ទំព័រដើមប្រវត្តិសាស្ត្រព័ត៌មានបឋមពីសិលាចារឹករកឃើញថ្មីនៅអូរទឹកស ខេត្តព្រះវិហារ

ព័ត៌មានបឋមពីសិលាចារឹករកឃើញថ្មីនៅអូរទឹកស ខេត្តព្រះវិហារ

កាលពីថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ២០២២ ក្រុមការងារក្រសួងបរិស្ថាន ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន​ និងក្រុមការងារពាក់ព័ន្ធ​  បាន​ចុះ​ទៅ​ទទួល​សិលា​ចារឹក​​ពី​ប្រជា​ពលរដ្ឋនៅជើងភ្នំត្បែង​ ក្នុង​ខេត្តព្រះវិហារ ​​​​មករក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ។

សិលាចារឹកមួយផ្ទាំងនេះ​ រកឃើញ​នៅក្នុងចម្ការដំឡូងមី ក្រោយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំព្រះឃ្លាំង ត្រង់ទីតាំងឈ្មោះអូរទឹក​ស ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ម្ចាស់ចម្ការឈ្មោះ ឡន លាន់ បាន​បញ្ជាក់ដំណឹង​ឱ្យ​បាន​ដឹង​ថា គាត់ធ្វើចម្ការនៅទីតាំងនេះជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពុំដែលប្រទះឃើញ​ផ្ទាំង​សិលាចារឹកនេះឡើយ។ នៅក្នុងឆ្នាំនេះ ក្រោយពេលគាត់​បានភ្ជួរ​ចម្ការដូចសព្វមួយដង​ ក៏​ពុំ​បានដឹងថាមាន​សិលាចារឹកដែរ លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ប្រពន្ធ​របស់​គាត់​ឈ្មោះ សិត​ ទើង បានដើរដាំដំឡូងមី ទើបប្រទះប៉ះចំផ្ទាំងសិលាចារឹកនេះ និង​បាន​ដាំ​បញ្ឈរ​នៅទីតាំង​រកឃើញនោះ​។ បន្ទាប់មក​ លោក ឡន លាន់ បាន​បញ្ជូន​រូបភាព​សិលា​ចា​រឹ​​ក​​នេះ​ទៅ​លោក សា ឌីណា​ ជា​ប្រធានក្រុមយុវជនកម្ពុជាអស្ចារ្យ (Cambodia Amazing) ដែល​​ធ្លាប់បានពន្យល់ណែនាំលោក ឡន លាន់ អំពីសម្បត្តិបេតិកភណ្ឌធម្មជាតិនិង​វប្ប​ធម៌​ នា​ពេលកន្លងមក។ លោក សា ឌីណា ក៏បានបញ្ជូនរូបថតសិលាចារឹកដែលរកឃើញ​នេះ​ជូន​ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ដោយ​ក្ដី​ស្រឡាញ់​និង​ខ្វាយ​ខ្វល់​ចំពោះ​​សម្បត្តិបេតិកភណ្ឌជាតិ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ក៏បាន​ឱ្យ​ក្រុម​ការ​ងារ​ក្រសួង​​បរិស្ថាន ដឹកនាំ​ដោយ​លោក សេង សោត អគ្គនាយករងនៃអគ្គនាយកដ្ឋាន​សហ-​គមន៍​​មូលដ្ឋាន​ ស្នើសុំ​កិច្ច​សហការ​ជាមួយ​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះ​ទៅទ​ទួល​​​យ​ក​សិលាចារឹកមួយ​ផ្ទាំង​នេះ​ មក​រក្សា​​ទុក​នៅ​សារមន្ទីរជាតិ ដោយ​ជោគជ័យ​និង​ផ្លែ​ផ្កា។

ក្រុមការងារចុះទទួលសិលាចារឹក (រូបថត៖ ហ៊ុន ឈុនតេង)
សិលាចារឹកអូរទឹកស​ (រូបថត៖ ហ៊ុន ឈុនតេង)

សិលាចារឹកនេះ​ មានរាងជាសន្លឹកសីមា​ សាងអំពីថ្មភក់ មាន​កម្ពស់​ ៩០ ស.ម. បន្ទារ​អតិបរមា ៤៥ ស.ម. និង​កម្រាស់អតិបរិមា ១១.៥ ស.ម.។ សិលាចារឹកនេះ មានអត្ថ-បទ​ចារឹកទាំង៤ជ្រុង។  ភាសា​ប្រើប្រាស់នៅក្នុងសិលាចារឹកនេះ គឺភាសាសំស្ក្រឹត (ចារ​ជា​កំណាព្យ) និង​ភាសាខ្មែរបុរាណ។ តាម​ទម្រង់អក្សរ សេចក្ដីក្នុងអត្ថបទ និងកាលបរិច្ឆេទ​ដែល​រលុបពុំច្បាស់ យើងអាចសន្និដ្ឋានបានថា​ អត្ថបទចារឹកនេះ ចារនៅក្នុងអំឡុង​ពាក់​កណ្ដាល​ទី២ នៃស.វ.ទី១០ ក្នុងរាជ្យព្រះបាទ​រាជេន្ទ្រវម៌្មទេវ(រាជេន្ទ្រវរ្ម័ន)។

