ទំព័រដើមសិល្បៈព្រះវិហារវត្តអំពិល

ព្រះវិហារវត្តអំពិល

វត្តអំពិល ឬហៅថា​វត្តអំពិលពោធិប្រាក់ ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​​​​ឃុំ​ប្រាសាទ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ មានព្រំ​ប្រទល់​ជាប់ស្រុក​ក្រឡាញ់​ ​​ខេត្ត​សៀម​រាប​។ វត្ត​នេះកសាង​នៅ​ប្របដង​ស្ទឹង​ក្រឡាញ់ ​ពោល​គឺ​នៅ​​ខាង​ជើង​វត្ត​ទន្ទាប់​​ចម្ងាយ​ប្រហែល​​៥ គីឡូម៉ែត្រ។ យោង​តាម​​ឯកសារ​ឱ្យដឹង​ថា ព្រះ​វិហារ​​​វត្ត​នេះកសាង​នៅដើម​សតវត្សទី​២០ ហើយ​​គំនូរ​ក្នុង​​ព្រះវិហារ​​គូរ​ក្នុងឆ្នាំ​១៩៤១។ ក្រោយ​ឆ្លង​កាត់​សង្រ្គាម​ ​និង​ការ​បំផ្លិច​បំផ្លាញ​ ​ទើប​ចូលមក​ដល់​ដើម​សតវត្សទី​២១ ព្រះវិហារ​វត្ត​នេះ​បា​ន​​ជួស​ជុល​​រចនា​សម្ព័ន្ធ​ និង​គ្រឿង​លម្អ​ផ្នែក​ដំបូល​ ដោយ​រក្សា​​លំនាំ​ស្ថាបត្យ​កម្ម​ដើម​​ ព្រម​ទាំង​​ជួស​ជុល​កែ​លម្អ​​កសាងបន្ថែម​​ខឿន​ជុំវិញ​ព្រះ​វិហារ និង​​កសាង​បល្ល័ង្កព្រះ​ជីវ៍ថ្មី។

ព្រះវិហារ​វត្ត​អំពិល ជា​ទម្រង់វិហារ​ជហ្វា​បួន​ ដែល​​លក្ខណៈ​​សំណង់​ទូទៅ​ស្រដៀង​នឹង​​ព្រះ​វិហារ​​បុរាណ​មួយចំនួននៅ​ក្នុង​ខេត្ត​បាត់​ដំបង និង​សៀមរាប​។ ​សម្ភារៈ​ សំណង់​​ជា​ទូទៅ​ប្រើ​ជា​​គ្រឿង​បង្គុំនៅផ្នែក​ដំបូល និង​សសរ​ជា​ឈើ ហើយផ្នែក​ជ​ញ្ជាំងជុំវិញ​ជា​ឥដ្ឋ​បូក​កំបោរ​បាយ​អ។ តាមរយៈ​រូប​ថត​សាលាបារាំង​ថត​ឆ្នាំ​១៩២៩ (EFEO_CAM15633) បង្ហាញ​ឱ្យ​​​ឃើញ​ថា​​ព្រះវិហារ​នេះ​កសាងលើ​​កូន​ទួល​​មួយ ព័ទ្ធដោយ​ចេតិយ​តូចៗ​ជុំវិញ។ ដំបូល​ ប្រក់​​ក្បឿង​​ស្រកាលេញ បំពាក់​ជហ្វា​​២ នៅចុង​​មេដំបូល​ខាង​កើត និង​ជហ្វា​២ ទៀត​នៅ​ចុង​មេ​ដំបូល​​ខាង​លិច ដោយ​រចនា​ចុង​ដំបូល​​ និង​ជហ្វា​ទាំង​សងខាង​ឱ្យ​​​ខ្ពស់​ស្រឡះឡើង​។​ រីឯ​​ហោ​ជាង​​ទាំង​សង​ខាង​នៃ​ព្រះវិហារ​វត្ត​នេះ​​ គេ​រចនា​ដោយ​សសរ​​ទម្រ​ពី កើត​​ជា​ចន្លោះ​លំហ​​ទំនេរ ពុំ​មាន​លម្អ​ដោយ​​ក្បាច់​រចនា​អ្វីដូច​វិហារ​បុរាណ​វត្ត​​សំរោង​ក្នុង​ ឬវត្ត​បាឡាត់ ឬ​វត្ត​​កណ្តឹង​ក្នុង​ខេត្ត​បាត់​ដំបូង​ឡើយ។ ចំណែក​ផ្ទៃ​ដំបូល​ចំហៀង​រាង​​ជ្រាលចុះ​​៣ថ្នាក់​ ទ្រ​ដោយ​សសរ​ឈ​រចំនួន​១២ដើមនៅខាងក្នុង និង​សសរឈើ​ចំនួន​៣០ដើម​​ តាម​របៀង​បាំង​សាច​។ លក្ខណៈ​រចនាសម្ព័ន្ធទូទៅ​ទាំង​ឡាយ​នេះ គេឃើញ​រក្សា​បាន​​ស្ទើរ​ទាំង​ស្រុង​ រហូត​មក​ដល់សព្វថ្ងៃ (រូបលេខ​១-២)។

