ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៨)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ២៨)

សានក៏ស្ទុះ ទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់ យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាម ឥតបង្អង់។ លុះមកដល់លើទ្វារហើយ នាយសានក៏បែរគូទ ទម្លាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើឲ្យនាយសាន ធ្ងន់ខ្លួនរយីងរយោង។

នាយកោប ដែលលិទ្ធអណ្ដាត រង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយ ត្រង់គល់ក ។ នាយសានលាន់សម្លេង ឮងឹក រួចធ្លាក់ខ្ពោកដល់ដី។

និលពេជ្រ ដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ៖ និលពេជ្រខ្សឹបហៅ៖

  • សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។

នាយធីដឹកមុខឡើងជណ្ដើរ ដល់ចុង ក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះ ដាវអគ្គីលៀនចេញធ្លោ ពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាឮឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហាន ក៏ជ្រុះមកក្នុងរបងផ្ទះនាយគី ខ្ពោកៗ បន្តបន្ទាប់គ្នា ដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គី តយុទ្ធម៉ាំងៗ យ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាឲ្យឈប់។

  • ឈប់ ! អ្នកណាហ្នឹង ?

អគ្គីឆ្លើយថា៖

  • អញ!
  • អឺ ! គីទេឬ ?
  • អឺ ! អញ ម៉េចនិលទេឬ ? ឯងមកលេងនឹងអញឬ ?
  • អឺអញៗ មកលេង!
  • បើមកលេង មកកុំបង្អង់ !
  • ឯងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
  • អញមកជាតំណាងច្បាប់។

នាយកោបចេញពីគុម្ពផ្កាមក សើចក្អាកក្អាយ៖

  • ហាសៗ តំណាងច្បាប់ ! មានតែចោរទេ ដែលចូលក្នុងរបងផ្ទះគេ ដោយលបៗ ។ អ្នកតំណាងច្បាប់ មិនធ្វើដូច្នោះទេ។
  • យី ! អាកោប អញមកនេះមានសំបុត្រ។
  • ចាំភ្លឺស្រួលបួលទៅពូ ! មានអី។
  • អាកោប អញមិនខ្ចីនិយាយនឹងឯងទេ។

និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់ រាំងដើមទ្រូងនិលពេជ្រ។

  • មិនបានទេ ! មិត្ដទៅណាមកណា ទៅមិនបាន។
  • អញទៅក្នុងផ្ទះ។
  • ប្លន់ឬ ?
  • អញចាប់មនុស្សទោស។
  • គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។
  • មាន ។
  • ទៅមិនបាន ទៅស្លាប់ឯង ឬ ស្លាប់អញ !
  • ព្រះកម្ពុតឲ្យអញមកណ៎ា។
  • ទេវតាឲ្យមកក៏ត្រូវឈប់ ដ្បិតអគ្គីមិនឲ្យចូលទៅ។
  • ឯងរឹងទទឹងនឹងច្បាប់ឬ ?
  • ឯងរកចាប់អ្នកណា ?
  • មានន្ទ !
  • ហ៊ីសៗ អាក្រពើ វង្វេងបឹង!
  • មានន្ទនៅឯណា?
  • នៅនេះ ?
  • សម្លេងមានន្ទលាន់ឮឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ ដែលចាំងផ្លេកៗ។
  • រកខ្ញុំធ្វើអី ?
  • ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។

មានន្ទកញ្ឆក់សំបុត្រ ពីដៃនិលពេជ្របាន ញីហែកខ្ទេចខ្ទី គ្រវាត់ចោលទៅ។ និលពេជ្រខឹង ខ្មួលឡើង។

  • យី ! ម៉េចព្រះតេជគុណ ហ៊ានហែកសំបុត្រព្រះកម្ពុត ?
  • ខ្លាចអី សំបុត្រមិនត្រឹមត្រូវតាមច្បាប់។
  • មិនមែនទេ ! បោះត្រាលោកផងណា!
  • អើ! ត្រាមែន តែសំបុត្ររំលោភ ឲ្យចាប់យើងទាំងយប់ គ្មានច្បាប់ណាឲ្យចាប់ដូចនេះទេ។
  • អាកូន ! ចូលចាប់ !

