ទំព័រដើមប្រវត្តិសាស្ត្រសិល្បៈខ្មែរសម័យអង្គរ «រចនាបថគូលែន»

សិល្បៈខ្មែរសម័យអង្គរ «រចនាបថគូលែន»

រាជធានីមហេន្ទ្របវ៌តនៅលើភ្នំគូលែន មានក្រុមប្រាសាទភាគច្រើនមានតួប៉មធ្វើពីឥដ្ឋ ស៊ុមទ្វារ សរសេរពេជ្រ ផ្តែរ សរសរផ្អោបធ្វើពីថ្មភក់។ ម្យ៉ាងវិញទៀតស្នាដៃសិល្បៈរចនាបថ  គូលែន បានបង្ហាញការអភិវឌ្ឍន៍នូវរចនាបថ និងស្ថាបត្យកម្មប្លែកមួយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នៅចុងស.វទី៨ដើមស.វទី៩គ.ស ចម្លាក់នៅលើជញ្ជាំង ហៅជាង ផ្តែរ និងបដិមាចម្លាក់ទោលរីកចម្រើនទៅជារចនាបថគូលែនថ្មី និងប្លែកពីររចនាបថមុនៗ។ ចម្លាក់ក្បាច់ទាំងនេះបង្ហាញពីការផ្លាស់ប្តូរពីរចនាបថមុនអង្គរ ទៅជារចនាបថអង្គរ។ អ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថាសិល្បៈគូលែន ទាំងក្បាច់លម្អ ស្ថាបត្យកម្មទទួលឥទ្ធិពលច្រើនពីជ្វា ឬចាមក្នុងដើមសម័យអង្គរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅមុនសម័យអង្គរសិល្បៈខ្មែរក៏មានឥទ្ធិពលខ្លះលើសិល្បៈជ្វាផងដែរ។

បដិមាទោល និងផ្តែរ គឺជាក្បាច់លម្អមួយងាយស្រួលកំណត់រចនាបថ និងសម័យកាលសិល្បៈនីមួយៗជាងផ្នែកផ្សេងៗទៀត ដូចជាសរសរពេជ្រ ហោជាង ចម្លាក់លើជញ្ជាំងប្រាសាទ។ បន្ទាប់ពីការស្រាវជ្រាវសិល្បៈអស់រយៈពេលជាច្រើនសតវត្សមក អ្នកប្រវត្តិសិល្បៈវិទូបានចែកសិល្បៈខ្មែរក្នុងសម័យអង្គរជា១០រចនាបថ។ សិល្បៈរចនាបថខ្មែរសម័យអង្គរនីមួយៗ គឺបង្ហាញលក្ខណៈពិសេសសម្រាប់កំណត់កាលបរិច្ឆេទបាន។ សិល្បៈរចនាបថទាំង១០រួមមានរចនាបថគូលែន(ដើមស.វទី៩គ.ស) រចនាបថព្រះគោ(ចុងស.វទី៩គ.ស) រចនាបថ​បាខែ​ង(ចុងស.វទី៩គ.ស ដើមស.វទី១០គ.ស) រចនាបថកោះកេរ(ដើមស.វទី១០គ.ស) រចនាបថប្រែរូប(ពាក់កណ្តាលស.វទី១០គ.ស) រចនាបថបន្ទាយស្រី(ចុងស.វទី១០គ.ស) រចនាបថឃ្លាំង(ដើមស.វទី១១គ.ស) រចនាបថបាភួន(ចុងស.វទី១១គ.ស) រចនាបថអង្គរវត្ត(ដើមស.វទី១២គ.ស) និងរចនាបថបាយ័ន (ចុងស.វទី១២គ.សដល់ដើមស.វទី១៣គ.ស)។ ប៉ុន្តែអត្ថបទនេះនឹងបង្ហាញត្រួសៗពីរចនាបថសម័យអង្គរតែប៉ុណ្ណោះ គឺចាប់ពីរចនាបថភ្នំគូលែន(ស.វទី៩គ.ស) ដែលជាសិល្បៈអន្តររចនាបថរវាងសម័យមុនអង្គរតមក។ ដោយសារអត្ថបទយើងសរសេរផ្តោតសំខាន់លើចម្លាក់បដិមា និងផ្តែរប្រាសាទ ដែលងាយស្រួលក្នុងការសង្កេត និងចំណាំតែប៉ុណ្ណោះ។ ចំណែកចម្លាក់លើជញ្ជាំងផ្សេងៗ យើងគ្រាន់តែនិយាយជាទូទៅទេ។

