នាងទេវី ដែលដួលសន្លប់ ស្ដូកស្ដឹងលើក្ដារនោះ ក៏បានបើកភ្នែកឡើង។ នាងមើលឃើញ មុខនាងភួង ដែលមានទឹកភ្នែក ហូររហាម។ ធីតាឱបនាងភួងយំ ហើយពោលយ៉ាងរវើរវាយថា៖
- បង ! បង ! បង ! . . . នេះប្អូន !
នាងភួងឃើញដូច្នោះ ខំបមបីស្រីថែមទៀត។
- កូន ! កូន ! នេះម៉ែ ! ម៉ែណា !
- ច៎ាះ ! ម៉ែ!
- អី ! នេះម៉ែ!
- ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនឥតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់។
នាងភ័យរឹតតែខ្លាំងឡើង ។ ស្រ្ដីជាម្ដាយញ័រ អស់សព្វសព៌ាង្គកាយ នាងទេវីបិទភ្នែកជិតស្លុង មាត់ចេះតែនិយាយៗទៅ គ្មានដឹងខ្លួនប្រាណសោះ។
- ម៉ែ ! ម៉ែ ! បងគាត់ទៅណាហើយ ? អូ ! ប្រហែលគាត់ខឹងនឹងខ្ញុំមែនហើយ ។ អូ ! គាត់មិនដឹងរឿងទេ . . . ។
- កូន !ទេវី ! កូនមាសម្ដាយ ! កូននិយាយអី ដូច្នោះ ? កូន ! កូន !
នាងភួងអង្រួន នាងទេវីយំរឹតតែខ្លាំងឡើង។
- ទេ ! កុំៗ សម្លាប់កូនខ្ញុំអី ! ទុកជីវិតកូនខ្ញុំ ឲ្យរស់នៅសិន ! ហ៊ីបង! កុំជឿពាក្យគេ។ ទេ . . . កូន . . . លោកឱស ៗ ស្លាប់ខ្ញុំហើយ ! ទេខ្ញុំចង់រស់ . . . !
នាងភួងគ្រវីក្បាល ហួសចិត្ដ មិនដឹងគិតយ៉ាងណា ដើម្បីឲ្យកូនសម្លាញ់របស់គាត់ និយាយត្រឹមត្រូវវិញ។
- កូនៗ កុំនិយាយ ! កូនទៅឲ្យស្ងៀម !
- ច៎ា ! ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចកូនខ្ញុំស្លាប់។ តែមិនឲ្យខ្ញុំនិយាយឯណាបាន បងគាត់ខឹងនឹងខ្ញុំងាប់ហើយ។ …បង បង..! បង កុំជឿតាមគេណា ! អាណិតប្អូនទៅ កុំជឿតាមគេ។
ញើសហូរចេញពីថ្ងាសនាងទេវី ផ្លោតៗ ។ នាងភួងយកកូនកន្សែងជូតញើសនោះបណ្ដើរ និយាយបណ្ដើរ៖
- ឱ! ព្រះម្ចាស់ថ្លៃអើយ ! សូមជួយកូនខ្ញុំផង កុំឲ្យកូនខ្ញុំនិយាយច្រើនពេក ។ កូន ៗ ! កូនសម្ងំឲ្យលក់ទៅ ។
- ច៎ាះ !
- អឺ ! កូននៅឲ្យស្ងៀមកុំនិយាយអី ។
- ច៎ាះ !
- បើកូនស្លាប់ ម៉ែក៏ស្លាប់ដែរ ។
- ច៎ាះ !
- កូនមិនស្លាប់ទេ ព្រោះមានម៉ែ ។
- ច៎ាះ !