មានន្ទថយក្រោយបីជំហាន គ្រវាសដាវ និយាយយ៉ាងសង្ហាថា៖

  • ចាប់មានន្ទបាន លុះត្រាតែធ្លាក់អាវុធពីដៃ។

នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់ឮឆាំងៗ ចែសៗ ឡើងពីរោះ ដូចសូររនាតដែក។ បី ទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវ ស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាង ដួលច្រច្រោងជើង បាត់ស្មារតី រួចស្រែកថា៖

  • មួយហើយវើយ !

មានន្ទវាយថយ រត់ទៅគេច នឹងគល់ឈើ ដែលធ្វើឲ្យខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវ ខ្វែងខ្វាត់ ច្រវាត់គ្នា ច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួន ឯគល់ឈើមួយទៀត។ ខាងនិលពេជ្រ រកមិនឃើញ រេរា។ មានន្ទស្រែកហៅ ថា៖

  • ឯនេះទេវើយ ! មក !

កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាង វាយខ្នងនាយធីផូង មួយដាវអស់ទំហឹង ដែលនាំឲ្យធីភ័យជាអនេក។ ដល់ដឹងថា មានន្ទ ក៏ស្ទុះហក់ដេញ តាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គី ក៏បង្កើតបរិយាកាសកំប្លែងលេង លាយមែនដូចគ្នា។ យូរៗ នាយកោប បែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបី ចេះតែវាយថយ រហូតទៅដល់នឹងហ្វូងសេះ របស់កងនិលពេជ្រ ដែលចងតម្រៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំង ថា៖

  • ឡើងសេះ !

នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅ ដោយមានជនខាងនិលពេជ្រ ដេញជាប់ពីក្រោយ។ រីឯមានន្ទ កាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយ ដួលព្រូស។ មានន្ទរមៀលខ្លួន បណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញ តដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវ មិនឲ្យមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជា ឲ្យទាហានម្នាក់ លែងខ្សែសេះ ឲ្យរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើង ដួលផ្កាប់មុខ ដោយមិនដឹងខ្លួន។ កងខាងនិលពេជ្រ រោមមានន្ទដូចស្រមោច ថ្វីដ្បិតតែមានខ្លះ ត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបាន ក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជា ឲ្យកងពលឡើងសេះតាមទៅដែរ។ មានន្ទ រត់ឆ្លងអូរ ឆ្លងជ្រោះ យ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយ មិនឈប់ឈរ។

ព្រះអរុណ រះស្វាងឡើង ។ សេះមានន្ទ កាន់តែដាបទៅៗ រីឯខ្មាំង កាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់ មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណា ឲ្យរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិល តោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយ ឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ ដកដង្ហើមវែងៗ ឲ្យមានកម្លាំង។ មាណពនឹកថា ខ្យល់ព្យុះ មុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរ ហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ ដែលគ្មានដឹងឮ ដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយ ម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសម្លឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យ ក៏ឡើងថ្លាត្រចង់ គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់ តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរ ជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា «ពួកនិលពេជ្រ ស្លាប់ថ្ងៃនេះ ក៏ក្រែលដែរ គឺខ្មាំងស្លាប់ នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។

សត្វកុក ដែលនៅប្របផ្លូវ ពួនសម្ងំចឹកត្រី ក្នុងថ្លុកមួយ ផ្អើលឈូហើរឡើង។ មានន្ទភ្ញាក់ព្រើត ក្រាបពួន តែដល់មិនឃើញអ្វី ក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «ឱ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរ យកជើងព្រៃ។ លុះដល់ផ្ទះមួយ ដែលនៅចុងភូមិ អ្នកឡើងភ្លាម ចូលទៅក្នុងបន្ទប់បិទទ្វារបាត់៕ 

(សូមរងចាំតាមដានភាគទី២៩ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!