆ្វេងស្ដាំ . . . ផុត។ រួចផ្លែដាវទាំងគូមកប្រកួតគ្នាវិញដដែលយ៉ាងស្វិតស្វាញ។

មានន្ទមានវាចាថា៖

  • អញទុកចិត្ដឯង។ អញជឿសម្បថឯង ព្រោះឯងស្បថឲ្យអញ ឯងមកក្បត់អញវិញ។

កាមាសើច

  • ហ៊ីៗៗ មនុស្សក្បាលខ្មៅ គ្មានសម្បថឯណា គ្មានពាក្យសច្ចាឯណាធំជាងចិត្ដទេ។
  • អញប្រដៅឯងឲ្យដឹងបន្ដិច!
  • ឥតប្រយោជន៍ទេបង ! ខ្ញុំប្រដៅបងឲ្យចេះស្រលាញ់ស្រី កុំឲ្យទុកចិត្ដស្រី។
  • បើក្នុងពេលនេះ អញសំលាប់ឯងមិនបាន អញសុខចិត្ដស្លាប់។
  • ប្រាកដហើយ!
  • អញយកឈាមឯងលាងអាម៉ាស់ដែលឯងបានប្រព្រឹត្ដ។
  • តាមចិត្ដ!
  • អញកាត់ក្បាលឯងដោតឲ្យអ្នកផងមើល។
  • តាមត្រូវការ!
  • ឯងនេះហៅចំជាព្រហើន!
  • ពិតមែន អ្នកណាមិនស្គាល់កាមា ? បងឯងនេះជាមនុស្សយ៉ាប់ណាស់ បានប្រពន្ធមួយ ប្រពន្ធនោះក្បត់ ហាស់ៗ ។
  • លុះកាមានិយាយដូច្នោះ មានន្ទនឹកខឹងនាងទេវីក្រៃពេក។ រូបនាងលេចចេញនៅចុងដាវ លេចចេញនៅមុខអ្នក ខាំធ្មេញដាក់អ្នក សម្លក់អ្នក រូបនេះញញឹមដាក់អ្នក សំពះអ្នក អង្វរអ្នក។ មានន្ទភ្លេចនឹកដល់អាវុធដែលកំពុងកាន់ ស្រាប់តែ . . . អុ ! ស្រាប់តែចុងដាវរបស់កាមា ស្ទុះវ៉ីតមកបុកចំដើមទ្រូងអ្នក។ បុរសផ្អៀងខ្លួនតែពុំផុត ចុងដាវរុកចូលក្នុងស្មាស្ដាំ ឈាមហូរខ្ចាយក្រហមឆ្អៅ។ ចុងដាវធ្វើឲ្យអ្នកចុកពើតក្រៃលែង។ កាមា បានឱកាសនេះវាយផ្ដាច់ព្រ័ត្រ កាប់ឆ្វេងស្ដាំ ពីចំហៀង មានន្ទប្រឹងរងគេចយ៉ាងត្រដរ។ ក្នុងពេលនោះមានន្ទដឹងខ្លួនឡើងថា អ្នកកំពុងតស៊ូដើម្បីរស់ ទើបអ្នកផ្លាស់ដាវមកកាន់ដៃឆ្វេងវិញ ចាក់តទៅទៀត។

កាមាសើចយ៉ាងរីករាយ។

  • ម៉េចបង បងថាយកឈាមខ្ញុំ ឥឡូវគឺបងទេដែលហូរឈាម . . . ។
  • អត់ទាន់អីទេ ! ប្អូន !

