ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“បុណ្យប្លុងក្រឡាន” ទំនៀម​អ្នកស្រុកតំបន់អង្គរ

“បុណ្យប្លុងក្រឡាន” ទំនៀម​អ្នកស្រុកតំបន់អង្គរ

នៅក្នុង​​បរិបទ​សង្គមវប្បធម៌​ខ្មែរ អ្នកស្រាវជ្រាវយល់​ឃើញថា ពិធីដែល​មាន​ន័យ​​ខ្លឹមសារ​​​អំណរ​សាទរ​​ផលដំណាំដាំ​ដុះ​​ស្រូវ​​អង្ករ​​​រួមមាន​ដូចជា សំពះ​ព្រះ​​ខែ​​​និង​អក​អំបុក ដារលាន ពូនភ្នំ​​​​ស្រូវ ដុត​ភ្នំស្រូវ ហៅព្រលឹងស្រូវ ទានភ្លើង សយ​វេរ និង​ប្លុង​ក្រឡាន​ជាដើម។ ពិធីខ្លះ​ក្នុង​​បណ្តាពិធីខាងលើ គេ​សង្កេត​ឃើញប្រតិបត្តិ​​​​ជា​ទំនៀមប្រចាំ​ភូមិ​ស្រុក​​​​​​​មួយ​ចំនួន​​រហូតដល់សព្វថ្ងៃ​​​។ បើនិយាយចំពោះ​ “​ប្លុង​ក្រឡាន” គេដឹងថា​អ្នក​ស្រុក​​រស់​នៅ​តំបន់​​​​​​​អង្គរ​ តែងមូលមាត់គ្នាប្រារព្ធ​​​ធ្វើជា​​បុណ្យ​សំខាន់​មួយ នា​ចុង​រដូវ​ច្រូត​​កាត់​ប្រមូល​​ផល​ស្រូវ។

តាម​ទំនៀម បុណ្យ​ប្លុង​ក្រឡាននៅតំបន់អង្គរ​តែង​ប្រារព្ធ​​ក្នុង​ខែបុស្ស នៅ​​ភូមិ​​​ចំណុះ​ជើង​​វត្ត​ពីរគឺ ​វត្តអង្គ​ក្រមោលនិងវត្តថ្មី ក្នុងស្រុកអង្គរធំ ខេត្ត​សៀមរាប។ ​ខាង​ក្រោម​នេះ​ខ្ញុំសូម​លើក​យក​តែ​សេចក្តី​សង្កេត​បុណ្យ​ប្លុង​ក្រឡាន​របស់​​ភូមិ​ចំណុះ​ជើង​​វត្ត​ថ្មី​ អធិប្បាយ​​បង្ហាញ​​​​អំពី​ដំណើរកិច្ច និង​ការ​ចូលរួម​របស់​អ្នកភូមិ។ ចំពោះដំណើរ​កិច្ច​នៃបុណ្យ​នេះ ហាក់​​​ដូចជា​មិន​អធិកអធម ​វែង​ឆ្ងាយ​ មានឆាក​ហ៊ោ​​លើកទង់ ឬ​ព្រះ​សង្ឃ​​សម្តែង​ធម្មទេស​នា​​​ដូច​បុណ្យ​ធំៗ​ផ្សេង​​ទៀត​ឡើយ។ កិច្ច​សំខាន់​នៃ​បុណ្យ​​​ប្លុង​ក្រឡានគឺ “ប្លុង” រីឯ​ទេយ្យ​​វត្ថុ​សំខាន់​​​​សម្រាប់​ធ្វើជា​ “បន្លុង” គឺ “ក្រឡាន”។ ចំពោះ​​ក្រឡាន​ដែល​អ្នកស្រុកតំបន់​អង្គរនាំ​​​​យកទៅ​ប្លុង​ក្នុង​បុណ្យ​ខាងលើ ​គេ​តែង​ដុត​ចម្អិន​​​​​តាម​ផ្ទះ​​រៀង​​ខ្លួន។ ​គ្រឿង​​​​ផ្សំ​ធ្វើក្រឡាន​​មាន​ដូចជា អង្ករ​​ដំណើប សណ្តែក​​ ខ្ទិះដូង អំបិល​ និង​ស្ករ​​ (រូបលេខ១​)។ ​គ្រឿង​ពីរមុខ​ចុង​ក្រោយ​នេះ គេ​ប្រើ​តិច​​ភាគ​​​​បំផុត​​ ដើម្បី​​​គ្រាន់​តែ​ឱ្យ​​ក្រឡាន​មាន​រសជាតិ​​ប្រៃ និង​កើន​ជាតិ​ផ្អែម​ខ្លះ រួចគេច្រកអង្ករក្នុង​បំពង់​ឫស្សី ដែល​​កាត់​លៃ​ទុកថ្នាំង​ម្ខាង ហើយ​​ចាក់​ទឹក​ឱ្យ​​លិច​​អង្ករ ចុកឆ្នុក​នៅ​មាត់​​បំពង់ឱ្យ​ជិត ទើប​យក​ទៅ​ដុតចម្អិនឱ្យឆ្អិន​ (រូបលេខ២)។

ច្រកអង្ករ​ក្នុង​បំពង់ឫស្សី រួចចាក់ទឹក​

បើ​ពោលតែវិធី​ដុត​ក្រឡាន​តាម​របៀប​អ្នក​ស្រុក​តំបន់​អង្គរ គេដាក់តម្រៀប​ក្រឡាន​​ជាជួរ​ ​ផ្អែក​​សង​ខាង​នឹង​​បង្គងដើមចេក ឬ​ឈើស្រស់ ​(រូបលេខ​៣) ហើយ​ដុត​ភ្លើងឱ្យកើត​រងើកនិង​អណ្តាត​ភ្លើង​​ខ្លះ​នៅ​ចន្លោះ​ជួរ​ក្រឡាននោះ។ គេ​ត្រូវ​​ឧស្សាហ៍​បង្វិល​បំពង់​ក្រឡាន​​ដើម្បី​កុំ​ឱ្យ​ឆេះ ឬ​ខ្លោចខូច។ បន្ទាប់ពីមើលឃើញថា​ អង្ករ​នៅ​មាត់​បំពង់ឆ្អិនហើយ គេត្រូវ​ផ្កាប់មាត់​បំពង់​​​ចុះក្រោម​វិញ ដាក់តម្រៀប​បាតបំពង់​ឡើង​លើ ហើយ​ដុត​ចម្អិន​បន្តទៀត​រហូត​ឆ្អិន (ប្រហែល​​​​ជាង២ ម៉ោង)។ ក្រឡាន​ដែល​ឆ្អិន​ល្អ (រក្សា​ទុកបាន​កន្លះខែ) គេត្រូវ​សក​សម្អាត​​រៀបចំ​យក​ទៅ​ចូលរួម​ក្នុងបុណ្យ​នៅវេលា​ល្ងាច (រូបលេខ៤)។

របៀបដុតក្រឡាន​

លុះ​​ដល់​វេលា​ល្ងាច (ម៉ោង​ប្រហែល​៨យប់) គេ​រៀបចំ​ក្រឡាន ចេក​ទុំ ​នំនែកផ្សេងៗ និង​​វេចខ្ចប់​អង្ករ ត្រីងៀត​ អំបិល ប្រហុក ស្ករ…(រូបលេខ៥-៦) នាំ​យកទៅ​​ប្រារព្ធ​កិច្ច​​សំខាន់​គឺ​ “ប្លុង​” ទេយ្យវត្ថុ​ទាំង​នោះ​​នៅសាលាឆទានក្បែរ​ខ្ទម​អ្នកតា (អ្នកតា​​​បាក់​រទេះ?) ​នៅ​ក្នុង​ភូមិ។ មក​ដល់ត្រង់​នេះ​គេ​គួរយល់​ពាក្យ “ប្លុង” ថា​ជាការ​យក​អ្វីមួយ​ទៅ​ដាក់ចោល​មិន​ឱ្យ​​គេដឹង។ ឧទាហរណ៍​ ប្លុងកូន ប្លុងសំបុត្រ ប្លុង​ចង្អាន់…។ ប៉ុន្តែប្លុង​ក្នុង​ន័យជំនឿ គឺគេ​យក​ទេយ្យ​​​វត្ថុនានាទៅដាក់​នៅ​កន្លែង​ណាមួយ ​ឧបកិច្ច​ជា​​​​ព្រៃ​ ទុកឱ្យ​ព្រះសង្ឃទស់យក ដោយ​​ពុំ​ចាំបាច់​ប្រគេន​ផ្ទាល់​​ដៃ។ ប្រហែលដូច្នេះហើយ ទើប​អ្នកភូមិ​​យក​ក្រឡាននិង​ទេយ្យ​វត្ថុ​ផ្សេងៗ​​ដូច​រៀបរាប់​​ខាង​លើ ​ទៅចាក់គរ​ក្បែរ​សាលាឆទាន​ មុ​ន​ព្រះសង្ឃ​និមន្ត​ដល់។ មិន​​តែប៉ុណ្ណោះ ដើម្បី​ឱ្យ​ឃើញ​ច្បាស់​នឹ​ងភ្នែកថាទេយ្យ​វត្ថុទាំង​អម្បាលម៉ាន​នោះ​ “ប្លុងនៅ​ក្នុង​ព្រៃ” គេ​កាច់​​មែក​ឈើ​ដាក់​​លើ​វត្ថុទាំងអស់ (រូបលេខ៧)។

ក្រឡាន អន្សម និងទេយ្យវត្ថុផ្សេងៗរៀបចំទុកជា​បន្លុង
ក្រឡាននិងទេយ្យវត្ថុផ្សេងៗគ្របមែកឈើ​រៀបចំទុកជា​បន្លុង

លុះព្រះ​សង្ឃ​និមន្ត​មកដល់ លោកអាចារ្យ​ផ្តើម​ដឹកនាំ​អ្នកភូមិ​ធ្វើ​កិច្ចនមស្ការ​ព្រះ​រតន​​​ត្រៃ​ទៅតាម​លំអាននៅ​លើ​សាលាឆទាន​ (រូបលេខ​៨)។ បន្ទាប់មក​ទើប​អារាធនា​និមន្ត​​​​​​ព្រះ​សង្ឃ​សូត្រ​មន្ត​ចម្រើន​​​​​ព្រះបរិត្តជា​ជ័យ​មង្គល និង​​​សមាទាន​​សីល​​​​។ ក្នុង​កិច្ចត្រង់នេះ ជា​​កិច្ច​​ដូច​បុណ្យ​ទាន​ធម្មតា​ផ្សេង​ទៀត​ដែរ អ្នក​ពុំ​ចង់ឡើង​លើសាលា ​អង្គុយ​​​ជុំវិញ​គំនរ​ក្រឡាន​ និង​ទេយ្យ​វត្ថុនានា​​ សំពះ​ផ្ចង់​ស្មារតី​នៅខាង​ក្រៅសាលា ​(រូបលេខ៩)។

ពុទ្ធបរិស័ទនមស្ការជុំវិញគំនរក្រឡាន

ផុត​ពី​កិច្ច​នមស្ការ​ចប់សព្វគ្រប់ លោកអាចារ្យ​​ដឹកនាំអុជ​ទៀនធូប​ ដោត​តាម​​បាច់​ក្រឡាន​ និង​ទេយ្យ​​វត្ថុ​ផ្សេងៗ ហើយដាក់​ក្រាល​ក្រមា​បន្តគ្នា​ជុំវិញគំនរ​ក្រឡាន​ (រូបលេខ​១០-១១) សម្រាប់​ព្រះ​សង្ឃ​​និមន្ត​​​​​​ប្រទក្សិណ។ កិច្ចត្រង់នេះបើនៅវត្ត​អង្គក្រមោលគេ​ឃើញ​​​មនុស្ស​​ប្រុស​​ពេញ​កម្លាំង​មួយ​ក្រុម​​​នាំគ្នា​ដេកក្រាប​ផ្កាប់មុខ​ជុំវិញគំនរក្រឡាន​ ដើម្បីជា​ផ្លូវ​ឱ្យ​ព្រះ​សង្ឃ​និមន្ត​​​ជាន់​ពីលើ។ ទិដ្ឋភាព​នេះ​គេ​អាច​ស្រមៃ​​ប្រៀប​​​​ធៀប​បាន​​​ទៅនឹង​សុមេធ​តាបស​​​ក្នុង​​គម្ពីរ “ពុទ្ធវង្ស” ​ដែល​ក្រាបធ្វើ​ជាស្ពាន​ឱ្យ​ព្រះទីបង្ករនិមន្ត​ឆ្លង​អូរ ហើយ​​គេ​​តែង​ឃើញ​​​គូរ​តាម​​ព្រះវិហារ​ជា​ហូរហែដែរ។ ​ បើ​ពិចារណា​​កិច្ច​ត្រង់​នេះ​បន្តិច​អាចយល់​បាន​​​ថា ​ទីកន្លែង​​ធ្វើកិច្ចប្លុង​ក្រឡានគឺ​ជា “ព្រៃ” មាន​​​​បន្លា​ ដុំថ្មតូចធំ ពុំរាប​ស្មើ… ដែលព្រះសង្ឃ​ពិបាក​​​និមន្ត​ដោយ​ជើង​ទទេ។​ គំនិត​ដែល​យល់ថា​កន្លែង​ធ្វើកិច្ច​ជា​ព្រៃ​នៅទីនេះ គឺពុំមែន “ព្រៃធម្មតា” ដោយគ្រាន់តែឧបកិច្ច​កាច់​មែក​ឈើ​គ្របដូច​និយាយខាងដើមឡើយ។

ក្រោយពីរៀបចំស្រេចបាច់ និង​អុជទៀនធូបដោត​តាម​​​ក្រឡាន​ និង​ទេយ្យ​​វត្ថុ​ផ្សេងៗ​​រួចរាល់ហើយ គេនិមន្ត​ព្រះសង្ឃ​មួយ​អង្គ​ចង្រ្កម​​យឺត​ៗ​ យ៉ាង​ស្ងប់ស្ងាត់​​ ជុំវិញ​គំនរក្រឡាន​៣ជុំ ដោយ​ព្រះហស្ថម្ខាង​កាន់​កំសៀវ​ច្រូច​ទឹក និង​ព្រះហស្ថម្ខាង​កាន់​ឈើ​ទស់មួយ ដែល​គេ​ពន្យល់ថា​ ជា​លំនាំ​ព្រះសង្ឃធុតង្គ។ បន្ទាប់មកទើប​ព្រះសង្ឃ​ទាំងអស់​និមន្ត​ឈរ​ជុំវិញ​បន្លុង​​គំនរ​ក្រឡាន​​ ធ្វើ​កិច្ច​ទស់​​យក​ទេយ្យ​​វត្ថុ​និងក្រឡាន​ពីគំនរស្លឹកឈើ (រូបលេខ​១២)។ កិច្ច​​​ទស់​​ទេយ្យវត្ថុ​ទាំង​អស់នេះ ​ហាក់​ដូចជា​ពុំខុស​អ្វី​ពី​ឆាក​បង្សុកូល​ឡើយ ពោលគឺ​​ឧទ្ទិស​កុសល​​ឱ្យ​​​ដល់​វិញ្ញាណ​ក្ខន្ធអ្នកស្លាប់ទៅ។

ព្រះសង្ឃទស់ក្រឡាននិង​ទេយ្យ​វត្ថុផ្សេងៗ

បន្ទាប់​ពីព្រះសង្ឃទស់យក​បន្លុង​ចប់ស្រេចហើយ គេនាំគ្នា​រៀបចំ​ក្រឡាននិង​ទេយ្យ​វត្ថុ​នានា​​ដាក់​លើ​សាលា​​ឆទាន​មួយអន្លើ សម្រាប់​​ព្រះសង្ឃ​ឧទ្ទិស​កុសលម្ត​ងទៀត​ក្នុង​កិច្ច​វេរ​ចង្ហាន់​ព្រឹកស្អែក។ អ្នក​ស្រាវជ្រាវ​ខ្លះ​ពន្យល់ថា និមិត្តរូបនេះ​មាននៅ​ក្នុង​កិច្ច​​តែង​ហៅថា “ឆាក” ត្រង់ពេលដែលព្រះសង្ឃ ឬអាចារ្យទាញ​ហូត​ក្រណាត់​ស​​គ្រប​ដណ្តប់​សាមី​ពិធី​ឱ្យ​​ចេញពីខ្លួនម្តងបន្តិចៗ។ បន្លុងនោះច្រើនជាវត្ថុនានា ដែលជាគ្រឿងឧបភោគ​បរិភោគ​មាន​ដូច​ជា មុង កន្ទេល ចាន ឆ្នាំងជាដើម ដែលគេយកទៅដាក់នៅទីណាមួយសន្មត​ថា​ជា​ទីដាច់​​សង្វែង។ បន្ទាប់មកព្រះសង្ឃមួយអង្គធ្វើជានិមន្តកាត់តាម​ទីនោះ ហើយ​ក៏​ប្រទះ​ឃើញ​វត្ថុទាំងនោះដោយចៃដន្យ។

អ្នកស្រុករៀបចំ​ទេយ្យវត្ថុ​ដាក់លើសាលាឆទាន​សម្រាប់ប្រគេនព្រះសង្ឃព្រឹកស្អែក

សរុបមកបុណ្យ​ប្លុង​ក្រឡាន​នេះ មានន័យ​មិនខុសពីបង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់ឡើយ តែ​គេ​ធ្វើ​​ក្នុង​រដូវ​​ប្រមូល​​ផល​ ដែល​សម្បូរ​សប្បាយ​ទាំង​បន្លែ​ ផ្លែ​ឈើ​ ដំណាំ​ ស្រូវ​អង្ករ រួម​ទាំងត្រីសាច់​ផ្សេងៗ។ បុណ្យ​ប្លុង​ក្រឡាន​នេះ ពុំ​មែន​ជា​បុណ្យ​ក្នុង​ពុទ្ធសាសនា​សុទ្ធសាធ ដែល​មានចែង​​ក្នុង​គម្ពីរណា​ឡើយ តែ​ជា​ទំនៀម​ប្រពៃណី​ស្តែង​ឱ្យ​ឃើញ​ច្បាស់​ពីការ​ចូលរួម​របស់របស់​អ្នក​ស្រុកក្នុងការជួយជ្រោមជ្រែងព្រះសង្ឃ។ សូមបញ្ជាក់ថា “កិច្ច”​​និង “​​ពិធី” ពាក់ព័ន្ធ​កសិកម្ម ឬអបអរផលដំណាំក្នុង​សង្គម​ខ្មែរ​មានទាំង “មុន” “អំឡុងពេល”​ និង “​​ក្រោយ” ការដាំដុះ៕

អត្ថបទដើម៖ លោក ហៀង សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!