វត្តកំពង់ត្រឡាចលើ ជាបូជនីយដ្ឋានពុទ្ធសាសនាដ៏ល្បី ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វត្តនេះមានឈ្មោះមួយទៀតគឺ “វត្តពោធិរុក្ខារាម” ដែលគេស្គាល់ជាទូទៅថាមានវិហារចាស់មួយប្រកបដោយគំនូរបុរាណយ៉ាងវិចិត្រ។ ឯកសារនិងការនិទានខ្លះថាវត្តកំពង់ត្រឡាចលើ កកើតឡើងតាំងពីឆ្នាំ១៦៧២ វិហារកសាងឆ្នាំ១៨៤៧ និងគូរគំនូរឆ្នាំ១៨៥០។ ប៉ុន្តែបើផ្អែកលើលក្ខណៈសំណង់ និងតឹកតាងខ្លះ គេសន្និដ្ឋានថាវិហារកសាងក្នុងដើមសតវត្សទី២០។ ជាអកុសល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យគេបានយកវិហារនេះធ្វើជាឃ្លាំងស្តុកអំបិល និងរក្សាថ្នាំបណ្តាលឱ្យខូចខាត ព្រមទាំងរលុបគំនូរដោយអន្លើ។
វិហារវត្តកំពង់ត្រឡាចលើ ដែលយើងមើលឃើញគង់វង្សដល់សព្វថ្ងៃនេះ កសាងឡើងនៅលើទីទួលមួយ មានស្រះទឹកព័ទ្ធជុំវិញទាំងបួនជ្រុង និងមានច្រកចូលទាំងបួនទិស។ វិហារនេះសង់អំពីឥដ្ឋ និងកំបោរបាយអនៅលើខឿនពីរថ្នាក់។ ខឿនថ្នាក់ទី១ ជាថ្មបាយក្រៀមធំៗដាក់តម្រៀបជុំវិញ មានកម្ពស់ប្រហែល១ម៉ែត្រ រីឯខឿនថ្នាក់ទី២ មានកម្ពស់ប្រហែលជាង១ម៉ែត្រ។ បណ្តោយវិហារមានប្រវែងជាង១៥ ម៉ែត្រ ទទឹងប្រវែងជាង៧ម៉ែត្រ ដំបូលប្រក់ក្បឿងស្រកាលេញ កសាងឡើងក្នុងលក្ខណៈជាវិហារបុរាណ បំពាក់ជហ្វា៤ (រូបលេខ១)។ ចាប់តាំងពីក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ វិហារវត្តកំពង់ត្រឡាចលើ ធ្លាប់បានរៀបចំ និងជួសជុលជាហូរហែ។ ឆ្នាំ១៩៨២ គេបានរៀបចំកសាងបល័ង្កព្រះជីវ៍ឡើងវិញ ដោយរៀបចំតម្កល់ព្រះបដិមានានា ជាព្រះពុទ្ធរូបពុម្ពស៊ីម៉ងត៍ដូចឃើញសព្វថ្ងៃ នៅត្រង់ចន្លោះល្វែងគ្រឹះផ្នែកខាងលិច។ ឆ្នាំ២០០៣ អង្គការយូណេស្កូសហការជាមួយដៃគូជំនាញ បានសិក្សាចងក្រងឯកសារ ថតរូបគំនូរលើពិតាន និងតាមជញ្ជាំងនីមួយៗ ព្រមទាំងសម្អាតជួសជុលរចនាសម្ព័ន្ធចាំបាច់។ ចុងឆ្នាំ២០១០ ដល់ដើមឆ្នាំ២០១១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសិក្សាអភិរក្សរចនាសម្ព័ន្ធដំបូល និងជួសជុលគំនូរ។
ចំពោះរចនាសម្ព័ន្ធវិហារ នៅខឿនថ្នាក់ទី២ គេឃើញមានជណ្តើរចំនួន៦ ដោយនៅផ្នែកខាងមុខមានជណ្តើរពីរ និងទ្វារពីរ ហើយនៅផ្នែកខាងក្រោយ ក៏ឃើញមានជណ្តើរពីរ និងទ្វារចេញចូលពីរដែរ។ ប៉ុន្តែនៅផ្នែកចំហៀងទាំងសងខាង គេឃើញមានជណ្តើរម្ខាងមួយដូចគ្នា ហើយពុំមានទ្វារចេញចូលឡើយ ពោលគេរៀបចំឱ្យមានបង្អួចម្ខាង៥។ ចំណែកឯជើងជញ្ជាំងខាងក្រៅត្រង់ចន្លោះរបៀងបាំងសាច រចនាជាល្បាក់ធំៗកម្ពស់ត្រឹមលើចង្កេះ។
ក្បាច់ស៊ុមទ្វារ គេប្រើជាក្បាច់ភ្ញីទេស ដែលនៅផ្ទៃកណ្តាលមានរូបរាហ៊ូនិងនៅផ្នែកចំហៀងទ្រចុងទងក្បាច់ គេរចនាឱ្យមានលំនាំដូចគ្រុឌទ្រចុងដំបូល។ រីឯក្បាច់ស៊ុមបង្អួចជុំវិញទាំងអស់ គេរចនាមានលក្ខណៈស្រដៀងនឹងមកុដ។ ប៉ុន្តែជាការគួរឱ្យសម្គាល់ នៅលើសន្លឹកទ្វារ និងបង្អួចនីមួយៗ គឺជាផ្ទៃឈើលាតទាំងអស់ ពុំមានក្បាច់ក្បូរលម្អអ្វីបន្តិចសោះ។ ដូច្នេះសន្លឹកទ្វារបង្អួចទាំងនេះ ប្រហែលគេប្តូរផ្លាស់ក្នុងពេលណាមួយ នៃសម័យក្រោយៗមក។