លក្ខណៈសំគាល់បដិមា

បដិមារចនាបថគូលែន មានការវិវឌ្ឍន៍ពីរចនាបថមុនសម័យអង្គរដូចជារចនាបថសំបូរព្រៃគុក និងព្រៃក្មេង និងបន្តប្រើជន្ទល់ទប់ ឬឈានជើងមកមុខបន្តិច។ លោក H.Marchal ១៩​២៦ និងលោក Ph.Stern បានស្វែងយល់ស្ថាបត្យកម្មប្រាសាទដំរីក្រាប គឺមានលក្ខណៈស្រដៀងប្រាសាទហោលៃចាម និងអះអាងថាប្រាសាទនៅរចនាបថគូលែន មានទទួលឥទ្ធិពលពីសិល្បៈចាម។ ប្រាសាទដំរីក្រាប តម្កល់បដិមាព្រះវិស្ណុនៅតួប៉មកណ្តាលទី១ និងរូបព្រះវិស្ណុ២ទៀតនៅតួប៉មសងខាង។ នៅឆ្នាំ១៩៦៦ ក្រុមការងារបារាំងបានធ្វើការត្រួសត្រាយព្រៃ ប្រទះឃើញបដិមាព្រះយមមួយអង្គ អង្គុយលើយានជំនិះជាក្របី។ ការស្រាវជ្រាវប្រវត្តិសិល្បៈដោយផ្អែកលើបដិមា នៅរចនាបថភ្នំគូលែន គឺពឹងផ្អែកទាំងស្រុងលើបដិមាព្រះវិស្ណុ ដែលប្រទះឃើញលើភ្នំគូលែនមានចំនួន៨អង្គ និងនៅប្រាសាទដំរីក្រាបមានបដិមាចំនួន៣អង្គ។ បដិមាមួយអង្គនៅតួប៉មកណ្តាលសព្វថ្ងៃស្ថិតនៅសារមន្ទីរហានណូយ(Hanoï) ប្រទេសវៀតណាម និងពីរអង្គទៀតរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដែលមានលេខក.១៧២០ កំពស់១៤៥សង់ទីម៉ែត្រតូចជាងបដិមា ក.៨៨២ កំពស់១៨០សង់ទីម៉ែត្រ។ ដូច្នេះបដិមារចនាបថគូលែន មានបដិមាខ្លះនៅរក្សាលក្ខណៈដើមសម័យមុនអង្គរជាចម្លាក់ឆ្លាក់ប្រើជន្ទល់ និងដំបងទប់លំនឹង។ ចំណែកនៅលើព្រះកេសរបស់បដិមាមានពាក់ម្កុដរាងជាស៊ីឡាំងខ្ពស់ជាងរចនាបថមុនៗ  ហើយនៅចុងរចនាបថគូលែនម្កុដលម្អដោយគ្រឿងអលង្ការជាច្រើន គឺរាងដូចសាជី។ បដិមារចនាបថគូលែនមានព្រះភក្ក្រធំ និងញញឹមស្ងប់ មានជញ្ចើមដាច់ចេញពីគ្នា មានពុកមាត់។ ដោយឡែកមួយទៀតបដិមាភ្នំគូលែនមានសំលៀកបំពាក់ សំពត់ខ្លី ជាយសំពត់ធ្លាក់សំយាកលើភ្លៅខាងឆ្វេង និងមានជាយធ្លាក់សំយ៉ុងរាងដូចយុថ្កា ប៉ុន្តែពេលខ្លះបង្ហាញអត់មានជាយសំពត់ផងដែរ (រូបលេខ៣-៧)។ ដោយឡែកបដិមាមុនៗមានរាងស្រឡូនប្រកបដោយសាច់ដុំ និងកាច់ចង្កេះ ឬបន្ទុចជង្គង់ បានប្តូរទៅជាបដិមាមានមាឌមាំ ហើយឈរត្រង់ភ្លឹង និងលែងមានជន្ទុលបង្អែកដូចពីមុនទៀតទេ ក្នុងដើមស.វ  ទី៩គ.ស។

