នៅរវាងដើមស.វ.ទី១១ មានព្រះមហាក្សត្រមួយអង្គដែលកើតចេញពីវង្សត្រកូលខ្ពង់ខ្ពស់មួយ ហើយប្រវត្តិវិទូមួយចំនួនច្រើនយល់ថា ទ្រង់ទំនងជាស្តេចត្រាញ់មួយអង្គក៏ថាបាន នោះគឺព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ មុននឹងឡើងគ្រងរាជ្យគ្រប់គ្រងដែនដីខ្មែរទាំងមូល ទ្រង់បានធ្វើ សង្រ្គាមប្រឆាំងជាមួយស្តេចមួយអង្គទៀតដែលសោយរាជ្យនៅតំបន់អង្គរ គឺព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០២-១០០៦)។ ថ្វីដ្បិតព្រះបាទសូរ្យវរ្ម័នទី១ គឺជាស្តេចដែលមិនជាប់ខ្សែស្រឡាយរាជវង្ស ជាមួយស្តេចអង្គមុនៗក៏ដោយ នៅក្នុងរជ្ជកាលរបស់ទ្រង់គេមើលឃើញថាមានភាពរីកចម្រើន យ៉ាងខ្លាំងទាំងផ្នែកនយោបាយ ការទូត និងសាសនា។ ដោយឡែក ប្រសិនបើគេនិយាយអំពីសំណង់ ប្រាសាទដែលកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ គឺមានច្រើនពេកពន់ណាស់ ហើយមានស្ទើរទូទាំងដែនអាណាចក្រខ្មែរ។ នៅក្នុងអត្ថបទនេះ យើងនឹងលើកយកប្រាសាទមួយ ដែលកសាងឡើងនៅក្នុងរជ្ជកាលរបស់ទ្រង់មួយដែលមានឈ្មោះថា “គុកនគរ”។
ពាក្យថា “គុកនគរ” អាចជាពាក្យផ្សំរវាងពាក្យខ្មែរថា ”គុក” និងពាក្យសំស្រ្កឹតថា “នគរ” ដែល មានន័យថា “ប្រាសាទរបស់ក្រុង”។ ដូច្នោះហើយ ពីមុនមកទីតាំងនេះទំនងជាទីប្រជុំជនមួយ កាលពីសម័យបុរាណ ទោះបីយើងមិនដឹងថាមានទំហំធំឬតូចប៉ុនណាក៏ដោយ។ ទីតាំងប្រាសាទនេះ ទំនងស្ថិតនៅតាមបណ្តោយផ្លូវបុរាណមួយចេញពីតំបន់អង្គររត់សំដៅទៅភាគខាងត្បូង ដែលកាត់ តាមកំពង់ក្តី ប្រាសាទទ្វារក្តី វត្តស្លែង គោករកា ភ្នំសន្ទុក ភ្នំជើងព្រៃ។ គុកនគរ មានទីតាំងស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៧០គ.ម.ពីទីរួមខេត្តកំពង់ធំ២,៥គ.ម. ខាងលិចវត្តតាំងគោក ២,៧គ.ម.ខាងកើតប្រាសាទស្រះសំបួរ។ កន្លងមកមានអ្នកស្រាវជ្រាវច្រើនណាស់ដែលបានមកសិក្សានៅគុកនគរ ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Étinne Aymnoier លោក Lunet De Lajonquière លោក M. Dufosse លោក George Groslier លោក អ៊ុក ជា, ជា ពន្លក លោក ម៉ក់ ភឿន លោក កែវ គីណាល់ ហ៊ិន សោភ័ណ ហោ សុគន្ធារី, លោក ទា វ៉ាន់ ។ល។
គុកនគរ សាងឡើងអំពីថ្មបាយក្រៀម មានគ្រឿងលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត តាមបណ្តោយអ័ក្សពីកើតទៅលិចដូចប្រាសាទភ្នំជីសូរ ខេត្តតាកែវដែរ។ ប្រាសាទនេះសង់នៅលើខឿនដែលមានរាងបួនជ្រុងទ្រវែង មានប្រវែងបណ្តោយលាតសន្ធឹងពីខាងកើតទៅលិច វែងជាងប្រវែងទទឹងលាតសន្ធឹងពីខាងជើងទៅខាងត្បូង។ ប្រាសាទនេះមានកំពែងព័ទ្ធជុំវិញមួយជាន់ធ្វើអំពីថ្មបាយក្រៀមមានក្លោងទ្វារចេញចូលពីរ (ទ្វារខាងកើត និងខាងលិច)។ កំពែងពីកើតទៅលិចមានប្រវែង៣៥ម៉ែត្រ និងពីជើងទៅត្បូងមានប្រវែង២៥ម៉ែត្រ។ ខាងក្នុងទីធ្លាកំពែង មានតួប៉មកណ្តាល ឬអាចជាតួប៉មសំខាន់នៃប្រាសាទ ដោយគេមិនសង់ឱ្យស្ថិតនៅចំកណ្តាលទេ ពោល គឺសង់ឱ្យខិតទៅខាងលិចបន្តិច ដើម្បីឱ្យផ្នែកខាងមុខមានធ្លាស្រឡះស្រួលរៀបជាយ៉មួយមកខាងមុខដែលជាលក្ខណៈពិសេសនៃរចនាបថឃ្លាំងហៅថា “មណ្ឌប”។ នៅខាងមុខក្លោងទ្វារខាងកើតនិងខាងលិច គេបានធ្វើកម្រាលថ្មបាយក្រៀមជាផ្លូវដើរឆ្ពោះមកកាន់តួប៉មកណ្តាលឬតួប៉មសំខាន់។
នៅទិសអាគ្នេយ៍នៃតួប៉មកណ្តាល យើងឃើញមានអាគារមួយដែលមានដំបូលជារាងដំបូលទូកដែលគេហៅថា ហោត្រៃ ឬបណ្ណាល័យ បែរមុខទៅទិសខាងលិចបញ្ច្រាសជាមួយតួប៉មកណ្តាល។ នៅក្បែរហោត្រៃ មានអាគារតូចមួយដែលអ្នកស្រុកហៅថា “អាគារគុកសំពៅ” សង់នៅក្រៅបរិវេណប្រាសាទ ក្បែរកំពែងខាងត្បូងតួប៉មនៃកណ្តាល ហើយនៅទិសខាងជើងនៃអាគារគុកសំពៅ មានចោះជញ្ជាំងធ្វើជាច្រកចេញចូលតែមួយបែរមុខមករកតួប៉មធំកណ្តាល។ នៅចំខាងមុខប្រាសាទ គេបានជីកស្រះចំនួនបី ដែលក្នុងនោះស្រះតូចពីរនៅអមផ្លូវចូលខាងកើតនៃប្រាសាទ អ្នកស្រុកហៅថា ស្រះស្រង់ និងស្រះកែវ ដែលស្រះតូចទាំងពីរមានប្រវែងទទឹង៣០ម៉ែត្រ និងបណ្តោយ៨៨ម៉ែត្រ។ នៅទិសពាយព្យមានស្រះមួយទៀតអ្នកស្រុកហៅថា ស្រះយាយកែវ។
តួប៉មកណ្តាលនៃគុកនគរ មានរាងបួនជ្រុងស្មើ មានកម្ពស់១២ម៉ែត្រ ដែលគេសង់ឡើងដោយតម្រៀបថ្មបាយក្រៀមធ្វើជាជញ្ជាំងបួនផ្ទាំងហ៊ុំព័ទ្ធបន្ទប់ខាងក្នុង ដែលមានរាងបួនជ្រុងស្មើលើខឿនរាងកាកបាទ ហើយនៅតាមជ្រុងកែងនៃជញ្ជាំងតួប៉មមានលម្អដោយក្បាច់សារពើសូត្របីជ្រុង។ នៅលើជញ្ជាំងប្រាសាទទាំងបួនជ្រុងនេះ គេយកតួប្រាសាទមកបង្រួមខ្នាត ឬបន្ថយខ្នាត រួចដាក់តម្រួតជាជាន់ថ្នាក់ចំនួនបួនជាន់មានរាងស្តួចទៅលើរហូតដល់ទីបញ្ចប់។ គេបានយកផ្ទាំងថ្មភក់មួយមានរាងបួនជ្រុងស្មើមកបន្តុបបិទភ្ជិតពីលើ។ តួប៉មកណ្តាលនេះ មានច្រកចេញចូលតែមួយគត់ គឺនៅទិសខាងកើត ឆ្លងកាត់ដោយអន្តរាលខ្លី និងមណ្ឌបមួយ។ លក្ខណៈនៃតួប៉មកណ្តាលគុកនគរ មានលក្ខណៈដូចគ្នាបេះបិតជាមួយតួប៉មកណ្តាលនៃប្រាសាទភ្នំជីសូរ ខេត្តតាកែវ។
ចំណែក អាគារគុកសំពៅ ដែលនៅចំកំពែងខាងត្បូងដូចបានរៀបរាប់ខាងលើ គឺមានរាងបួនជ្រុងទ្រវែង សង់លើឃឿនមួយកម្ពស់១,១០ម៉ែត្រ ដែលឃឿននេះគេបានសង់ជញ្ជាំងពីរផ្ទាំងកម្ពស់ ២,៩០ម៉ែត្រហ៊ុំព័ទ្ធជាបន្ទប់ មានដំបូលរាងកោងក្រឡូប ដោយរៀបបន្តុបដុំថ្មបាយក្រៀមបង្ខិតចូលគ្នា។ អាគារនេះ មានច្រកចេញចូលតែមួយគត់គឺនៅជញ្ជាំងខាងជើង។ នៅអាគារនេះមានប្រហោងចំនួន ៤៦ ដែលលោក Lunet De Lajonquière បានប្រដូចទៅនឹងច្រកសម្រាប់បាញ់នៅតាមជញ្ជាំងសាតូរបស់អឺរ៉ុប។ នៅចំកណ្តាលជញ្ជាំងខាងត្បូង មានទបង្ហូរទឹកមួយមានចំពួយលៀនចេញមកក្រៅ ហើយផ្នែកខាងក្នុងមានរាងលាតត្រប៉ាតធំ។
ដោយឡែក ផ្នែកតុបតែងលម្អស្ថាបត្យកម្មនៃគុកនគរ មិនសូវមានលក្ខណៈសម្បូណ៌បែបដូចប្រាសាទដទៃៗទៀតទេ ព្រោះកសាងឡើងពីថ្មបាយក្រៀម ម្ល៉ោះហើយគេមិនអាចឆ្លាក់ជាក្បាច់លម្អបានច្រើនដូចប្រាសាទសាងអំពីថ្មភក់នោះទេ។ ប៉ុន្តែ សិល្បករក៏បានយកថ្មភក់មកប្រើប្រាស់លើការលម្អនៃប្រាសាទនេះខ្លះដែរ ដូចជា ផ្តែរទ្វារ សសរផ្អោប បល្ល័ង្ក។ ក្នុងនោះ យើងកត់សម្គាល់ឃើញថា ហោជាង និងសសរពេជ្រ គឺសិល្បករបានឆ្លាក់ដាប់ថ្មបាយក្រៀមលម្អតែម្តង។
ផ្តែរទ្វារគុកនគរ គឺឃើញមាននៅសល់តែមួយប៉ុណ្ណោះ ពោល គឺនៅយ៉ច្រកចូលតួប៉មកណ្តាល។ ផ្តែរទ្វារនេះ លម្អដោយដងធ្នូរាងដូចទម្ពក់ដែលខាងចុងរាងគួចឡើងលើ ផ្នែកខាងលើ និងខាងក្រោមលម្អដោយក្បាច់ជាក្បាច់ស្លឹកឈើ រំយោលផ្កា ផ្នែកកណ្តាលមានរូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត ស្ថិតនៅអន្តរកាលរវាងរចនាបថឃ្លាំង និងបាភួន ស.វ.ទី១១។ ចំណែក ហោជាងមានលម្អនៅច្រកចូលនៃមណ្ឌបខាងមុខតួប៉មកណ្តាល គេប្រើប្រាស់ថ្មបាយក្រៀមឆ្លាក់ចេញជារូបរាងហោជាងតែម្តង មានរាងទ្រនង់នាគ ហើយពុំសូវមានលម្អអ្វីឡើយ។ ដងខ្លួននាគ គេឆ្លាក់ក្នុងកាយវិការពត់ពែនដងខ្លួន បត់បែនជួបគ្នានៅផ្នែកកន្ទុយ ហើយនៅផ្នែកខាងចុងមានលម្អជានាគក្បាលប្រាំ។
លក្ខណៈហោជាងរបៀបនេះ មានលក្ខណៈដូច ហោជាងនៅប្រាសាទភ្នំជីសូរ ប្រាសាទវត្តបាសែត ប្រាសាទឯកភ្នំ និងប្រាសាទព្រះវិហារដែលសុទ្ធសឹងជាសំណង់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១។ ដោយឡែកសសរពេជ្រគុកនគរ គឺជាថ្មបាយក្រៀម ដែលដាប់ជារាងប្រាំបីជ្រុងដោយពុំមានក្បាច់លម្អអ្វីទាំងអស់។ ប៉ុន្តែសសរផ្អោបវិញជាថ្មភក់ ដែលលម្អដោយក្បាច់ផ្កាភ្ញីរាងជាត្របកឈូកតម្រៀបគ្នាពីក្រោមដល់លើយ៉ាងប្រណិត នៅក្នុងផ្ទាំងត្របកឈូកនីមួយៗនៅផ្ទៃខាងក្នុងមានលម្អជារូបគង់ភ្នែនដែលនៅគល់សសរផ្អោបផ្នែកខាងត្បូង មានលម្អរូបព្រះក្រឹស្ណទ្រភ្នំគោវ៌ធន និងនៅគល់សសរផ្នែកខាងជើងលម្អជាចម្លាក់តោ។
ជារួមមក ទោះបីប្រាសាទនេះពុំមានសេសសល់សិលាចារឹកក៏ដោយ ក៏យើងអាចសិក្សាតាមរយៈការសិក្សាប្រៀបធៀបរចនាសម្ព័ន្ធប្លង់ជាទូទៅនៃប្រាសាទ បច្ចេកទេសនៃការកសាងក្បាច់លម្អផ្សេងៗនៃប្រាសាទ គេសន្និដ្ឋានថា គុកនគរ ទំនងកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩) នាស.វ.ទី១ ពោល គឺទំនងមានអាយុកាលប្រហាក់ប្រហែលគ្នាជាមួយប្រាសាទភ្នំជើងព្រៃឬភ្នំធំ ខេត្តកំពង់ចាម ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ) ប្រាសាទវត្តបាសែត និងឯកភ្នំ (ខេត្តបាត់ដំបង)។ល។ ក្នុងអន្តរកាលរវាងរចនាបថឃ្លាំង ឬបាភួន ហើយឧទ្ទិសទៅដល់លទ្ធិព្រហ្មញ្ញសាសនា (ទំនងនិកាយព្រះឥសូរ)៕
អត្ថបទដើម៖ ម៉ង់ វ៉ាលី