ប៉ុន្តែទោះបីយ៉ាង​ណាក្តី ក្រោយមានការបំផ្លិចបំផ្លាញ​ក្នុង​សម័យ​សង្រ្គាម ​នៅ​​ក្នុង​រវាង​​ឆ្នាំ២០០០ ព្រះវិហារ​វត្ត​អំពិល​នេះ ​បាន​ចាប់ផ្តើម​ជួស​ជុល​កែលម្អ​រចនាសម្ព័ន្ធជា​ច្រើន​កន្លែង​។ នៅ​​ផ្នែក​ដំបូល គេបាន​បំពាក់​នាគដងក្តារ​​ថ្មី​ ជាក្បាច់​ចាក់​ពុម្ពស៊ីម៉ងត៍​នៅ​តាម​ចែង​​ដំបូល​នីមួយ​​ៗ និង​បាន​ប្តូរ​​សសរ​ទ្រហោជាងពីឈើទៅជា​បេតុង ព្រម​ទាំង​​លាប​ពណ៌​ថ្មី​​ផង​ដែរ។ លើស​ពីនេះគេ​ថែម​ទាំងបាន​​​រៀបចំ​បន្ថែម​​បង្កាន់​ដៃ​ព័ទ្ធជុំវិញ ដោយ​មាន​ជណ្តើរ​​ឡើង​​ចុះ​នៅផ្នែក​ខាង​មុខ​២ និង​ខាងក្រោយពីរ។ ទន្ទឹមនឹងនេះ ចំពោះការ៉ូកម្រាល​ទាំងក្នុង និង​ខាងក្រៅ​ក៏បាន​ប្តូរ​មក​ប្រើ​ប្រាស់​ការ៉ូសម័យ​ថ្មី​​ផងដែរ (រូបលេខ៣-៤)។​

ដោយឡែក ចំពោះ​ហោ​ជាងទាំង​ពីរ​នៃព្រះវិហារ​វត្ត​អំពិល ជា​ប្រភេទ​ហោ​ជាង​ឈើ​​រចនា​ដោយ​ក្បាច់​ភ្ញីទេស​​ ព្រម​ទាំង​មានដុំ​កញ្ចក់លម្អផង។ ផ្ទៃហោជាង​ខាងកើត គេ​រចនា​ជា​រូប​ព្រះសក្យមុនីចេតិយ(?) មួយធំនៅចំកណ្តាល និង​​ដង​ទង់​ពីរអមសខាង​ខាង​ ព្រម​ទាំង​រូប​ទេព្តា​អង្គុយ​ប្រណម្យ​នៅផ្នែក​ខាងក្រោម ​ព័ទ្ធលម្អ​ដោយ​ក្បាច់​ភ្ញី​ទេស​(រូបលេខ​៥)។ ប្រធាន​បទ​លើ​ផ្ទៃ​ហោជាង​​នេះ ហាក់​ស្រដៀង​​នឹង​ហោ​ជាង​​ផ្នែក​ខាងកើត​នៃវិហារ​បុរាណ​វត្ត​ល្អក់ ក្នុងខេត្ត​សៀមរាបដែរ។ ចំណែក​ឯ​នៅលើ​ផ្ទៃហោជាង​ខាងលិច គេ​សង្កេត​ឃើញ​ថា​ក្បាច់​លម្អជា​ទូទៅ​ពុកផុយ​ជ្រុះ​ធ្លាក់​បាត់​ដោយ​ផ្នែក។ យ៉ាង​ណាក្តី នៅលើ​ហោជាង​នេះ គេ​រចនាជា​រូប​​ទេព​គង់លើ​គ្រុឌ(ព្រះវិស្ណុ?) ដោយ​នៅក្នុងព្រះហស្ថទាំង​សងខាង​មាន​កាន់​កេតនភណ្ឌផង (រូបលេខ៦)។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ហោជាង​ទាំងពីរនេះ​គេប្រើ​បន្ទះក្តា​រ​ផ្តេក​ ហើយ​យក​ក្បាច់ ព្រម​ទាំង​កញ្ចក់លម្អបិទភ្ជាប់​ពីលើ។