សូរដាវក៏លាន់ឮរន្ថើនយ៉ាងខ្លាំងឡើងវិញដដែល។

និយាយពីអ្នកស្រុកដែលដឹកគោបញ្ចូលក្រោល ដើរជិតនោះ កាលបើបានឃើញមានន្ទ និងកាមាប្រកាប់ប្រចាក់គ្នាដូច្នាះ មានសេចក្ដីភិតភ័យយ៉ាងខ្លាំង រត់ទៅភូមិប្រាប់អស់ញាតិមិត្ដឲ្យមកជួយជាប្រញាប់។ តែព្រះអាទិត្យលិចបាត់ទៅហើយ។ ពន្លឺព្រះចន្ទក៏បំភ្លឺឡើងស្រាងៗ។ អ្នកស្រុកខ្លះអុចចង្កៀង ខ្លះអុជចន្លុះរត់មកទីសមរភូមិនៃបងប្អូនទាំងពីរនោះ មានចំនួនច្រើនអនេក ។ តែគ្មានអ្នកណាមួយហ៊ានចូលឃាត់សោះ ពីព្រោះដាវទាំងពីរនៅតែប្រកៀកជាប់គ្នាជានិច្ច ។ ដល់ឃើញអ្នកស្រុកមកកាន់តែច្រើនឡើង មានន្ទប្រកិតដាវរបស់កាមាជាប់ រួចនិយាយថា៖

  • ចូលប្អូនប្រុងខ្លួនឲ្យមែនទែនហ្ន៎ា !
  • ខ្ញុំអត់ភ័យទេ បងឯងចាក់ដៃឆ្វេងនោះ!
  • ដៃឆ្វេងបង ក៏ប្រើការបានដូចដៃស្ដាំ ប្រុងអូន !

ដាវមានន្ទបុករុញៗទៅមុខប៉ាច់ៗ ដូចព្រួញដែលដេញកាមាជាប់។ កាមាភ័យនឹងចុងដាវនេះដែរ ពីព្រោះឃើញថាបងផ្លាស់ស្នៀតថ្មីហើយទម្ងន់ដៃឃើញថា ខ្លាំងជាងធម្មតារកទប់ស្ទើរពុំរួច តែកាមាប្រឹងឆ្មក់រកឱកាសល្អ។ ក្រោយមកស្រាប់តែដាវមានន្ទវាត់ក្រឡាច់ចំពាក់កណ្ដាលដើមទ្រូង កាមាធ្វើឲ្យកាមាដួលតូង ក្រាបស្រប៉ាបលើដីឈាមហូរគគុក។ កាមាប្រឹងក្រោកឡើងទៀត តែដួលទៅវិញ ។ អ្នកស្រុកលាន់មាត់ស្រែកថា អូយគ្រប់ៗគ្នា។ កាមាប្រែខ្លួនធ្វើអ៊ឹះៗ។ មានន្ទដែលអស់កម្លាំងណាស់ទៅហើយ លុះឃើញកាមាអស់តដៃបាន ក៏ជូតដាវដែលប្រលាក់ឈាម ស៊កចូលក្នុងស្រោមវិញ ដើរទាំងធេងធោងៗ ទៅរកសេះ។ ដល់ហើយ អ្នកឡើងលើខ្នងអស្សពាហ៍បំបោលទៅខាងទិសឯត្បូងក្នុងងងឹតបាត់ទៅ។

អ្នកស្រុកដែលទៅមើលទាំងប៉ុន្មាន ក៏លើកកាមាឡើង ខ្លះជួយជូតឈាមខ្លះជួយស្រែកហៅ តែកាមាសន្លប់បាត់ស្មារតីយូរណាស់ទៅហើយ ។ អ្នកសួរដោយភិតភ័យថា៖

  • ស្លាប់ហើយ ឬអី ?
  • ទេ ! មិនទាន់ស្លាប់ទេ!
  • របួសតិច រឺខ្លាំង ?
  • របួសខ្លាំងណាស់ មិនដឹងជាស្លាប់ ឬរស់ទេ!

អ្នកទាំងអស់គ្នាក៏សែងកាមាយកទៅគេហដ្ឋានព្រះកម្ពុតទាំងយប់ឥតបង្អង់ឡើយ៕

(សូមរងចាំតាមដានភាគទី២១ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!