សិលាចារឹកនេះគេរកឃើញនៅឆ្នាំ១៨៩១ ដោយលោក អាឌេម៉ា ឡឺក្លែរ នៅទីតាំងប្រាសាទត្រពាំងប្រី ដែលជាប្រាសាទមួយក្នុងក្រុមប្រាសាទស្ថិតនៅអតីតទីក្រុងសម្ភុបុរៈដែលលាតសន្ធឹងតាមបណ្ដោយទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ទីតាំងនេះគេស្គាល់ជាទួលកំណប់ត្រពាំងប្រី ដែលស្ថិតនៅក្នុងភូមិដូនមាស ឃុំសំបូរ ប៉ុន្ដែក្រោយមកទីតាំងនេះ កាត់ចូលទៅក្នុងភូមិបាយសំណុំ ឃុំកោះខ្ញែរវិញ។ នៅទីនោះ ក៏រកឃើញសិលាចារឹកសម័យអង្គរមួយផ្ទាំងទៀត ដែលចុះលេខបញ្ជីសារពើភ័ណសិលាចារឹកខ្មែរ K.១២៨។ អត្ថបទចារឹកនេះចារលើមេទ្វារប្រាសាទសាងអំពីថ្មភក់ នៅសល់អក្សរអាចអានបានចំនួន២១បន្ទាត់ ប៉ុន្ដែ៨បន្ទាត់ដំបូងនៅផ្នែកខាងស្ដាំ ដាច់បាត់អត្ថបទចារឹក ដោយសារមេទ្វារនេះបានបាក់។ បច្ចុប្បន្នសិលាចារឹកនេះរក្សាទុកនិងដាក់តាំងបង្ហាញនៅក្នុងសារៈមន្ទីរជាតិ ភ្នំពេញ។
សិលាចារឹកនេះធ្លាប់បានសិក្សានិងចុះផ្សាយដោយលោក ហ្ស៊ក សឺដែស ក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី២ ក្នុងឆ្នាំ១៩៤២។ សិលាចារឹកនេះ ត្រូវអ្នកស្រាវជ្រាវប្រើប្រាស់ជាភស្ដុតាង ដើម្បីបង្ហាញពីវត្តមានសញ្ញាលេខសូន្យដែលចាស់ជាងគេ នៅក្នុងពិភពលោក។ លោក ហ្ស៊ក សឺដែស បានអានកាលបរិច្ឆេទដែលមានក្នុងសិលាចារឹកនេះជា «៦០៥» ក្រោយមកលោក ដូមីនីក សូទីហ្វ បានសិក្សាស្រាវជ្រាវដែលផ្ដល់ជាភស្ដុតាងនិងអំណះអំណាងថ្មីថា សិលាចារឹកនេះមានកាលបរិច្ឆេទ «៦០៤» នៃមហាសករាជ ពុំមែនជា «៦០៥» ដូចអ្វីដែលលោក សឺដែស ធ្លាប់បានលើកឡើងនោះទេ។
នៅក្នុងអត្ថបទសិលាចារឹកនេះ ពុំបាននិយាយបញ្ជាក់ថាខ្មែរ ជាអ្នកបង្កើតសញ្ញាលេខសូន្យដំបូងគេនោះឡើយ។ សេចក្ដីសំខាន់នៅក្នុងនេះ គឺជាបញ្ជីអ្នកប្រើប្រុសស្រី គោ អង្ករ ក្របី ជាតង្វាយចំពោះប្រាសាទ និងពាក្យផ្ដាសាដល់ជនណាដែលបំផ្លាញបុណ្យដែលគេបានសាងហើយ។ ថ្វីដ្បិតនៅក្នុងសិលាចារឹកនេះ មានកាលបរិច្ឆេទនៅមហាសករាជឆ្នាំ ៦០៤ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ ៦២៨ ឬ ៦២៩ ដែលជាកាលបរិច្ឆេទចាស់ជាងគេ ក្នុងចំណោមឯកសារដែលមានភស្ដុតាងលេខសូន្យនោះ ក៏ពុំមែនមានតែខ្មែរតែមួយនោះដែរ។ លោក ដូមីនិក ស៊ូទីហ្វ ក៏បានបង្ហាញភស្ដុតាងពីកិឌុកាន់ប៊ូគិត នៅស៊ុម៉ាត្រា ក៏មានសិលាចារឹកនៅមហាសករាជឆ្នាំ ៦០៤ ដូចគ្នានឹងសិលាចារឹកមកពីត្រពាំងប្រី នេះដែរ។
ដូច្នេះ ការដែលលើកឡើងថាខ្មែរជាអ្នកច្នៃប្រឌិតបង្កើតសញ្ញាលេខសូន្យដំបូងគេ នោះ ហាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។ ទោះបីជាខ្មែរនិងស៊ុម៉ាត្រា មានភស្ដុតាងសិលាចារឹក ដែលមានកាលបរិច្ឆេទចាស់ជាងគេក៏ពិតមែន ក៏យើងគួររកភស្ដុតាងបន្ថែមទៀតថា តើខ្មែរឬស៊ុម៉ាត្រា ផ្សាយសញ្ញាលេខសូន្យនោះ ទៅពិភពលោកដោយរបៀបណា? យើងត្រូវការ ការសិក្សាស្រាវជ្រាវដើម្បីបញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ ជាបន្ដទៅទៀត ដើម្បីឆ្លើយតបទៅនឹងកម្មវត្ថុនៃការរាវរកទីកំណើតនៃសញ្ញាលេខសូន្យនេះ។
អំណានសិលាចារឹកជាអក្សរបច្ចុប្បន្ន
១- កុម………..
