ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទបី (អំពិលរលំ)

ប្រាសាទបី (អំពិលរលំ)

នៅក្នុងឯកសារមុនៗដែលសិក្សាដោយអ្នកស្រាវជ្រាវជនជាតិបារាំង គេច្រើនហៅប្រាសាទនេះថា “អំពិលរលំ” ប៉ុន្តែឈ្មោះនេះសព្វថ្ងៃពុំមានអ្នកស្រុកណាម្នាក់ស្គាល់ឡើយ ព្រោះអ្នកស្រុកហៅតៗគ្នាថា “ប្រាសាទបី”។ ប្រាសាទបី មានទីតាំងស្ថិតនៅភូមិអណ្តូងត្រុំ ឃុំចំណាលើ ស្រុកស្ទោង ខេត្ត​កំពង់ធំ ដែល​មានចម្ងាយប្រមាណ ៤០ គ.ម. ភាគពាយព្យទីរួមខេត្តកំពង់ធំ និងមានចម្ងាយ​ប្រមាណ ១៨ គ.ម. ពី​ទីប្រជុំជនស្រុកស្ទោង។ កន្លងមក ប្រាសាទនេះបានទាក់ទាញអ្នកស្រាវជ្រាវបរទេសមកសិក្សាច្រើនណាស់ ចាប់តាំងពីចុងស.វ.ទី១៩មក ដែលអ្នកស្រាវជ្រាវទាំងនោះមានដូចជា លោក Étienne Aymonier ឆ្នាំ១៨៨៣ និង១៩០០, លោក Lunet De Lajonquière ឆ្នាំ១៩០២, លោក Henri Parmentier ឆ្នាំ១៩១៣, ១៩២៧, ១៩៣៥, លោក M. Dufosse ឆ្នាំ១៩១៨, លោក Louis Finot  ឆ្នាំ១៩១២, លោក Goerge Coedès ឆ្នាំ១៩៥៤, លោក Pierre Dupont ឆ្នាំ១៩៥៥, លោក Louis Malleret ឆ្នាំ១៩៦៣, លោក​ស្រី Mireille Bénisti ឆ្នាំ១៩៧១ ។ល។

ប្រាសាទបី សាងអំពីឥដ្ឋរាងបួនជ្រុងស្មើ មានតួប៉មបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខ​ទៅ​ទិសខាងកើត។ សព្វថ្ងៃតួប៉មកណ្តាលនៅឈរមានរូបរាងក្បែរព្រះវិហារថ្មីមួយនៅខាងកើត រីឯ​តួប៉ម​សងខាងចំនួនពីរទៀតបានបាក់បែក និងបាត់រូបរាងទាំងស្រុងទៅហើយ។ រីឯប្រាសាទដែលនៅមានរូបរាង​ក៏មិននៅល្អ​ពេកដែរ គឺផ្នែកដំបូលបានបាក់បែកទាំងស្រុងទៅហើយ។

ប្រាសាទបី (តួប៉មកណ្តាល) មើលពីមុខខាងត្បូង
វិមានអណ្តែតប្រាសាទបី (តួប៉មកណ្តាល) ផ្នែកខាងកើតមុខខាងត្បូង

ប្រាសាទនេះមាន​ទ្វារចូលនៅទិសខាងកើត និង​នៅទិសផ្សេងៗទៀតពុំមានរចនាជាទ្វារបញ្ឆោតដូចប្រាសាទដទៃទៀត​ឡើយ ដោយសិល្បករតម្រៀបឥដ្ឋស្មើ និងពុំមានក្បាច់លម្អអ្វីឡើយ។ នៅមុខខាងកើត និងខាង​ជើង មាននៅសល់ចម្លាក់វិមានអណ្តែតឆ្លាក់ជាប់នៅលើជញ្ជាំង ដែលជាក្បាច់រចនាមួយមាន​ការនិយមខ្លាំងនៅស.វ.ទី៧ ​ជាពិសេស គឺឃើញមាននៅតំបន់ប្រាសាទសំបូរ​ព្រៃគុក។ ប៉ុន្តែចម្លាក់វិមានអណ្តែតនៅប្រាសាទនេះ មានការវិវឌ្ឍ​រូបរាងថ្មីខុសប្លែកវិមានអណ្តែតនៅសំបូរព្រៃគុក ដែលយើងអាចរាប់​បាន​ថាមានចម្លាក់វិចិត្រមួយបែប គ្រាន់តែពុំមានលម្អជារូប​ទេពឬសត្វផ្សេងៗដូចនៅសំបូរព្រៃគុកឡើយ ពោល គឺ​មានតែក្បាច់លម្អជារាងអាគារប្រាសាទសុទ្ធតែម្តង។ ចំពោះឥដ្ឋដែល​ប្រើប្រាស់​សម្រាប់​សាងសង់ប្រាសាទនេះ មានប​ណ្តោយ​ប្រវែង ២៨ស.ម. ទទឹង ១៤ស.ម. និងកម្រាស់ ៨ស.ម.។ ចំណែកឯរចនាសម្ព័ន្ធផ្សេង​ទៀតនៃប្រាសាទ យើងឃើញខាងជើងមានស្រះធំមួយ​ប្រវែងបណ្តោយ ១៨០ម៉ែត្រ និងទទឹង ៧៥ម៉ែត្រ ដែលអ្នកស្រុកហៅថា “បឹងវែង”, នៅខាងកើតមានស្រះបី ក្នុងនោះស្រះនៅជិត​ប្រាសាទជាងគេហៅថា “ត្រពាំងតា​លៀង” ប្រវែងបណ្តោយ ៦០ម៉ែត្រ ទទឹង ៤០ម៉ែត្រ, ស្រះមួយទៀត​ហៅថា “ត្រពាំងជ្រៃ” ប្រវែងបណ្តោយ ១៦០ម៉ែត្រ ទទឹង ៥៦ម៉ែត្រ និងស្រះធំមួយទៀតស្ថិតនៅចំអ័ក្ស​ខាងកើតទល់​មុខចំប្រាសាទប្រមាណ ៥០០ម៉ែត្រ ស្ថិតនៅជាប់ត្រពាំងជ្រៃ អ្នកស្រុកហៅថា “ទន្លេក្អាយ” ដែលមានប្រវែងបណ្តោយ ១៨០ម៉ែត្រ ទទឹង ១២៥ម៉ែត្រ។

នៅឆ្នាំ២០០៦ មានផ្តែរទ្វារចំនួនពីររក្សាទុកនៅទីនោះ តែជាអកុសលផ្តែរទ្វារទាំង​ពីរនេះបាន​បាត់បង់ពីទីតាំងដើមហើយ ហើយយើងមិនដឹងថាស្ថិតនៅទីណានោះទេសព្វថ្ងៃ។ ផ្តែរទ្វារទាំងពីរនេះយើងអាចសិក្សាបានតាមរូបភាពក្នុងឯកសារអ្នកស្រាវជ្រាវជំនាន់មុន។ ផ្តែរទី១​ លម្អជាក្បាច់រុក្ខជាតិសុទ្ធសាធ ដោយក្បាច់បន្ទាត់ធ្នូមានរាងត្រង់ មានក្បាច់សន្លឹកឈើនៅលើ​បន្ទាត់ធ្នូ នៅខាងចុងផ្តែរក៏ជាក្បាច់ស្លឹក​ឈើ​ឆ្លាក់នៅលើក្បាលសសរ ហើយផ្នែកខាងក្រោមជា​រំយោលផ្កាឬកម្រងមាលាឆ្លាស់គ្នា។

ផ្តែរទ្វាររចនាបថព្រៃក្មេងរកឃើញនៅប្រាសាទបី (ប្រភព៖ Bénisti, 1971)

ផ្តែរទ្វារនេះ មានលក្ខណៈទូទៅដូចនឹងផ្តែរទ្វាររកឃើញនៅវត្តព្រះនាង ប្រាសាទស្វាយព្រាម ប្រាសាទ​គូ​ វត្តកកោះ។ល។ ដែលមានទម្រង់ជាសិល្បៈ​រចនាបថព្រៃក្មេង នាស.វ.ទី៧ (គ.ស.៦៣៥ – ៧០០)។ ផ្តែរទ្វារមួយទៀត លម្អដោយក្បាច់ដងធ្នូរាងមូលដាច់ជាកង់ៗដូចមែកឈើ​ ខាងចុងជាក្បាច់រុក្ខជាតិ​វង់​ចុះមកក្រោម នៅផ្នែកខាងក្រោម​ជារំយោលផ្កា ដែលលក្ខណៈបែបនេះ ​ស្ទើរតែដូចផ្តែរប្រាសាទតោនៅ​សំបូរព្រៃគុក និងប្រាសាទវត្តប្រាសាទ ពោល គឺជាសិល្បៈចុងរចនាបថព្រៃក្មេង ដើម​រចនា​បថកំពង់ព្រះ (ពាក់កណ្តាលស.វ.ទី៧-ដើមស.វ.ទី៨(រូបលេខ៥)។

ផ្តែរចុងរចនាបថព្រៃក្មេងដើមរចនាបថកំពង់ព្រះរកឃើញនៅប្រាសាទបី (ប្រភព៖ Bénisti, 1971)

ក្រៅអំពីផ្តែរ តាមរយៈឯកសារមុនៗនាំឱ្យយើងដឹងថានៅទីនេះកាលពីមុនមក ក៏មាននៅ​សល់​សសរពេជ្ររាងមូលជាច្រើនកំណាត់ ដែល​មានលម្អជាក្បាច់រាងដូចថូផ្កាសំប៉ែតនៅ​ក្បាលសសរ មាន​ក្បាច់សន្លឹករាងត្រីកោណដូចកញ្ចាំង ក្បាច់ត្របកឈូក និងក្បាច់ផ្ការំដួល ហើយលក្ខណៈនេះមាន​លំនាំ​ដូចសសរពេជ្រនៅប្រាសាទភូមិប្រាសាទ ខេត្តកំពង់ធំ ដែលជាទម្រង់​ សិល្បៈកំពង់ព្រះ។ នៅក្បែរប្រាសាទយើងក៏ឃើញមាននៅសល់ជើងទម្របដិមាមួយដុំរាងបួនជ្រុងស្មើ និងនៅចំពីមុខមាន​ឆ្លាក់រូបគ្រុឌ ដែលយើងអាចសន្និដ្ឋានថាជាសិល្បៈរចនាបថកោះកេរ នៅស.វ.ទី១០។

ជើងទម្រមានរូបគ្រុឌរកឃើញនៅប្រាសាទបី

ក្រៅអំពីគ្រឿងលម្អស្ថាបត្យកម្មដូចបានរៀបរាប់ខាងលើ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនៅ​ប្រាសាទ​នេះ គឺសិលាចារឹកចំនួនពីរដែលចុះបញ្ជីលេខ K.162, K.163។ សិលាចារឹក K.163 ចារឹកជា​ភាសា​ខ្មែរ ដែលមានចំនួនពីរជ្រុង។ ជ្រុងទី១ មានចំនួន ៩បន្ទាត់ និងជ្រុងទី២ មានចំនួន ១៧បន្ទាត់ (ប៉ុន្តែចាប់ពី​បន្ទាត់ទី៨ដល់១៧រលុបអានមិនបាន)។ សិលាចារឹកនេះ ចារឹកឡើងនៅរវាង ស.វ.ទី​៧-៨ នៃគ្រឹស្តសករាជ ហើយសិក្សាដំបូងគេដោយអ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Etienne Aymonier កាលពីឆ្នាំ១៩០០ ដោយលោកបានបញ្ជាក់អំពីខ្លឹមសារសំខាន់នៃសិលាចារឹក គឺការ​ឧទ្ទិសចំពោះអាទិទេពក្នុងព្រះពុទ្ធសាសនា​មហាយាន។ ក្រោយមក លោក Lunet De Lajonquière ក៏បានយោងសេចក្តីប្រែរបស់លោក Etienne Aymonier ក្នុងសៀវភៅរបស់គាត់​នៅពីរឆ្នាំបន្ទាប់ដែរ។៩ ក្រោយមកទៀត នៅឆ្នាំ១៩៥៤​ ទើបអ្នកប្រាជ្ញដ៏ល្បីឈ្មោះ George Coedès បានសិក្សាលម្អិតឡើងវិញក្នុងឆ្នាំ១៩៥៤។១០ លក្ខណៈ​ពិសេសនៃសិលាចារឹកនេះគឺ ការបង្ហាញព្រះនាម “ព្រះកម្រតេងអញស្រីអវលោកិតេស្វរ” ដំបូងបំផុតនៅ​ក្នុង​សំណេរខ្មែរ​បុរាណ។ ចំពោះខ្លឹមសារផ្ទាំងទី១ របស់គោលចារឹកនេះ រៀបរាប់អំពីមូលនិធិរបស់បោញ​ប្រាជ្ញា​ចន្រ្ទ ថ្វាយចំពោះព្រះកម្រតេងអញមៃត្រេយ និងកម្រតេងអញអវលោកិតេស្វរ ដែលជាព្រះ​ពោធិ​សត្វ​នៅក្នុងព្រះពុទ្ធសាសនាមហាយាន។ ផ្ទាំងទី២ រៀបរាប់អំពីតង្វាយរបស់បោញវិទ្យា​ថ្វាយដល់ព្រះ​កម្រតេង​អញមៃត្រេយនិងព្រះកម្រតេងអញអវលោកិតេស្វរ។

ក្នុងសេចក្តីខាងលើបានបង្ហាញអំពីម្ចាស់ទានចំនួនពីរនាក់ដែលមានងារជាបោញគឺ បោញប្រជ្ញាចន្រ្ទនិងបោញវិទ្យា..បោញគឺជាគោរម្យងារមន្រ្តីជាន់ខ្ពស់របស់ព្រះរាជាឬជាស្តេចត្រាញ់ក្នុងតំបន់សម័យមុនអង្គរនៅរវាងស..ទី៧។ ចំណែកលោកMichael Vickery យល់ថាបោញគឺជាគោរម្យងារខ្មែរម្យ៉ាងដែលចិនសរសេរជាហ្វាន់ហើយក៏ជាអ្នកដែលចិនហៅថាជាមេទ័ពធំដែរ។សិលាចារឹកដែលមានគោរម្យងារបោញបង្ហាញតឹកតាងថាគោរម្យងារនេះបានស្នងបន្តទៅទាយាទរបស់គេប្រហែលពីឪពុកមាទៅក្មួយប្រុស (ខ្សែខាងស្រី) ប៉ុន្តែគោរម្យងារមួយទៀតដែលមានឋានៈប្រហាក់ប្រហែលគឺម្រតាញជាគោរម្យងារដែលតែងតាំងដោយព្រះមហាក្សត្រ។ចាប់ពីក្រោយដើមស..ទី៨គ្មានគោរម្យងារបោញទៀតទេនៅក្នុងសិលាចារឹកប៉ុន្តែគោរម្យងារម្រតាញគេបន្តប្រើប្រាស់រហូតដល់សម័យក្រោយអង្គរ។ដូច្នេះឋានៈបោញដែលជាស្តេចត្រាញ់ក្នុងសហគមន៍តូចៗនៅដើមស..ទី៧នោះបានបាត់បង់ពីសង្គមខ្មែរក្នុងពេលព្រះមហាក្សត្របង្រួបបង្រួមប្រទេសនៅដើមស..ទី៨និងទី៩។ជួនកាលបោញគឺជាបុត្រារបស់ព្រះមហាក្សត្រ (យោងតាមសិលាចារឹកK.54 ចារឹកនៅគ..​៦២៩ដែលរៀបរាប់អំពីបុត្រាស្តេចឦសានវរ្ម័នទី១មានព្រះនាមថាសីវទត្តមានគោរម្យងារថាបោញដែរ)​ ហើយជួនកាលទៀតពួកគេគឺជាមន្រ្តីថ្នាក់ខ្ពស់បន្ទាប់ពីព្រះមហាក្សត្រនិងទំនងធ្វើសកម្មភាពដោយឯករាជ្យដោយពុំរៀបរាប់ទៅដល់ព្រះមហាក្សត្រណាសោះ។បោញទំនងជាស្តេចត្រាញ់ក្នុងស្រុកដែលបានបន្តតំណែងមត៌កទៅទាយាទរបស់គេ។ ដូច្នេះបោញទាំងពីរជាម្ចាស់ទានដែលរៀបរាប់នៅក្នុងចារឹកខាងលើនេះគឺទំនងជាមន្រ្តីថ្នាក់ខ្ពស់ឬក៏ជាស្តេចត្រាញ់ប្រចាំតំបន់ណាមួយក៏ថាបាន។ដ្បិតយើងដឹងស្រាប់ហើយថាសង្គមខ្មែរនៅសម័យមុនអង្គរមិនរួបរួមនោះទេពោលគឺអំណាចនៃការគ្រប់គ្រងទឹកដីមិនស្ថិតនៅក្រោមអំណាចរបស់ព្រះមហាក្សត្រតែមួយអង្គនោះទេដ្បិតពេលនោះមានព្រះមហាក្សត្រច្រើនក្នុងពេលតែមួយឬយើងអាចហៅមួយបែបទៀតថាស្តេចត្រាញ់នេះឯង។ ស្តេចត្រាញ់ខ្លះឯករាជ្យខ្លះក៏ស្ថិតនៅក្រោមអំណាចព្រះមហាក្សត្រកណ្តាលដែលបញ្ជាក់ឲ្យយើងឃើញថាប្រព័ន្ធគ្រប់គ្រងនៅសម័យមុនអង្គរមានលក្ខណៈសាំញ៉ាំណាស់។

សិលាចារឹកនេះក៏បានបង្ហាញអំពីព្រះនាមអាទិទេពចំនួនបីអង្គនៅក្នុងព្រះពុទ្ធសាសនាមហាយានពោលគឺព្រះកម្រតាងអញសាស្តា ព្រះកម្រតាងអញមៃត្រេយ និងព្រះកម្រតាងអញស្រីអវលោកេតិស្វរ។អវលោកិតេស្វរផ្សំឡើងដោយពាក្យបីក្នុងភាសាសំស្រ្កឹតបូកបញ្ចូលគ្នាគឺពាក្យអវ”, “លោកិតនិងឦស្វរអវមានន័យថាឆ្ពោះសំដៅទៅក្រោម លោកិតមានន័យដូចគ្នានឹងពាក្យសំស្រ្កឹតថា“​លោក ហើយក្នុងវេយ្យាករណ៍សំដៅទៅលើសកម្មភាពដឹងដោយវិញ្ញាណជាមុនមានន័យថាមើលឃើញជួបស្គាល់ប្រមើលមើលឬពិនិត្យដោយយកចិត្តទុកដាក់។ ចំណែកពាក្យថាឦស្វរ” (គុ.) ប្រែថាសមត្ថភាពដែលអាចចេះប្រសប់ឆ្លាត, (). ម្ចាស់អ្នកគ្រប់គ្រងព្រះមហាក្សត្រមនុស្សដែលគេគោរពបំផុតទេពឧត្តមបំផុតឬអាទិទេពសំខាន់បំផុត។អវលោកិតេស្វរមានន័យពេញលេញថាម្ចាស់គ្រប់គ្រងផែនដីដែលសម្លឹងមិនដាក់ភ្នែកមើលចុះក្រោមសំដៅដល់សត្វលោក។

ដូចបានជម្រាបខាងលើម្តងរួចមកហើយបើគិតទៅលើផ្នែកសាសនាសិលាចារឹកនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដ្បិតជាសិលាចារឹកសម័យមុនអង្គរដំបូងគេបំផុតដែលមានរំលេចនូវឈ្មោះព្រះអាទិទេពក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយានគឺស្រីអវលោកិតេស្វរ។ជាទូទៅសិលាចារឹកជាភាសាខ្មែរបុរាណតែងរៀបរាប់ពីការគោរពលើព្រះពុទ្ធសាសនាមហាយានភាគច្រើនគឺឧទ្ទិសសម្រាប់ព្រះពោធិសត្វមួយអង្គព្រះនាមថាលោកេស្វរពិសេសសិលាចារឹកនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧និងកម្របំផុតដេលបានចារឹកព្រះនាមអវលោកិតេស្វរ។ពោលគឺមានតែសិលាចារឹកប្រាសាទអំពិលរំលំតែមួយគត់ដែលបានចារឹកព្រះនាមព្រះពោធិសត្វបែបនេះ។សម័យក្រោយមកការដែលហៅឈ្មោះពេញថាអវលោកិតេស្វរបែបនេះលែងឃើញមានទៀតហើយដោយគេប្រើនាមថាលោកេស្វរជំនួសវិញ។ ប៉ុន្តែនៅក្នុងសម័យអង្គរយូរៗម្តងបានលេចចេញជាពាក្យហៅកាត់ថាអវលោកិតេសអវលោកិតដោយមិនមានហៅព្រះនាមពេញលេញឡើយ។សិលាចារឹកដំបូងហៅព្រះនាមទេពអង្គនេះថាលោកេស្វរគឺសិលាចារឹកប្រាសាទតាគាមចារឹកនៅគ..៧៩១។១៦ព្រះនាមនេះក្លាយជាព្រះនាមដ៏ពេញនិយមហៅនៅក្នុងសម័យអង្គរដោយមានអត្ថន័យដូចជាព្រះនាមព្រះឥសូរដែរ។អវលោកេតិស្វរគឺជាព្រះពោធិសត្វជួយស្រោចស្រង់មនុស្សពីទុក្ខវេទនាទាំងពួង និងនាំពួកគេទៅរកទីតាំងថ្មីក្នុងស្ថាន សុខាវតីនៃព្រះពុទ្ធអមិតភៈ។ ព្រះពុទ្ធសាសនានិកាយមហាយានបានវិវឌ្ឍទ្រឹស្តីមួយនៃការបង្កើតលោកពឹងផ្អែកលើគោលជំនឿមួយដោយស្វែងទីស្ថានបរមសុខនៃទេវតាព្រះពុទ្ធព្រះពោធិសត្វនិងមនុស្សហៅថាស្ថានសុខាវតីជាស្ថានសួគ៌នៅទិសខាងលិច។បុគ្គដែលអាចនាំសត្វលោកទៅដល់ទីស្ថានដ៏សុខក្រៃលែងនេះជាប់ទាក់ទងជាមួយព្រះពុទ្ធអមិតាភៈ គឺព្រះពោធិសត្វអវលោកិតេស្វរ។ព្រះអង្គជំនួសឲ្យព្រះពុទ្ធសោមណគោត្តមមានកម្លាំងយ៉ាងខ្លាំងក្លានិងជាព្រះពោធិសត្វប្រកបដោយក្តីករុណា។ ព្រះពោធិសត្វអវលោកេត្វស្វរមានយោគិនីនៅហែរហមជុំវិញព្រះអង្គជាច្រើនដូចាព្រះពោធិសត្វបាណ្ឌរវាសិណព្រះពោធិសត្វតារាព្រះពោធិសត្វភ្រុកុតិព្រះពោធិ​សត្វប្រាជ្ញាបារមីព្រះពោធិសត្វលោចនានិងព្រះព្រះពោធីសត្វឧស្ណីរាជ។ ព្រះពោធិសត្វបានធ្វើការសច្ចាប្រណិធានដ៏អស្ចារ្យនិងជាអ្នកអាចស្តាប់នូវសំឡេងរបស់សត្វទាំងឡាយជួបនៅការលំបាក។ដោយសារតែសំឡេងនេះហើយ ទើបព្រះពោធិសត្វលោកេស្វរបានពន្យាការត្រាស់ជាព្រះពុទ្ធរហូតដល់ពេលព្រះអង្គបានជួយចម្លងសត្វលោកទាំងអស់ទៅដល់និព្វានជាមុន។

ចំណែកសិលាចារឹកK.162 (រូបលេខ៨៩) វិញចារឹកនៅលើមេទ្វារទាំងសងខាងនៃតួប៉មកណ្តាលប្រាសាទអំពិលរលំ។សិលាចារឹកនេះធ្លាប់មានរៀបរាប់នៅក្នុងសៀវភៅរបស់លោកEtienne Aymonier កាលពីឆ្នាំ១៩០០តែមិនបានបរិយាយអ្វីច្រើននោះទេពោលគឺលោកគ្រាន់តែបញ្ជាក់ថាមានសិលាចារឹកនៅលើមេទ្វារតែប៉ុណ្ណោះ។ បន្ទាប់មកទៀតលោកLunet De Lajonquière ក៏បានយោងសេចក្តីប្រែរបស់លោកEtienne Aymonier ក្នុងសៀវភៅរបស់គាត់នៅពីរឆ្នាំបន្ទាត់ដូចគ្នា។២០ក្រោយមកទៀតនៅឆ្នាំ១៩៥៤ទើបអ្នកប្រាជ្ញដ៏ល្បីឈ្មោះGeorge Coedès បានសិក្សាលម្អិតឡើងវិញក្នុងឆ្នាំ១៩៥៤។

សិលាចារឹកនេះមានពីរផ្នែកគឺខាងជើងចារឹកជាភាសាសំស្រ្កឹតមានចំនួន២២បន្ទាត់ស្មើនឹង១១ស្លោកនិងផ្នែកខាងត្បូងវិញចារឹកជាភាសាសំស្រ្កឹតចំនួន២៨បន្ទាត់ (ស្មើនឹង៩ស្លោកនិង៥បន្ទាត់ជាពាក្យរាយ) ហើយចារជាភាសាខ្មែរចំនួន២បន្ទាត់។សិលាចារឹកនេះចារឹកឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (..៩២៨៩៤១) ប៉ុន្តែបានរំឭករឿងរ៉ាវអំពីមន្រ្តីនិងរជ្ជកាលស្តេចអង្គមុនៗដូចជាន្រវីរដែលជាមន្រ្តីក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នព្រះបាទហស៌វរ្ម័ននិងជាអ្នកបានកសាងសម្មិទ្ធិផលបុណ្យនានាក្នុងទេវស្ថានប្រាសាទនេះ។

មេទ្វារខាងជើងមានចំនួន២២បន្ទាត់ស្មើនឹង១១ស្លោកចាររៀបរាប់អំពីព្រឹត្តិការណ៍ដើមស..ទី៩ស្តីពីពិធីទេវរាជរបស់ព្រះបាទជយវម៌្មនទី២នៅលើភ្នំមហេន្រ្ទគិរីដោយមានបញ្ជាក់ដល់ព្រាហ្មណ៍ហិរណ្យទាមត្រូវជារាជព្រាហ្មណ៍ដែលព្រះបាទបរមេស្វរ (ជយវរ្ម័នទី២) អញ្ជើញមកពីជនបទហើយគាត់ជាអ្នកប្រាជ្ញខាងសិទ្ធវិទ្យាមករៀបចំពិធីកម្រតេងជគត្តរាជ្យនិងបង្រៀនព្រាហ្មណ៍សិវកៃវល្យជាព្រះរាជគ្រូរបស់ព្រះបាទបរមេស្វរ។

ជារួមមក បន្ទាប់ពីបានសិក្សាលម្អិតអំពីប្រាសាទបីរួចមក យើងសង្ខេបបានថា ប្រាសាទ​នេះទំនងកសាងឡើងនៅចុងរចនាបថព្រៃក្មេង  ដើមរចនាបថកំពង់ព្រះ ក្នុងស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទ​ភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)  ឬ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស.៦៥៧-៦៨១) ហើយក្រោយ​មកនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស.៩២៨-៩៤១) គេបានកែលម្អបន្ថែម ជាសំណង់ព្រហ្មញ្ញ​សាសនាជំនួសវិញ៕

—————————————

Prasat Ampil Bei (Ampil Rolum)

The name Prasat Ampil Rolum is unknown to the people. The local people call this temple Prasat Bei. It is located in Andong Trom village, Chamka Leur commune, Stong district, Kampong Thom province. It is about 40 kilometres southeast of Kampong Thom town and 18 kilometres from the mass of the Stong district. The temple has drawn much attention from French scholars in the late 19th and early 20th centuries. Prasat Bei was built in a square shape plan, made of brick and has three towers in a row that face east. At present, only the central tower can stand, but the state of conservation is bad. The temple faces east and does not have a false door, but it has the relief of a flying shrine on the wall. Accordingly, it could be in the 7th century. The flying shrine is unique in Prasat Sambo Prei Kuk. The dimension of brick is 28cm by 14cm and 8cm in thickness. There is a big pond of 180 metres in length and 75 metres in width. It is called Beong Veng. In the east, there are three ponds, Beong Ta Leang, Beong Jrei, and Tonle Ka-Ay. 

In 2016, two lintels have seen there. However, they have been stolen later and no information till now. The first lintel decorates with motifs of leaves and vines. The bow arch in the centre is slightly straight and has leaves on the top and garlands of flowers on the bottom. This lintel is similar to the lintel at Wat Preah Neang, Prasat Svay Pream, Prasat Kou, and Wat Kokoh of the 7th century (635-700 CE). Another lintel depicts a cylindrical bow arch in the centre. The arch is divided into multiple parts but does not separate. This lintel is similar to the lintels in Prasat Tor and Prasat Pol (end of Prei Khmeng and early Kampong Preah style in mid-7th to early 8th century). 

In addition to some remaining architectural decorations, it has two inscriptions, K.162 and K.163. Inscription K.162 has written in Khmer and has two sides. It mentions the date between the 7th to 8th centuries. According to Aymonier in 1900, the inscription talks about paying homage to a deity in Mahayana Buddhism. Later, Lunet De Lajonquière and George Coedès were also studied this inscription. The vital information in the inscription is the name of God, Vraḥ Kamrateṅ Añ Sri Avalokitesvara. Generally, it mentions the donation of an official (Poñ Prajñāchandra). It shows the name of three deities in Mahayana Buddhism, Vraḥ Kamratāṅ Añ Sāstā, Vraḥ Kamratāṅ Añ Maitriya, and Vraḥ Kamratāṅ Añ Sri Avalokitesvara. Remarkably, the inscription is crucial. It informs the principal deities of Mahayana Buddhism in the Pre-Angkorian period.

Inscription K.163 has two parts, written on both sides of the door-jam of the central tower. Similar to inscription K.162, it has been studied by Etienne Aymonier, Lunet De Lajonquière, and George Coedès. The north side has 22 lines in Sanskrit, and the south has 28 lines. It has written in the reign of King Jayavarman IV (928-941 CE). It says about the officials of the previous Kings. For instance, Nṛvīra was an official of King Yasovarman, Harshavarman, and a constructor of multiple religious infrastructures. The inscription on the north part has 22 lines that describe an event in the 9th century, The Dēvarāja in the reign of King Jayavarman II on the top of Mahendraparvata by a Brahman Hiraṇyadāma. 

In conclusion, Prasat Bei might have been built at the end of Prei Khmeng and early Kampong Preah style, the 7th century in the reign of King Bhavavarman or Jayavarman I. Later, it has added by King Jayavarman IV.

អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!