វត្តសំសមី ស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បើផ្អែកតាមសារបានវត្ត ទីអារាមនេះចាប់ផ្តើមកកើតឡើងក្នុងឆ្នាំ១៩១៩ នៅប្របដងទន្លេមេគង្គ។ រីឯព្រះវិហារចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩៣១ រហូតហើយរួចរាល់ជាស្ថាពរបញ្ចុះសីមាឆ្លងក្នុងឆ្នាំ១៩៤៤ ក្រោមព្រះរាជវត្តមាន សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ និងព្រះរាជាធិបតីដ៏ឧត្តុង្គឧត្តម ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែគំនូរក្នុងព្រះវិហារគូរនៅឆ្នាំ១៩៦៨ ដែលមានគំនូរមួយផ្ទាំងគូរភ្ជាប់នឹងព្រះឆាយាលក្ខណ៍ព្រះអង្គក្នុងផ្នែកមួយនៃពុទ្ធប្រវត្តិ។
ជាការពិត គិតមកដល់បច្ចុប្បន្ន ព្រះវិហារវត្តសំសមីមានអាយុកាលជិត១០០ឆ្នាំ។ ប៉ុន្តែគេមើលឃើញថា ព្រះវិហារនេះគឺជាសំណង់មានលក្ខណៈរឹងមាំជាងព្រះវិហារតាមបណ្តាវត្តផ្សេងៗ ដែលកសាងឡើងក្នុងសម័យកាលប្រហាក់ប្រហែលគ្នា។ ព្រះវិហារនេះ កសាងអំពីថ្ម លើខឿនពីរថ្នាក់ មានជញ្ជាំងខ្ពស់ស្រឡះ ដំបូលប្រក់ក្បឿង និងបំពាក់ជហ្វា៤។ ជញ្ជាំង និងហោជាងព្រះវិហារ លាបពណ៌ផ្កាឈូកស្រាល ហើយមុនឆ្នាំ២០១២ គេសង្កេតឃើញថា រចនាសម្ព័ន្ធដំបូលព្រះវិហារមានការបាក់បែក លេចធ្លុះដោយអន្លើ។ ប៉ុន្តែក្រោយមក រចនាសម្ព័ន្ធសំខាន់ៗ និងគ្រឿងបង្គុំខ្លះនៃផ្នែកដំបូលបានជួសជុលកែលម្អយ៉ាងប្រសើរដូចឃើញសព្វថ្ងៃ។
ដូចបានបញ្ជាក់មកខាងដើម ព្រះវិហារវត្តសំសមីសង់នៅលើខឿនពីរថ្នាក់។ ខឿនថ្នាក់ទី១ ខ័ណ្ឌព័ទ្ធដោយសួនផ្កា និងរបងដែក ដែលទុកច្រកចូលតាមតាមទិសទាំងបួន។ ខឿនថ្នាក់ទី២ មានកម្ពស់ប្រហែលជាង១ម៉ែត្រ មានបង្កាន់ដៃថ្មជុំវិញត្រឹមសសរបាំងសាច ដោយមានជណ្តើរឡើងតែទិសខាងកើត និងទិសខាងលិចប៉ុណ្ណោះ។ ព្រះវិហារនេះ ជាទម្រង់វិហារបុរាណដែលសង់ពង្រីកខ្នាត ឱ្យទូលាយ និងស្រឡះ ដោយមានទ្វារធំៗបីនៅទិសខាងកើតនិងខាងលិច និងទ្វារម្ខាងពីរនៅទិសខាងត្បូង និងខាងជើង ព្រមទាំងបង្អួចម្ខាង៦ នៅលើជញ្ជាំងចំហៀងទាំងពីរ (រូបលេខ៤)។