មួយស្របក់ក្រោយមក នាងទេវីក៏ដេកលក់ ស្កប់ស្កល់។ ដល់នាងភ្ញាក់ឡើង ធីតាហាក់មានកម្លាំងកំហែង។ កល្យាណក្រោកដើរទៅមុជទឹក រួចទើបនិយាយ ទៅកាន់នាងភួងទៀតថា៖
- ម្ដាយអើយ ! ក្នុងជាតិនេះ កូនអភ័ព្វណាស់ ។ បងមានន្ទមកទីនេះ អំបាញ់មិញ។ កូនមិនហ៊ានមើលមុខបងទេ ពីព្រោះអាកាមា វាសម្លាប់កូនរបស់ខ្ញុំ។ ម្ដាយមាសម្ដាយ ! បើម្ដាយឃើញបទុមកូនខ្ញុំ ម្ដាយមុខជាស្លាប់មិនខាន។ អាកាមា វាឲ្យមនុស្សអសិរពិសម្នាក់ យកដាវដាក់ចំកកូនខ្ញុំ ដើម្បីបង្ខំកុំឲ្យខ្ញុំនិយាយអ្វី ធ្វើអ្វី។ ក្នុងពេលនោះ អាកាមា វាបង្កាច់ថាខ្ញុំនឹងវា សហាយគ្នា។ ឱ អ្នកម្ដាយ ! កូនស្លាប់តែក្នុងថ្ងៃនេះឯង ជាប្រាកដហើយ។ កូនឈឺចិត្ដណាស់ អាកាមាវាធ្វើបាបកូនដល់ហើយ . . . ។ ឱ! ឥឡូវកូនខ្ញុំទៅណា បាត់ពីបង្អួចនោះហើយ . . .? អំបាញ់មិញ ខ្ញុំមើលឃើញកូនខ្ញុំ ពីទីនេះទៅ។ វាយកកូនខ្ញុំ ទៅទៀតហើយ។ កូនខ្ញុំដេកលក់ គ្មានដឹងថាជីវិត នៅនឹងចុងដាវគេទេ មានតែខ្ញុំទេ ដឹងភ័យ ស្រៀវ ទុក្ខ ។ នាងដេកលក់ ព្រងើយ។ ឯខ្ញុំ ស្ទើរស្លាប់ខ្លួន។ ឱ! ម្ដាយអើយ ! កូននឹករលឹកបងមានន្ទខ្លាំងណាស់។ កូនប្រុងកាយប្រុងចិត្ដថា កូនផុតទុក្ខ ថ្ងៃនេះហើយ។ តែឥឡូវ កូនរឹតតែមានទុក្ខទៅទៀត កូនឃើញគេមក កូនស្ទើរស្ទុះទៅឱបជើងគេ ។ កូនឃើញតែជើងគេទេ។ កូនឥតបានឃើញមុខគេទេ។ គេខឹងនឹងកូនហើយ។ គេនិយាយមករកកូនដែរ តែកូនពុំហ៊ានឆ្លើយ។ គេគំហកកូន តែកូននឹកថា បើគ្មានអាកាមាទេ គេគំហកយ៉ាងណា ក៏កូនមិនថាដែរ កូនមុខជាឲ្យគេគំហកតាមចិត្ដ ឲ្យតែកូនបានឮសម្លេងគេ បានស្ដាប់សម្ដីគេ ទោះសម្ដីនោះ ទ្រគោះបោះបោកយ៉ាងណាក៏ដោយ។ ម្ដាយអើយ ! ហេតុតែកូនស្រលាញ់គេ។ ឥឡូវគេមិនដឹងរឿង គេទៅបាត់ ទុកតែស្នាមជើងនៅទីនេះ។ កូនសូមថើបធូលីជើងគេហើយ អ្នកម្ដាយកុំថាឲ្យកូន កុំសើចកូន។ ច៎ាះ ! កូនថើប ដោយឥតអៀនខ្មាសទេ។ ឥឡូវកូនក៏បាត់ ប្ដីបាត់ តើឲ្យកូនទៅណា? ធ្វើអ្វី ?គិតអ្វី? កូនអស់រលីងហើយ។ អ្នកម្ដាយៗ ជួយគិតគូរកូនផង។ ឱ ! . . . !
ក្នុងពេលនោះ មនុស្សម្នាក់ មាឌមាំ អាយុប្រមាណហាសិបប្លាយឆ្នាំ ចូលមកបីកូនមកផង។ នាងទេវីស្គាល់ជាក់ ជាកូនខ្លួន ក៏ស្ទុះរត់មកលុតជង្គង់ ពីមុខបុរសពុំស្គាល់នោះ លាតដៃទាំងពីរ . . . ។ បុរសអង្គុយចុះ ទឹកមុខញញឹម ហុចកូនទៅឲ្យនាង។
- លោក ៗ កូនខ្ញុំមែនទេ?
- បាទ ! កូននាងហើយ !
- ឱ! ព្រះម្ចាស់ថ្លៃអើយ ! កូនខ្ញុំមែន !
- ខ្ញុំលួចគេយកមកជូននាងវិញ។
- ច៎ាះ ខ្ញុំសូមអរគុណលោកណាស់ វាលាក់កូនខ្ញុំឯណាលោក ?