បដិមាព្រះវិស្ណុពីប្រាសាទថ្មដាប់សព្វថ្ងៃនៅសារមន្ទីរGuimet និងភ្នំពេញ បដិមាព្រះវិស្ណុពីប្រាសាទថ្មដាប់, សារមន្ទីរជាតិភ្នំពេញ(EFEO), បដិមាព្រះវិស្ណុពី ​ ប្រាសាទអារក្ស(ភ្នំគូលែន)(EFEO)

លក្ខណៈសំគាល់ផ្តែរ

ផ្តែរទ្វារជាចំណុចទី២ បង្ហាញក្នុងរចនាបថគូលែន ដែលមានការវិវត្តន៍ប្លែកខុសពីរចនាបថមុនៗ។ ផ្តែររចនាបថគូលែនមានលម្អខុសគ្នាដាច់ស្រឡះពីរចនាបថកំពង់ព្រះ ប៉ុន្តែមានលក្ខណៈដូចគ្នាខ្លះជាមួយរចនាបថសំបូរព្រៃគុក និងតិចតួចជាមួយរចនាបថព្រៃក្មេង។ ផ្នែរជាផ្នែកមួយសំខាន់សម្រាប់រចនាសម្ព័ន្ធសំណង់ប្រាសាទ ប៉ុន្តែផ្តែរក៏បានបង្ហាញឧទាហណ៍ច្រើនពីក្បាច់លម្អ ដូចជាក្បាច់រំយោលផ្កា ស្លឹកឈើ រូបទេព និងរូបសត្វម្ករផងដែរ។ ជាពិសេសយើងអាចចែករចនាបថបានតាមរយៈសត្វម្ករ ដងធ្នូរ និងក្បាច់រំយោលទៅតាមរចនាបថសម័យកាលនិមួយៗរបស់ផ្តែរផងដែរ។  អ្នកស្រាវជ្រាវបារាំងបានរកឃើញផ្តែរទ្វារចំនួន​ ១៦ផ្តែរ ដែលមានរូបរាងខុសៗគ្នានៅលើភ្នំគូលែន និងត្រូវការសិក្សាស្វែងយល់បន្ថែមទៀត។ មានផ្តែរមួយចំនួនមានរូបម្ករបែរចូលក្នុង និងផ្តែរខ្លះទៀតបែរចេញក្រៅ។ ផ្តែរនៅភ្នំគូលែនមានបង្ហាញក្បាច់រូបក្បាលព្រះកាល(kāla) លេចឡើងនៅចំកណ្តាលដងធ្នូរ ដែលជាសិល្បៈចម្លងពីចាមខ្លះ និងវិវត្តន៍ថ្មីខ្លះក្នុងរចនាបថភ្នំគូលែន ឬមួយចំនួនស្រដៀងទៅនឹងផ្តែរនៅថាឡាបរីវ៉ាត់(សំបូរក្រចេះ)។ ដងធ្នូបង្ហាញជាកម្រងមែកឈើផ្តេក មានខ្ជាក់ចេញពីក្បាលម្ករជារយោលផ្កា នៅចុងសងខាងរូបម្ករជាក្បាច់លម្អក្បាលសសរ និងខ្លួនសត្វម្ករ បង្កើតបានជាក្បាច់កន្ទុយហង្ស។ ការបង្ហាញខ្លួនសត្វម្ករបង្កើតបានជាកន្ទុយហង្សនេះ ជាចំណុចថ្មីរបស់សិល្បៈរចនាបថគូលែនមិនដែលមានបង្ហាញពីមុនៗមកទេ។ នៅផ្នែកខាងក្រោមក្បាច់មែក និងស្លឹកឈើលម្អដោយក្បាច់ហៀន ធ្លាក់ចុះក្រោមនៅចន្លោះក្បាច់ហៀនមានរំលេចដោយរំយោលផ្កា ដែលស្រដៀងគ្នាជាមួយរចនាបថសំបូរព្រៃគុកដែរ។នៅចំកណ្តាលដងធ្នូរមានចម្លាក់រូបទេពមួយអង្គ អង្គុយពែនភ្នែន សមាធិលើបល្ល័ង្ក ដែលមានដំរីពីរ នៅអមលើកប្រមោយឡើង(រូបលេខ៨-១៣)។ ផ្នែកខាងក្រោមបល្ល័ង្កមានក្បាលរាហ៊ូ ដែលឆ្លាក់ជាក្បាច់ស្លឹកឈើបំបែកផ្កាប់ ដែលមិនធ្លាប់មានឆ្លាក់លម្អនៅលើផ្តែរចនាបថពីមុនៗឡើយ។

ឆ្លាក់រូបសត្វម្ករ មកពីប្រាសាទក្រហម

តាមការសិក្សាផ្តែរសម័យមុនអង្គរដល់សម័យអង្គរ របស់លោកLunet, Parmentier, Stern និងDupont បានបង្ហាញលក្ខណៈខុសគ្នាមួយចំនួនដូចជាទេព ក្បាច់លម្អ និងដងធ្នូរ។ ដែលការសិក្សាខ្លះមានការប្រៀបធៀបជាមួយសិល្បៈឥណ្ឌា ដូចជាលោកStern បានប្រៀបធៀបខ្លះលើក្បាច់លម្អដូចជាម្ករ រំយោល ប៉ុន្តែមិនបានសរសេរពីការវិវត្តន៍ផ្តែរក្នុងរចនាបថខ្មែរទេ។ ចំណុចសំខាន់ក្នុងសិល្បៈ គឺខ្លោងទ្វាចូលខាងកើត មានឆ្លាក់លម្អឬទេពលើផ្តែរ ដែលឧទ្ទិសតំណាងដល់រូបបដិមានៅខាងក្នុង និងមានលក្ខណៈសំខាន់ក្នុងសិល្បៈខ្មែរ។ នៅឥណ្ឌាពេលខ្លះបង្ហាញរូបចម្លាក់អមទ្វា(ទ្វាបាល) និងបង្អួច តែនៅលើប្រាសាទឥដ្ឋខ្មែរ ឆ្លាក់ពីថ្មភក់យកទៅភ្ជាប់ជាមួយជញ្ជាំងឥដ្ឋ។

តាមការកត់សំគាល់របស់លោកMartin ឃើញថាប្រាសាទនៅដើមសម័យអង្គរ ការលម្អផ្តែរ បានបង្ហាញទំនាក់ទំនងរវាងជាងឆ្លាក់ និងការឆ្នៃប្រឌិតសិល្បៈថ្មីៗ ដែលរួមទាំងបដិមាទោលផងដែរ។តាមការសំគាល់របស់លោក Lunet (1902) បញ្ជាក់ថា បន្ទាប់ពីការសាងសង់សំណង់រួចរាល់​ ប៉ុន្តែផ្តែរមិនទាន់ឆ្លាក់រួចទេ ហើយត្រូវការជាងចម្លាក់ជំនាញមកឆ្លាក់បង្ហើយ ដើម្បីឆ្លាក់ផ្តែរទាំងនោះលម្អិតចុងក្រោយ។​ ប៉ុន្តែនៅសម័យមុនអង្គរ មិនមានការកត់ត្រាសកម្មភាពជាងឆ្លាក់ទេ ដែលប្រហែលជាងចម្លាក់ទាំងនោះត្រូវបានហៅជាក្រុមថា(caṃdak) ដែលជាអ្នកបំរើសម្រាប់ប្រាសាទ (មើលK.៥៥៧ ឆ្នាំ៦១១គ.ស និង  K.១០៣០ ឆ្នាំ៧៧៨ ដល់៨៧៧គ.ស)។ តាមចម្លាក់បង្ហាញផ្តែររចនាបថកំពង់ព្រះ មុនរចនាបថគូលែន សង្កេតឃើញថាសិល្បករគោរពតាមគ្រោង និងខ្នាតជាមូលដ្ឋានរបស់រចនាបថ ប៉ុន្តែបានប្រែប្រួលទៅតាមចម្លាក់ផ្តែរ និងសមាសធាតុរបស់ថ្ម។

