ទំព័រដើមប្រវត្តិសាស្ត្រអរិយធម៌កូហ្គូរីយ៉ូ (Koguryo Civilization)

អរិយធម៌កូហ្គូរីយ៉ូ (Koguryo Civilization)

កូហ្គូរីយ៉ូ (Koguryo) គឺជាអាណាចក្រ និងអរិយធម៌ដ៏ខ្លាំងក្លាមួយនៅភាគឦសាននៃប្រទេសចិន និងនៅឧបទ្វីបកូរ៉េនៅចន្លោះសតវត្សទី៣ មុនគ.ស. រហូតដល់សតវត្សទី៧ នៃគ.ស។ បេតិកភណ្ឌវប្បធម៌ដែលគេស្គាល់ជាងគេបំផុតនៃអរិយធម៌នេះ គឺផ្នូរដែលសាងសង់ពីថ្ម និងគ្របដណ្ដប់ដោយថ្ម ឬពំនូកដី។ ផ្នូរទាំងនេះ ត្រូវបានកសាងជាច្រើនចាប់ពីសម័យកណ្តាលនៃអាណាចក្រកូហ្គូរីយ៉ូ ជាមួយនឹងផ្ទាំងគំនូរលើជញ្ជាំងដ៏ស្រស់ស្អាតដែលតំណាងឱ្យអរិយធម៌នេះ។

រូបលេខ១៖ ផែនទីបង្ហាញពីដែនដីនៃអរិយធម៌ កូហ្គូរីយ៉ូ
ប្រភព៖ www.History.com

តំបន់ភ្នំ ជាច្រើនត្រូវបានអរិយធម៌នេះយកមកប្រើប្រាស់ជាកន្លែងសំខាន់ដែលមានតួនាទីខុសៗគ្នា រួមមាន ភ្នំ Wandu គឺជាផ្នែកមួយនៃការជីកយករ៉ែ និងមានក្រុងមួយនៅលើនោះដែរ។ ទីក្រុង Guonei ដែលបច្ចុប្បន្នស្ថិតនៅក្នុងទីក្រុង Ji’an នៅអំឡុងសម័យកូហ្គូរីយ៉ូ មានតួនាទីជា «ក្រុងរណប» សម្រាប់ការពាររាជធានីនៃអាណាចក្រ កូហ្គូរីយ៉ូ ក្រោយមករាជធានីនៃអរិយធម៌នេះបានផ្លាស់ទៅទីក្រុង Pyongyang នៅស.វ.ទី៥គ.ស. បច្ចុប្បន្នរាជធានីនៃប្រទេសកូរ៉េខាងជើង។ ទីក្រុងនៅលើភ្នំ Wandu ដែលជាក្រុងបុរាណមួយក្នុងចំណោមក្រុងនៃអរិយធម៌កូហ្គូរីយ៉ូ ដោយក្រុងនេះកសាងឡើងនៅឆ្នាំ ៣៧មុនគ.ស. និងជាទីក្រុងដំបូងគេនៃអរិយធម៌នេះ។ នៅទីក្រុងឃើញមានបណ្តុំនៃសំណង់បុរាណជាច្រើន រួមទាំងវាំងដ៏ធំ និងផ្នូរចំនួន៣៧ ផងដែរ។ ផ្នូរទាំងនោះបង្ហាញពីភាពប៉ិនប្រសប់ដ៏អស្ចារ្យ តាមរយៈពិដានដែលបានបង្ហាញពីការរស់នៅរបស់ប្រជាជននាសម័យកូហ្គូរីយ៉ូ។ ពិដានទាំងនោះ រចនាឡើងសម្រាប់ដំបូលដែលមានទំហំធំទូលាយ  គ្មានសសរ និងសម្រាប់ផ្ទុកបន្ទុកដ៏ធ្ងន់នៃថ្ម (ពំនូកដី) ដែលត្រូវបានដាក់នៅពីលើ។

ផ្នូររបស់ស្តេច និងពួកអភិជននៃអរិយធម៌ កូហ្គូរីយ៉ូ បុរាណត្រូវបានកសាងនៅក្នុងតំបន់ផ្នូរបុរាណ Donggou នៃទីក្រុងភ្នំ Wandu។ ផ្នូរអធិរាជមានចំនួន ១២ មានទម្រង់ជា     ពីរ៉ាមីតដែលសាងសង់ពីថ្ម ដោយបន្ទប់បញ្ចុះសពខាងក្នុងមានដំបូលប្រក់ក្បឿង។ ផ្នូររបស់ពួកអភិជនមានបន្ទប់ធ្វើពីថ្មដោយគ្របពំនូកដីពីលើ ហើយត្រូវបានតុបតែងដោយផ្ទាំងគំនូរផ្សេងៗ ដែលបង្ហាញពីទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ កីឡា ការបរបាញ់ ធម្មជាតិ ព្រះ ទេពអប្សរ និងនាគ។ រូបចម្លាក់របស់ស្តេច Haotaiwang ដែលមានអាយុកាលតាំងពីឆ្នាំ ៤១៤ គ.ស. ដែលបានបង្ហាញអំពីដំណើររឿងនៃការបង្កើតនគរកូហ្គូរីយ៉ូ។

រាជធានី និងផ្នូរបុរាណ គឺជាភស្ថុតាងពិសេសនៃអរិយធម៌ កូហ្គូរីយ៉ូ ដោយមានផ្នូរប្រហែល ១០០ ក្នុងចំណោមផ្នូរ កូហ្គូរីយ៉ូ ជាង ១០,០០០ ត្រូវបានរកឃើញនៅក្នុងប្រទេស កូរ៉េ និងប្រទេសចិនរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងចំណោមផ្នូរ កូហ្គូរីយ៉ូ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកូរ៉េ ភាគច្រើនជាផ្នូរបញ្ចុះបុគ្គលមានចំនួន ៦៣ និងផ្នូរ បញ្ចុះរួមមានចំនួន១៦។ ផ្នូរទាំងនោះ មានផ្ទាំងគំនូរលើជញ្ជាំង។ នៅក្នុងផ្នូរទាំងនោះ ក៏មានការ តំកល់ទ្រព្យសម្បត្តិដែរ  នៅក្នុងបន្ទប់បញ្ចុះសព ដោយផ្នូរខ្លះមានបន្ទប់តែមួយ ឬបន្ទប់ពីរ និងបន្ទប់ពហុបន្ទប់ដែលមានបន្ទប់នៅចំហៀង ហើយមានរួមបញ្ចូលនឹងវត្ថុមានតម្លៃ។ ផ្នូរក្នុងអរិយធម៌ កូហ្គរីយ៉ូ គឺជាផ្នូរថ្មដ៏មហិមា ដែលត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ ជាមួយនឹងការរចនាពិដានដ៏ប៉ិនប្រសប់ ដើម្បីទ្រទ្រង់ទម្ងន់ដ៏ធ្ងន់ខាងលើ។ បច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់តំណាងភាពទំនើបកម្មនាសម័យបុរាណ ប្រកបដោយការច្នៃប្រឌិត និងបច្ចេកទេសនៃការសាងសង់ផ្នូរក្រោមដី។

ផ្នូរនៃអរិយធម៌ កូហ្គូរីយ៉ូ ក្នុង Guonei និងទិដ្ឋភាពខាងក្នុងផ្នូរ​ ប្រភព៖ UNESCO
រូបគំនូរក្នុងផ្នូរ និងជើងទម្រសសរ ដែលមានគំនូរ
ប្រភព៖ UNESCO
រូបគំនូរក្នុងផ្នូរ និងជើងទម្រសសរ ដែលមានគំនូរ
ប្រភព៖ UNESCO

បើទោះបីជាអរិយធម៌ខ្លាំងក្លាយ៉ាងណា ក៏ត្រូវបានដួលរលំដែរ ចំពោះអរិយធម៌កូហ្គូរីយ៉ូនេះត្រូវបានដួលរលំនៅចុងស.វ.ទី៧ ពោលក្នុងឆ្នាំ ៦៦៨ នៃគ.ស. ក្នុងរាជ្យរបស់ស្តេច Changsu។ រាល់សំណង់បុរាណក្នុងអរិយធម៌ កូហ្គូរីយ៉ូ ជាពិសេសសំណង់ផ្នូរបុរាណជាច្រើ​ន​ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក ដែលស្ថិតនៅក្នុងបីប្រទេសផ្សេងៗ ដោយមានប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង៕

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!