នៅក្នុងអត្ថបទភាគ១ លោកអ្នកបានស្គាល់អំពីប្រវត្តិនៃការរកឃើញ ព្រមទាំងអត្ថ-ន័យសង្ខេបរបស់សិលាចារឹកទួលអង្គក្រសាំងឆ្មារ រួចមកហើយ។ ជាបន្ដនេះ យើងនឹងស្វែងយល់នូវ លក្ខណៈគួរឱ្យកត់សម្គាល់ផ្សេងៗក្នុងសិលាចារឹកនេះ ដូចជាវាក្យសព្ទ ការប្រើប្រាស់ឆ្នាំសត្វ ទម្រង់តួអក្សរជាដើម។
១- ឆ្នាំសត្វទាំង១២
ចំណុចដែលយើងគួរតែចាប់អារម្មណ៍ដំបូងនោះ គឺការប្រើប្រាស់ឆ្នាំសត្វទាំង១២។ ខ្មែរយើងសព្វថ្ងៃស្គាល់ឆ្នាំទាំង១២ ដែលមានដូចជា៖ ជូត(កណ្ដុរ) ឆ្លូវ(គោ) ខាល(ខ្លា) ថោះ(ទន្សាយ) រោង(នាគ) ម្សាញ់(ពស់) មមី(សេះ) មមែ(ពពែ) វក(ស្វា) រកា(មាន់) ច(ឆ្កែ) និង កុរ(ជ្រូក) នេះច្បាស់ណាស់ ដ្បិតថាម្នាក់ៗរមែងមានសត្វតំណាងឆ្នាំកំណើតរបស់ខ្លួនជានិច្ច។ ឆ្នាំសត្វនេះ ប្រើសម្រាប់គណនាជោគជតារាសីរបស់បុគ្គលម្នាក់ៗផងដែរ។ បើយើងចាប់អារម្មណ៍មកលើភាសាបន្ដិចវិញ នោះនឹងកើតជាចម្ងល់ពុំខានថា ឈ្មោះឆ្នាំមួយចំនួន ហាក់បីដូចជាពុំមែនជាពាក្យខ្មែរសុទ្ធ ដូចជាឆ្នាំដែលមានសត្វឆ្កែ គឺឆ្នាំច ដែលពាក្យនេះដូចនឹងពាក្យ chó ក្នុងភាសាវៀតណាមដែរ។ ជាការពិតណាស់ តាមអ្នកស្រាវជ្រាវមាន លោក ហ្ស៊ក សឺដែស ជាដើម បានលើកឡើងថាពាក្យទាំង១២នេះ ពុំមែនជាពាក្យខ្មែរនោះទេ ប៉ុន្ដែក៏ពុំមែនជាពាក្យថៃ ឬពាក្យចិនដែរ ថ្វីដ្បិតតែឆ្នាំសត្វទាំង១២នេះ ជាឆ្នាំដែលកើតឡើងនៅប្រទេសចិនតាំងពីដើមគ្រិស្ដសករាជក៏ដោយ។ លោករកឃើញថា មានឈ្មោះឆ្នាំចំនួន៨ បានរកឃើញថាមានប្រភពមកពីភាសាមឿង ដែលជាគ្រាមភាសាមួយមានទំនាក់ទំនងជិតដិតនឹងភាសាវៀតណាម។ នៅក្នុងឆ្នាំ២០១០ លោក Michel Ferlus បានសរសេរអត្ថបទមួយក្រោមចំណងជើងថា «ឆ្នាំសត្វទាំង១២របស់ខ្មែរ៖ ភស្ដុ-តាងពីទំនាក់ទំនងបុរាណកាលរវាងវៀតណាមនិងខ្មែរ» ដោយលោកបានប្រៀបពាក្យហៅឈ្មោះឆ្នាំនីមួយៗដែលខ្មែរប្រើបច្ចុប្បន្នផង ពាក្យដែលមានក្នុងសិលាចារឹកខ្មែរបុរាណផង និងធ្វើការកសាងឡើងវិញ (Reconstruction) នូវពាក្យក្នុងភាសាពាក់ព័ន្ធមួយចំនួនផង។ ជាលទ្ធផល លោកបានរកឃើញថា ពាក្យហៅសត្វទាំង១២ក្នុងភាសាខ្មែរ គឺខ្ចីមកពីភាសាវៀតណាមបុរាណ។ ពាក្យហៅឆ្នាំទាំង១២ដែលចាស់បំផុតនៅក្នុងភាសាវៀតណាម ក៏ឃើញមាននៅក្នុងសិលាចារឹកខ្មែរផងដែរ។