នៅ​ជ្រុងទី១ មានអក្សរចារឹកចំនួន២៦បន្ទាត់ ​ចារ​ជាកំណាព្យ​សំស្ក្រឹត២៥បន្ទាត់ និង​​ខ្មែរ១បន្ទាត់ ចារបញ្ឈរនៅផ្ទៃខាងឆ្វេង។ អត្ថបទនៅជ្រុងទី១នេះ មាន​សភាព​ល្អ​ប្រសើរ ប៉ុន្ដែ​នៅផ្ទៃ​ខាងស្ដាំផ្នែកខាងក្រោម ផ្ទៃថ្មខូចខាតដាច់បាត់អត្ថបទ​​ខ្លះៗ ចំនួន​៧​បន្ទាត់។​ នៅ​ជ្រុងទី២ មាន​អក្សរ​ចារឹក​ចំនួន​​៣៣បន្ទាត់ ចារ​ជា​សំស្ក្រឹត​១៩បន្ទាត់​ផ្ដេក​លើ​ផ្ទៃ​ទទឹងនៃសិលាចារឹក ១បន្ទាត់ទៀត​ចារ​បញ្ឈរ និងចារ​ជា​ភាសា​ខ្មែរបុរាណ​​១៣បន្ទាត់។ នៅ​ជ្រុង​​ទី២នេះ​ ផ្ទៃថ្មសឹករេចរឹល​ខូចខាតដោយធម្មជាតិ​ស្ទើរតែទាំងស្រុង បណ្ដាល​ឱ្យ​អត្ថបទ​ចារឹក​​នៅសល់ប្រមាណ​២០ភាគរយប៉ុណ្ណោះនៃអត្ថបទ​ដើម​ ជាហេតុនាំឱ្យ​យើង​ពុំ​អាច​អាន​អត្ថបទ​បាន​ទាំងស្រុងឡើយ។ ការខូចខាតនេះ នាំឱ្យបាត់បង់ទិន្នន័យនិង​ព័ត៌-​មាន​​​​សំខាន់​ជាច្រើន។​ ជ្រុងទី៣ ជាជ្រុង​កម្រាស់សិលាចារឹក​ មានចារឹក​ភាសាខ្មែរបុរាណ​ចំនួន​​​៣៥បន្ទាត់ មានសភាពល្អ ដែលយើងអាចអាននិងយល់សេចក្ដីបានទាំងស្រុង។ នៅជ្រុង​ទី៤ ដែល​ជា​ជ្រុងកម្រាស់សិលាចារឹកម្ខាងទៀត មាន​ចារឹក​អត្ថបទភាសាខ្មែរ ចំនួន៨បន្ទាត់​ ដែល​​អក្សរនៅជ្រុងនេះចារពុំសូវជ្រៅល្អ ប៉ុន្ដែ​យើងអាចអាន​និង​យល់​សេចក្ដី​បាន​ទាំង​​ស្រុង​​ផង​ដែរ​​។

អត្ថន័យសង្ខេប​នៃសិលាចារឹក​អូរទឹកស

ជ្រុងទី១

អត្ថបទ​ចាប់ផ្ដើមដោយបទនមស្ការចំពោះព្រះឥសូរ និងរៀបរាប់ពីព្រះមហាក្សត្រសម័យមុនអង្គរចំនួន​៣ព្រះអង្គ​​ មាន​ព្រះបាទ​រុទ្រវម៌្ម (រុទ្រវរ្ម័ន) ​ និងបុ​ត្រីកៅណ្ឌិន្យ, ព្រះ​បាទ​ភវវម៌្ម(ភវវរ្ម័នទី២?) និងព្រះបាទ​ជ័យវម៌្ម(ជ័យវរ្ម័នទី១)។ បន្ទាប់មក​រៀប​រាប់​​ពីព្រះមហា​​ក្សត្រសម័យអង្គរចំនួន​៦អង្គ មានព្រះបាទយ​សោវម៌្មទេវ(យសោវរ្ម័នទី១) ព្រះ​បាទហស៌វម៌្ម​ទេវ(ហស៌វរ្ម័នទី១) ព្រះបាទឥសានវម៌្មទេវ(ឥសានវរ្ម័នទី២) ព្រះបាទជ័យវម៌្មទេវ(ជ័យវរ្ម័នទី៤) ព្រះបាទហស៌វម៌្មទេវ(ហស៌វរ្ម័នទី២) និងព្រះបាទរាជេន្ទ្រវម៌្មទេវ(រាជេន្ទ្រវរ្ម័ន)។ ចំណែកឯមួយបន្ទាត់​ជាភាសាខ្មែរ ចារប្រាប់​ឈ្មោះស្រុកភទ្រ​ក្សេត្រ និងអ្នកបម្រើប្រុសស្រី

