តំបន់អារ៉ែងត្រូវបានហៅតាមឈ្មោះ ស្ទឹងអារ៉ែង ដែលមានប្រភពនៅតំបន់ភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តពោធិសាត់។ ស្ទឹងអារ៉ែងហូរកាត់តំបន់អារ៉ែង ស្រុកថ្មបាំងខេត្តកោះកុង ក្នុងឃុំប្រឡាយ ឃុំជំនាប់ និងឃុំថ្មដូនពៅ និងហូរកាត់ទៅកាន់សមុទ្រ ។ តំបន់ភ្នំ ក្រវ៉ាញបានសល់នៅភស្តុតាងមួយដ៏សំខាន់ គឺការដាក់ឆ្អឹងក្នុងពាង និងម្ឈូសឈើដែលមាននៅក្នុងអំឡុងស.វទី១៥ទៅទី១៧គ.សដែលមាននៅច្រើនទីតាំង។ នៅតំបន់ជួរភ្នំក្រវ៉ាញលាតសន្ធឹងក្នុងខេត្តកោះកុង កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង ដែលមានក្រុមជាតិពិន្ធុដូចជា ជានជាតិព័រ សួយ ស្អូច សំរ៉ែ និងជង ដែលពួកគេបានរស់នៅជាក្រុមទៅតាមតំបន់ និងភូមិផ្សេងៗគ្នា។ យើងសូមលើកយកពីទីតាំងមួយក្នុងតំបន់អារ៉ែង ដែលមានជនជាតិជងរស់នៅ និងជាទីតាំងបុរាណស្ថានមួយដែលហៅថាតំបន់ការពារបុរាណស្ថានរូងជំនាង។
ស្ទឹងអារ៉ែង មានតំណាលថា អារ៉ែងជាឈ្មោះក្មេងប្រុសកំព្រាម្នាក់ ដែលល្ងង់ មានជំងឺ គ្មានបងប្អូនសាច់ញាតិ ពេលមួយដែលឃើញគួរឱ្យអាសូរដូច្នេះក៏មានលោកតាចិត្តបុណ្យម្នាក់ បានយកអារ៉ែងទៅចិញ្ចឹមថែរក្សា និងឱ្យរៀនសូត្រ។ ដោយសារខួរក្បាលមិនល្អពីកំណើត រៀនមិនចេះមិនចាំ មិនឆ្លាតដូចក្មេងដទៃទៀតនៅក្នុងភូមិ ចូលចិត្តតែប្រើកំលាំងបាយ មិនចេះដោះស្រាយកិច្ចការអ្វីឡើយ លុះពេញវ័យមានកំលាំងតែគ្មានប្រាជ្ញា លោកតាឃើញដូច្នោះក៏បញ្ជាឱ្យអារ៉ែងទៅធ្វើជាអ្នកចម្លង អ្នកស្រុកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត ដ្បិតស្ទឹងនោះធំ ទឹកជ្រៅ អ្នកស្រុកឆ្លងកាត់ម្តងៗពិបាក ម៉្យាងមានសត្វក្រពើរស់នៅផង។ អារ៉ែងទទួលបានការងារពីលោកតាហើយជួយចម្លងអ្នកស្រុកជាច្រើននាក់ ពីមួយថ្ងៃទៅមួយថ្ងៃ ទោះពេលខ្លះមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កួចនៅពេលចម្លងអ្នកស្រុកយ៉ាងណាក្តី ដោយហេតុថាជាកាតព្វកិច្ចរបស់ខ្លួន និងជាទីពឹងអាស្រ័យរបស់អ្នកស្រុកផង។ ទោះមានការលំបាកយ៉ាងណា អារ៉ែងនៅបន្តធ្វើការងារនេះរហូតដល់ចាស់ស្លាប់បាត់ទៅ។ ក្រោយមកស្ទឹងធំនេះ ក៏ជាប់ឈ្មោះថាជាស្ទឹងអារ៉ែងរហូតដល់សព្វថ្ងៃនេះមក។
