ភ្នំត្រាវជាស្ថានីយ៍ផូស៊ីលសត្វសមុទ្របុរាណមួយកន្លែង មានទីតាំងស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ ភ្នំនេះស្ថិតនៅខាងជើងភ្នំប្រាំពីរប្រមាណ១០គីឡូម៉ែត្រ តាមផ្លូវ៥៧B ដល់ផ្សារត្រាវជូរ បត់ស្តាំចូលទៅកាន់ភ្នំត្រាវជួរ ដែលស្ថិតនៅក្បែរឃុំត្រាវជូរ។ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហកមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះទៅសិក្សាបឋមកាលពីឆ្នាំ២០២១(រូបលេខ១)។ ដោយបានសិក្សានៅជ្រុងមួយនៃភ្នំ និងសិក្សាក្នុងរូងភ្នំមួយនៃភ្នំនោះ (រូបលេខ២)។ ភ្នំត្រាវជូរជាភ្នំថ្មកំបោរដែលស្ថិតនៅជួរជាមួយភ្នំប្រាំពីរ តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ភ្នំនេះអាចមានអាយុកាលក្នុងស័កទី១ Paleozoic សម័យ Permian (២៥១-២៩៩លានឆ្នាំ)។
ភ្នំនេះមានអតីតកាលជាសមុទ្រ ដែលកើតឡើងដោយកំណកនៃកំបោរ។ ថ្មកំបោរជាប្រភេទថ្មដែលកើតពីកំណកនៃជីវៈចម្រុះមួយចំនួន សំណល់ផ្សេងៗ និងកំទេចកំទីសរីរាង្គផ្សេងទៀត។ វាក៏អាចបង្កើតបានដោយដំណើរការនៃកំណក គីមីដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹងឬទឹកសមុទ្រ។ ភ្នំត្រាវជូរ ជាស្ថានីយផូស៊ីលសត្វសមុទ្រមួយដែលមានលក្ខណៈប្រហាក់ប្រហែលនឹងផូស៊ីលសត្វសមុទ្រ ដែលប្រមូលបានពីភ្នំប្រាំពីរ។ ភ្នំត្រាចជូរស្ថិតនៅសងខាងផ្លូវ និងតាមខ្សែបណ្តោយនៃភ្នំប្រាំពីរ។ យើងបានពិនិត្យនៅភ្នំដែលស្ថិតនៅខាងជើងភ្នំនោះ ឃើញមានសំណាកផូស៊ីលតិចតូចនៅផ្នែខាងកើតនៃភ្នំទាំងនោះ ថ្មកំបោរភាគច្រើនលេខចេញនៅផ្នែកខាងលើ និងផ្នែកខាងលិចភ្នំ។ ភ្នំត្រាវជូរដែលនៅខាងជើងវត្តត្រាវជូរ ជ្រុងខាងកើតមានស្នាកស្នាមផូស៊ីលតិចតូច ដែលស្ថិតនៅក្នុងថ្មស្រទាប់ (រូបលេខ៣)។ ចំណែកភស្តុតាងមួយចំនួនបានរកឃើញនៅវត្តត្រាវជូរ ដែលនៅភ្នំត្រាវជូរខាងត្បូង មានភស្តុតាងមួយចំនួនដូចជា៖
បំណែកនៃពពួកសត្វគ្រីណូអ៊ីត នៅក្នុងស្រទាប់ថ្មស្រទាប់ (រូបលេខ៤) នៅភ្នំត្រាវជូរខាងជើង ជាប្រភេទសត្វស្ថិតនៅ Phylum Echinodermata, Class Crinoidea តាមរយៈឯកសារបានបញ្ជាក់ថា ពពួកគ្រីណូអ៊ីតមានជាង៦០០០ប្រភេទ និងបានបន្តមករស់នៅក្នុងពេលបច្ចុប្បន្ន ជាង៦០០ប្រភេទ។ ពពួកគ្រីណូអ៊ីតនេះ បានបន្តរស់នៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះផងដែរ។ ពួកវាមានមានលក្ខណៈប្រហាក់ប្រហែលនឹងពពួកផ្កាយសមុទ្រ។ នៅក្នុងវត្តភ្នំត្រាវជូរក៏បានជួបប្រទះស្លាកស្នាមផូស៊ីលជាច្រើនជាប់នឹងថ្ម ក្នុងនោះក៏មានគ្រីណូអ៊ីតផងដែរ (រូបលេខ៥)។ (រូបលេខ៦) ផូស៊ីលនេះមានលក្ខណៈស្រដៀងនិងពពួកសត្វគ្រីណូអ៊ីត តែក៏មិនលក្ខណៈប្លែក តែពេលនេះក៏មិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ? (រូបលេខ៧) ជាផូស៊ីលសត្វសមុទ្រ ដែលមិនដឹងថាវាជាអ្វីនៅឡើយទេ វាមានលក្ខណៈប្រហែលនឹងផ្កាថ្ម យើងបានជួបប្រទះផូស៊ីលប្រភេទនេះនៅភ្នំប្រាំពីរ និងភ្នំនូដែលស្ថិតនៅក្នុងតំបន់នេះដែរ។ (រូបលេខ៨)ផូស៊ីលនេះមានទម្រង់ប្រហាក់ប្រហែលនឹងរូបលេខ៧ ដែលមើលពីចំហៀង រូបនេះយើងទើបជួបប្រទះនៅភ្នំត្រាវជូរ។ (រូបលេខ៩)មានរូបរាងដូចសំណាញ់ ដែលស្ថិតនៅសាខា Phylum Bryozoan ដែលពយកនេះរស់នៅជាមួយពពួកផ្កាថ្ម និងសត្វផ្សេងៗក្នុងទឹករាក់។ តាមរយៈព័ត៌មានបឋមដែលក្រុមការងារសិក្សាផូស៊ីល យើងអាចបង្ហាញអំពីភស្តុតាងនៃវត្តមានសត្វសម័យបុរាណ និងមានអីតកាលជាសមុទ្រ ដែលអាចអាយុកាលក្នុងស័ក Paleozoic សម័យកាល Permian (២៥១-២៩៩លានឆ្នាំ)។ ស្ថានីយនេះមានអាយុកាលដូចគ្នា និងភ្នំនូ ភ្នំប្រាំពីរ ដែលយើងរកឃើញភស្តុតាងនៃវត្តមានសត្វដែលប្រហាក់ប្រហែលគ្នា។ តែវត្តមាន នៃផូស៊ីលសត្វសមុទ្រទាំងនោះ មួយចំនួនមិនដឹងថាជាប្រភេទអ្វីនៅឡើយ? នេះជាចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកស្រាវជ្រាវ ដើម្បីជម្រុញឱ្យមានកិច្ចសហការណ៍ជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីបកស្រាយនៅចម្ងល់ទាំងឡាយដែលមាន៕
រូបលេខ២ រូបលេខ៣ រូបលេខ៤ រូបលេខ៥ រូបលេខ៦ រូបលេខ៧ រូបលេខ៨ រូបលេខ៩
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