ចំពោះជញ្ជាំងព្រះវិហារផ្នែក​ខាងក្រៅ ជាទូទៅមាន​ផ្ទៃលាតគ្មាន​​ក្បាច់លម្អ ឬគំនូរ​​អ្វី​ឡើយ ដោយ​នៅ​​ផ្នែក​ចំហៀង​មាន​បង្អួច​ម្ខាង៥​។ រីឯ​នៅលើ​ជញ្ជាំង​​ផ្នែក​ខាង​មុខ ​មាន​ទ្វារ​ពីរ និង​ជញ្ជាំង​ខាង​ក្រោយ​​មាន​ទ្វារ​ពីរ។ ទន្ទឹម​នឹងនេះ នៅលើ​ជញ្ជាំង​ខាងកើតគេ​ឃើញ​​មាន​ផ្តែ​រ​ប្រាសាទ​មួយ​​​​ត្រូវ​បាន​គេ​យក​រៀប​ភ្ជាប់​នឹង​ផ្ទៃ​ជញ្ជាំង​ផ្នែក​​កណ្តាល​​ផង (រូប​លេខ​៧)។  ប៉ុន្តែ​ដោយឡែក នៅ​លើ​សន្លឹ​ក​ទ្វារ​ និងបង្អួច​នីមួយៗ​នៃ​ព្រះវិហារ​នេះ គេ​​ថែម​ទាំង​បាន​រចនាលម្អដោយ​ក្បាច់ផ្កាភ្ញី រួម​ទាំង​តួអង្គ​ហនុមាន​ ដែល​គេ​ស្គាល់​ថា​ជា​តួ​អង្គ​​​​សំខាន់ៗ​មួយ​ចំនួន​ក្នុងរឿង​រាមកេរ្តិ៍ (រូបលេខ៨-១០)។

នៅផ្នែកខាងក្នុង​ព្រះវិហារ មាន​សសរ​ឈើ​៨ ជ្រុង​ពីរជួរ​​អម​សាង​ខាង​ល្វែង​គ្រឹះ។ សសរ​នីមួយៗ ជា​សសរ​លាត​ ពុំមាន​ក្បាច់​ ឬគំនូរ​លម្អ​អ្វីឡើយ។ រីឯ​ផ្នែក​ខាងលើ គឺ​​ជា​គ្រឿង​​បង្គុំ​ឈើ​ទាំង​អស់ ហើយ​ពិតាន​ព្រះវិហារ​នេះក៏ជា​ពិតាន​ឈើ​ ដែលគេ​ដឹង​ថា​ទើប​​​នឹង​រៀបចំ​ជួស​ជុល​កែ​លម្អថ្មី (រូបលេខ​១១)។ ចំពោះ​បល្ល័ង្ក​ព្រះជីវ៍ ​នៃ​ព្រះវិហារ​វត្ត​នេះ គេ​ក៏ដឹងដែរ​​ថា​​​ជា​បល្ល័ង្ក​ដែល​ទើប​នឹង​រៀបចំ​​កសាង​ថ្មី​នៅក្នុង​​ពុទ្ធសករាជ​២៥៤៩ (ឆ្នាំ​២០០៥) ដោយ​ដាក់​តម្កល់​ព្រះ​ពុទ្ធបដិមា​ព្រះជីវ៍​ធំ​សាង​​អំពីសីម៉ងត៍ អម​ដោយ​ព្រះ​ពុទ្ធ​បដិមា​​​​​ក្នុង​កាយ​វិការ​ផ្ចាញ់មារ​​បីព្រះអង្គ ជា​ព្រះបដិមា​សាងអំពីស៊ីម៉ងត៍ (រូប​លេខ​​១២)។ ដូច្នេះ​គេពុំដឹង​ថា​ ព្រះបដិមា​ព្រះជីវ៍ដើម​នៃ​ព្រះវិហារ​នេះមានលក្ខណៈ​ដូចម្តេចឡើយ។

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!