ដែលគេថ្វាយចំពោះប្រាសាទ។

ជ្រុងទី

នៅជ្រុងនេះ ផ្នែកភាសាសំស្ក្រឹត​បានរៀបរាប់អំពីព្រាហ្មណ៍មួយអង្គ ដែល​បាន​ដាច់​បាត់​ឈ្មោះ ទំនង​ជា​ព្រាហ្មណ៍សិវាចារ្យ(?) ដែលមាន​ចារនៅបន្ទាត់បញ្ឈរ។ នៅក្នុង​អត្ថបទ​​ភាសា​ខ្មែរ មានចុះកាលបរិច្ឆេទពីរកន្លែង​ដែល​សឹករេចរឹក​ ពិបាកមើល។ កាលបរិច្ឆេទ​នោះ​ ទំនងជា​មហាសករាជ​ ៨៧៤ (៩៥២ គ.ស.) និង ៨៧៥ (៩៥៣ គ.ស.) និង​ព្រះ​នាម​ព្រះ​បាទរុទ្រវម៌្ម(រុទ្រ​វរ្ម័ន) និងភវវម៌្ម(ភវវរ្ម័នទី២)។  អត្ថបទនេះក៏បានបង្ហាញ​ពីទេពនិង​ប្រាសាទ​ព្រះនាម «រុទ្រធារេសូរ» (រុទ្រធារេឝ្វរ) ដែលជាព្រះនាម​របស់​ព្រះឥសូរផងដែរ។ ព្រះនាម​ទេព​អង្គនេះ ពុំធ្លាប់ជួបប្រទះ​នៅក្នុងសិលាចារឹកខ្មែរ​ពីមុនមកឡើយ។ យើង​ពុំ​ទាន់​មាន​ភស្ដុ​តាង​​​បញ្ជាក់ឱ្យបានច្បាស់ថា​ តើ​ប្រាសាទ​របស់​ទេព​អង្គនេះ​ មាន​ទីតាំង​ស្ថិត​នៅ​ទីណានៅឡើយទេ។​ ក្រៅពីនេះក៏សង្កេតឃើញមានពាក្យដែលបញ្ជាក់ពីតង្វាយថ្វាយចំពោះទេពរុទ្រាធារេសូរ មានដូចជាភូមិស្រុក និងអ្នកបម្រើប្រុសស្រីជាដើម។

ជ្រុងទី៣

នៅជ្រុងនេះ ជាអត្ថបទភាសាខ្មែរ ដែលបង្ហាញ​តង្វាយរបស់​ម្រតេញ៑សិវាចារ្យ​ ​មាន​ស្រុកឈ្មោះ «សិវោទយនិវាស» និងដីស្រែពីរកន្លែង ព្រមទាំង​អ្នកបម្រើប្រុសស្រី​ចំនួន​៥នាក់។ ស្រុកឈ្មោះ «​ភវក្សេត្រ»​ និងអ្នកបម្រើស្រីប្រុស៥នាក់។ អ្នកបម្រើ​ប្រុសស្រី​ចំនួន​១២​នាក់ទៀត ជាអ្នកនៅ​សិវាល័យនិង​ព្រៃផ្ដៅ។

ជ្រុងទី៤

​នៅជ្រុងនេះ ជាអត្ថបទភាសាខ្មែរ បង្ហាញពីតង្វាយរបស់ម្រតាញកុរុង​រណគជ៌ិត(?)​ រួមមាន​ស្រែ ត្រពាំង អណ្ដូងទឹក អ្នកបម្រើ១៧នាក់ និង​ក្របី១នឹម។

សកម្មភាព​សម្អាតពិនិត្យផ្ទៀងផ្ទាត់អំណានសិលាចារឹក​​ (រូបថត៖ អ៊ុក វណ្ណារិទ្ធិ)

អត្ថបទដែល​លើក​មកបង្ហាញ​នេះ គ្រាន់តែជាព័ត៌មាន​បឋម​អំពី​អត្ថន័យ​សិលាចារឹក​នេះ​ប៉ុណ្ណោះ​។ សិលាចារឹកនេះ​ ​កំពុងសិក្សា​លម្អិតដោយអ្នកនាងបណ្ឌិត ឆោម គន្ធា លោក​សាស្ត្រាចារ្យ ដូមីនិក ហ្គុដ្ដល្ល (Dominic Goodall) និងលោក ហ៊ុន ឈុនតេង៕

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!