រីឯការលម្អផ្សេងៗផ្នែកខាងក្រៅជញ្ជាំងព្រះវិហារ គេឃើញមានតែនៅលើស៊ុមទ្វារ-បង្អួច និងនៅលើក្បាលសសរជុំវិញបាំងសាច។ នៅលើស៊ុមទ្វារ និងបង្អួច គឺជាក្បាច់ពុម្ពស៊ីម៉ងត៍ដែលគេឆ្លាក់ជាក្បាច់អង្គរ បំបែកជុំវិញរូបព្រះវិស្ណុជិះគ្រុឌ (រូបលេខ៧)។ រីឯនៅតាមក្បាលសសរជុំវិញបាំងសាច លម្អដោយទែនទយរូបគ្រុឌ មានស្លាបឆ្លាក់ជាក្បាច់ភ្ញីទេសទ្ររងស្បូវ (រូបលេខ៨)។ ចំណែកឯហោជាងព្រះវិហារនេះ រចនាលម្អដោយក្បាច់ដូចគ្នាទាំងសងខាង ពោលគឺឆ្លាក់ក្បាច់ភ្ញីទេសលាយជុំវិញរូបផ្លិតចាមរតម្កល់នៅលើជើងពាន ដែលមានពន្លឺរង្សីនៅកំពូល និងឆ័ត្ររួតមួយគូអមសងខាង (រូបលេខ៩)។
ចំពោះខាងក្នុងព្រះវិហារ មានសសរបេតុងមូលធំៗពីរជួររត់អមសងខាងល្វែងគ្រឹះ ប្រកបដោយគំនូរ និងក្បាច់លម្អយ៉ាងវិចិត្រក្រៃលែង ដោយនៅតាមគល់សសរគេលម្អរូបព្រះកាលព័ទ្ធជុំវិញ (រូបលេខ១០)។ ប៉ុន្តែដើមឡើយផ្ទៃសសរទាំងអស់នោះ ពីក្រោមដល់លើពុំមានគំនូរ និងក្បាច់លម្អឡើយ។ ក្បាច់ក្បូរលើសសរទាំងនោះ គូរឡើងដំណាលគ្នានឹងការគូរគំនូរទូទៅលើផ្ទៃជញ្ជាំង និងពិតានដែរ ពោលគឺក្នុងរវាងឆ្នាំ១៩៦៧-១៩៦៨។ លើសសរខ្លះមានជារូបគ្រុឌត្រដាងស្លាប ហើយលើសសរខ្លះទៀតគឺជារូបកិន្នរគូរលាយនឹងក្បាច់ផ្សេងៗផងក៏មាន (រូបលេខ១១-១២)។
ព្រះជីវ៍នៃព្រះវិហារវត្តសំសមីនេះ គេកសាងតម្កល់លើបល្ល័ង្កខ្ពស់ថ្នាក់ៗ មានផ្កាឈូកនៅខាងលើ។ ព្រះបដិមាកសាងក្នុងកាយវិការផ្ចាញ់មារ ទ្រង់ភ្នែន ព្រះហត្ថស្តាំដាក់លើព្រះបាទសំយ៉ុងទៅដី ដែលខ្លះហៅ ថា“យកព្រះធរណីជាសាក្សី” ដ្បិតកាលព្រះអង្គត្រាស់ដឹង មានមារមកដណ្តើមបល័្លង្ករត្ននោះ។ បើយោងតាមឯកសារឱ្យដឹងថា ព្រះជីវ៍ធំនេះ ជាសទ្ធារបស់សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយកគណៈមហានិកាយបានកសាង ដោយមានលាយចម្រុះលោហធាតុ និងរតនវត្ថុច្រើនយ៉ាងដូចជា ស្ពាន់ លង្ហិន ទង់ដែង ទង់ហ្វ៊ា ប្រាក់ មាស ដែលជាងវិចិត្ររចនាឱ្យមានសម្បុររលើបរលោង ហាក់ដូចបញ្ចេញរស្មីប្រាំមួយពណ៌។