ដោយឡែកហោជាងទាំងសងខាងនៃវិហារនេះ គេរចនាជាភ្ញីទេសយ៉ាងរស់រវើក លាបពណ៌ដីលែង រំលេចជុំវិញរង្វង់ពងក្រពើដែលចារឹកកាលបរិច្ឆេទ និងឈ្មោះអ្នកមានសទ្ធាសាងបូជាព្រះរតនត្រ័យ។ ហោជាងទាំងពីរចារឹកកាលបរិច្ឆេទ “ពុទ្ធសករាជ២៤៦៨” ដែលត្រូវនឹងរវាងគ្រិស្តសករាជ១៩២៥។ ប៉ុន្តែយ៉ាងណាក៏ដោយតាមរយៈរូបថតសាលាបារាំងចុងបូព៌ាប្រទេស (EFEO) ថតឆ្នាំ១៩២៩ (EFEO_CAM15561) បង្ហាញថាហោជាងវិហារវត្តកំពង់ត្រឡាចលើក្នុងគ្រានោះ រចនាលម្អដោយក្បាច់ភ្ញីទេស រំលេចជុំវិញរូបមួយមានលំនាំដូចប្រាសាទ(?)។ ហោជាងដើមនោះទំនងឆ្លាក់អំពីឈើ ពោលគឺពុំមែនជាហោជាងរចនាលម្អអំពីស៊ីម៉ងត៍ដូចសព្វថ្ងៃឡើយ។ ដូច្នេះហោជាងដែលឃើញសព្វថ្ងៃ ព្រមទាំងចារឹកកាលបរិច្ឆេទនោះ ទំនងជួសជុលប្តូរផ្លាស់ពេលក្រោយ ហើយចារឹកកត់ទុកកាលបរិច្ឆេខាងលើទុកជាចំណាំតមក។
ឆ្នាំ១៩២៩ (©EFEO)
បើប្រៀបធៀបរូបថតឆ្នាំ១៩២៩ ខាងលើនោះគេឃើញថា ការលម្អក្បាលសសររបៀងបាំងសាចជុំវិញវិហារ ក្បាច់លម្អរងស្បូវ និងនាគដងក្តារទាំងអស់ក៏បានប្តូរផ្លាស់ដូចហោជាងទាំងពីរដែរ។ ទន្ទឹមនឹងនេះ ប្រសិនបើគេពិនិត្យមើលរូបថតសាលាបារាំងចុងបូព៌ាប្រទេសថតក្នុងឆ្នាំ១៩២៩ មួយសន្លឹកផ្សេងទៀត (EFEO_CAM15591) (រូបលេខ៩) គេឃើញថាព្រះជីវ៍ដើមនៃវិហារនេះតម្កល់លើបល័ង្កខ្ពស់ក្នុងបុស្បុក ដែលមានព្រះបដិមាក្នុងកាយវិការផ្ចាញ់មារតូចមួយតម្កល់នៅខាងមុខ។ ប៉ុន្តែព្រះជីវ៍បច្ចុប្បន្ន ជាព្រះបដិមាចាក់ពុម្ពស៊ីម៉ងត៍(?) ក្នុងកាយវិការផ្ចាញ់មារ តម្កល់លើបល័ង្កកសាងក្នុងឆ្នាំ១៩៨២ (រូបលេខ១០)។ រីឯព្រះបដិមាផ្ចាញ់មារដែលធ្លាប់តម្កល់មុខព្រះជីវ៍ចាស់ គេបានរំកិលតម្កល់ទុកក្រោយព្រះជីវ៍ធំសព្វថ្ងៃ (រូបលេខ១១)។ លើសពីនេះ គេបានកែសម្រួលសសរខាងក្នុងទាំងអស់ ដោយលុបឆ្នូតចង្អូរបណ្តោយសសរ និងប្តូរការ៉ូបាតផងដែរ។
(©EFEO)
ចំណែកឯគំនូរក្នុងវិហារខាងលើនេះ ជាប្រភេទគំនូរបុរាណដ៏ល្អវិចិត្រ និយាយអំពីអន្លើ ឬតួអង្គខ្លះក្នុងរឿងរាមកេរ្តិ៍ រឿងពុទ្ធប្រវត្តិ និងរឿងជាតក។ រឿងរាមកេរ្តិ៍ គេគូរនៅលើពិតាន ត្រង់លើចន្លោះល្វែងគ្រឹះ តួអង្គមួយភាគធំទៀតគូរនៅត្រង់ហប់ខ្យល់ និងតាមគែមបង្អួច(រូបលេខ១២-១៣)។ រឿងពុទ្ធប្រវត្តិ និងរឿងជាតក គេគូរលើជញ្ជាំងជុំវិញ តែរឿងពុទ្ធប្រវត្តិគេគូរនៅបន្ទាត់ខាងលើ (រូបលេខ១៤-១៥) រីឯរឿងជាតកនៅបន្ទាត់ខាងក្រោម (រូបលេខ១៦-១៧)។ អ្វីដែលគួរឱ្យកត់សម្គាល់នៃគំនូរបុរាណក្នុងវិហារនេះ នៅត្រង់អន្លើខ្លះក្នុងរឿងពុទ្ធប្រវត្តិ និងរឿងជាតក គេបានគូរបញ្ចូលបន្ថែមទិដ្ឋភាពជីវភាពរស់នៅរបស់អ្នកស្រុក និងល្បែងរបាំផ្សេងៗ (រូបលេខ១៨-១៩)។
រួមសេចក្តីមក វិហារវត្តកំពង់ត្រឡាចលើ ជាស្ថាបត្យកម្មពុទ្ធសាសនាដ៏ល្អវិសេស ដ្បិតមានគំនូរបុរាណល្អឯកប្រកបដោយខ្លឹមសារយ៉ាងសំខាន់។ ប៉ុន្តែការលើកឡើងថាវត្តនេះកកើតក្នុងចុងសតវត្សទី១៧ ហើយសង់វិហារនិងគូរគំនូររវាងពាក់កណ្តាលសតវត្សទី១៩ ហាក់ជាព័ត៌មានគួរឱ្យពិចារណា ព្រោះចន្លោះពេលកកើតវត្ត និងកសាងវិហារឃ្លាតគ្នារហូតជាង២០០ឆ្នាំ។ លើសពីនេះក្នុងកំណត់ហេតុលោក ហ្សង់ មូរ៉ា (Jean Moura) អំពី “ដំណើរពីភ្នំពេញទៅកាន់ខេត្តពោធិសាត់ ឆ្នាំ១៨៨៣” និយាយពីភូមិកំពង់ត្រឡាច តែពុំមានចំណុចណានិយាយពីវត្តឈ្មោះកំពង់ត្រឡាចឡើយ។ ម្យ៉ាងទៀត សាលាធម្មសភាវត្តនេះកសាងក្នុងឆ្នាំ១៩២២។ ដូច្នេះវិហារទំនងកសាងឡើងក្នុងរវាងដើមសតវត្សទី២០ ពោលគឺកសាងក្រោយសាលាធម្មសភាដូចបណ្តាវត្តទូទៅដែរ៕
———————————–
The Vihara of Vat Kampong Tralach Leur
Kapong Tralach Leur pagoda is a popular pagoda in Kampong Chhnang province. The official name of the pagoda is Vat Po Rukha Ram. According to the legend and some documentation, the Kampong Tralach pagoda or Vat Kampong Tralach was built in 1672, the Vihara was built in 1847, and the painting was painted in 1850. However, based on the structure and some findings, the pagoda might be built in the early 20th century. During the Pol Pot regime, the Vihara was used to store the salt and some medicine which cause seriously flaking and fading of the painting.
The Vihara was built on a mound, surrounded by the ponds, and has four entrances from four cardinal directions. It was built in brick and coated with stucco. The first level is one meter in height and made from big blocks of laterite. The second level is also one-meter in height. The Vihara is 15 meters in length and 7 meters in width. It has a roof and is filled in with fish scale tiles. This Vihara is listed in the type of ancient Vihara as it has four Jvars.
Since the end of the Pol Pot regime, the Vihara has been restored many times. In 1982, a big pedestal was built to install the main Buddha statues and also some small Buddha statues. In 2003, UNESCO and the specialists were collecting the data and photographed paintings on ceilings and the walls to be restored. At the end of 2010 and early 2011, the Ministry of Culture and Fine Arts studied the structure of the roof and restored paintings.
