មានន្ទជិះសេះយ៉ាងលឿនស្លុងបោលសំដៅទៅទិសខាងជើងកាត់ព្រៃមួយយ៉ាងធំដែលសម្បូរពោពាសទៅដោយរុក្ខជាតិធំតូច។ អ្នកនឹងស្រលាញ់ប្រទេសខ្មែរក្រៃពេក។ ដោយប្រទេសខ្មែរមានព្រៃជាធនជាន ហើយដែលកូនខ្មែរស្រាវយកមិនចេះអស់។ ខាងលើមេឃផ្កាយរះព្រោងព្រាតនាកណ្តាលនភាល័យពណ៌បៃតងខ្ចី ធាតុអាកាសត្រជាក់ស្រួលរកប្រទេសណាមកប្រដូចគ្មានឡើយ។ បុរសស្រលាញ់ប្រទេសខ្មែរ ស្រលាញ់ជនជាតិខ្មែរ ស្រលាញ់នឹងសាច់នឹងឈាមអ្នក តែមាណពអាក់អន់ចិត្តយ៉ាងធំអនេកគឺខ្មែរមិនឯករាជ្យ។ យាមទីពីរ។ផ្កាយព្រឹករះត្រឈៃនៅទិសខាងកើត។ អ្នកជិះសេះយើងអស់កម្លាំងយ៉ាងខ្មាំង។ លបស្តាប់ខាងក្រោយគ្មានឮសូរអ្វីសោះ។ ទឹកចិត្តដ៏រីករាយមកគ្របដណ្តប់អ្នក។ បរិយាកាសព្រួយភ័យបើកវាំងននចេញស្រឡះពីដើមទ្រូងដើម្បីទុកបរិវេណឲ្យសេរីភាពបញ្ចេញរស្មីឡើង។ អ្នកឈប់នឹកនាដល់ខ្មាំងដែលដេញតាមប្រកិតអស់ពេលជាយូរមកហើយ។ ហើយបណ្តោយសណ្តានចិត្តឲ្យដើរលេងរាយមាយគ្មានទីដៅ។ ញើសដែលហូរៗ ចុះកុំឲ្យតែនៅក្នុងកណ្តាប់ដៃខ្មាំង។ គឺជាសំណាងមួយយ៉ាងធំហើយដែលបានរួចខ្លួននេះ។ ព្រឹត្តិការណ៍ក្នុងប៉ុន្មានថ្ងៃនេះ មានមកយ៉ាងខ្លាំងជ្រួលខ្លាំង។ ក្នុងការតស៊ូដើម្បីសេរីភាព និងអាយុជីវិតនេះ មានន្ទនឹកឃើញកោប អគ្គី នាងយីហ៊ុប….មែន ! នាងយីហ៊ុបគួរនឹកខ្លាំងជាងគេ។ នៅពីចម្ងាយលើទួលដំបូក ភ្នក់ភ្លើងមួយឆេះផ្លុងៗកណ្តាលទីងងឹត ឃើញបីដូចភ្លើងរបស់បិសាចកំណាចណាមួយ។
- អីយ៉ា ! ខ្មាំង ឬ មិត្ត ?
មានន្ទភ័យញ័រក្នុងពោះឡើងវិញ ។ បុរសលោតចុះពីលើខ្មងសេះចងអាជានេយ្យ រួចក៏តាំងលូនសំដៅទៅទីដែលមានភ្លើង ដោយប្រយ័ត្នមិនឲ្យមានឮសូរអ្វីដល់តិចតួចឡើយ ក្នុងពេលកំពុងលូននេះ ឆ្កែមួយក៏ព្រុសឡូឡើង។ អ្នកលបភ័យតក្កមានឹកថា ម្តងនេះមុខជាស្លាប់មិនខាន។ មនុស្សបួននាក់ក្រោកច្រូង។ បរិយាកាសស្ងប់ស្រួលក៏ប្រែទៅជាតឹងតែងយ៉ាងខ្មួលខ្មាញ់។ អ្នកដុតភ្លើងត្រៀមខ្លួនព្រឹប ខ្លះរត់រកដាវ ខ្លះឆក់បានព្រួញគ្រប់ៗគ្នា។ គឺជាទាហន។ ជនអ្នកត្រៀមឱនៗខ្លួនទៅពួនរាយជាខ្សែតាមគល់ឈើ។ ឆ្កែកាន់ព្រុសខ្លាំងឡើង សម្លឹងទៅទិសដែលមានន្ទលូនមក។ ពួកអ្នករោមភ្លើងកំហែងលាន់ឡើងថា :
- អ្នកណា ?
មានន្ទដែលគិតតែថយរត់ដកខ្លួន កាលបើឮសូរមាត់ស្រែកសួរនោះ ក៏សប្បាយចិត្តជាពន់ពេកដូចបានរស់ឡើងវិញម្តងទៀត ក្រោកឈរដើរទៅមុខស្លុងឥតបង្អង់។ មាត់អ្នកសួរបន្លឺទៀតថា :
- អ្នកណា? លោកគ្រូឬអី?* អឺ!
សូរមាត់ក៏ស្ទុះច្រូងច្រាងឡើង ជំនួសផ្លែដាវដែលយើងស្មានថា មុខជាបានឮនោះ។
- អូ! លោកគ្រូ! លោកគ្រូ វើយ! អាកោបៗ
- អ៊ើយ
- អគ្គី! អគ្គីអ៊ើយ!
- អើយ
- លោកគ្រូទេវើយ!
អ្នកទាំងអស់គ្នារត់ទៅទទួលមានន្ទដែលសើចស្ញាញដើរចូលកាន់តែជិតមក។ មានន្ទទះស្មាបុរសម្នាក់ដែលមានមាឌស្តើងខ្ពស់ដើមទ្រូងធំក្រអាញ
- ម៉េចមហាកាល សុខសប្បាយទេ?
បុរសឈ្មោះមហាកាលធ្វើគារវកិច្ចយ៉ាងគោរព រួចឆ្លើយយ៉ាងរាក់ទាក់តបវិញថា :
- បាទ! ចុះលោកគ្រូ?
- សុខសប្បាយជាទេ ។ កូនចៅទាំងអស់មានប៉ុន្មាន?
- រួមទាំងខ្ញុំបាទ ទាំងអាកោប ទាំអគ្គី ទាំងកូនទាហានបានដប់ប្រាំនាក់។
ជនទាំងដប់ប្រាំនាក់ ដូចរៀបរាប់មកនេះ ឈរត្រង់ខ្លួនមុខញញឹមរកមានន្ទដែលញញឹមរកអ្នករាល់គ្នាវិញ។
- អើ! ប៉ុណ្ណឹងបានហើយ។
មហាកាលដែលមើលមុខមានន្ទធំជាងគេនោះ និយាយឡើងថា :
- ខ្ញុំមិនដឹងខ្លួនផង ស្រាប់តែអាកោបទៅដល់ផ្ទះខ្ញុំទាំងយប់។ ខ្ញុំសួរវាភ្លាម មានការអី វាក៏រាយការណ៍ប្រាប់ខ្ញុំៗ ក៏ប្រមូលគ្នាមកភ្លាមបានតែប៉ុណ្ណឹងឯង។
មានន្ទចោលភ្នែកទាំងពីរយ៉ាងមេត្រីរាប់អានទៅលើមុខមហាកាល។
- ចុះអ្នកឯទៀតទៅណា?
- ហ៊ី! លោកគ្រូរកហៅគេមិនទាន់ ស្រទុំវានៅផ្ទះឬទេ ក៏មិនដឹងស្បៃវែង និងអរុណមិននៅទេ។
- ទៅណា?
- បាទ! លោកគ្រូអើយ ខែនេះគេទៅទន្លេបាត់អស់ហើយ។ នៅតែខ្ញុំទេមិនចេះសោះខាងផ្លួវទឹក។
អ្នកទាំងអស់គ្នា ដែលឈរជុំវិញជនទាំងពីរស្តាប់យ៉ាងជក់ចិត្ត ថ្វីត្បិតតែកិច្ចសន្ទនានេះគ្មានជម្រៅអ្វីឡើយ។
- កាលណាពួកនោះមកវិញ?
- ប្រហែលកន្លះខែទៀត។
មានន្ទបែទៅកាន់ស្មាកោបវិញម្តង រួចសួរថា:
- ម៉េចកោប?
នាយកោបបញ្ឈរភ្នែកឡើងទៅលើធ្វើអៀនប្រៀនឆ្លើយថា :
- ខ្ញុំបាទភ័យណាស់ ដោយមិនដឹងថាយប់នោះ លោកគ្រូបែកទៅខាងណា។
មានន្ទសើចកាន់តែខ្លាំងឡើង លេចធ្មេញសស្គុស រួចបែរទៅរកនាយគីសហជីវិនចាស់ទៀត។
- គីភ័យដែរឬ?
- ខ្ញុំបាទវាយថយៗ រួចគេចផុតទៅ
- ទាំងអស់គ្នាមានត្រូវរបួសដែរឬអ្វី?
- បាទ ទេ!
នាយកោបក៏ឆ្លៀតបញ្ចូលសំឡេងខ្លួនជាមួយអគ្គីទៀតថា :
- បាទ ទេ!
មហាកាលកាត់ថា :
- ពួកនេះលោកគ្រូទុកចិត្តចុះ ថាវាយននៀលដូចត្រីក្រាញ់។
នាយកោបរឹតតែអៀនដោយគេបញ្ជោរបន្តិចនេះ យកម្រាមដៃលូកមាត់ ឱនមុខលួចសំឡក់មហាកាល។ ជនទាំងអស់គ្នាក៏សើចលាន់ឮក្អាកក្អាយ។ ទាំងពលទាហាន ទាំងមេទ័ព ទាំងមេ បន្ទាបមក គេទាំងអស់គ្នាសប្បាយរីករាយលើសធម្មតា។ នាយគីនឹកឃើញនិយាយថា :
- អុញហ្ន៎ ! ភ្លេចសួរលោកគ្រូ តើពិសាបាយហើយឬនៅ?
- នៅ តែខ្ញុំស្រេកទឹកណាស់ មានទឹកមួយផ្តិលទេ?
មហាកាលទាញដៃនាយកោបមកឆ្ងាយពីស្មាមានន្ទ ទះក្បាលមួយផូងរួចនិយាយថា :
- អូ! យកទឹកមកជូនលោកគ្រូ ។ កោប ! រួចមករកដាំបាយជូនលោកគ្រូទៀត។
នាយកោបជ្រុលតះៗទៅមុខ។ មានន្ទសួរទៅមហាកាលថា :
- មានអ្វីជាអាហារ?
- មាន! លោកគ្រូសាច់ទន្សាយខ្ញុំទើបបាញ់បាន!
- អើ បានទន្សាយផង! នាំឲ្យពិបាកទេឬ?
- ទេ ! មិនអីទេលោកគ្រូ ធ្វើតែមួយសន្ទុះរួចហើយ។
ជនទាំងអស់មិនព្រមទៅណាឆ្ងាយពីមានន្ទសោះ ។ មានន្ទក៏និយាយអំពីស្ថានការណ៍បច្ចុប្បន្នឲ្យអ្នករាល់គ្នាស្តាប់ រួចដាស់ទឹកចិត្តអ្នករាល់គ្នាថា :
- យើងត្រូវតែតស៊ូ។ ការពិបាកនេះតែជាការចាំបាច់។ ការនេះធំតែជាការដែលគេអាចសម្រេចបានដោយយើងពួតដៃគ្នាពុះពារឡើង។ ក្នុងសង្រ្គាមយើងកុំខ្លាច បើយើងខ្លាច ខ្មាំងបានចិត្តរឹតតែរឹបវាយយើង ។
(សូមរងចាំតាមដានភាគទី៣០ នៅសប្តាហ៍ក្រោយ)