- មិនសំខាន់ទេ សំខាន់ត្រង់ខ្ញុំយកកូនមកជូននាងវិញ។
- ច៎ាះ ! លោកខ្ញុំអរគុណលោកណាស់ រកអ្វីមកប្រៀបគ្មានទេ។ ឱ ! លោកហៅ ចំជាមានគុណនឹងខ្ញុំមែន តែខ្ញុំក្រណាស់ លោក
ចង់បានអ្វីពីខ្ញុំ ឲ្យតែខ្ញុំមាន ខ្ញុំជូនលោកទាំងអស់។
- ទេ ! ខ្ញុំធ្វើនេះឥតមានចង់បានអ្វីពីនាងទេ។
- ច៎ាះ ! ច៎ាះ ! លោកមានចិត្ដអ្វីល្អម៉្លេះទេ។ លោកឈ្មោះអី ? នៅឯណា ? ដើម្បីឲ្យខ្ញុំបានដឹង ឲ្យខ្ញុំបាននឹកគុណអស់មួយ
ជីវិតខ្ញុំ។
- ខ្ញុំជាមនុស្សឥតឈ្មោះ ឥតទីលំនៅ ឥតគ្រួសារទេ . . . ។
- ហ៊ី ! លោកកុំខ្លាចខ្ញុំ កុំលាក់ខ្ញុំ ប្រាប់ខ្ញុំមក!
- ទេ ! ខ្ញុំឥតខ្លាចអ្វីទេ គឺជាការពិតដូច្នោះឯង។
- ច៎ាះ ! លោកជាមនុស្សអីប្លែកម៉្លេះទេ។
- បើដូច្នោះ កិច្ចខ្ញុំសម្រេចហើយ ខ្ញុំសូមលាអ្នកហើយ។
- ច៎ាះ ទេ ! សូមចាំអញ្ជើញពិសាបាយ នឹងខ្ញុំសិន។
- បាទទេ ! ខ្ញុំសូមអរគុណណាស់ហើយ។ ខ្ញុំមានការប្រញាប់បន្ដិច ។
- ហ៊ី ! លោកមានការអ្វី ?
- ការផ្ទាល់ខ្លួន។ ខ្ញុំសូមលាអ្នក សូមអ្នកនៅឲ្យសុខសប្បាយណ៎ា !
- ច៎ាះ ! លោកអញ្ជើញទៅណាមកណា សូមអាណិតចូលលេងផ្ទះខ្ញុំផងកុំខាន។
- បាទ ! អរគុណនាងណាស់!
- ចុះលោកស្គាល់ប្ដីខ្ញុំទេ?
- បាទស្គាល់ តែឥឡូវអ្នកស្រុកប្រាប់ថា ឈ្លោះគ្នាយ៉ាងខ្លាំងជាមួយមេទ័ពកាមា ចាក់គ្នាឯវាលស្រែឯណោះ តាំងពីល្ងាចម៉្លេះ រួចកាមាក៏ចាញ់ទៅ។ ឥឡូវ ឮថាជិះសេះទៅខាងត្បូង បាត់ទៅហើយ។ មិនដឹងជាទៅណាផង។
- តាមស្មានប្រហែលទៅណា ?
- ប្រហែលទៅបាត់ដំបង!
- ឱ ! ច៎ាះ សូមអរគុណលោកហើយ អញ្ជើញចុះឲ្យសុខសប្បាយ ឲ្យមានជ័យជំនះឈ្នះអស់មារ សត្រូវៗ ទាំងប្រាំបីទិស។
មនុស្សមិនស្គាល់មុខនេះ ក៏លោតលើខ្នងសេះទៅបាត់ទៅ។ នាងទេវី ក៏ក្រសោបបុត្រីថើប។ នាងនិយាយថា៖
- កូនៗ ! ម្ដាយនឹកកូនណាស់ ម្ដាយស្មានតែពុំបានជួបមុខកូន ពុំបានឃើញកូនទៀតទេ ។ កូនកុំដេកអី ភ្ញាក់ឡើង។
នាង បទុមក៏ភ្ញាក់ ដោយនាងទេវីញក់ញីខ្លាំងពេក។ នាងសើចគ្រហាញដាក់ម្ដាយ ដែលធ្វើឲ្យនាងទេវី រឹតតែសប្បាយចិត្ដទៅ ទៀតនាងយំបណ្ដើរផង។
- កូន ! កូនអត់ត្រូវគេធ្វើបាបអ្វី ទេឬ? កូននៅសុខសប្បាយទេ ? ម្ដាយមិនស្មានដូច្នោះសោះ នឹកខុសថាប្រហែលគេញក់ញី អារ
សាច់ ហុតឈាមទៅហើយ។ ម្ដាយយំខ្លាំងណាស់ប៉ុន្មានថ្ងៃនេះ។ ទៅកូន ! ទៅជាមួយម្ដាយ ទៅរកឪពុកកូនឯងទៀត។
ថាដូច្នោះហើយ នាងទេវីរកកន្សែងដណ្ដប់ឲ្យនាងបទុម រួចប្រាប់នាងភួងថា៖(សូមរងចាំតាមដានភាគទី២២ នៅសប្តាហ៍ក្រោយ)