សសរពេជ្ររចនាបថគូលែន

ចំណុចមួយផ្សេងទៀតពីការឆ្លាក់ផ្តែរ បង្ហាញពីលក្ខណៈពិសេសរបស់ជាងឆ្លាក់ និងក្រុមការងារជាងឆ្លាក់ គឺធ្វើការគូសវាសគ្រោងជារូបរាងមុនការឆ្លាក់ ដែលប្រទះឃើញមានស្ថានីយ២ជាឧទាហណ៍ ដូចជានៅប្រាសាទបាគង និងបន្ទាយស្រី។ តាមការសិក្សាផ្តែរនៅរោងជាងឆ្លាក់រូបទាំងពីរនេះ បង្ហាញថាមានជាងឆ្លាក់ ដែលមានជំនាញខ្ពង់ខ្ពស់ គឺគូសវាសគ្រោងនៅលើផ្តែរមុននឹងឆ្លាក់លម្អិត។ ដូច្នេះប្រាសាទ និងរចនាបថភ្នំគូលែន​ ប្រហែលជាមានជាងជំនាញគូសវាសគ្រោងសម្រាប់ក្រុមជាងទូទៅអនុវត្តន៍ដែរ ប៉ុន្តែមិនទាន់ប្រទះឃើញរោងជាងដូចនៅខាងលិចប្រាសាទបាគង និងបន្ទាយស្រីទេ។ ផ្តែរមួយនៅប្រាសាទដំរីក្រាបភ្នំគូលែន គឺជាផ្តែរមិនទាន់ឆ្លាក់រួចនៅផ្នែកខាងលើ និងបង្ហាញពីស្នាមគូសគ្រោងសម្រាប់ឆ្លាក់។

លក្ខណៈសំគាល់សរសេរពេជ្រ

ចម្លាក់សសរពេជ្ររចនាបថគូលែន មាន២ប្រភេទសសរពេជ្រមានរាង៤ជ្រុង និង៨ជ្រុង ចាប់ពីដើមដល់ពាក់កណ្តាលស.វទី៩គ.ស មានវិវឌ្ឍន៍ចេញពីរចនាបថសំបូរព្រៃគុក និងរចនាបថព្រៃក្មេងនៅស.វទី៧គ.ស។ ប៉ុន្តែរហូតដល់រចនាបថគូលែនមានការវិវឌ្ឍន៍ខ្លាំងដោយបង្ហាញជារាង្គ៨ជ្រុង និងមានផ្កាភ្ញីថ្មី ក្បាច់ពងត្រី សន្លឹកត្របកឈូក និងក្បាច់ក្បាលសសរថ្មី។ តាមលោកStern បញ្ជាក់ថាសសរពេជ្រ ទ្វាបញ្ជោតនៅប្រាសាទដំរីក្រាបស្រដៀងនឹងសិល្បៈចាម។ ក្បាល និងជើងសសរមានឆ្លាក់លម្អដូចគ្នា គឺលម្អដោយក្បាច់ត្របកឈូក និងបន្ទាប់មកមានលម្អដោយក្បាច់ជើងគកចំនួនប្រាំ ដែលមានរាងធំតូចឆ្លាស់គ្នា(រូបលេខ១៤)។

សង្ខេបមកសិល្បៈផ្តែរ និងសសរពេជ្ររចនាបថគូលែន នៅឆ្នាំ៨២៥ ដល់៨៧៥ គ.ស មានបង្ហាញច្រើនបែបខុសៗគ្នា ផ្តែរមានរូបសត្វម្កនៅខាងចុងសងខាងបែរចេញក្រៅពាំកម្រងផ្កា ផ្តែរមានរូបក្បាលព្រះកាល(រាហូ) នៅកណ្តាល នៅផ្នែខាងលើដងធ្នូមានឆ្លាក់ជាសន្លឹកឈើ ចំណែកខាងក្រោមដងធ្នូមានលម្អជាស្លឹកឈើ និងរំយោលផ្កាដូចរនចនាបថសំបូរព្រៃគុក។ ផ្តែរផ្សេងទៀតនៅខាងចុងសងខាងឃើញមានសត្វម្ករ និងខ្ជាក់សត្វម្រឹក ដែលប្រទះឃើញនៅប្រាសាទអ្នកតា។ ចំណែកបដិមាបានប្តូរ ទៅជាមាឌមាំ ហើយឈរត្រង់ភ្លឹង និងលែងមានជន្ទុលបង្អែកដូចពីមុនទៀតហើយ នៅដើមស.វទី៩គ.ស៕