ដោយឡែកគំនូរនៃព្រះវិហារនេះ គឺបានបញ្ជាក់មកខាងលើស្រេចថាចាប់ផ្តើមគូរក្រោយព្រះវិហារបញ្ចុះសីមារួចជាង២០ឆ្នាំ ដោយមានជាងគំនូរពីខេត្តកំពង់ធំឈ្មោះ ម៉ែន សារឿន។ ចំពោះលក្ខណៈនៃការរៀបចំគំនូរខាងក្នុងព្រះវិហារនេះ គឺមានគំនូរពីរជួរលើជញ្ជាំងជុំវិញ និងគំនូរជាផ្ទាំងធំៗលើពិតាន។ ជាទៅទៅគេសង្កេតឃើញថា ចាប់ពីត្រឹម ជួរខាងលើនៃជញ្ជាំងរហូតដល់ផ្ទៃពិតាន គេគូរបង្ហាញឈុតផ្សេងៗចម្រុះគ្នាទាំងរឿងពុទ្ធប្រវត្តិ និងរឿងក្នុងជាតកនានាដូចជា នាងបដាចារ សុមេធតាបស និងព្រះពុទ្ធប្រាំព្រះអង្គ ជាដើម។
គំនូរខ្លះគូរនៅលើពិតានដូចជា នាងបដាចារ សុមេធតាបស និងព្រះប្រាំព្រះអង្គ…
គំនូរលើជញ្ជាំងមានពីរជួរ គឺជួរខាងលើជារឿងពុទ្ធប្រវត្តិចាប់ផ្តើមពីទ្រង់ប្រសូត្រ រហូតបរិនិព្វាន។ គំនូរជួរខាងក្រោមមានខ្លឹមសាររឿងចម្រុះដូចជា រឿងជាតក ការធ្វើទារុណកម្មពួកសត្វនរក តួអង្គក្នុងរឿងរាមកេរ្តិ៍ ទេវតាប្រចាំខែឆ្នាំទាំង១២ និងរូបទេពនិករផ្សេងៗ (រូបលេខ១៧-១៩)។ ប៉ុន្តែក្នុងបណ្តារូបនៃរឿងពុទ្ធប្រវត្តិលើជញ្ជាំងទាំងអស់ គេសង្កេតឃើញត្រង់ផ្ទាំងចែកព្រះបរមសារីរិកធាតុព្រះពុទ្ធ (រូបលេខ២០) មានរូបតួយុវក្សត្រមួយព្រះអង្គ ទ្រង់ព្រះពស្រ្តក្បិនពណ៌ផ្កាឈូក ព្រះភូសាកុតកត្រង់ពណ៌ស ទ្រង់គ្រឿងព្រះឥស្សរិយយស ហើយយាងទ្រព្រះកោដ្ឋមាសមួយផង (រូបលេខ២១)។ ក្នុងរូបនេះ អ្នកខ្លះយល់ថាគឺជាព្រះឆាយាលក្ខណ៍ ព្រះបរមរតនកោដ្ឋ។
ជារួមមក ព្រះវិហារវត្តសំសមី ជាសំណង់ដែលបង្ហាញឱ្យឃើញពីទឹកដៃសិល្បៈដ៏ល្អមួយ ឆ្លងកាត់តាំងពីចុងសម័យអាណាព្យាបាលបារាំង សម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ តាមរយៈឯកសារក៏បានបង្ហាញថាព្រះវិហារនេះ ក៏ជាចំណែកអានិសង្សរបស់សម្តេចព្រះសង្ឃរាជ ព្រះសង្ឃគ្រប់ជាន់ថ្នាក់ និងជាពិសេសគឺព្រះរាជូបត្ថម្ភគាំទ្ររបស់ ព្រះបរមរតនកោដ្ឋ។ ប្រហែលប្រការចុងក្រោយនេះ ទើបជាង២០ឆ្នាំក្រោយមក គេហាក់ដូចជាចង់រំលេចភ្ជាប់ព្រះឆាយាលក្ខណ៍ព្រះអង្គក្នុងគំនូរនៃពិធី ចែកព្រះបរមសារីរិកធាតុព្រះពុទ្ធ៕
អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត