ខែឧសភា ឆ្នាំ២០២២នេះ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌអគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាផូស៊ីលបឋមនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាច្រើនទីតាំង។ ក្នុងនោះស្ថានីយផូស៊ីលសត្វសមុទ្រភ្នំក្រពើត្រូវបានរកឃើញពពួកសត្វសមុទ្រដែលកប់នៅក្នុងថ្មកំបោរ ដីខ្មៅ។ ភ្នំក្រពើស្ថិតនៅប្រមាណជិត២គីឡូម៉ែត្រពីភ្នំសំពៅ និងមានភ្នំក្បែរនោះដូចជាភ្នំក្តោង ភ្នំទ្រុងមាន់ទ្រុងទា និងភ្នំអណ្តើក ភ្នំទាំងឡាយនេះសុទ្ធតែជាប្រភេទភ្នំថ្មកំបោរ។ ភ្នំក្រពើស្ថិតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ភ្នំក្រពើជាប្រភេទភ្នំថ្មកំបោរ តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា តំបន់មួយចំនួននៅក្នុងតំបន់នេះ មានអក្សរសំគាល់ PLS ដែលមានអាយុកាលស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។ ក្រុមការងារបានពិនិត្យទៅតាមទីតាំងមួយចំនួន យើងឃើញថាកន្លែងមួយចំនួននៃជើងភ្នំមានការកកាយយកអាចម៍ដី ដែលខ្លះជាគ្រួសក្រហម និងខ្លះជាថ្មលាយគ្រួសក្រហម។ ទីតាំងទី១ (N1) ដែលស្ថិតនៅកំពស់ប្រមាណ១២០ម៉ែត្រធៀបនិងទឹកសមុទ្រ ក្រុមការងារបានដើរពីជើងភ្នំទៅកាន់កំពូលភ្នំ ទីតាំងនេះត្រូវបានឈូសជាផ្លូវឡើងទៅកាន់ទីតាំងខាងលើភ្នំ មានកំទេចកំទីថ្មកំបោរ លាយជាមួយដី។
តាមផ្លូវដើរឡើងទៅខាងលើនោះ យើងបានជួបប្រទះប្រភេទខ្ចៅនៅក្នុងថ្មកំបោរ និងពពួក Brachiopods ដែលមានសំបកម្ខាងប៉ោង និងសំបកម្ខាងទៀតរាបស្មើ ផូស៊ីលប្រភេទនេះក៏បានជួបនៅភ្នំសំពៅផងដែរ។ ផ្លូវតាមចង្កេះភ្នំក៏បានជួបពពួកផ្កាថ្មសំបុកឃ្មុំជាច្រើន ផ្កាថ្មប្រភេទនេះយើងបានប្រទះឃើញនៅកំពូលភ្នំសំពៅ និងមានច្រើនប្រភេទនៅភ្នំបន្ទាយនាង ដែលស្ថិតនៅចំងាយជាង៥០គីឡូម៉ែត្រពីគ្នា ព្រមទាំងអាចមានទំនាក់ទំនងគ្នាដែលស្ថិតនៅក្នុងសម័យកាលតែមួយឬប្រហែលគ្នា។
នៅត្រង់ចំណុចទីតាំងទី២ N2 ជាទីតាំងនៅជើងភ្នំខាងកើតឈៀងខាងជើងដែលមានកំពស់ ៣៣ទៅ៤៥ម៉ែត្រធៀបនិងនីវ៉ូទឹកសមុទ្រ ទីតាំងនេះគឺធ្លាប់បានគេកាយយកអាចម៍ដីពេលកន្លងមក។ ចំពោះពពួក Brachiopods បានរកឃើញ គឺជាពពួកផ្កាថ្មសំបុកឃ្មុំដែលមានជាស្រទាប់ដីពណ៌ខ្មៅ អាចជាស្រទាប់ភក់កាលពីសម័យមុនមក។ ក្នុងនោះក៏បានជួបពពួកខ្យងតូចៗមានរាងមូលដែលអាចមានអាយុកាលច្រើនជាងពពួកផ្កាថ្មដែលរកឃើញនៅទីនោះ ដោយហេតុថាវាស្ថិតនៅស្រទាប់ផ្នែកខាងក្រោមនៃភ្នំដែលប្រភេទនេះហាក់ដូចជាមិនទាន់បានជួបកាលពីមុនមក។
ផូស៊ីលមួយប្រភេទទៀតអាចជាខ្យង ឬពពួកអាម៉ូណាយ Annonite មានទំហំប្រមាណ២ស.ម ប្រភេទនេះក៏ក្រុមការងារមិនដែលជួបនៅឡើយទេ។ សំណាកផូស៊ីលមួយទៀតត្រូវបានរកឃើញជាប្រភេទមួយនៃពពួកម៉ឹកបុរាណ Orthocone nautiloid Fossil ដែលពួកនេះស្ថិតនៅ Phylum Mollusca, Class Cephalopoda, Subclass Nautiloidea, Order Nautilida។ នេះជាការរកឃើញដំបូងនៃប្រភេទសត្វនេះសម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងប្រមាណ១០ស.ម។
តាមរយៈភស្តុតាងមួយចំនួនអាចបញ្ជាក់អំពីវត្តមាន នៃអតីតសមុទ្រដែលធ្លាប់មាននៅក្នុងភូមិសាស្ត្រតំបន់ភ្នំក្រពើ។ យើងជឿថានិងមានវត្តមានសត្វសមុទ្រផ្សេងទៀតប្រសិនបើយើងមានការសិក្សាបន្ថែម។ តាមរយៈការសិក្សាដែលក្រុមការងារបានប្រមូលពីស្ថានីយ ផូស៊ីលសត្វសមុទ្រមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដូចជាភ្នំសំពៅ ភ្នំបាណន់ ភ្នំទាក់ទ្រាំង ភ្នំ៧ និងភ្នំក្រពើនេះផងដែរ ដែលបានបង្ហាញអំពីវត្តមាននៃសត្វសមុទ្រកាលពីអតីកាលដែលមានកើតឡើងនៅស័ក Paleozoic សម័យកាល Permian (២៥១-២៩៩លានឆ្នាំ)។ ទោះយ៉ាងណានេះជាអាយុកាលបណ្តោះអាសន្នតែប៉ុណ្ណោះ វត្តមានផូស៊ីលសត្វភាគច្រើនមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ? យើងនិងមានការសិក្សាបន្ថែមតៀតទៅលើប្រភេទសត្វដែលយើងបានរកឃើញ៕
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