The second level of the Vihara has 6 stairs. There are two stairs and two doors in the front and the same arrangement apply at the back. The walls in the south and the north directions do not have a door. There is an additional part or gallery in the south and the north. The motif around the door is called Phnhi Tesh and it has a Rahu (Kala) in the middle and Garudas on the sides. The whole design is similar to a crown. However, the doors and the windows do not have the decoration. Those elements might be the replacement. Both pediments were designed with Phnhi Tesh motif and oval shape design, painted in ochre, and show the date, 2468 BE which is 1925 CE. According to the photo from EFEO in 1929, the pediments were decorated with Phnhi Tesh motifs and a temple? The original pediments were probably made of wood. Therefore, the current pediments and the date are new. Once again, based on the photo of EFEO, the main Buddha in the Vihara was installed on a high Pushpaka (Vimana). It had a small statue in Bhumisparsa mudra in the front. In the present, the small Buddha in Bhumisparsa mudra is located at the back of a current concrete Buddha statue. More importantly, all the columns have changed their shape and design. The tiles on the floor were also replaced.
The inner paintings are beautiful ancient paintings. It depicts Ramayana, Buddha-hood, and Jataka. Ramaya story was painted on the ceiling and the edges of the windows. Buddha-hood and Jataka were painted on the wall. Remarkable, the Buddha-hood was painted on the top. Besides, paintings also express the daily life of the people in the French colonization period. The Vihara of Vat Kampong Tralach is significant architecture. However, the date between construction and painting is 200 years different, which could be a concern. The record of Jean Moura in 1882 did mention Vat Kampong Tralach. Furthermore, another structure called Dharmasabha was constructed in 1922. Therefore, the Vihara might built early 20th century together with Dharmasabha.
អត្ថបទដើម៖ ហៀន សុវណ្ណមរកត