វត្តមហរ មានទីតាំងស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ១៧គ.ម. ភាគឦសានទីរួមខេត្តកំពង់ធំ។ វត្តនេះ ជាអតីតទីតាំងប្រាសាទបុរាណមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងបន្ថែមនៅស.វ.ទី១០ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោល គឺនៅសល់តែថ្មបាយក្រៀមដែលគេយកមកតម្រៀបធ្វើជាគ្រឹះព្រះវិហារសម័យថ្មីប៉ុណ្ណោះ។ នៅរវាងដើមស.វ.ទី២០ មានអ្នកស្រាវជ្រាវបរទេសជាច្រើនរូបធ្លាប់មកសិក្សាស្រាវជ្រាវនៅវត្តមហរ ដែលមានដូចជា លោក Etienne Aymonier ឆ្នាំ១៩០០ លោក Lunet De Lajonquière ឆ្នាំ១៩០២ លោក Henri Parmentier ឆ្នាំ១៩១៣, ១៩២៧ និង១៩៣៥ លោក M. Dufosse ឆ្នាំ១៩១៨ លោក Feb Morand ឆ្នាំ១៩០៧ លោក George Coedès លោក Jean Boisselier ឆ្នាំ១៩៣៥។
ដូចពោលមកខាងលើស្រាប់ថា ប្រាសាទដែលសង់នៅស.វ.ទី៧នៅវត្តមហរបានបាត់រូបរាងអស់ទៅហើយ។ ប៉ុន្តែសព្វថ្ងៃនៅមានសេសសល់វត្ថុសិល្បៈមួយចំនួនដែលអាចឱ្យយើងអាចសិក្សាបាន ដូចជា សិលាចារឹក១ផ្ទាំង ផ្តែរទ្វារ២ផ្ទាំង ហើយក្រៅពីនេះតាមរយៈឯកសាររបស់លោក Henri Parmentier បានឱ្យដឹងថា មានផ្តែរទ្វាររចនាបថសំបូរព្រៃគុកចំនួន ២ផ្ទាំងគេបានយកទៅរក្សាទុកនៅវត្តកំពង់ធំ (សព្វថ្ងៃយើងមិនដឹងថានៅទីណាឱ្យប្រាកដ) និងផ្តែរទ្វារមួយផ្ទាំងទៀតរចនាបថព្រៃក្មេង ស.វ.ទី៧ គេបានដឹកជញ្ជូនយកទៅរក្សាទុកនៅវត្តឥន្ទកុមារ (សព្វថ្ងៃផ្តែរទ្វារនេះគេយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ)។ ក្នុងនោះ បំណែកផ្តែរទ្វារមួយដែលរក្សាទុកនៅទីតាំងដើម បាក់បែកនៅសល់តែមួយកំណាត់ខ្លី ដែលលម្អដោយក្បាច់បន្ទាត់ធ្នូរាងកោង ក្បាច់រាងរង្វង់ឆ្លាក់រូបទេពមរុតជិះសេះ និងមួយទៀតអាចជារូបព្រះឥន្រ្ទគង់នៅលើដំរី។
ផ្តែរទ្វារមានទម្រង់ជាសិល្បៈរចនាបថសំបូរព្រៃគុក ស.វ.ទី៧ ទំនងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦ – ៦៣៧)។ ដោយឡែក ផ្តែរទ្វារមួយផ្ទាំងទៀតដែលរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ គឺមានភាពល្បីល្បាញខ្លាំងណាស់ ដ្បិតផ្តែរទ្វារឆ្លាក់រៀបរាប់សាច់រឿងកំណើតលោកទាំងបី ឬរឿងសសរភ្លើងនៅផ្នែកខាងលើនៃផ្តែរ ពោល គឺមានលិង្គមានមុខតំណាងព្រះសិវស្ថិតនៅចំពាក់កណ្តាល និងអមសងខាងដោយព្រះវិស្ណុនិងព្រះព្រហ្ម ហើយចម្លាក់ផ្នែកខាងក្រោមទំនងជាចម្លាក់បង្ហាញអំពីការអភិសេកព្រះរាជា។ ចំពោះ សិលាចារឹកសម័យមុនអង្គរវិញ គេរក្សាទុកនៅខាងក្នុងព្រះវិហារវត្តមហរ ចារនៅស.វ.ទី៧ រៀបរាប់អំពីតង្វាយថ្វាយចំពោះអាទិទេព មានដូចជា ខ្ញុំបម្រើ ដីស្រែ គោ ក្របី។
រីឯភស្តុតាងនៅសម័យអង្គរវិញ យើងឃើញមាននៅសល់ថ្មបាយក្រៀមជាច្រើនដុំ ដែលគេលើកមកតម្រៀបជាខឿនព្រះវិហារ និងនៅសល់ស្លាកស្នាមកំពែងព័ទ្ធជុំវិញផង។ សំណង់ប្រាសាទសម័យអង្គរ យើងអាចនៅមើលឃើញថាជាអាគារបែរមុខទៅទិសខាងកើត មានកំពែងព័ទ្ធជុំវិញ មានផ្លូវចូលពីទិសខាងកើត អមដោយស្រះទឹកពីរ និងនៅខាងកើតឆ្ងាយពីប្រាសាទប្រមាណ ៣០០ម៉ែត្រ មានស្រះទឹកធំមួយ។ គំរូប្លង់របៀបនេះ យើងច្រើនឃើញនៅស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២ ដល់ ១០៤៩)។ ក្រៅពីនេះ ចំពោះវត្ថុសិល្បៈធ្វើអំពីថ្មភក់នៅសម័យអង្គរ មានដូចជា សិលាចារឹក១ផ្ទាំង បដិមាភេទស្រី១អង្គ ថ្មចម្រឹងបង្អួច១ដុំ ថ្មបញ្ចុះ១ដុំ ជើងទម្រង១ដុំ ថ្មគោល ៦ផ្ទាំង បដិមាតោ១ កំពូលប្រាសាទ១ដុំ និងវត្ថុសិល្បៈផ្សេងៗទៀត។ ក្នុងនោះ បដិមាភេទស្រីដែលមានរៀបរាប់នៅក្នុងឯកសាររបស់លោក Henri Parmentier មិនស្ថិតនៅទីតាំងដើមទៀតឡើយ ហើយយើងក៏មិនដឹងថានៅទីណាឱ្យប្រាកដដែរ។ បដិមានេះ យើងពិបាកកំណត់ថាជាទេពអ្វីឡើយ តែអាចជាព្រះនាងឧមា ដែលសិល្បករលម្អដោយទឹកមុខស្មើ ស្លឹកត្រចៀកវែង បួងសក់ឡើងលើ លែងខ្លួនទទេ ព្រះហស្តពីរដាច់ខាងចុងដូចគ្នា ស្លៀកសំពត់វែងមានក្រវាត់ចង្កេះ ហើយបដិមានេះមានទម្រង់ជាសិល្បៈខ្មែរនាចុងស.វ.ទី១០ ដើមស.វ.ទី១១។ រីឯបដិមាតោវិញ សិល្បករឆ្លាក់បដិមាតោឈរដោយជើងបួន ជើងខាងក្រោយរាងអង្គុញនិងជើងមុខបញ្ឈរខ្ពស់ មាត់ហាធំដោយមានចង្កូមធំៗចំនួនពីរ ដែលមានទម្រង់ជាបដិមាតោ ស.វ.ទី១០ ឬ១១។
តឹកតាងសំខាន់មួយទៀតនៅសម័យអង្គរនោះគឺ សិលាចារឹក ដែលសព្វថ្ងៃរក្សាទុកនៅខាងក្នុងព្រះវិហារវត្តមហរ។ សិលាចារឹកនេះ ចារនៅលើមេទ្វារកំពែងខាងកើតនៃប្រាសាទផ្នែកខាងត្បូង ចារឹកជាភាសាសំស្រ្កឹត មានចំនួន ៣៨បន្ទាត់ ស្មើនឹង ១៩គាថា ប៉ុន្តែ១០បន្ទាត់ខាងលើ បានរលុបអក្សរមើលលែងយល់ទៅហើយ។ លោក George Coedès ធ្លាប់សិក្សាសិលាចារឹកនេះកាលពីឆ្នាំ១៩៥៣ និងបានសន្និដ្ឋានថា ជាអក្សរចារឹកស.វ.ទី១០។ សិលាចារឹកនេះមានពត៌មានមិនគ្រប់ជ្រុងជ្រោយនោះទេ ដោយសារនៅមេទ្វារម្ខាងទៀតមានសំណេរបន្ត ប៉ុន្តែម្ខាងទៀតនោះបានបាត់បង់ទៅហើយ។ គាថាខាងលើនេះចារឹកនេះ រៀបរាប់អំពីទេវកថារឿងមហាភរត ហើយនៅគាថាទី៩ បានបញ្ជាក់អំពីនាមអ្នកជំនិតព្រះរាជាម្នាក់ឈ្មោះថា “កម្ពុ”។
ក្រៅពីវត្ថុសិល្បៈ និងហេដ្ឋារចនាសម្ព័ន្ធស្រះទឹកដែលបានរៀបរាប់ខាងលើ ក្នុងសម័យអង្គរដដែលយើងឃើញនៅខាងមុខវត្តមហរ (ជាប់នឹងស្រះទឹកធំ) មានផ្លូវបុរាណមួយដែលភ្ជាប់ពីក្រុងឦសានបុរ (សំបូរព្រៃគុក) មកកាន់វត្តមហរ ដែលតឹកតាងនេះសបញ្ជាក់ឱ្យឃើញថា សំបូរព្រៃគុក និងវត្តមហរកាលពីបុរាណ មានទំនាក់ទំនងគ្នាខ្លាំងណាស់៕
អត្ថបទដើម៖ លោក ម៉ង់ វាលី