២- វាកន្ទាស៑១ អ្មេស្លា………..
៣- កុមង៑១ កុស្មោម៑១ វាក្មក៑១………..
៤- ឝកបរិគ្រហ៦០៤បញ្ចមិរោ(ច៑) ……………………
៥- នក្ឞត្រម្រតាញ៑វិទ្យាកីត៌្តិឱយ៑ទា(សាទាសីតវ្រះកម្រតាង៑អញ៑ឝ្រីអម)
៦- រេឝ្វរអំរះវាត្វាល៑១ វាក្វន៑១ ទ្ន……
៧- វាក្មោច៑ តអ្នក៑កន្ដៃកុវ្ញៅកោន៑កុតំបាញ៑………..
៨- វាតល៑តោល៑១ កុច្រោញ៑១ កុអនង៑១ កោន៑កុវាត្លោស៑១ វាឧត្បល១ បៅតៃ…..
៩- ង៑១០-១ត្មុរ៑ទ្នេំ៥បាទមូលតអនៅវរីបន្លស៑១វិឝេឞគុប៑១បោញ៑១….
១០- រង្កោសោចំនំគេអាយ៑តវ្រះកម្រតាង៑អញ៑លិះ២ បំនោស៑បំជុះតហ្វេរ៑ក្ញុំតវ្រះ
១១- កម្រតាង៑អញ៑គិតស្វាង៑គិតគិទិវសញ្ចារស្ឋិតនៅវាតទង៑ក្មិសក្កនេះក្ញុំប្រទានទ្រោង៑នេះ
១២- រង្កោចំនំគេអាយ៑តវ្រះកម្រតាង៑អញ៑ឝ្រីអមរេឝ្វរអំបល្លកុលគេផោង៑យាវត៑
១៣- សូយ៌្យចន្ទ្រស្យតាវត៑នរកទុះខិតាះ ៙ ក្ញុំអំនោយ៑ម្រតាញ៑ឥឝ្វរវិន្ទុត
១៤- វ្រះកំម្រតាង៑អញ៑សុវណ៌្ណលិង្គទោង៑វ្រះកំម្រតាង៑អញ៑មនិវប្សំឧបភោ
១៥- គតវ្រះកម្រតាង៑អញ៑ឝ្រីអមរេឝ្វរអំរះវិធិវល១ អំរះផល១ វាប្ឯំ១ វា
១៦- ក្មៅ១ វាក្សាន៑១ វាត្កះ១ វាអញេស៑១ វាកញ្ចោស៑១ វាចប៑មាន៑១ វាសុទត៑១ វារត្នបាល១
១៧- វាកន្សិង១ វាក្លង៑អស១ វាចំដក១ គេ១០-៣ កុវ្រៅ១ កោន៑៤ កុស្យាំ១ កោន៑១ កុអ្នក៑ទៃ១
១៨- កោន៑២ កុឧត្បល១ កោន៑៤ កុកំវុត៑១ កោន៑២ កុវិលាស្ស១ កោន៑៣ កុប្កាយ៑១ កោន៑៣ កុននាង៑១
១៩- ត្មុរ៑ជ្មោល៑១០-១ ចន្មត៑៤ ក្សោរ៑១០-៧ គិតេល៑ឱយ៑តវ្រះកម្រតាង៑អញ៑សុវណ៌្ណលិង្គទោង៑
២០- មនិឝិវប្សំឧបភោគតវ្រះកម្រតាង៑អញ៑ឝ្រីអមរេឝ្វរគេតត្វេវិប្ត្យឝិវសប្ដបិតាសប្ដ
២១- មាតាបញ្ចមហារៅវនរកាះបតន្ដិ ៕
អត្ថបទប្រែសម្រួលជាភាសាខ្មែរទំនើប
(១-៣) កុម… វាកន្ទាស១ ម្ដាយរបស់ស្លា… កុមង១ កុស្មោម១ វាក្មក១។
(៤-៥) មហាសករាជ៦០៤ ថ្ងៃទី៥រោច នក្សត្រ…។