រូងជំនាង មានទីតាំងស្ថិតនៅឃុំប្រឡាយ ក្នុងស្រុកថ្មបាំង ជាទីតាំងពាងបុរាណដាក់ឆ្អឹងរក្សានៅទីនោះ ដែលមានចំនុចនិយាមការ(359290-1290546)។ ក្នុងអំឡុងខែមេសា ឆ្នាំ២០២២ យើងបានទៅដល់ទីតាំងនោះ ឃើញមានក្រឡដាក់ឆ្អឹងនៅចំនួន១ដែលនៅសល់ប្រមាណ៥០ភាគរយ ដែលមានឆ្អឹងលលាដ៏ក្បាល ឆ្អឹងខ្នង មួយចំនួន និងមានបំណែកពាងខ្លះទៀត។
តាមរយៈព័ត៌មាននៅមន្ទីរបរិស្ថាន ហៅទីតាំងនេះថា ស្ថានីយខ្នងស្រល់ ឬរូងជំនាង ជារូងចម្រាក់ភ្នំបែរមុខទៅទឹសខាងត្បូងនៅត្រង់ច្រាំងដាច់នៃភ្នំ នៅខាងមុខសម្បូរទៅដោយដើមស្រល់ ដែលស្ថិតនៅត្រង់ចំនុច ៧១១ម៉ែត្រពីកម្រឹតកម្ពស់ទឹកសមុទ្រ។ ស្ថានីយនេះមានពាងមេណាំណយ (ផលិតនៅស្រុកសៀម) ចំនួន៣ បំណែកបាតពាងមេណាំណយ២ អំបែងភាជន៍ផ្សេងទៀតរួមមាន អំបែងក្រឡចិន ដែលមានស្រទាប់រលោងពណ៌បៃតង លឿង និងលំអក្បាច់ឆ្កូត ព្រមទាំងមានបំណែកចាន ស៊ីសាត់ឆាណាឡៃ ដែលមានស្រទាប់រលោងពណ៌បៃតង។ តាមប្រវត្តិរឿងដែលអ្នកភូមិជនជាតិជងបាននិយាយថា ស្ថានីយរូងជំនាងនេះធ្លាប់មានពាងចំនួន៧ ការចុះស្រាវជ្រាវកាលពីឆ្នាំ២០១៥ អាចបញ្ជាក់ឱ្យដឹងថាប្រសាសន៍ពួកគាត់ជារឿងពិត ដោយហេតុយើងក៏រកឃើញបំណែកពាងសម័យអង្គរផងដែរ ដែលស្ថិតលាយឡំក្នុងនោះ។ កាលបរិច្ឆេតវិទ្យុសកម្មកាបូន បានបង្ហាញឱ្យដឹងថាវាមានអាយុពីឆ្នាំ១៤០៣ ដល់ឆ្នាំ១៦៣៤គ.ស។
តំបន់រូងជំនាងជាតំបន់ខ្នងភ្នំ ដែលនៅក្បែរនោះមាន ខ្នងស្រល់ ខ្នងវាលស្រែ ខ្នងក្រពើដែលជាវាលស្មៅសម្បូរដោយពពួកសត្វស៊ីស្មៅជាអាហារ។ នៅទល់មុខរូងជំនាងមានស្ទឹងមួយ និងខាងក្រោយក៏មានស្ទឹងមួយទៀតដែលមានទឹកជ្រោះឆាយយោង វាផ្តល់ជាប្រភពទឹក និងត្រីផងដែរ។ នៅផ្នែកខាងក្រោមនៃរូងជំនាងមានទឹកជ្រោះតូចមួយ ដែលមានរូងធំមួយ អ្នកស្រុកហៅថារូងជំនាងក្រោម បច្ចុប្បន្នអ្នកទេសចរណ៍មួយចំនួនបានហៅរូងនោះថារូងខៀវរូងក្រហម។ តំបន់រូងជំនាងពីមុនមកជាកន្លែងដែល ដំណើរតាមដំរី មកពីរលាក់កងជើងទៅកាន់ភូមិរបស់ពួកកាត់តែងស្នាក់នៅបណ្តោះអាសន្ននៅទីនោះ។ រូងជំនាងក្រោមជារូងធំមួយដែលមានបណ្តោយប្រមាណ ៥០ម៉ែត្រ ជម្រៅ៣០ម៉ែត្រ និងកម្ពស់រូង១០ម៉ែត្រ មានផ្ទៃបាតរាបស្មើ មានលក្ខណៈសមស្របសម្រាប់មនុស្សស្នាក់នៅ។ រូងភ្នំនេះគួរមានការសិក្សាស្រាវជាបន្តតាមបែបបុរាណវិទ្យា។ តើទីតាំងនោះអាចមានទំនាក់ទំនងជាមួយមនុស្សដែលរស់នៅក្នុងសម័យកាលនោះដែរឬទេ? លើកក្រោយខ្ញុំនឹងលើកយកទីតាំងមួយចំនួនទៀតនៅក្នុងភ្នំក្រវ៉ាញមកបង្ហាញបន្ថែម៕
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