ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៦)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៣៦)

(ទារុណកម្ម)

ព្រះនាងមណីថយចេញពីមានន្ទដោយមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រៃលែង។ នាងអៀនពីព្រោះស្រីស្រលាញ់ រួចឥតត្រូវបានគេស្រលាញ់វិញ។ ឆោមក្តៅក្រហាយថា តាំងពីតូចមកនាងមានរូបល្អមិនដែលនិយាយស្រលាញ់ជាមួយមនុស្សប្រុសឈ្មោលដល់ម្តង ទើបតែមកដល់គ្រានេះនាងនិយាយពេញមាត់តែគេគ្មានទទួលតាមសោះ។ បើថាមានន្ទជាអ្នក្រៅ ទៅក៏មិនថាដែរ តែនេះប្រុសជាបងជីដូនមួយបង្កើត រួចធ្លាប់បានដឹងចិត្តថ្លើមគ្នាខ្លះមកដែរ មិនគួរជាថ្លៃគ្មានត្រាប្រណីដូច្នេះសោះ។ បើថាមិនត្រាប្រណីក៏ហីទៅចុះ យ៉ាងហោចក៏មានន្ទត្រូវគោរពនាងបន្តិចដែរ គឺនិយាយឲ្យធីតាមានផ្លូវសង្ឃឹមបន្តិចផង។ នេះគ្មានទេ! និយាយយ៉ាងដាច់អហង្កាតែម្តង​គ្មានសំចៃគំនិតបន្តិចបន្តួច។

ស្រីមើលរាងកាយនាងគ្រវីក្បាលហួសចិត្តថា បើនាងរូបអាក្រក់ក៏មិនថាទៀត ចុះនាងមានរូបឆើតឆាយនឹងគេដែរ គួរតែបុរសស្រលាញ់ បើមិនស្រលាញ់ក៏ត្រឹមតែចូលចិត្តទៅចុះ។

គិតឡើងក្តៅឡើងៗ។ ភ្លើងស្នេហាក៏ប្រែប្រួលជាភ្លើងសងសឹកព្រោះខ្មាសបុរស សងសឹកព្រោះប្រាកដជាបុគ្គលដ៏ខ្ពស់ខ្ពស់នេះមើលងាយដល់រូបនាងមិនខាន សងសឹកព្រោះគេមុខជានិយាយហែកកេរ្តិ៍នាងប្រាប់អ្នកឯទៀតជាប្រាកដ។​

អាស្រ័យហេតុនេះ ត្រូវតែលុបប្រុសម្នាក់ឲ្យបាត់ពីលោក។ ការនេះជាការចាំបាច់ដែលអាចជួយស្រោចស្រង់កិត្តិនាមនាងបាន។

ធីតាដើរតូងៗ ចូលទៅក្នុងបន្ទប់ព្រះកម្ពុតដែលកំពុងជំនុំជាមួយកាមា។

លុះនាងដើរទៅដល់ ព្រះកម្ពុតស្រដីមកនាងដោយគួរសមថាៈ

ក្មួយ! មានការអ្វីឬ?

ច៎ាះ! ខ្ញុំចង់ស្តាប់កិច្ចការជំនុំជំរះរឿងបងមានន្ទដែរ។

កាមាផ្អៀងខ្លួនគំនាបនាង។ ព្រះកម្ពុតញញឹមយ៉ាងស្រស់ទទួលធីតា។ នាងមណីឳនក្បាលបន្តិចទទួលសេចក្តីរាក់ទាក់របស់ជនទាំងពីរ។

កាមាលួចមើលកល្យាណម្តងៗរួចសួរនាងថាៈ

តើអូនចាប់ចិត្ត ចាប់អារម្មណ៍នឹងរឿងនេះខ្លាំងណាស់ទៅឬ បានជាមកទីនេះ?

ច៎ាះ! ពីព្រោះជារឿងដែលប៉ះពាល់ដល់ខ្ញុំដែរ។

ដោយកាមាភ្ញាក់ ព្រះកម្ពុតឆ្ងល់ គោះខ្សៀសួរថាៈ

ប៉ះពាល់យ៉ាងណាក្មួយ?

ឃើញទឹកមុខកល្យាណ កាមាប្រែទៅជាស្ងួតទៅវិញ នារីសើចក្អាកក្អាយ។

ច៎ាះ!ហាស់ៗៗ! លោកមានិងបងឆ្ងល់?​ ច៎ាះ! ហាស់ៗប៉ះពាល់ដល់សេចក្តីសុខរបស់ខ្ញុំដែរ។ កាមាចងចិញ្ចើម ស្រដីយ៉ាងខ្លាំងៗថាៈ

លោកពុក និងបងមិនយល់ទេ។ មណីអូន! រឿងមានន្ទជារឿងធំណាស់ណ៎ា! មណីសំឡក់កាមា រួចនិយាយថាៈ

អ្នកណាថា រឿងនេះជារឿងតូច។ បងនឹងស្មានថា មានតែបងទេឬអី ដែលត្រូវគិតដល់រឿងមានន្ទនេះ។ ខ្ញុំៗគ្មានអំណាចគិតទេឬអី?

ព្រះកម្ពុតមើលមុខស្រីចំ ដោយរឹតតែឆ្ងល់ទៅទៀត។

ក្មួយ! មាចង់ដឹងទឹកចិត្តក្មួយឯង ចំពោះរឿងមានន្ទនេះណាស់ត្បិតមាមានយោបល់មួយលើរឿងនេះទៅហើយរួចមានទាំងបម្រុងចាត់ការថែមទៀតផង។

ច៎ាះ! ខ្ញុំមកនេះ គឺមកដោយចង់ដឹងយោបល់លោកមា និងយោបល់បងកាមាឯង។ ឯខ្ញុំក៏មានយោបល់មួយ និងមានបំណងមួយយ៉ាងមាំដែរ ដែលខ្ញុំមកស្នើសុំលោកមា ក្រែងបំណងខ្ញុំអាចបានសម្រេច។​

កាមាញាប់ញ័រក្នុងចិត្ត ពីព្រោះអ្នកមើលឃើញថា មណីមុខជាការពារមានន្ទមិនខាន។ អ្នកឆ្លើយយ៉ាងរួសរាន់ថាៈ

ទេអូន! តោងអូនទុកការនេះឲ្យលោកពុកសម្រេចចុះ។

នាងមណីកាត់ផូងគ្មានសំចៃវិញថាៈ

មិនបាន! ក្នុងនាមនៃយុត្តិធម៌ខ្ញុំត្រូវតែដឹងរឿងបងមានន្ទ ហើយត្រូវតែស្នើរឿងនេះជូនជាយោបល់ដល់លោកមាដែរ។

កាមាកាត់ផូងវិញៈ

មិនបាន! តោង……

ព្រះកម្ពុតរាដៃៈ

ទេ! ឈប់ទុកក្មួយខាងនេះ និយាយមើលក្រែងមានយោបល់ល្អ យើងអាចតាមដែរ។ មើលក្មួយយល់យ៉ាងណា? ចង់យ៉ាងណា? រួចមាសូមប្រាប់ទុកជាមុនថា បើបំណងក្មួយមិនសមនឹងបំណងយើងទេកាលណា យើងមិនធ្វើតាមបំណងក្មួយ ចូរក្មួយកុំអាក់អន់ចិត្តសោះណ៎ា?

ច៎ាះ! មានអីលោកមា។ យី! បងម៉ា ឃើញឯងស្រីមិចង់ឲ្យឯងនិយាយអីយ៉ាងម៉េចអញ្ចេះ?​

(សូមរងចាំតាមដានភាគទី៣៧ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!