គួររំលឹកឡើងវិញផងដែរថា ប្រព័ន្ធឆ្នាំសត្វទាំង១២នេះ មានកំណើតមកពីប្រទេសចិន ដែលតាមរយៈសិលាចារឹកនៅសម័យមុនអង្គរ ខ្មែរពុំដែលប្រើប្រាស់ប្រព័ន្ធរាប់ឆ្នាំបែបនេះឡើយ។ កញ្ញា នង ម៉ានី នៅក្នុងសារណាថ្នាក់បរិញ្ញាបត្រ ដែលមានប្រធានបទថា «អត្ថន័យកាលបរិច្ឆេទក្នុងសិលាចារឹកប្រទេសកម្ពុជា» បានលើកឡើងថាភស្ដុតាងចំណាស់បំផុត ដែលរកឃើញថាខ្មែរប្រើប្រាស់នៅក្នុងសម័យបុរាណ គឺនៅក្នុងសិលាចារឹកសេកតាទុយ K.៦១៨ ចារឹកនៅក្នុងស.វ.ទី១១ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទេវទី១ (សូរ្យវរ្ម័នទី១ ១០០២-១០៥០ គ.ស.)។ សេចក្ដីសិលាចារឹក ដែលទាក់ទងនឹងឆ្នាំសត្វនេះ ចារឹកឃ្លាដូច្នេះថា៖ «(បន្ទាត់ទី១) [៩]៤(៨)ឝ(កប)ញ្ចមីកេត៑ចៃត្រវ្ឫហស្បតីវារខាល៑ (បន្ទាត់ទី២)ន(ក្ឞត្រ)នុ--–ជៅភូមិស្ដុក៑ខ្លង៑តលោញចន្ទ្របុរីនុ—» ដែលអាចប្រែសម្រួលបានថា «មហាសករាជឆ្នាំ៩៤៨ (គ.ស. ១០២៦) ៥កើត ខែចែត្រ ថ្ងៃព្រហស្បតិ៍ ឆ្នាំខាល នូវ—ជាវដីភូមិស្ដុកខ្លងពីលោញចន្ទ្របុរីនិង—)»។ ប៉ុន្ដែតាមការផ្ទៀងផ្ទាត់ឡើងវិញ យើងរកឃើញថា សិលាចារឹកដែលចាស់ជាងគេមានប្រើប្រាស់ឆ្នាំសត្វទាំង១២នោះ គឺសិលាចារឹកថ្នល់ឈូក ដែលចារឡើងនៅក្នុងមហាសករាជឆ្នាំ៩១៤ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៩២ ស្ថិតនៅក្នុងរាជ្យព្រះបាទជ័យវម៌្មទេវទី៥ (ជ័យវរ្ម័នទី៥ ៩៦៨-១០០១ គ.ស.) ទៅវិញទេ។ សិលាចារឹកនោះចារយ៉ាងដូច្នេះថា «៩១៤ឝកទ្វាទឝិកេត៑វៃឝាខអាទិត្យវារហស្ដឫក្ឞរោងនក្ឞត្រ» ដែលមានន័យថា «មហាសករាជឆ្នាំ៩១៤ ១២កើត ខែពិសាខ ថ្ងៃអាទិត្យ ឫក្សស្ដ ឆ្នាំរោង»។
ត្រឡប់មកសិលាចារឹកទួលអង្គក្រសាំងឆ្មារវិញ យើងសង្កេតឃើញថានៅក្នុងការចាប់ផ្ដើមសិលាចារឹកនេះ គឺចារនូវកាលបរិច្ឆេទ។ បន្ទាត់ទី១នៃសិលាចារឹកនេះ គឺបង្ហាញនូវកាលបរិច្ឆេទ មហាសករាជឆ្នាំ១០៨៤ ឆ្នាំមមី (មងិយឝក)។ ពាក្យ «មងិយ» ជាពាក្យទីពីរដែលរកឃើញនៅក្នុងសិលាចារឹកខ្មែរ និងមានសំណេរម្យ៉ាងទៀតជា «មង្យ» ដែលឃើញមានប្រើចាស់ជាងគេនៅក្នុងសិលាចារឹកប្រាសាទភ្នំជីសូរ្យ K.៣៣ ដែលមានឃ្លាថា៖ «(ប.១៥) ៩៣៩ឝក្កមង្យនក្ឞត្រតគិរាជ្យធូលិវ្រះបាទកំ (ប.១៦)ម្រតេង៑កំត្វន៑អញ៑ឝ្រីសូយ៌្យវម៌្មទេវ…» ដែលមានន័យថា «មហាសករាជឆ្នាំ៩៣៩ ឆ្នាំមមី គឺរាជ្យធូលីព្រះបាទគម្ដែងអញស្រីសូរ្យវម៌្មទេវ»។ ចំពោះពាក្យនេះ យើងសង្កេតឃើញមានបម្រែបម្រួលពីរចំណុចធំៗគឺ បម្រែបម្រួលព្យញ្ជនៈច្រមុះ «ង» មកជា «ម» គឺប្រែប្រួលពី «មងិ» មកជា «មមិ» ដែលជាការសម្របសូរតាមព្យញ្ជនៈ «ម» ខាងដើមព្យាង្គផង។ ចំណុចមួយទៀត គឺការប្រែប្រួលព្យញ្ជនៈពាក់កណ្ដាលស្រៈ «យ៑/្យ» មកជាស្រៈ «ិ» (និងទៅជាស្រៈ ី ផងដែរ)។ ការប្រែប្រួលនេះសង្កេតឃើញមានចំពោះពាក្យជាច្រើនដូចជា៖ វ្យរ > ពីរ, វ្រ្យង៑ > ព្រីង, គគ៌្យរ៑ > គគីរ ជាដើម។ ដូច្នេះយើងឃើញថាពាក្យនេះមានការប្រែប្រួលពី មង្យ > មងិយ > មមិ > មមី។
តាមរយៈសិលាចារឹកសម័យអង្គរ គេនិយមប្រើឆ្នាំសត្វនេះជាមួយពាក្យ «នក្ឞត្រ» ដែលត្រូវនឹងពាក្យបាលីថា «នក្ខត្ត»។ «នក្ឞត្រ» ឬ «នក្សត្រ» ពីដំបូងឡើង ប្រើសម្រាប់តែផ្កាយទាំង២៧ឬ២៨ ដែលប្រើក្នុងតារាសាស្ត្រហិណ្ឌូប៉ុណ្ណោះ។ លុះមកដល់សិលាចារឹកទួលអង្គក្រសាំងឆ្មារនេះ យើងបែរជាឃើញឆ្នាំសត្វនេះ ប្រើជាមួយពាក្យ «ឝក» ដែលធ្លាប់តែឃើញប្រើកាលបរិច្ឆេទមហាសករាជប៉ុណ្ណោះ។ នេះជាបម្រែបម្រួលមួយ ដែលបន្ដមានតិចតួចរហូតមកដល់សម័យកណ្ដាល។ នៅសម័យកណ្ដាល និយមប្រើពាក្យ «នក្សត្រ» ជាមួយឆ្នាំសត្វទាំង១២ ដូចដែលឃើញនៅសម័យអង្គរដែរ។ យូរៗម្ដង យើងក៏ឃើញមានប្រើពាក្យ «សក» (ឝក > សក >ស័ក) ភ្ជាប់ជាមួយពាក្យ «នក្សត្រ» សម្រាប់ឆ្នាំសត្វផងដែរ ដូចនៅក្នុងសិលាចារឹកអង្គរវត្តលេខ៣៥៖ «នក្ឞត្រសក្កខាល» គឺ «នក្សត្រឆ្នាំខាល»។ ឆ្នាំសត្វទាំង១២នេះ យើងឃើញមានការនិយមប្រើប្រាស់យ៉ាងច្រើននៅក្នុងសិលា-ចារឹកសម័យកណ្ដាល ពុំថាតែសិលាចារឹកសម័យទំនើបនៅប្រាសាទអង្គរវត្ត ឬប្រាសាទដទៃ ឬក៏នៅទីតាំងដទៃទៀតនោះទេ។ ចាប់ពីនោះរហូតមក ខ្មែរបានប្រើប្រាស់ឆ្នាំសត្វនេះនៅក្នុងឯកសារសំណេរផ្សេងៗ និងរាប់អានយ៉ាងជិតស្និទ្ធក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង