ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាវត្តរអាងថ្មបីដុំ​​ ភ្នំ​ត្បែង​

វត្តរអាងថ្មបីដុំ​​ ភ្នំ​ត្បែង​

វត្តរអាងថ្មបីដុំ​​ ស្ថិត​នៅ​លើ​ភ្នំ​ត្បែង​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិក្តី ឃុំ​រអាង ស្រុក​សង្គមថ្មី ខេត្ត​ព្រះ​វិហារ​។​  ដែល​មាន​ចំនុចនិយាមការ​ X 490382 Y 1510503 មាន​កម្ពស់៤៩៥ម៉ែត្រ​ធៀបនិង​ទឹកសមុទ្រ។​ វត្តរអាង​ថ្មបីដុំ​អាច​ធ្វើ​ដំណើរ​ឡើង​ពី​ខាង​ស្រុក​សង្គមថ្មី​ ឬ​ក៏​ឡើងតាម​វត្ត​ដំបូក​ខ្មៅ​ និង​បន្ត​ដំណើរ​មក​កាន់​វត្ត​ថ្ម៣​ដុំ​ ដោយ​ថ្មើរជើងឬ​ម៉ូតូប្រមាណ៥គីឡូម៉ែត្រ។​ ភ្នំ​​ត្បែងត្រូវបាន​រាជរដ្ឋាភិបាល​ ​បាន​ដាក់​​ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ​ត្បែង​ ដោយ​អនុក្រឹត្យ​​លេខ១៨៩ អនក្រ.បក​ ចុះ​ថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ​២០១៦ ដែល​មាន​ផ្ទៃដី​ ២៥២៦៩,៤១ហិកតា។ វត្តរអាង​ថ្មបីដុំ​ខ្លះហៅកាត់ថាវត្តថ្មបីដុំ ជា​ទីតាំង​ជំនឿខាង​​សាសនាដ៏សំខាន់​មួយ​នៅ​លើភ្នំត្បែង។​​ ហេតុ​អ្វី​បាន​ជា​គេ​ហៅ​ថា​វត្ត​ថ្ម៣​ដុំ​?​

តាំង​ជំនឿខាង​​សាសនាដ៏សំខាន់​មួយ​នៅ​លើភ្នំត្បែង (ប្រភព​ព្រះតេជគុណ​ សំ សោភ័ណ)​

ថ្មបីដុំ​ត្រូវ​បាន​ហៅ​ទៅតាម​ឈ្មោះ​ថ្ម​ធំៗ​៣​ដុំ​ មានសណ្ឋានដូចជា​មុំ​ចង្ក្រានដែល​ស្ថិត​នៅ​ខាង​ត្បូង​ព្រះ​វិហារ​លើ​កំពូល​ភ្នំ​ត្បែង​។ ក្នុងចំណោមថ្មទាំងបីដុំ មានមួយដុំមាន​សិលា​ចារឹកចារ​ជា​ភាសាសំស្ក្រឹត​ចំនួន​១០​បន្ទាត់​។ សិលចារឹក​នេះ​ ​មាន​ភាព​បែក​​នៅ​ផ្នែក​ខាង​ឆ្វេង និង​ខាង​ក្រោម​ ផ្នែក​កណ្តាល​មាន​ស្នាម​ដាប់​។ សិលាចារឹក​នេះ​ អាច​ចារ​​ក្នុងអំឡុង​ស.វទី១០-១១​នៃ​គ.ស​ ដែល​​ចាប់​ផ្តើម​ដោយ ​​នមស្កា​រចំពោះ​ព្រះ​សិវៈ​ នៅ​បន្ទាត់​ទី៦​ក៏​មាន​និយាយ​អំពី​សិវៈបុត្រ​ ក្នុង​ន័យនេះ​​អាច​ថា​ទីតាំង​នេះ​មាន​ការ​គោរព​ចំពោះ​ព្រះ​សិវៈ​ឬ​ព្រះ​ឥសូរ។​

សិលាចារឹកចារលើថ្មមួយដុំក្នុងចំណោមថ្មបីដុំ

យើង​បាន​ឃើញ​ភស្តុ​តាង​ដូច​ជា​បល្ល័ង​នៃ​លិង្គ​ព្រះ​ឥសូរ (ចម្លាក់​បុរាណ)​ និង​ចម្លាក់​លិង្គ​ព្រះ​ឥសូរ​ដែល​គេ​ឆ្លាក់​ថ្មី​ចំនួន​២​។​ នៅ​ផ្នែកខាង​ក្រោម​នៃ​ថ្ម៣ដុំ​មាន​ល្អាង​១​ហៅ​ថា​ល្អាង​ព្រះ​ខែ នៅក្នុង​ល្អាងមានឆ្លាក់​​ជា​​ចម្លាក់​ក្បាច់​លំអមួយ​រាង​មូល​នៅ​ចំកណ្តាល​ជា​ក្បាច់​ផ្កា​ឈូក​រី​ក​ នៅ​ជុំ​វិញ​មាន​ផ្កា​ឈូក​រីក​តូច​ៗ​ និង​​មាន​រូប​​ថូ​ទឹក​​ដុះចេញ​ផ្កា​ឈូក​៣​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​​នឹង​ចម្លាក់​ត្រីសូល៌។​ អ្ន​ក​ស្រុក​ខ្លះ​គាត់​​ហៅ​ថាយ័ន្ត ដែល​មាន​​រូប​ដូចជាព្រះ​ខែ ទើបគេ​ហៅ​ល្អាងនេះ​ថា​ជា​ល្អាង​ព្រះ​ខែ​។​

ជើងទម្រលិង្គ​ព្រះ​ឥសូរ (ចម្លាក់​បុរាណ)​ និង​ចម្លាក់​លិង្គ​ព្រះ​ឥសូរ​ដែល​គេ​ឆ្លាក់​ថ្មី​ចំនួន​២

នៅ​ផ្នែក​ខាង​ក្រោយនៃ​ល្អាងមាន​សិលា​ចារឹក​នៅ​ខាង​ក្រោយ​ថ្ម​ចំនួ​ន​២​បន្ទាត់​ចារ​នៅខាង​ក្រោយ​ដែល​នៅ​ខាង​ចុង​នៃ​ឃ្លា​នៅ​…ព្រះឥន្ទ្រគុហារ។ នេះ​អា​ច​ជា​ឈ្មោះ​នៃល្អាង​​​ព្រះ​ខែនេះ​ តាម​រយៈ​អក្សរ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​សិលាចារឹក​ដែល​ចារលើ​ថ្ម៣​ដុំ​ដែល​អាច​ចារ​ក្នុង​អំឡុង​ស.វ​ទី១០-១១គ.ស​។​ ក្នុង​ន័យ​នេះ​អាច​បញ្ជាក់​ថា​ទីតាំងនេះ​ជា​ទីតាំង​គោរព​បូជា​ ខាង​ព្រហ្ម​ញ្ញសាសនា​ ក្នុង​សម័យ​អង្គរ​។​

សិលា​ចារឹកចារនៅផ្នែកខាងក្រោយនៃល្អាងព្រះខែ

ភស្តុតាង​មួយ​ចំនួន​ទៀ​ត​ដូច​ជា​សន្លុង​ជា​ទីតាំង​ដែល​មាន​ថ្ម​ភក់​រៀប​ចំ​ដូច​ជា​ឃឿនប្រាសាទ ​​ជា​ទីកន្លែង​ដែល​ត្រូវ​បាន​រៀប​​ចំ​សម្រាប់​ដម្កល់​ព្រះ​ ទីតាំង​នេះ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ក្នុង​អំឡុង​ឆ្នាំ​១៩៦២ តាម​រយៈ​អក្សរ​ដែល​ចារ​លើ​កំបោរបាយ​អរ បច្ចុប្បន្នមាន​ដាក់​ព្រះ​ពុទ្ធ​រូប​ និង​សំណត់​ឈើ​នៅ​ខាង​លើ​។​ តើ​សំណង់​អាច​​សាង​សង់​ពីមុន​មក​ក្នុង​សម័យ​អង្គរ​ឬយ៉ាងណា?​ យើង​បាន​ឃើញ​ស្លាក​ស្នាម​កាប់​ថ្ម​ពី​ទីតាំង​នៅ​ក្បែរ​នោះ​។​ តាមរយៈ​លោក​អាចារ្យ​ ហាម រ៉ោន​ បាន​និយាយ​ថា​មាន​ចម្លាក់​ព្រះ​ព្រហ្ម​កាល​ពី​មុន​ ត្រូវ​បាន​គេ​វាយ​បំបែក​និង​លួចយក​ព្រះ​កេស​ទៅបាត់។ ក្រោយ​មក​ក៏​បាន​ឆ្លាក់​ជាព្រះកេស​ថ្មី​អំពី​ថ្ម​ក្នុង​អំឡុង​ឆ្នាំ​១៩៩៥?​។ បំណែក​នៃ​រូបទី១២ ដែល​តាមរយៈ​លោកអាចារ្យ​នោះ​បាន​ដាក់​នៅ​ក្រោម​បុស្សបុក​ អាច​ជា​រូប​នៃ​ព្រះ​ពុទ្ធ​រូប​ចតុមុខ សាង​អំពី​ថ្ម​ភក់​ មាន​លាភម្រ័ក្ស​ ដែល​ឃើញមាន​ដូច​ជា​នៅ​ព្រះ​ពុទ្ធ​ត្រឡេង​កែង​នៅ​បន្ទាយ​​លង្វែក​ ប្រាសាទ​ចតុមុខ​នៅ​ព្រះ​ខ័ន​កំពង់​ស្វាយ ខេត្ត​ព្រះ​វិហារ។ ​តាមរយៈ​ចម្លាក់​នេះ​ថា​តើ​អាច​ជា​ស្នា​ដៃ​នៃ​សិល្បៈ​សម័យ​កណ្តាល​ដែរឬទេ? នៅ​លើ​ភ្នំ​ត្បែង​ក៏​មាន​ទី​តាំង​​មួយ​ដែល​ហៅ​ថា​ព្រះ​បាទ តែ​ចម្លា​ក់​នៃព្រះ​បាទ​ពុំ​មាន​ក្បាច់​លំអ និង​សិក​​រិច​រិល​។​ នៅ​ខាង​លិច​ព្រះ​វិហារ​ក៏​មាន​ស្រះ​ទឹក​បុរា​ណ​មួយ​ដែល​មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា​។​

​រួម​សេចក្តី​មក​ទីតាំង​វត្ត​ថ្មបី​ដុំ ​ជា​ទីតាំង​ដែល​ប្រជា​ជន​ខ្មែរ​បាន​គោរប​បូជា​តាំង​ពី​សម័យ​អង្គរ ខាង​ផ្នែក​ព្រហ្មសាសនា​ ជា​ទីតាំងសម្រាប់​ធ្វើតបៈ​ធម៌​ពី​សម័យ​អង្គរ​បន្ត​មកសម័យ​កណ្តាល និង​មក​ដល់​ពេល​បច្ចុប្បន្ន​៕

អត្ថបទដើម៖​ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!