——————————-,

Khmer Art of Kulen style

The city Mahendra Parvata was built on Kulen Mountain. Most of the shrines were made of brick and with door-jam, small columns, lintel and columns made of sandstone. Kulen style was a new evolution of Khmer Art and corresponding to the reign of King Jayavarman II, end of 8th to early 9th century. All the decorations are different from the previous period, the pre-Angkor. Hence, it is the change from the pre-Angkor to the Angkorian period. Some scholars argue that the Kulen style was influenced by the art of Java.

The statue and the lintel are the most significant to recognize and distinguish from other styles. In many decades of study, scholars divided the art in the Angkorian period into ten styles. They are Kulen (early 9th century), Preah Ko (end of 9th century), Bakheng (end of 9th-early 10th century), Koh Ker (early 10th century), Pre Rup (mid of 10th century), Banteay Srei (end of 10th century), Khleang (early 11th century), Baphoun (end of 11th century), Angkor Wat (early 12th century), Bayon (end of 12th-early 13th century. However, this article will be discussing only the art of the Kulen style.

Statue

The statue in the Kulen style still has the support the same as the statue in the pre-Angkorian period, Sambo Prei Kuk and Prei Khmeng. However, the foot slightly moves forward. H.Marchal in 1926 and Ph. Stern studied the architecture of Prasat Damrei Krap state that the art style of this temple is similar to Prasat Holei Cham. He added the temples in Kulen style got influenced by Champ’s art. Prasat Damrei Krap housed a statue of Lord Vishnu in each tower. Therefore, it has three statues of Lord Vishnu in total. Later in 1966, a statue of Yama on buffalo has found. Based on iconography, researchers found eight statues of Lord Vishnu on Kulen mountain and three from Prasat Damrei Krap. Present-day, the statue in the middle shrine is in Hanoi Museum in Viet Nam, and two others are in the National Museum of Cambodia.

The statue remains the support as the pre-Angkorian. The statue has a cylindrical head which is higher than the previous period. However, at the end of the period, the crown has a conical shape and has adorned with rich jewels. The statue has a big face, a peacefully smile, separate eyebrows and has a moustache. The skirt is short. An edge of the skirt puts on the left tight. Another edge falls in the front with the shape of a fishtail. However, some skirts do not show the edge

Lintel

The lintel in the Kulen style is mostly different from previous styles. There are some characteristics that are similar to the Sambo Prei Kuk and Prei Khmeng styles. It has garlands of flowers, leaves, deities and Makara. Makara, bow arch and the garlands of flowers are uniquely to recognize the Kulen style. Researchers found sixteen lintels which having different forms on Kulen mountain. Therefore, further study will be continued. The lintel has Kala in the middle which was adopted by the art of Champ. Some characteristics are similar to the lintel from Thalavarivath (Sambo Kratie). The horizontal bow arch made of the branch, Makaras spit garlands of flowers and the two ends of the lintel show Makara spits the Hamsa’s tails (Swan). It is a new innovation of the Khmer art style. The bottom of the bow arch has the motif and garland of flowers which are similar to the Sambo Prei Kuk style. In the middle part has a deity sits cross leg, a meditation on the pedestal and has two elephants standing by sides. There is the head of Kala under a pedestal. Furthermore, there are upside-down leaves on the bottom part. This is also unique. According to Martin, the temples and states in early the Angkorian period show a new creation of craftsmen. According to Lunet (1902), the inscription says unfinished artwork or lintel will be informed to continue carving. Those people who are in charge of this work calls Camdak (K.557 and K.1030).

Small column

The small column in the Kulen style has two types, four faces and eight faces (early 8th to mid of 9th century). It has influenced by Sambo Prei Kuk and Prei Khmeng’s style of the 7th century. However, the eight faces’ small column has richer motifs of flowers, fish-egg, lotus petal and new column’s head. Stern states that the small columns of the false door of Prasat Damrei Krap are similar to Champ’s art. The head and the bottom of a column have the same decoration as the lotus petals. 

អត្ថបទដើម៖​​ លោក ថូ​ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!