ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន(ភាគ២២)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន(ភាគ២២)

ម៉ែ ! ចាំផ្ទះណា ខ្ញុំទៅរកបងមានន្ទមួយភ្លែត ។ សុំកុំឲ្យម៉ែ ទៅណាចោលផ្ទះឲ្យសោះ។

ថាហើយ នាងទេវីឱបបុត្រីជាប់នឹងដើមទ្រូង ថើបកូនបណ្ដើរ រត់ទៅមុខបណ្ដើរ។ នាងតម្រង់ទៅ គេហដ្ឋានព្រះកម្ពុត ទាំងកណ្ដាលរាត្រី។ ធីតាលែងនឹកខ្លាច លែងនឹកនាអ្វីទៀតហើយ។ នាងរីករាយក្រៃពេក ស្រីឆោមឆ្លងកាត់ផ្នូរខ្មោច តែនាងឥតដឹងខ្លួនសោះ។ ញើសនាងហូររហាម តែនាងឥតគិត មកដល់សោះ។ មុខនាងឱន តែទៅលើមុខបុត្រី របស់នាង ដែលនាងព្រាត់យូរមកហើយ។

លុះមកដល់ភូមិស្វាយ នាងស៊ើបសួរគេរកប្ដីនាង។ គេប្រាប់តាមដំនើរ ដើមទង។ កញ្ញាឱបកូន រត់តាមទៅទៀត។ កល្យាណតម្រង់ ទៅខាងស្រុកមង្គលបុរី ដែលសព្វថ្ងៃ មានចម្ងាយប្រាំបួនគីឡូម៉ែត្រ ពីភូមិស្វាយ។ យប់ងងឹតស្លុង។ ឆវីទៅតាមផ្លូវរទេះ ប៉ះជន្លង់ឈើ ព័ន្ធជើងដួល ធីតាក្រោកឡើង រត់ទៅទៀត ដើម្បីឲ្យទាន់សេះរបស់មានន្ទជាប្ដី បន្ដិចមក មានសេះមួយ បំផាយមកពីក្រោយនាង។ អ្នកជិះសេះស្រែកសួរថា៖

  • អ្នកណាហ្នឹង ?
  • ច៎ាះ ! ខ្ញុំលោក ឱ ! លោកដ៏មានគុណឬ ?
  • ចុះនាងអញ្ជើញទៅណា មកណា ទាំងយប់ដូច្នេះ ?
  • ច៎ាះ! ខ្ញុំទៅតាមប្ដីខ្ញុំ។ គេថាប្ដីខ្ញុំ ទៅតាមផ្លូវមង្គលបុរីនេះឯង។
  • យីនាងមិនខ្លាចទេ ?
  • ច៎ាះ ! ទេខ្ញុំមិនខ្លាចទេ។
  • មានខ្លាណ៎ា តាមផ្លូវ !
  • ច៎ាះ ! ខ្ញុំមិនខ្លាចខ្លាទេ។
  • នាងរត់ម្ដេចទាន់ បើគេជិះសេះ នាងដើរដូច្នោះ !
  • ខ្ញុំទាន់ត្រឹមណា ឈប់ត្រឹមនោះ។
  • យីយកសេះខ្ញុំជិះទៅ។
  • ឱ! ច៎ាះទេ ! អរគុណសោកណាស់ លោកមានគុណនឹងខ្ញុំណាស់ . . . ខ្ញុំទៅហើយ ។
  • ឈប់សិន និយាយគ្នាឲ្យអស់សិន។
  • ច៎ាះ ! អត់ទោសខ្ញុំប្រញាប់ណាស់។ លោកអញ្ជើញទៅចុះ កុំគិតដល់ខ្ញុំ។

បុរសជិះសេះប្រឹងជំរត់សេះ ឲ្យទាន់ធីតាកម្សត់ ដែលពុំព្រមឈប់និយាយសោះ។

  • អ្នកមានស្គាល់គេទេ ឯមង្គលបុរីនោះ ?
  • ច៎ាះ ទេ!
  • ចុះ ឯបាត់ដំបង ?
  • អត់ស្គាល់អ្នកណាទេ។
  • យី ! បើដូច្នោះ អ្នកអញ្ជើញទៅផ្ទះអ្នកណា ? បើរកប្ដីអ្នកមិនឃើញ ?
  • ច៎ាះ ! មិនអីទេ ខ្ញុំទៅនៅត្រង់ណាក៏បានដែរ។
  • មិនបានទេ ! មិនបានទេ ។ អ្នកមានប្រាក់កាស ជាប់ខ្លួនទេ ?
  • ទេខ្ញុំអត់ប្រាក់ទេ។

បុរសចម្លែកនេះ លុះបានឮដូច្នោះ ក៏លូកថង់យាម បោះប្រាក់មួយថង់ធំ មកឲ្យនាង។ នាងទេវី លុះដឹងថាប្រាក់ ក៏ប្រឹងរត់តាមសេះ ហើយស្រែកថា៖