(៥-៨) ម្រតាញវិទ្យាកីត៌ិ្តថ្វាយអ្នកបម្រើប្រុសស្រីចំពោះព្រះកម្រតាងអញស្រីអមរេសូរ។ (អ្នកបម្រើពួក)អំរះ(មាន) វាត្វាល១ វាក្វន១ ទ្ន… វាក្មោច។ អ្នក(បម្រើ)ស្រី(មាន)កុភ្ញៅ(និង)កូនរបស់នាង(ឈ្មោះ)តំបាញ… វាតលតោល១ កុច្រោញ១ កុអនង១(និង)កូន(របស់នាងឈ្មោះ)វាត្លោស១ វាឧត្បល១ បៅដៃ….។
(៩-១១) (ដូង?)១១ គោ៥នឹម។ បាទមូលនៅកន្លែងរស់នៅ(មាន) វរីបន្លាស់១ វិសេសគុប១ បោញ១…។ អង្ករសសម្រាប់ជាគ្រឿងរណ្ដាប់បូជាចំពោះព្រះចំនួន២លិះ។ អ្នកបួស(មាននាទីជា)អ្នកប្រោះទឹកមន្ដជាអ្នកដើរមើលខ្ញុំព្រះ។
(១១-១៣) (អ្នក)ដែលស្វាង(អ្នកដែលអស់មន្ទិល អ្នកត្រាស់ដឹង)គឺទៅកាន់ស្ថានសួគ៌។ អ្នកដែលប្រមូលយកនិងយកចេញ(គឺលួច)នូវខ្ញុំបម្រើព្រះដែល(ព្រះមហាក្សត្រ)ប្រទាននិងអង្ករដែលគេបូជាចំពោះព្រះអាទិទេពស្រីអមរេសូរ (សូមឲ្យ)អម្បាលត្រកូលគេផងរងទុក្ខនៅនរកដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។
(១៣-២១) ខ្ញុំជាអំណោយរបស់ម្រតាញឥសូរពិន្ទុថ្វាយចំពោះព្រះកម្រតាងអញសុវណ្ណលិង្គនិងព្រះកម្រតាងអញមនិសិវ (ត្រូវ)រួមផ្សំគ្រឿងឧបភោគជាមួយព្រះកម្រតាងអញស្រីអមរេសូរ(រួមមាន)អំរះវិធិពល១ អំរះផល១ វាផ្អែម១ វាខ្មៅ១ វាក្សាន១ វាត្កះ១ វាអញេស១ វាកញ្ចេស១ វាចបមាន១ វាសុទត១ វារត្នបាល១ វាកន្សិង១ វាក្លងអស១ វាចំដក១។ គេ(អ្នកបម្រើ)១៣នាក់។ កុវ្រៅ១កូន៤ កុស្យាំ១កូន១ កុអ្នកទៃ១កូន២ កុឧត្បល១កូន៤ កុកំវុត១កូន២ កុវិលាស្ស១កូន៣ កុផ្កាយ១កូន៣ កុននាង១។ គោឈ្មោល១១ គោចន្មាត់(គោមិនទាន់ក្រៀវ)៤ ក្របី១៧។ (ទាំងនេះ)គឺ(ដង្វាយ)ដែលថ្វាយចំពោះព្រះកម្រតាងអញសុវណ្ណលិង្គ និងមនិសិវ រួមផ្សំគ្រឿងឧបភោគជាមួយព្រះកម្រតាងអញស្រីអមរេសូ។ នរណាដែលបង្កវិបត្តិ (សូមឲ្យញាតិ)៧ជំនាន់ខាងឪពុក ៧ជំនាន់ខាងម្ដាយធ្លាក់ក្នុងនរកមហារៅរវទាំងប្រាំ៕
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង