ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក

ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក

ប្រាសាទស្រង់ព្រះ (ឧទ្ទិសដល់ព្រះព្រហ្ម) នៅតំបន់សំបូរព្រៃគុក មុខខាងឦសាន

ក្នុងទេវកថារឿងសសរភ្លើង ព្រះព្រហ្មនិងព្រះនារាយណ៍ បានឈ្លោះប្រកែកនិងប្រយុទ្ធគ្នាមិនចាញ់មិនឈ្នះលើបញ្ហាថាតើនរណាជាអាទិទេពធំជាងគេ? រំពេចនោះ មានសសរភ្លើងមួយផុសឡើង ហើយនៅចំកណ្តាលសសរមានព្រះភក្រ្តព្រះឥសូរ ដោយទ្រង់បានអះអាងថា “ទ្រង់គឺជាអាទិទេពធំជាងគេបង្អស់។ ពេលនោះ ព្រះព្រហ្ម និងព្រះនារាយណ៍ មិនជឿ ក៏កើតទៅជាការដាក់បន្ទរចំនួនបីយ៉ាងរវាងព្រះឥសូរ និងអាទិទេពទាំងពីរ។ ក្នុងការស្រាយបន្ទរទីមួយព្រះព្រហ្ម បានកុហកព្រះឥសូរនិងព្រះនារាយណ៍ថាទ្រង់បានទៅដល់កំពូលសសរភ្លើង។ ដោយមានគំនិតមិនស្មោះត្រង់ នៅពេលចប់បន្ទរទាំងបីព្រះឥសូរក៏ដាក់ទណ្ឌកម្មដល់ព្រះព្រហ្មថា៖ “ចាប់ពីពេលនេះតទៅមិនឱ្យមានការសាងសង់ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មឡើយ លុះត្រាតែទ្រង់យកផ្គាំរបស់យើងទៅរាប់ឱ្យអស់ ដើម្បីពិចារណានូវកំហុស ហើយបើមានប្រាសាទណាឧទ្ទិសដល់ព្រះព្រហ្ម លុះត្រាតែសាងប្រាសាទកណ្តាលឧទ្ទិសទៅយើងសិន ឬធ្វើជាប្រាសាទក្នុងលទ្ធិត្រីមូត៌ិ ដោយហេតុថាព្រះព្រហ្មជាបំណែកនៃព្រះកាយរបស់យើង យើងនឹងឱ្យពរទ្រង់ជាទេពបង្កើតលោកដូចយើងដែរ”។ ដូច្នេះហើយ សិល្បករខ្មែរទំនងចេះរឿងនេះយ៉ាងច្បាស់ ទើបបានជាប្រាសាទភាគច្រើនតែងឧទ្ទិសដល់ព្រះឥសូរ និងនារាយណ៍ ហើយបើមានប្រាសាទឧទ្ទិសដល់ព្រះព្រហ្ម គឺគេតែងឃើញថាជាប្រាសាទស្ថិតនៅរណបឱ្យសំណង់ព្រះឥសូរ។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញឧទាហរណ៍មួយអំពីប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅតំបន់សំបូរព្រៃគុក ដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង ស.វ.ទី៧ ទំនងរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥១)។

ប្រាសាទឧទ្ទិសដល់ព្រះព្រហ្មនៅសំបូរព្រៃគុក មានឈ្មោះថា “ប្រាសាទស្រង់ព្រះ” (តួប៉ម N22) ដែលស្ថិតនៅជ្រុងអាគ្នេយ៍ខាងក្រៅកំពែងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង និងស្ថិតនៅជាប់នឹងកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ។ បើពិនិត្យទៅលើទីតាំង យើងឃើញថា ទីតាំងដែលកសាងប្រាសាទព្រះព្រហ្មនៅសំបូរព្រៃគុក គឺសិល្បករកសាងនៅទិសអាគ្នេយ៍ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីតួប៉មប្រាសាទកណ្តាលដែលតម្កល់លិង្គព្រះឥសូរ ព្រះនាម “ស្រីគម្ភីរេស្វរ”។ លក្ខណៈបែបនេះ មានទំនោរដូចគ្នាជាមួយប្រាសាទមេបុណ្យខាងកើត និងនៅតំបន់កោះកេរដែរ (ស.វ.ទី១០) ព្រោះនៅមេបុណ្យខាងកើត មានប្រាសាទរណបតូចមួយតម្កល់រូបព្រះព្រហ្មនៅទិសអាគ្នេយ៍ប្រាសាទធំដែលតម្កល់លិង្គឥសូរ ហើយប្រាសាទបន្ទាយពីរជាន់ជាប្រាសាទតម្កល់ព្រះព្រហ្មដូចគ្នាក៏ស្ថិតនៅទិសអាគ្នេយ៍ប្រាសាទប្រាង្គ។ ដោយឡែក នៅប្រាសាទភ្នំក្រោម និងភ្នំបូក ដែលមានតួប៉មប្រាសាទបីស្របទិសគ្នាពីជើងទៅត្បូង គេតម្កល់ព្រះឥសូរនៅកណ្តាល ព្រះនារាយណ៍នៅខាងជើង និងព្រះព្រហ្មនៅខាងត្បូង។

ជើងទម្រប្រាសាទស្រង់ព្រះ

ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាងកើត (រូបលេខ១)។ ប្រាសាទស្រង់ព្រះ មានទ្វារចូលនៅទិសខាងកើត ហើយខាងលិច ខាងជើង និងខាងត្បូង គេលម្អជាទ្វារបញ្ឆោត មានលក្ខណៈស្រដៀងនឹងប្រាសាទជ្រៃ (N18) និងប្រាសាទបុសរាម (N24) ដែលជាប្រាសាទស្ថិតនៅក្នុងក្រុមតែមួយដែរ។ ប៉ុន្តែ ទម្រង់បែបនេះមានលក្ខណៈខុសពីប្រាសាទ​សំខាន់នៅកណ្តាល (តួប៉ម N1) ដែលគេសាងឡើងដោយមានទ្វារចេញចូលបួនទិស។

នៅច្រកខាងកើត មាននៅសល់ផ្តែរទ្វារមួយលម្អដោយកញ្ចុំផ្ការាងរង្វង់នៅចំកណ្តាលទ្រដោយផ្កាឈូក, ខាងចុងសងខាងជាកញ្ចុំផ្កាដូចគ្នាទ្រដោយក្បាលសសរ, អង្កត់ធ្នូមានរាងកោង និងខាងក្រោយជារំយោលផ្កាឬកម្រងមាលាឆ្លាស់គ្នា។ ផ្តែរទ្វារនេះ មានទម្រង់ជាផ្តែរសម័យដំបូងៗនៃរចនាបថព្រៃក្មេង ដែលមានលក្ខណៈជាទូទៅខុសខ្លះៗពីផ្តែររចនាបថសំបូរព្រៃគុក ជាពិសេស គឺការឆ្លាស់កញ្ចុំផ្កាជំនួសរូបសត្វមករ។ ការលម្អនៅខាងក្រៅវិញ យើងសង្កេតឃើញថាសិល្បករបានឆ្លាក់រូបសត្វហង្សទ្រហោជាងទ្វារបញ្ឆោតទាំងបី ដែលហង្សគឺជាយានជំនិះរបស់ព្រះព្រហ្ម។

បដិមាព្រះព្រហ្មនៅប្រាសាទស្រង់ព្រះ

នៅផ្នែកខាងក្នុងប្រាសាទវិញ សិល្បកររៀបជាបន្ទប់សក្ការៈមានរាងបួនជ្រុងទ្រវែងលយចេញមកច្រកចូលខាងកើតបន្តិច ដែលនៅផ្នែកខាងលើទ្វារចូលផ្នែកខាងក្នុងមានតម្រៀបជារាងសាជី។ ចំណែកជើងទម្រវិញយើងឃើញមានចំនួនពីរ ដែលមានរាងបួនជ្រុងសើ្មដូចគ្នា ហើយនៅខាងជើងភ្ជាប់គ្នាដោយទបង្ហូរទឹកមន្ត (សោមសូត្រ) ហូរចេញទៅខាងក្រៅប្រាសាទ។ ជើងទម្រដែលធំជាងគេ គឺជាជើងទម្រដែលតម្កល់ព្រះព្រហ្ម គេធ្វើពីថ្មភក់បួនស្រទាប់ត្រួតលើគ្នា ដែលមានទម្រង់ដូចជើងទម្រដទៃទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកដែរ ប៉ុន្តែចំណុចដែលគួរកត់សម្គាល់នោះគឺ មានថ្មរាងមូលមួយដុំដាក់នៅកណ្តាលសម្រាប់ទ្ររូបបដិមាព្រះព្រហ្ម។ ជាទូទៅ នៅសម័យអង្គរ យើងច្រើនឃើញជើងទម្រព្រះព្រហ្មមានរាងមូលតែម្តង ដែលខ្លះមានឆ្លាក់រូបហង្សជុំវិញផងក៏មាន ប៉ុន្តែជើងទម្រនៅប្រាសាទស្រង់ព្រះគេធ្វើជារាងបួនជ្រុងស្មើ ដោយមានថ្មរាងមូលមួយដុំតូចនៅពីលើទៅវិញ។ ទោះបីជាយ៉ាងណា ថ្មរាងមូលតូចខាងលើនេះជាចំណុចមួយដែលឱ្យយើងដឹងថា សិល្បករចង់បង្ហាញអំពីព្រះព្រហ្មភ្ជាប់ជាមួយទម្ររាងមូល។ រាងមូលនេះ យើងពុំដឹងថាវាតំណាងឱ្យអ្វីឱ្យប្រាកដនោះឡើយ តែយើងគ្រាន់ដឹងថាផ្គាំដែលព្រះឥសូរឱ្យព្រះព្រហ្មរាប់ឱ្យអស់នៅក្នុងសាច់រឿងនោះ គឺរាងមូលដូចគ្នាដែរ។

ដោយឡែក បដិមាព្រះព្រហ្មដែលគេតម្កល់នៅក្នុងប្រាសាទនេះ សព្វថ្ងៃគេបានយកទៅរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ បដិមានេះធ្វើអំពីថ្មភក់ បាក់បែកនៅផ្នែកខាងក្រោមត្រង់ប្រអប់ព្រះបាទ រីឯព្រះហស្តទាំងពីរក៏បាក់ត្រឹមស្មាដូចគ្នា ព្រះភក្រ្តបួន ​ស្លឹកត្រចៀកវែង បបូរមាត់ក្រាស់ មានផ្នួងសក់ សាច់ដុំមាំមួន និងស្លៀកសំពត់ខ្លីលាត។ បដិមាព្រះព្រហ្មនេះ ទំនងជារូបដែលចាស់ជាងគេនៅក្នុងសិល្បៈខ្មែរ។ ជារួមមកអត្ថបទនេះបង្ហាញឱ្យឃើញថា ប្រាសាទព្រះព្រហ្មនៅតំបន់សំបូរព្រៃគុកគេសាងសង់ឡើងស្ថិតនៅទិសអាគ្នេយ៍ ហើយរណបឱ្យប្រាសាទព្រះឥសូរដែលនៅចំកណ្តាល។ តឹកតាងនេះ យើងអាចសន្និដ្ឋានបានថា សិល្បករបុរាណខ្មែរប្រណិបត្តន៍ក្បួនខ្នាតគម្ពីរព្រហ្មញ្ញសាសនាបានយ៉ាងខ្ជាប់ខ្ជួន ពោលគឺរាល់សំណង់ប្រាសាទនីមួយៗតែងតែធ្វើឡើងដោយមានហេតុផលនិងគោលបំណងច្បាស់លាស់ ដែលកិច្ចការនេះបានអនុវត្តន៍ជាបន្តបន្ទាប់នៅសម័យអង្គរ៕

The temple dedicated to Brahma at Sambo Prei Kuk

The Hindu myth describes who is a principal god between Shiva, Vishnu, and Brahma ends up with a cheating moment by Brahma. He claimed to reach the top end of a column of fire. Thus, Shiva punished Brahma by not allowing anybody to build a temple dedicated to Brahma. In addition, unless Brahma can count the number of his rosary. Importantly, the temple dedicated to Brahma must have a central shrine dedicated to Shiva or in a form of Trimurti. Accordingly, this short article will bring an example of a temple dedicated to Brahma at Sambo Preikuk of Prei Khmeng tyle, 7th century in the reign of King Bhavarman II (637-651 CE).

The temple names Prasat Srah Srang (N22). It is located southeast of the outer wall of Sambo Prei Kuk temple, or in the north, the group closes to the moat. It is about 100 meters to the east of the central tower which houses a Shiva Linga called Shri Gumbhiresvara. This arrangement is similar to East Mebon and at Koh Ker in the 10th century. Also, in a form of Trimurti could be seen at Prasat Phnom Krom and Phnom Bok which there are three temples dedicated to the three gods. The central shrine is Shiva, Naraya in the north, and Brahma in the south. 

Prasat Srah Srang (N22) made of brick in a rectangular plan faces to the east. It has three false doors in the other three directions, which have similar decoration thee Prasat Chrei and Prasat Bosram are in the same group. In contrast, it is different from the thee central shrine that has four doors. The east entrance remains a lintel that decorates with flowers in the center supported by lotus. The two ends of the lintel have the same flowers but are supported by the head of columns. Additionally, the bow arch decorates with garlands of flowers. According to the style, the lintel shows the early period of Prei Khmeng. The craftsmen decorated Hansa, the vehicle to Brahma supporting the lintels of false doors. 

The worship place in the interior has a rectangular plan which is slightly leading to the east. The bricks on the top of the entrance are arranged in a conical shape. Two pedestals remain inside the temple, which the north one has a gargoyle leading to the outside of the temple. A big pedestal belongs to Brahma. It is made in four levels and is similar to other pedestals in Sambo Prei Kuk. The different point is that this pedestal has a rounded block of stone in the center to support the statue of Brahma.

Generally, in the Angkor period, the pedestals for the statues of Brahma are round. Some of them are decorated with the image of Kansas all around. The block of stone in the center might express a rounded pedestal. Although the function of this rounded block of stone is unknown, the rosary of Shiva in the story is round.

Currently, the statue of Brahma in this shrine is exhibited at the National Museum of Cambodia. It is made of sandstone but has some missing parts like the arms. He has four heads, long ears, thick lips, the hair is a knot, masculine appearance, and wearing a plain Sampot. The statue is probably the oldest Brahma in Khmer Arts. 

In conclusion, the temple is dedicated to Brahma at Sambo Prei Kuk in the east of the central tower. It is subordinate to the shrine of Lord Shiva. It shows that Khmer artists and craftsmen know the myth. 

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!