  • ទេៗ លោកៗ យកទៅវិញចុះ។

តែអ្នកជិះសេះ បំផាយយ៉ាងលឿន ទៅបាត់ទៅ។

នាងទេវី ឃើញប្រាក់នោះ ប្រាំណែន។ ធីតា មានសេចក្ដីអរគុណ នឹងបុរសមិនស្គាល់មុខនេះ ជាអនេកកប្បការ។ លុះដល់មង្គលបុរី នាងទេវី ដើរពីផ្ទះមួយទៅផ្ទះមួយ រកប្ដី តែគេបិទទ្វារដេកលក់អស់។ នាងឃើញផ្ទះមួយ នៅពុំទាន់បិទទ្វារ។ ចង្កៀងប្លុងៗ នាងរត់តម្រង់ទៅសួរគេ ៗឆ្លើយថា៖

  • អំបាញ់មិញនេះ មានមនុស្សជិះសេះម្នាក់ មកសុំទឹកផឹក មនុស្សនោះរបួសផង ប្រហែលមានរឿងអ្វី ធំដុំហើយមើលទៅ។
  • មនុស្សនោះទៅណាហើយមីង ?
  • ច៎ាះ ! ខ្ញុំសួរ គេថា គេមានការ ទៅបាត់ដំបងទាំងយប់ នេះឯង។ ខ្ញុំឃាត់ដែរ តែគេពុំព្រមនៅសោះ។
  • ទៅយូរហើយឬអ្វី ?
  • ច៎ាះ ! ទេ ! ទើបនឹងទៅអំបាញ់មិញនេះឯង។
  • ខ្ញុំអរគុណហើយមីង ខ្ញុំសុំទឹកមួយផ្ដិលដែរ។
  • យី ! តើនាងពកូនទៅណា ? ម្ចាស់ម្ដាយអើយ !
  • ច៎ាះ ! ខ្ញុំអត់ទៅណាទេ!
  • អ្នកជិះសេះនោះ ត្រូវជាយ៉ាងម៉េចនឹងនាង ?
  • ច៎ាះ ខ្ញុំចង់ជួបគេមានការបន្ដិចបន្ដួចទេ។
  • នាងនៅឯណា ?
  • ខ្ញុំនៅស៊ីសុផុន។
  • អូ ! ចុះមកធ្វើអ្វីទាំងយប់ម៉្លេះ ?
  • ខ្ញុំមានការអ្នកមីង!
  • យី ! ខ្ញុំសូមអរគុណអ្នកមីងណាស់ហើយ ។ ខ្ញុំសុំលាអ្នកមីងហើយ។
  • ច៎ាះ ! លើកដៃថ្វាយព្រះ ចុះនាងទៅណាទៀត ?
  • ខ្ញុំទៅមុខទៀត!

នាងទេវីបានទឹក ក៏ផឹកក្អឿកៗ រួចលាមីងនោះរត់ទៅទៀត។ កល្យាណ ហាក់ដូចជាមានកម្លាំងឡើងវិញ សាយពេញខ្លួន។ នាងបែកញើសសស្រាក់ ត្រជាក់អស់ទាំងខ្លួន។ លុះរត់មួយសន្ទុះទៅ នាងឮសូរជើងសេះ នាងស្រែកហៅ៖

  • បង ! បង ! ចាំខ្ញុំផង បងមានន្ទ . . . បងមានន្ទ !
  • គេឮសូរ តែមាត់នាង ដែលអណ្ដែតទៅក្នុងព្រៃស្ងាត់បាត់ឈឹង គ្មានឮសូរអ្វី ឆ្លើយមកវិញឡើយ។ រីឯជើងសេះ ក៏លាន់ឮកាន់តែល្វើយទៅៗ លុះត្រាតែបាត់សូន្យជាអចិន្រ្ដៃយ៍។
  • ពីរថ្ងៃក្រោយមកទៀត នាងទេវី និង បុត្រីបានដើរទៅជិតអ្នកលក់បន្លែម្នាក់ នៅទីផ្យារបាត់ដំបង។ នាងដើរតាមស៊ើបសួរ រកប្ដីនាង តែមិនលេចឮដំណឹងអ្វីសោះ។ នាងដើរតាមសំយាបផ្ទះចិន តាមរោងចក្រផ្សេងៗ តាមរោងលក់ម្ហូបអាហារ ចំនី តាមផ្ទះអ្នករាជការ តូច ធំ គយគន់ រកមើលគូកម្សត់។ ធីតាពកូនយំបណ្ដើរ ដើរបណ្ដើរ តែរាល់ថ្ងៃដូច្នោះឯង៕

(សូមរងចាំតាមដានភាគទី២៣ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!