ទំព័រដើមសិល្បៈព្រះវិហារ​វត្តអរិយក្សត្រ

ព្រះវិហារ​វត្តអរិយក្សត្រ

វត្តអរិយក្សត្រ មានទីតាំងស្ថិត​នៅខាងកើត​រាជធានី​ភ្នំ​ពេញ​ ត្រង់ត្រើយ​ម្ខាង​នៃ​ទន្លេ​មេគង្គ ក្នុង​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល។ តាម​ឯកសារ​​នានា គេដឹងថាតំបន់​នេះ​​ធ្លាប់ជា​អតីត​រាជធានី ហើយមាន​រឿង​តំណាល​ថា ក្នុង​រាជ្យព្រះបាទ​ស្រីសុរិយោពណ៌ (គ.ស.១៦០០-១៦១៨)​ ទ្រង់បានចាត់​ឱ្យ​សាង​វត្ត​អរិយ​ក្សត្រ​នេះ នៅត្រង់​ទីព្រះមេរុ​ថ្វាយ​ព្រះ​​ភ្លើង​​ព្រះរាមនិង​ព្រះអគ្គមហេសី​។ ប៉ុន្តែ​​​យោងតាម​ការ​សិក្សា​​​​របស់ Daniel Guéret និង Doninique-Pierre Guéret ​យល់ថាព្រះវិហារ​ដែល​គង់នៅមក​ដល់សព្វថ្ងៃ​ក្នុង​វត្ត​នេះ ​កសាងក្នុង​ឆ្នាំ​​១៩៤៥​។

ពាក់ព័ន្ធ​នឹង​ឈ្មោះ “អរិយក្សត្រ” មានដំណាលថា ​រាជ្យ​ព្រះបាទ​ស្រី​សុរិយោ​​​ពណ៌ មាន​​ភ្លើង​ឆេះ​​ព្រះបរម​រាជ​វាំង​​ ដែល​​ព្រះ​អង្គ​គង់​​​នៅ​កោះ​ស្លាកេតុ (ឯកសារ​​ខ្លះ​សរសេរ​ “ស្លាកែត”)​​។ ពេលនោះ ព្រះអង្គបាន​ប្រជុំ​ជំនុំ​ពិគ្រោះ​ជាមួយ​​មន្រ្តី​ និង​សេនាបតី​ទាំង​ឡាយ​ ដោយយល់ថាកោះស្លាកេតុ​ពុំមាន​ជ័យ​ភូមិ​ ហើយ​ក៏លើក​​ព្រះ​រាជ​វាំង​តាំង​បន្ទាយ​មក​នៅ​ល្វាឯម​វិញ។ ក្រោយ​សង់​​រួចស្រេច​ក្នុង​ព.ស.២១៤៩ ​ទ្រង់​​បញ្ញត្តិ​នាម​​ “ព្រះ​បរម​​រាជ​វាំង​ល្វាឯម”។ ព្រះអង្គទ្រង់​គង់​នៅប្រកប​ដោយ​​​សេចក្តី​ក្សេម​ក្សាន្ត រហូត​​ដល់ព.ស.​២១៥៦ សម្តេច​ព្រះ​ភគវតី ទ្រង់​ប្រឈួន​ជាទម្ងន់ សោយទិវង្គត​ក្នុង​ព្រះ​​ជន្ម​​២៨ព្រះវស្សា ហើយ​តម្កល់​ព្រះសព​​តាម​ព្រះរាជ​ប្រវេណី។ ក្រោយ​មក​ទៀត សម្តេច​​​ព្រះ​ទេវី​ក្សត្រ ទ្រង់​សោយ​​ទិវង្គត​​​ក្នុង​ព្រះជន្មាយុ​៦៣ព្រះវស្សា។ គ្រានោះ ព្រះបាទ​ស្រី​សុរិយោ​ពណ៌​បាន​ចាត់​ចែង​​​​ឱ្យ​​​សាង​ព្រះមេរុ​ ធ្វើ​បុណ្យ​ថ្វាយ​ព្រះភ្លើង​នៃ​ព្រះសព​ទាំងពីរ​ព្រះអង្គ។ លុះ​ចប់​ព្រះ​រាជ​ពិធី ​ព្រះអង្គ​ក៏​បញ្ជា​ឱ្យ​​កសាង​វត្ត​មួយ​នៅត្រង់​ព្រះ​មេរុ​ ហើយ​ទ្រង់​ដាក់​នាម​​​​ថា “វត្ត​ស្រីក្សត្រ” រហូត​​ក្រោយ​មក​​ហៅក្លាយ​ជា​ “អរិយក្សត្រ” ​ដល់​បច្ចុប្បន្ន​​​។

បើ​ផ្អែក​តាម​កាល​បរិច្ឆេទ​ខាងលើ គិត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គេនិយាយ​បាន​ថាព្រះ​វិហារ​​វត្ត​អរិយ​ក្សត្រ​ គឺជាសំណង់​ប្រពៃណី​​ព្រះពុទ្ធ​សាសនា​​ដ៏​ល្អ​មួយ ដែល​កសាង​​មក​តាំង​ពី​​ចុង​សម័យ​អាណា​ព្យាបាល​បារាំង និង​សល់​ពី​សម័យ​​សង្រ្គាម​​​។ ទម្រង់​ស្ថាបត្យ​កម្ម​នៃ​ព្រះ​វិហារ ក្បាច់​លម្អ និង​គំនូរ​ បង្ហាញ​ឱ្យ​ឃើញ​ពី​លក្ខណៈ​សិល្បៈបុរាណ​​​មួយ​បែប ​ដែល​គួរ​​សិក្សា​​ស្វែង​យល់។ ព្រះវិហារ​​នេះ សង់អំពីថ្ម ដំបូល​​ប្រក់​​ក្បឿង​ សង់នៅលើ​ខឿន​​ដែលមាន​ជណ្តើរ​៧កាំ ព័ទ្ធជុំវិញ។ រីឯ​ខឿនក្រោម​ និង​បង្កាន់​ដៃ​​ខាងក្រៅ ជាការ​ជួស​ជុល​ និង​ពង្រីកបន្ថែម​ក្នុងឆ្នាំ​២០០១។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បើយោងតាម​ចំណេរ​ក្នុង​ព្រះវិហារ បុរាណលោក​​​ទុក​សំណង់នេះ​​​ជា “​ឧបោសថា​គារ” ដែល​ពួក​ភិក្ខុ និងសាមណេរ​ ព្រម​ទាំង​ពុទ្ធបរិស័ទ្ធ​បាន​រួមគ្នា​កម្លាំង​កសាង​ ចាប់​តាំងពី​រវាង​​​ពាក់​កណ្តាល​ឆ្នាំ​ខាល ទោស័ក ព.ស.​២៤៩៣ (គ.ស.១៩៥០) រហូត​រួច​រាល់​ជា​ស្ថាពរ​​នៅ​ក្នុង​​រវាង​ពាក់កណ្តាល​ឆ្នាំ​មមែ សប្តស័ក ព.ស.​២៤៩៨​ (គ.ស.​១៩៥៥) ដោយ​ចំណាយ​ប្រាក់​អស់​ជាង​៥០ម៉ឺនរៀល ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ចៅអធិការ​ព្រះនាម ព្រះគ្រូ​អរិយ​ញាណ ចាប សារ។

ចំពោះ​លក្ខណៈ​ទូទៅ​ព្រះវិហារ​វត្ត​អរិយក្សត្រ គឺ​ជា​ប្រភេទ​វិហារ​បុរាណ​ជហ្វា​បួន ដំបូល​ជ្រាល​ចុះ​ពីរថ្នាក់ ព្រម​ទាំង​បំពាក់​លម្អ​ដោយ​នាគ​ដងក្តារ​​ គ្រប់​​ចុង​ចែង​នីមួយៗ​។ រីឯ​​កា​រលម្អលើ​ហោជាង​​ទាំងពីរ គឺមានលក្ខណៈ​ដូចគ្នា។ ក្បាច់​ហោរ​ជាង​ទាំង​ពីរឆ្លាក់​អំពីឈើ (?) រចនា​​ក្នុង​ទម្រង់​​​ភ្ញី​ទេស​​ លាយ​ជាមួ​យ​រូប​ផ្លិត​​​ចាមរ និង​ឆ័ត្រ​រួត​ បិទភ្ជាប់​លើ​​​ផ្ទៃ​ជញ្ជាំង​ហោ​ជាង​ស៊ីម៉ងត៍​ លំនាំ​​ប្រហាក់​ប្រហែល​នឹង​ក្បាច់​ហោ​ជាងនៃ​​ព្រះវិហារ​វត្ត​​សារាវ័ន​តេជោ ក្នុង​រាជធានីភ្នំពេញ។​ ប៉ុន្តែ​ក្បាច់​លម្អ​គល់​ហោជាងនិង​រង​ស្បូវ​ ជា​ក្បាច់​​ចាក់​ពុម្ពស៊ីម៉ងត៍។

ចំពោះ​ផ្នែកខាងក្នុង​ព្រះវិហារ​​បុរាណ​វត្ត​អរិយ​ក្សត្រ​​នេះ ​​គេ​សង់ឡើង​ចែក​បី​ល្វែង ពោល​​គឺ​មាន​ល្វែង​​គ្រឹះ​នៅកណ្តាល និងនៅ​របៀង​​សងខាង​ដូច​បណ្តា​វិហារ​បុរាណ​​ទូទៅ​ដែរ។ នៅ​ផ្នែក​ខាង​លិច​នៃ​ល្វែង​គ្រឹះ គេ​​រៀប​ចំ​តម្កល់​ព្រះបដិមា​ព្រះជីវ៍​ធំ ​​នៅ​លើ​​បល្ល័ង្ក​​ខ្ពស់ច្រើន​ថ្នាក់។  ​ដោយឡែក ចំពោះ​គំនូរ​​ក្នុង​ព្រះវិហារ ​​ហាក់​មាន​​លក្ខណៈ​ពិសេស​មួយ​បែប ដែល​និយា​យ​យ៉ាង​សង្ខេប​​អំពីរឿង​ពុទ្ធប្រវត្តិ​ ពោល​​គឺ​​ពុំ​ មាន​​​​រឿង​ជាតក រឿង​នរក​ប្រេត ឬ​ទេពនិករ​ផ្សេងៗឡើយ។ លក្ខណៈ​គំនូរ​ជា​ទូទៅ​ច្រើន​ប្រើ​​ទឹកថ្នាំ​ពណ៌​បៃតង ពណ៌លឿង និង​ពណ៌ត្នោត តួ​អង្គ​នីមួយ​ៗ​ច្រើន​មាន​រាង​ខ្ពស់​ស្រឡះ ហើយ​ទិដ្ឋភាពក្នុង​គំនូរ​នីមួយៗ ពុំមាន​ពាក់​ព័ន្ធ ឬទទួល​ឥទ្ធិពល​ពី​សង្គម​ជាក់ស្តែងទេ។ សាច់រឿង​គំនូរ ផ្តើម​ចេញ​​ពី​​ជញ្ជាំង​ខាង​ត្បូង ត្រង់ចុង​ខាងកើត​ព័​ទ្ធ​ម​ក​ខាង​ក្រោយ​ព្រះជីវ៍ រួចទៅបញ្ចប់​នៅជញ្ជាំង​ខាងកើត។

ខ្លឹមសារសាច់រឿង​ចាប់​​ផ្តើម​ពីត្រង់ “កាលព្រះបរម​ពោធិសត្វទ្រង់ចុះ​ចាប់បដិសន្ធិ​ក្នុង​​ផ្ទៃនាង​សិរិ​មហា​មាយារ, ទ្រង់ប្រសូត្រក្នុង​ឧទ្យាន​លុម្ពិនី, ពួក​តា​បស​​ទាយ​​ព្រះលក្ខណៈ,​ ព្រះ​អង្គ​ទ្រង់​សម្តែង​​​ឫទ្ធិ, ទ្រង់​រាជាភិសេក, ទ្រង់​ចេញបួស, ទុក្ខកិរិយា, នាង​សុជាតា​ថ្វាយ​ចង្ហាន់, ព្រះ​អង្គ​បានត្រាស់​​ដឹង​, ព្រះអង្គទ្រង់​សម្តែង​ធម៌​​​ប្រោស​ពុទ្ធបិតា, ទ្រង់​សម្តែង​​បដិហារ្យ​, ប្រោស​ពុទ្ធមាតា, ទទួល​​ចង្ហាន់​នាយចុន្ទ, ទ្រង់ប្រឈួន, បរិនិព្វាន, ថ្វាយ​ព្រះ​ភ្លើង និង​ចែក​ព្រះ​បរម​សារីរឹក​ធាតុ។

សរុបសង្ខេប​មក ​ព្រះវិហារវត្ត​អរិយក្សត្រ ជា​សំណង់​ស្ថាបត្យកម្ម​យ៉ាង​សាមញ្ញ ដ៏ល្អ​មួយ​ កសាង​ឡើង​​ ប្រកប​ដោយ​ក្បូរ​ក្បាច់និង​គំនូរ​យ៉ាង​ពិសេស នៅក្នុង​អតីត​តំបន់​ប្រវត្តិសាស្រ្ត​​​សម័យ​កណ្តាល​​។ ការ​កសាង​ព្រះវិហារ និង​គំនូរទាំង​នោះ ក៏​ជា​តឹក​តាង​ស្តែង​ឱ្យ​ឃើញ​ពី​សិល្បៈ​សាង​សង់​ចុង​សម័យ​អាណាព្យាបាល​បារាំង និង​ដើម​សម័យ​ឯករាជ្យផងដែរ៕

អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!